អនិច្ចំ ទុក្ខំ អនត្តា…(គ្រាទី ២)
– បរមត្ថ សម្ដែងអនិច្ច-ទុក្ខ-អនត្តាឱ្យឃើញប្រាកដបានក្នុងវិបស្សនាញាណ
– បញ្ញត្តិ មិនអាចសម្ដែងអនិច្ចទុក្ខអនត្តាឱ្យឃើញទេ
—————————–
គោលការណ៍ព្រះអភិធម្មមួយទៀត ដែលគួរនាំមកប្រកបការពិចារណាសម្រាប់វិភាគរឿងនេះគឺ អ្វីៗ ដែលប្រាកដតាមចក្ខុទ្វារ គឺជារូបារម្មណ៍ ឬរូបាយតនៈប៉ុណ្ណោះ បញ្ញត្តិធម៌មិនប្រាកដតាមចក្ខុទ្វារទេ តែនឹងប្រាកដជាអារម្មណ៍តាមមនោទ្វារប៉ុណ្ណោះ ។
ហេតុដូច្នេះ ដែលថា “ឃើញ” ផ្លែស្វាយ ដែលមានរូបសណ្ឋានជាដុំមានសារៈនោះ ដោយពិតទៅមិនមែនជាការ “ឃើញ” តែជា “គំនិត” ដែលបន្ដមកអំពីការឃើញពិត ដូច្នេះ ភាពមានរូបសណ្ឋាន ។ល។ រួមទាំងភាពជាផ្លែស្វាយ គឺជាបញ្ញត្តិធម៌ដែលវិថីចិត្តតាមមនោទ្វារតាក់តែងឡើង ដោយន័យនេះហើយ ទើបយើងអនុមានបានថា លោកនិងជីវិតដែលប្រាកដជាសព្វវត្ថុច្រើនឥតគណនា ផ្សព្វផ្សាយព្រោងព្រាតក្នុងកាលអវកាស មានរូបសណ្ឋាននានប្បការ សុទ្ធសឹងតែជាបញ្ញត្តិធម៌ដែលវិថីចិត្តនិម្មិតច្នៃប្រឌិតឡើង ដោយអាស្រ័យចាប់ផ្ដើមពីរូបបរមត្ថ ដែលប្រាកដតាមទ្វារ ៥ ពោលគឺ រូប សំឡេង ក្លិន រស និងផោដ្ឋព្វៈ ។ លោកនៃបញ្ញត្តិធម៌នេះហើយ ដែលមានអំណាចគ្របសង្កត់ឃុំឃាំងចងចាំបុគ្គលទុកក្នុងពន្ធនាគារនៃសង្សារវដ្ដ ថ្វីត្បិតតែវាគ្រាន់តែជាមាយាការដ៏សោះសូន្យទទេ ប្រាសចាកខ្លឹមសារណាៗ ទាំងអស់ក៏ដោយ ។
ព្រោះហេតុដូច្នេះហើយ មនុស្សភាគច្រើនក្នុងលោក ដែលមិនបានសិក្សាបដិបត្តិពុទ្ធធម៌ឱ្យបានត្រឹមត្រូវពិតប្រាកដ ទើបសម្គាល់យល់ខុសនូវភាពជាតួខ្លួនបុគ្គល មានជីវិតរស់នៅក្នុងលោកពោរពេញទៅដោយវត្ថុសព្វយ៉ាង ដ៏មានការប្រាកដឡើងនិងការប្រែប្រួលទៅក្នុងលក្ខណៈដែលគេមិនអាចនឹងយល់បាន ទើបគេពើបប្រទះបញ្ហាធំតូចផ្សេង ៗ មកចោមរោមបណ្ដាលឱ្យត្រូវខ្មីឃ្មាតតស៊ូដោះស្រាយរាល់ពេលវេលា ភាគច្រើនមិនអាចដោះស្រាយបាន ទីបំផុតក៏ចុះចាញ់ ទើបជីវិតប្រាកដជាភារៈដ៏ធ្ងន់ធ្ងរ ជាគំនរនៃសេចក្ដីទុក្ខក្នុងលោកដ៏ងងឹត ព្រោះខ្វះចំណេះពិត ដឹងមិនទាន់មាយាការដែលកលកិច្ចនៃជីវិតបានតាក់តែងឡើងដោយខ្លួនឯង ។
បំណងដ៏សំខាន់នៃការចម្រើនវិបស្សនា គឺការអភិវឌ្ឍសក្យភាព(សមត្ថភាព)ខាងក្នុងរបស់បុគ្គលម្នាក់ៗ បានដល់សតិ បញ្ញា សម្បជញ្ញៈ និងសមាធិឱ្យបរិបូណ៌គ្រប់គ្រាន់ដែលអាចឃើញបរមត្ថធម៌ជាក់ច្បាស់ អាចញែកបរមត្ថធម៌ចេញពីបញ្ញត្តិធម៌បាន ហើយឃើញទាំងត្រៃលក្ខណ៍នៃសង្ខារធម៌ ព្រមទាំងដឹងទាន់ការបោកបញ្ឆោតរបស់បញ្ញត្តិធម៌ដែលត្រូវបានតាក់តែងឡើងអំពីសេចក្ដីល្ងង់ខ្លៅ ឬអវិជ្ជាខាងក្នុងបុគ្គលនោះឯង ។
បញ្ញាឬបញ្ញិន្ទ្រិយ៍ចេតសិក ជាអង្គធម៌ប្រកបនឹងសោភណចិត្ត ដែលកំណត់ដឹងនូវបរិទស្សន៍ក្នុងរឿងរបស់លោកនិងជីវិត អាចបែងចែកចេញជា ៣ ប្រភេទ រៀងតាមលំដាប់តាំងតែអំពីថ្នាក់មូលដ្ឋានឡើងទៅ ហើយប្រភេទនីមួយៗអាចបែងចែកចេញជាប្រភេទតូចបន្ទាប់បានច្រើនទៀត ចំពោះបញ្ញា ៣ ប្រភេទដូចតទៅនេះ-
(១) សុតាមយបញ្ញា ជាចំណេះដឹងដែលបានមកអំពីការបានឮបានស្ដាប់ពាក្យប្រៀនប្រដៅ ពាក្យបង្រៀន ពាក្យពោលប្រាប់អំពីអ្នកដទៃជាអាដើម ជាថ្នាក់ដំបូងនៃការសិក្សា(ទទួលបានចំណេះ) អ្នកសិក្សាអាស្រ័យការទទួលដឹងឮអំពីបទពិសោធន៍របស់អ្នកដទៃក្នុងរឿងដែលចង់ដឹង ប៉ុន្ដែមិនបានទទួលបទពិសោធន៍ដោយខ្លួនឯងដោយត្រង់ទេ ចំណេះដឹងថ្នាក់នេះ បានត្រឹមតែជាការចង្អុលនាំការបដិបត្តិបណ្ដោះអាសន្ន រហូតដល់ពេលដែលចំណេះដឹងយល់ដែលកើតមកអំពីបទពិសោធន៍នឹងកើតឡើង ។ ទោះជាយ៉ាងណាក៏ដោយ ការស្វែងយល់និងការប្រើប្រាសប្រយោជន៍នៃចំណេះវិជ្ជាថ្នាក់នេះ ជារឿងចាំបាច់ថ្នាក់ដំបូងក្នុងដំណើរជីវិត ដែលមនុស្សទូទៅគ្រប់រូបតែងប្រើជាធម្មតា ។
ការសិក្សាព្រះបរិយត្តិធម៌ គឺពុទ្ធវចនៈក្នុងព្រះត្រែបិដក ព្រមទាំងសេចក្ដីអធិប្បាយពង្រីកសេចក្ដីដោយព្រះអដ្ឋកថាចារ្យ ។ល។ ចាត់ជាចំណេះដឹងថ្នាក់សុតាមយបញ្ញានេះ ។ ប្រសិនបើអ្នកសិក្សានាំយកចំណេះដឹងថ្នាក់ដំបូងនេះទៅពិនិត្យពិចារណាត្រិះរិះវិភាគវែកញែកបន្ថែម បន្ដទៅជាចំណេះដឹងយល់ថ្មីថែមទៀត ជាការអភិវឌ្ឍឱ្យបញ្ញាថ្នាក់ដំបូងនេះឱ្យខ្ពស់ឡើងតទៅទៀត ។ (នឹងបន្ដទៅគ្រាទី ៣)
—————————-
តាអារាមប៊យ
១៧ មិថុនា ២០១៩
🔸Last Updated កំណែចុងក្រោយ on February 1, 2023