ព្យញ្ជនៈខ្ជាក់ម្រឹគីម្រឹគា

ព្យញ្ជនៈខ្ជាក់ម្រឹគីម្រឹគា

បទកាកគតិ

សម្បតិ្តធម្មជាតិសម្បូរព្រោងព្រាតជាតិជាម្រឹគា
ម្រឹគីតូចធំជុំក្នុងព្រឹក្សាព្រៃស្រុកសីមា
ចាត់ជាជម្រក ។
ខ្លះរស់ផ្ទាល់ដីខ្លះទៀតចេះច្នៃធ្វើសំបុកជ្រក
ខ្លះរស់ក្នុងរន្ធខ្លះអន់ស្មោកគ្រោកខ្លះចេះលៃលក
រស់យ៉ាងសង្ហា ។
ខ្ញុំសូមរៀបរាប់រើសយកមកភ្ជាប់ជាប់តួអក្ខរា
ចារឆ្លាក់ខ្ជាក់ឈ្មោះអស់សព្វម្រឹគាម្រឹគីនានា
ទាំងស្រុកព្រៃភ្នំ  ។
មានក្របីឈ្លូសប្រើសក្តាន់ក្តីក្នុងព្រៃតូចធំ
កែសកាំប្រម៉ាត្រាទុកមួយដុំក្រុមនេះមិនចំ
ម្រឹគីម្រឹគា ។
មានខ្លាធំខ្លាតូចខ្លាឃ្មុំខ្លាមាសលឿងផ្កា
ខ្លាត្រីរខិនដំបងផងណាខ្លាភ្ញីថ្មដា
ខ្លាខ្លោងខ្ទីងផង ។
មានគោព្រៃគោស្រុកគោថ្លៃគោក្តាមគោខ្យង
គោកាត់គោបាគោស្រង៉ែផងគោឆ្មាត់គោគ្រោង
គោចំការស្រែ ។
ឃើញតែឃ្មុំស្រុកស្រែព្រៃភ្នំតូចធំហូរហែ
តែមិនមែនម្រឹគយប់ព្រឹកច្នៃកែធ្វើឱសថខ្មែរ
ពូកែអស្ចារ្យ ។
ងងឹតឈឹងមិនមានដំណឹងដឹងនៅទីណា
ស្វះស្វែងរកដែរតែគ្មានសញ្ញាឬមួយមរណា
ផុតពូជសូន្យឈឹង ។
មានចចកចង្ហិតចង្ហកចចកស្ទឹងបឹង
ចចកព្រៃភ្នំយប់យំរហឹងចុកជូក្រឡឹង
ចាប់សត្វហែកស៊ី ។
មានឆ្កែឆ្មាឆ្កែព្រៃឆ្មាបាឆ្មាដាវឆ្មាញី
ឆ្មាទឹកឆ្មាគោកឆ្លកឆ្ការឆ្មារីឆ្មាសម្បុរពីរ
ចាញ់សម្បុរបី ។
មានជ្រូកស្រុកជ្រូកព្រៃជ្រៅស្តុកជ្រូកគោកទឹកក្តី
ជ្រូកព្រោនជ្រូកប្រែងជ្រូកបាសាឡីហៃណាំខ្លួនខ្លី
ជៀសជាំចុចពណ៌ ។
មានឈ្លូសព្រៃឈ្លូសយក្សធំក្រៃសព្វថ្ងៃក្រីក្រ
ឈ្មុសស្បូវឈ្មុសប្រែងឈ្មុសទេសទឹកល្អអប់ក្លិនបវរ
ល្អល្អះឥតទាស់ ។
មានរញីស្តាប់ដោយសំភីមិនទំនងសោះ
ព្រោះមានលោក-រឈរដើមបង្អស់តែរញីនោះ
ថ្នាំផ្លោះពូកែ ។
មានដំរីដេរដាសពេញដីស្រុកព្រៃហូរហែ
តែឥឡូវក្រកម្រឃើញដែរព្រោះព្រានភ្លុកចែ
ប្រល័យច្នៃផល ។
ឋិតឋានឆ្ងាយហួសហារបរិយាយរាយរាប់ប្រាប់ដល់
បងប្អូនញាតិមិត្រឱ្យផុតចម្ងល់ទាស់តែត្រង់ទាល់
មិនស្គាល់ថាបាន ។
ដូចតែគ្នាសួរសព្វដូនតាសាច់សាសន្តាន
សួរសព្វកន្លែងស្វែងដឹងដើមដានបានត្រឹមខកខាន
មិនបានដូចប៉ង ។
មាន ឍាមរាបាលីភាសាលោកប្រែថាហង្ស
មិនមែនម្រឹគទេសូមមេត្តាផងនេះគ្រាន់ចងក្រង
សោះតែនឹងខាន ។
មានណូរីមិនត្រូវពេញទីម្រឹគីតិច្ឆាន
ព្រោះជាបក្សីស្តីសោះតែខានសូមញាតិសន្តាន
ប្រោសប្រាណខន្តី ។
មានតោសិង្ហតែសព្វថ្ងៃហ្នឹងស្រុកយើងក្រក្រី
នៅសល់តិចតួចរួចពីប្រល័យនៃព្រានអប្រិយ
ប្រល័យគ្មានស្តាយ ។
ថាមិនត្រូវសួរសព្វម៉ែឳញាតិមិត្តជិតឆ្ងាយ
មិនមានចម្លើយឆ្លើយឆ្លងបរិយាយសូមញាតិទាំងឡាយ
អភ័យទោសផង ។
