អនិច្ចំ ទុក្ខំ អនត្តា… (គ្រាទី ១)

អនិច្ចំ ទុក្ខំ អនត្តា… (គ្រាទី ១)

– ច្រើនយល់មិនដល់ ទាំងមិនឃើញជាក់ស្ដែង
សន្ដតិបាំងអនិច្ចំ, ឥរិយាបថបាំងទុក្ខំ, ឃនសញ្ញាបាំងអនត្តា !!!

—————————–

ការពិចារណា “រូបបរមត្ថ” ដោយវិធីគិតវិភាគប្រកបដោយហេតុផល ដែលហៅថាចិន្តាមយបញ្ញានោះ ជារឿងដែលគួរប្រយ័ត្នប្រយែង  ព្រោះវាជាការពិបាកនឹងគេចឱ្យផុតពីការវង្វេងជាប់នៅក្នុងសន្មតិបញ្ញត្តិតាមទម្លាប់របស់បុថុជ្ជន តួយ៉ាងដូចជាក្នុងករណីរបស់អារម្មណ៍តាមចក្ខុទ្វារដែលហៅថា “រូបារម្មណ៍” ឬ “រូបាយតនៈ” ដែលវាប្រាកដឡើងឱ្យបុគ្គលទទួលដឹងកាលគេបើកភ្នែកឡើងនោះ អ្វីដែលគេគិតថាគេឃើញ មានមនុស្ស សត្វ ផ្កា មេឃ ជាដើម ។ល។ សុទ្ធតែជាសន្មតិបញ្ញត្តិទាំងអស់ វាជាផលអំពីក្បួនវិថីចិត្តតាមមនោទ្វារ ដែលកើតបន្ដអំពីក្បួនវិថីចិត្តតាមចក្ខុទ្វារ តួរូបារម្មណ៍ដែលប្រាកដតាមចក្ខុទ្វារនោះ គ្រាន់តែជាពន្លឺដែលមានពណ៌ផ្សេងគ្នាប៉ុណ្ណោះ ។

លោកដែលមនុស្សម្នាស្គាល់ស៊ាំក្នុងជីវិតប្រចាំថ្ងៃគឺ “លោកនៃសន្មតិបញ្ញត្តិ” ដែលមនោទ្វារតាក់តែងឡើងជាមាយាភាព ដែលហាក់ដូចជាមានសារៈខ្លឹមសារ សណ្ឋិតនៅក្នុងទិសាបញ្ញត្តិនិងកាលបញ្ញត្តិ ដែលភាសាបច្ចុប្បន្នហៅថា ក្របខណ្ឌនៃកាលអវកាស ចិត្តជាអ្នកតាក់តែងបទពិសោធន៍ដែលបានមកពីទ្វារទាំង ៥ ដោយសន្មតិបញ្ញត្តិឱ្យជាលោកនិងជីវិតដ៏វិចិត្រពិស្ដារស្មុគស្មាញលាក់លាម វិលវល់លួងបញ្ឆោតឱ្យចិត្តដែលកើតជាចរន្ដបន្ដគ្នា វង្វេងជាប់ជំពាក់ក្នុងលោកមាយានោះឯង ទាំងនេះក៏ព្រោះការទទួលបទពិសោធន៍តាមទ្វារផ្សេងៗ ត្រូវផ្សាភ្ជាប់ឱ្យសម្ពន្ធអនុកូលរវាងគ្នានិងគ្នា ក្នុងការសាងមាយាភាព ទាំងបិទបាំងទុកនូវធម្មជាតិពិតនៃបាតុភូតដ៏បរិសុទ្ធដែលនៅមិនទាន់ត្រូវតាក់តែង ។

ក្នុងការវិនិច្ឆ័យវែកញែកបរមត្ថនិងបញ្ញត្តិចេញពីគ្នា យើងអាចអាស្រ័យគោលត្រៃលក្ខណ៍ ដែលជាសាមញ្ញលក្ខណៈទូទៅនៃបរមត្ថធម៌ប្រភេទសង្ខារ ពោលគឺចិត្ត ចេតសិក និងរូប ព្រោះបញ្ញត្តិធម៌នឹងមិនសម្ដែងលក្ខណៈអនិច្ចតា ទុក្ខតា និងអនត្តតា ឱ្យឃើញបានទេ ចំណែកសង្ខារធម៌ មានរូបារម្មណ៍ឬរូបាយតនៈជាដើម ដែលជារូបបរមត្ថមួយប្រភេទនោះ នឹងសម្ដែងលក្ខណៈទាំងបីប្រការនេះឱប្រាកដច្បាស់ នេះជាគោលការណ៍ដ៏សំខាន់ ក្នុងពុទ្ធសាសនាដែលពុទ្ធសាសនិកជនត្រូវចាំនិងយល់ឱ្យជាក់ច្បាស់ ។

កាលបើយើងសាកល្បងពិសោធគោលការណ៍(ត្រៃលក្ខណ៍)ពុទ្ធសាសនាដូចបានពោលមកខាងលើនេះ ក្នុងបទពិសោធន៍ជីវិតពិតថា អ្វីៗ ដែលយើងមើលឃើញដោយភ្នែកនានប្បការនៅជុំវិញខ្លួនយើងនេះ មានបញ្ហាចោទសួរឡើងថា តើចំណែកណាជាបរមត្ថ ចំណែកណាជាបញ្ញត្តិ ? ។

