ស្ដីពីផលកម្មគ្រាទី ៣
កត្តាសំខាន់ក្នុងការឱ្យផលល្អ-អាក្រក់របស់កម្ម !
——————————
កម្មល្អ-អាក្រក់នឹងឱ្យផលតាំងពីតិចបំផុត… រហូតដល់ច្រើនពេញទីតាមកម្មនិយាម ដែលប្រព្រឹត្តទៅក្នុងដំណើរជីវិតបុគ្គល ឱ្យបុគ្គលបានទទួលផលតបស្នងពីខាងក្រៅ ដ៏គួរពេញចិត្តខ្លះ មិនពេញចិត្តខ្លះ ឬយ៉ាងណានោះ សិ្ថតនៅលើកត្តាដែលមានបាលីសម្ដែងទុកជាអង្គប្រកបផ្សេងៗ ៤ គូ គឺសម្បត្តិ ៤ និងវិបត្តិ ៤ មានសេចក្ដីអធិប្បាយដោយសង្ខេប ដូចតទៅនេះ
សម្បត្តិ គឺចំណែកជាវិជ្ជមាន សំដៅយកសេចក្ដីពេញព្រៀបបរិបូណ៌នៃកត្តាផ្សេងៗ ដែលជួយឧបត្ថម្ភគាំទ្រផ្ដល់ឱកាសឱ្យកម្មល្អបានបញ្ចេញផល មិនបើកឱកាសឱ្យកម្មអាក្រក់សម្ដែងឫទ្ធិ និយាយដោយខ្លី គឺចំណែកអង្គប្រកបជាជំនួយកម្មល្អ ហៅថាសម្បត្តិ មាន ៤ យ៉ាងគឺ
១. គតិសម្បត្តិ សម្បត្តិនៃគតិ ការដល់ព្រមដោយគតិ គឺ ការកើតក្នុងភព ភូមិ ដែនដី ប្រទេសដែលចម្រើន សមគួរ អនុកូល ក្នុងរយៈខ្លី បានដល់ការរស់នៅឬទៅក្នុងតំបន់ដែលអំណោយផល ។
២. ឧបធិសម្បត្តិ សម្បត្តិនៃរាងកាយ ការដល់ព្រមដោយរាងកាយ ឬការមានរូបរាងសង្ហាស្អាត មុខមាត់អាកប្បកិរិយា គួរជាទីស្រឡាញ់ ជាទីនិយម មានសុខភាពមាំមួនល្អ ។
៣. កាលសម្បត្តិ សម្បត្តិនៃកាល ការដល់ព្រមដោយកាលដ៏ល្អ គឺការកើតនៅក្នុងកាលសម័យដែលស្រុកមានសេចក្ដីស្ងប់ មានអ្នកដឹកនាំល្អ មនុស្សម្នាក្នុងសង្គមមានសីលធម៌ លើកតម្កើងមនុស្សល្អ មិនគាំទ្រមនុស្សអាក្រក់ឱ្យឡើងចាង រួមទាំងទង្វើត្រូវកាល ត្រូវចង្វាក់ ស្របពេល ។
៤. បយោគសម្បត្តិ សម្បត្តិនៃការប្រកប ការដល់ព្រមដោយការប្រកបកិច្ចការ ដូចជាធ្វើរឿងដែលកំពុងជាទីត្រូវការរបស់សង្គម ធ្វើកិច្ចការត្រូវនឹងសមត្ថភាពសេចក្ដីថ្នឹករបស់ខ្លួន បានធ្វើពេញលេញ ពេញកម្លាំង មិនធ្វើឡេះឡោះដំអក់អែអង់ ឬធ្វើមិនត្រូវនឹងរឿង ចេះចាត់ការ ចេះដំណើរការ ។
ចំណែកខាងវិបត្តិ គឺចំណែកជាអវិជ្ជមាន ជាចំណុចខ្សោយ សំដៅយកភាពកង្វះថមថយនៃអង្គប្រកបផ្សេងៗ ដែលមិនផ្ដល់ឱកាសឱ្យកម្មល្អបញ្ចេញផ្លែផ្កា តែបែរជាបើកឱកាសឱ្យកម្មអាក្រក់ឱ្យផល ដោយខ្លីគឺអង្គប្រកបជាឱនភាពបើកចន្លោះឱ្យកម្មអាក្រក់ វិបត្តិមាន ៤ យ៉ាងគឺ
