បុរាណភាសិត ៣៦
Adhanassa rasaṃ khādā,
Abalassa hathā narā;
Apaññassa vākyakathā,
Ummattakasamā ime.
(តួអក្សររ៉ូម៉ាំងប្រើសរសេរភាសាបាលីដែលទទួលស្គាល់ទួទាំងពិភពលោក អានដូចភាសាបាលីតួអក្សរខ្មែរខាងក្រោមនេះ)
អធនស្ស រសំ ខាទា,
អពលស្ស ហថា នរា;
អបញ្ញស្ស វាក្យកថា,
ឧម្មត្តកសមា ឥមេ ។
ជនអ្នកខ្សត់ទ្រព្យ ចូលចិត្តបរិភោគរបស់ថ្លៃ,
ជនអ្នកខ្សោយកម្លាំង ចូលចិត្តប្រជែងកម្លាំង,
ជនឥតបញ្ញា ចូលចិត្តអួតឆ្លាត,
ជនទាំងបីពួកនេះ ស្មើនឹងមនុស្សឆ្កួត ។
——————————————-
ក្នុងលោកនីតិបករណ៍ប្រែដោយព្រះអ៊ុក ជា វជិរញ្ញាណភយវង្ស បោះពុម្ពឡើងវិញដោយ គេហដ្ឋាន អភិរក្សមរតកព្រះពុទ្ធសាសនាខ្មែរ(កាណាដា) លោកប្រែទុកជាកំណាព្យថាៈ
ជនអ្នកខ្សត់ចង់ស៊ីរសខ្ពង់ខ្ពស់ ជនអ្នកឥតកម្លាំងអង្គចង់ចម្បាប់
ជនអ្នកឥតបញ្ញាចង់ថ្លែងសព្ទ ជនបីនេះរាប់ទុកស្មើឆ្កួត ។ (២៧)
បទកាកគតិ-ខៃ | ||
---|---|---|
ជនអ្នកឥតធនធាន | ចង់ទទួលទាន | រសឆ្លាញ់លើសលែង |
ជនឥតកម្លាំង | ចង់តាំងប្រឡែង | ចម្បាប់ទាត់ប៉ែង |
សម្ដែងអំនួត ។ | ||
ជនឥតបញ្ញា | ល្មោភថ្លែងចរចា | ប្រាថ្នាគេអួត |
ជនបីនេះប្រើ | ទុកស្មើគេឆ្កួត | ព្រោះឡើងអំនួត |
ល្មោភហួសប្រមាណ ។ |
——————————————-
ប្រភពៈ លោកនីតិ ៣០, ធម្មនីតិ ៣២៥, កវិទប្បណនីតិ ១០០
ប្រែពីបាឡីជាភាសាខ្មែរដោយ តាអារាមប៊យ
ខែកញ្ញា ២៦, ២០១៩
🔸Last Updated កំណែចុងក្រោយ on March 26, 2023