ឧទាហរណ៍ ផ្លែស្វាយទុំលឿងមួយដែលមិនទាន់បកសំបកចេញ ឋិតនៅលើចានក្បឿងពណ៌សនៅចំពោះមុខ នៅពេលយើងបើកភ្នែកក្រឡេកមើលសូម្បីតែមួយប៉ប្រិចភ្នែក យើងក៏អាចឃើញទាំងពណ៌លឿងលើផ្ទៃចានពណ៌ស និងរូបរាងក្របខណ្ឌពណ៌លឿងរបស់ផ្លែស្វាយនិងចានស រួមទាំងសេចក្ដីសម្គាល់ដឹង(សញ្ញា)ភាពជាដុំជាផ្លែបំពេញទីកន្លែងឋិតនៅលើចាននោះ មិនឱ្យវត្ថុដទៃចូលមកតាំងនៅបានទៀត ព្រមទាំងភាពជាសារៈគឺមានតួផ្លែ(អត្តា)ឋិតនៅរបស់ផ្លែស្វាយនោះ អស់រយៈពេលដែលយើងបើកភ្នែកមើល…. ។ល។

ទោះបីជាយើងបិទភ្នែកមួយភ្លែត ហើយបើកភ្នែកឡើងមើលផ្លែស្វាយនោះសាជាថ្មី ទាំងពណ៌ រូបរាងផ្លែ ភាពជាដុំ មានសារៈរបស់ផ្លែ ក៏គង់ប្រាកដដូចដើមគ្រប់ប្រការ វៀរលែងតែពេលដែលយើងបិទភ្នែកនោះ មានគេមកឆក់យកទៅ ឬហេតុដទៃនៃបរិស្ថាន ដូចជាពន្លឺក្នុងទីនោះ ប្រែផ្លាស់ទៅជាប្រការដទៃយ៉ាងឆាប់រហ័សជាដើម ។

ចំណុចដែលចង់បញ្ជាក់ក្នុងទីនេះគឺ ផ្លែស្វាយលើចានសនោះ មិនបានសម្ដែងភាពជាអនិច្ចំគឺការប្រែផ្លាស់ទៅ មិនបានសម្ដែងភាពជាទុក្ខំគឺការឋិតនៅក្នុងភាពដើមមិនបាន មិនបានសម្ដែងភាពជាអនត្តាគឺភាពប្រាសចាកសារៈអត្តាតួខ្លួន ឱ្យយើងបានឃើញអស់រយៈពេលដូចបានពោលមកខាងលើ ដែលអាចប្រើពេលរាប់ម៉ោងក៏បាន ។

យោងតាមគោលវិជ្ជាព្រះអភិធម្ម រូបារម្មណ៍មានអាយុស្មើនឹង ១៧ ខណៈចិត្ត ក្នុងរយៈពេលផ្ទាត់ម្រាមដៃ(ដែលជា unit សម្រាប់វាស់ពេលវេលាប្រាកដក្នុងអដ្ឋកថា ធៀបស្មើនឹងប្រមាណ ១/៤ វិនាទី) ចិត្តកើតរលត់សែនកោដ្ឋិដួង តាមចំនួននេះ យើងអាចគណនាបានថា រូបារម្មណ៍មានអាយុ 17 x ¼ x 10(-12) វិនាទី ឬ ៤,២៥ ភាគនៃលានលានវិនាទី (4,25/1.000.000.000.000 វិនាទី) ពេលវេលាប៉ុណ្ណេះ ជាពេលដែលខ្លីក្រៃពេកណាស់ បានសេចក្ដីថា បើរូបារម្មណ៍ គឺពណ៌លឿងរបស់ស្វាយនិងពណ៌សរបស់ចាន ពណ៌ទាំង ២ នឹងត្រូវកើតឡើងនិងរលត់ទៅវិញឆ្លាស់គ្នាប្រមាណចំនួន 230.000.000.000 ដងក្នុង ១ វិនាទី ប៉ុន្ដែយើងមិនបានឃើញការកើតរលត់នោះឡើយ យើងឃើញផ្លែស្វាយនិងចានឋិតនៅនឹងកន្លែងដដែលគ្មានប្រែផ្លាស់ ហេតុដូច្នេះ អ្វីដែលយើងឃើញ ឬគិតថាឃើញក៏មិនមែនជារូបារម្មណ៍ តែវាជាបញ្ញត្តិដែលចិត្តតាក់តែងឡើងដោយអាស្រ័យរូបារម្មណ៍ ។

អ្វីៗ ទាំងឡាយទាំងពួងគ្រប់យ៉ាងដែលយើងគិតថាយើងឃើញជុំវិញខ្លួនក្នុងលោកនេះ ក៏សុទ្ធតែជាបញ្ញត្តិធម៌តាមន័យនេះដូចៗ គ្នា ។

[នៅមានផុស្ដដែលនឹងបន្ដទៀត…. លេខ (-12) ខាងលើនោះជានិទស្សន្ដ (exponent) ]

សូមញាណទស្សនៈកើតមានដល់ប្រិយមិត្តគ្រប់ៗ គ្នា…

តាមអារាមប៊យ
១០ មិថុនា ២០១៩

🔸Last Updated កំណែចុងក្រោយ on February 1, 2023

Facebook Comments
Share this article:
បណ្ឌិត ធម្មណាត

Author: បណ្ឌិត ធម្មណាត

ទីប្រឹក្សា គណៈកម្មការ ពុទ្ធិកសមាគមខ្មែរ វត្តខេមររតនារាម Advisor to The Cambodian Buddhist Society of Wat KhemaRaRatanaram