១. គតិវិបត្តិ វិបត្តិនៃគតិ គតិលិចលង់ គឺកើតក្នុងភព ភូមិ ដែនដី ប្រទេស បរិស្ថានដែលមិនចម្រើន មិនអនុកូលដល់ដំណើរជីវិត ជាស្ថានដែលមិនទំនុកបម្រុងដល់ការប្រកបអាជីវកម្ម ។
២. ឧបធិវិបត្តិ វិបត្តិនៃរាងកាយ ឬរាងកាយខូចខាត ដូចជាពិកល់ពិការ ទន់ខ្សោយ រូបរាងមិនសមប្រកប អាកប្បកិរិយាអាក្រក់ មិនគួរគន់មើល រហូតដល់សុខភាពមិនល្អ មានជំងឺឈឺថ្កាត់ច្រើន ជាដើម ។
៣. កាលវិបត្តិ វិបត្តិនៃកាល ឬកាលមិនល្អ គឺកើតក្នុងយុគសម័យដែលប្រទេសមានវិបត្តិ មិនស្ងប់ មានអ្នកដឹកនាំមិនល្អ សង្គមថមថយសីលធម៌ ច្រើនដោយការបៀតបៀនគ្នា មានការលើកតម្កើងពាលជន គាបសង្កត់មនុស្សល្អ រួមទាំងទង្វើមិនត្រូវកាល មិនត្រូវចង្វាក់ មិនស្របពេល ។
៤. បយោគវិបត្តិ វិបត្តិនៃការប្រកប ឬការប្រកបខូចបង់ ឧទាហរណ៍ខ្វល់ខ្វាយក្នុងកិច្ចការឬរឿងរ៉ាវដែលខុស ធ្វើកិច្ចការមិនត្រូវនឹងសមត្ថភាពសេចក្ដីថ្នឹករបស់ខ្លួន មានសេចក្ដីព្យាយាមក្នុងរឿងដែលមិនត្រឹមត្រូវ ជាដើម ។
សូមលើកឧទាហរណ៍បន្ថែមដោយសង្ខេប-
គូទី១ គតិសម្បត្តិ៖ ឧទាហរណ៍ ម្នាក់កើតក្នុងស្រុកចម្រើន មានសេវាកម្មផ្នែកការសិក្សាល្អ មានបញ្ញានិងសេចក្ដីព្យាយាមមិនច្រើនប៉ុន្មានទេ តែបានទទួលការសិក្សាល្អជាង ចូលដល់ (access) ឋានៈក្នុងសង្គមបានខ្ពស់ជាងម្នាក់ទៀតដែលមានបញ្ញានិងសេចក្ដីព្យាយាមច្រើនជាង តែព្រោះគេទៅកើតនៅចុងកាត់មាត់ញក ឬដូចជាអ្នកទៅកើតជាទេវតា ទោះជាយ៉ាងណា ក៏សុខសប្បាយ មិនក្ដៅក្រហាយ មិនអត់ឃ្លាន ជាដើម ។
គតិវបត្តិ៖ ឧទាហរណ៍ ក្នុងសម័យមានព្រះពុទ្ធឧប្បត្តិឡើងត្រាស់សម្ដែងធម៌ តែគេបែរជាទៅកើតក្នុងដែនព្រៃជ្រៅ ឬទៅកើតក្នុងនរក ក៏មិនមានឱកាសនឹងបានស្ដាប់ព្រះធម៌ ឬបុគ្គលអ្នកមានបញ្ញាល្អ តែទៅកើតក្នុងកាឡទ្វីប ក៏មិនមានឱកាសបានជាអ្នកប្រាជ្ញផ្នែកសិល្បសាស្ត្រទាំងឡាយ ឬមានចំណេះវិជ្ជា តែទៅកើតក្នុងស្រុកឬប្រជុំជនដែលគេមើលមិនឃើញតម្លៃចំណេះវិជ្ជានិងសមត្ថភាពរបស់ខ្លួន ចូលនឹងគេមិនចុះ ត្រូវគេប្រមាថកាតទាន រស់នៅយ៉ាងក្ដៅក្រហាយជាដើម ។ (គូទី ២, ៣, ៤ នឹងបន្ដទៅខាងមុខ……)
តាអារាមប៊យ
១២ ឧសភា ២០១៩
🔸Last Updated កំណែចុងក្រោយ on March 27, 2023