បុរាណភាសិត ១៨
សូមជូនបុរាណភាសិតនេះជាគតិសម្រាប់ខេមរជនក្នុងសាកលលោក ដើម្បីយោនិសោមនសិការ ភាសាបាលីខាងក្រោមនេះសរសេរដោយតួអក្សរខ្មែរ ថៃ ភូមា ទេវនាគរី(ឥណ្ឌា) រ៉ូម៉ាំង តាមលំដាប់ សូមពិចារណាឆន្ទដែលបុរាណកវីបាននិពន្ធទុកដូចតទៅនេះ
ន សាធុ ពលវា ពាលោ សហសា វិន្ទតេ ធនំ;
កាយស្ស ភេទា ទុប្បញ្ញោ និរយំ សោបបជ្ជតិ ។
น สาธุ พลวา พาโล ………. สหสา วินฺทเต ธนํ;
กายสฺส เภทา ทุปฺปญฺโญ … นิรยํ โสปปชฺชติ ฯ
န သာဓု ဗလဝာ ဗာလော၊ သဟသာ ဝိန္ဒတေ ဓနံ။
ကာယသ္သ ဘေဒာ ဒုပ္ပညော၊ နိရယံ သောပပဇ္ဇတိ။
न साधु बलवा बालो, सहसा विन्दते धनं।
कायस्स भेदा दुप्पञ्ञो, निरयं सोपपज्जति॥
Na sādhu balavā bālo, Sahasā vindate dhanaṃ;
Kāyassa bhedā duppañño, Nirayaṃ sopapajjati.
ជនពាលមានអំណាចមិនជាប្រយោជន៍
រកទ្រព្យសម្បត្តិបានដោយកលកាច
ជនពាលនោះ ប្រាសចាកបញ្ញា
ក្រោយពីស្លាប់ នឹងកើតក្នុងនរក ។
————————-
ប្រែលោតប្រយោគសម្រាប់អ្នករៀនបាឡី
ពាលោ រីជនពាល, ពលវា អ្នកមានអំណាច, ន សាធុ មិនជាប្រយោជន៍, វិន្ទតេ រមែងបាន, ធនំ នូវទ្រព្យ សហសា ដោយកលកាច ។
សោ(ពាលោ) រីជនពាលនោះ, ទុប្បញ្ញោ ជាអ្នកប្រាសចាកបញ្ញា, ភេទា ក្រោយពីកិរិយាបែកធ្លាយ, កាយស្ស នៃកាយ, ឧបបជ្ជតិ រមែងចូលដល់, និរយំ នូវនរក ។
———————-
កំណត់សម្គាល់
ពលវា = ពល + វន្ដុ (បច្ច័យក្នុងតទស្សត្ថិតទ្ធិត) = ពលវន្ដុ + សិ = ពលវា(ចែកបែបភគវន្ដុ) ។
សហសា ក្នុងកវិទប្បណនីតិ ជា សាហសា ។
សោបបជ្ជតិ កាត់បទជា សោ ឧបបជ្ជតិ ។
ប្រភព៖ លោកនីតិគាថាទី ៧២, កវីទប្បណនីតិគាថាទី ២១២ ។
តាអារាមប៊យ
២២ មិថុនា ២០១៨
🔸Last Updated កំណែចុងក្រោយ on March 27, 2023