មានទន្សាយទន្សោងទាំងឡាយទ្រាយទោចទន្សង
ទន្សាយមានច្រើនស្លឹកផងគល់ផងទ្រាយទោចត្រសង
ត្រសុលរុលព្រៃ ។
ធីបសិនចុះសូមញាតិស្រីប្រុសសន្តោសប្រណី
ចាំពេលរកឃើញខ្មុំនឹងលកលៃចារជូនជាថ្មី
ដោយក្តីជ្រះថ្លា ។
ឃើញតែនាគតែសូមបញ្ជាក់នាគណូម្រឹគា
នាគនោះជាល្មូនមានរឹទ្ធិ៍ខ្លាំងក្លាមិនមែនម្រឹគា
ម្រឹគីនោះឡើយ ។
មានប្រើសព្រៃប្រើសស្បូវក្រក្រៃក្ស័យស្ទើរអស់ហើយ
ព្រោះព្រានអប្រិយប្រល័យឥតស្បើយសូមបងប្អូនអើយ
ជួយថែរក្សា ។
មានផ្សោតទឹកសណ្ឋានគួរភ្លឹកនឹកគួរអនិច្ចា
ស្រដៀងនឹងមនុស្សឈ្មោះជាមច្ឆាមិនមែនម្រឹគា
សូមញាតិប្រណី ។
មានពពែពង្រូលមូរខ្វេរពេលប៉ះពាល់អ្វី
ដើម្បីការពារគ្រាមានគ្រោះភ័យពង្រូលលកលៃ
ច្នៃឥតភ្លេចភ្លឹក ។
មានតែភេមុជហែលហូរហែហើបក្បែរមាត់ទឹក
មិនថាយប់ថ្ងៃឬក៏ល្ងាចព្រឹកមិនស្រពន់ស្ពឹក
ជួនទឹកជួនគោក ។
មានរមាំងរមាសកុយដាំងស្រដៀងនឹងជ្រូក
តែមានដុះកុយឆ្ងុយនៅពីមុខពោះធំទ្រយុក
ស្បែកគ្រើមក្រាសក្រៃ ។
យក្ខយឹតអស់មិនមានសល់សោះព្រោះយក្ខអប្រិយ
យឹតមិនមើលមុខយឹតយកឈ្នះដៃយឹតសព្វយប់ថ្ងៃ
យឹតឥតប្រណី ។
មានរញីរមាសពាសទីរមាំងរាជសី
ឥឡូវរាវរោយសូមញាតិប្រុសស្រីមេត្តាប្រណី
ជួយថែរក្សា ។
ឮមានលាគេប្រើពួកវាគួរឱ្យអនិច្ចា
ដឹកអូសទំនិញពេញលើបិដ្ឋាកម្រមួយណា
បានរួចខ្លួនឡើយ ។
ដូចជាវាក់វីរវរគេទាក់វាវាត់អស់ហើយ
បានជាវង្វេងព្រាត់កោះព្រាត់ត្រើយរកមិនឃើញឡើយ
ឬមួយមិនមាន ។
មានសត្វសេះសំពោចស្វាក្រិសស្វាព្រាហ្មណ៍ស្វាហ៊ាន
សិង្ហតោរាជសីហព្រៃស្រុកក៏មានស្វារាប់សិបលាន
មានសព្វទីឋាន ។
ហាក់ហិនអស់នឹកគួរស្រណោះដល់រឿងបុរាណ
ព្រះរាមព្រះលក្ខណ៍សេដាកល្យាណមានហនុមាន
ក្លាហានចំណាប់ ។
មិនមានឡើយសួរសព្វឋានហើយចម្លើយឆ្លើយប្រាប់
ថាមិនដែលឮមានរស់ឬស្លាប់ឬមានក្នុងច្បាប់
ក្បួនណាមួយសោះ ។
ឮមានអូតអង់អាចរហូតតែដូចចន្លោះ
នៅក្នុងស្រុកយើងមិនដែលឃើញសោះបានឮត្រឹមឈ្មោះ
រស់ដល់សព្វថ្ងៃ ។
រៀបរាប់ម្រឹគារាយតាមអក្ខរាចារជូនខ្លីៗ
បើមានខុសឆ្គងសូមទានប្រណីសូមចប់សេចក្តី
ប៉ុណ្ណេះឯងហោង ៕

Footnotes

១- សូមបញ្ជាក់ថាៈ ឈ្មោះសត្វដែលមាននៅក្នុងអត្ថបទកំណាព្យនេះ មិនមែនសុទ្ធតែម្រឹគីម្រឹគាទាំងអស់នោះទេ, សូមមេត្តាអភ័យទោសផង!
២- ណូ មានន័យថា មិនមែន


និពន្ធដោយៈ ព្រះបវរសត្ថា កៅ ពុទ្ធា ជោតញ្ញាណោ

វត្តខេមររតនារាម, ថ្ងៃទី១០ ខែសីហា ឆ្នាំ២០០៩

🔸Last Updated កំណែចុងក្រោយ on August 9, 2024

Share this article:
Johnny ចន្នី

Author: Johnny ចន្នី

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster).