ហេរញ្ញិក ឬ ហិរញ្ញិក ?
ក្រោយសម័យខ្មែរក្រហមគ្រប់គ្រងប្រទេសមកទល់សព្វថ្ងៃ យើងគប្បីទទួលដឹងឮថា មានភាពច្របូកច្របល់ក្នុងការសរសេរអក្សរសាស្ដ្រច្រើនដែលគួរឱ្យបារម្ភណាស់ ព្រោះថាទាំងការសរសេរជាផ្លូវការ ទាំងសរសេរជាទួទៅ វាស្ទើរតែខុសទាំងអស់គ្នាទៅហើយ ថែមទាំងប្រើបែបខុសៗ ទៀត លើសពីនេះទៅទៀតគឺមានអ្នកបង្កើតវចនានុក្រមផ្សំពាក្យបែបខុសទៀត កូនក្មួយបើកមើលហើយចាំអ្វីដែលខុសដោយគ្នាមិនដឹងថាខុស យកទៅសរសេរបន្ដ ជាការជួយដាប់ការសរសេរខុសឱ្យជ្រៅថែមទៀត….
ភស្ដុតាង៖ សូមបើក google អានដោយខ្លួនឯងចុះ
អានផុស្ដនេះហើយ សូមមេត្តាជួយចុច share ទាំងអស់គ្នាផង ដើម្បីឱ្យមានអ្នកអានបានច្រើន អ្នកដែលអានខ្ញុំផុស្ដមានប្រហែល ៣០ អ្នកប៉ុណ្ណោះ
—————————-
ពាក្យថា ហិរញ្ញ ឬ ហិរណ្យ យើងប្រើសំដៅយកប្រាក់ ទាំងក្រដាស់ប្រាក់សម្រាប់ចាយក្ដី ទាំងសាច់ប្រាក់ក្ដី ហៅថាហិរញ្ញទាំងអស់ ឧ.
ហិរញ្ញប័ដ ដំបារឬបន្ទះប្រាក់
ហិរញ្ញបត្រ ក្រដាស់ប្រាក់
ហិរញ្ញភណ្ឌ គ្រឿងប្រាក់
ហិរញ្ញម័យ ដែលធ្វើដោយប្រាក់
ហិរញ្ញមូល ប្រាក់ដើមទុន
ហិរញ្ញវត្ថុ ប្រាក់សម្រាប់ចាយ ។ល។
————————–
ប៉ុន្ដែ ប៉ុន្ដែ ប៉ុន្ដែ ……
អ្នកកាន់កាប់ប្រាក់ អ្នកមើលការខុសត្រូវរឿងប្រាក់ ត្រូវសរសេរជា “ហេរញ្ញិក”
ត្រូវចាំឱ្យច្បាស់ថា ហ ស្រៈ អេ, មិនមែន ហ ស្រៈ អិ ទេ
សួរថា ហេតុអ្វីក៏សរសេរជា ហេរញ្ញិក ?
ហិរញ្ញ + ណិក(បច្ច័យ) = ហេរញ្ញិក
(តាមគោលវេយ្យាករណ៍ បច្ច័យទាំងឡាយ ទាំងក្នុងកិរិយាអាខ្យាត ទាំងក្នុងកិរិយាកិតកៈ ទាំងក្នុងនាមកិតកៈ ទាំងក្នុងតទ្ធិត, បច្ច័យដែលមានអក្សរ ណ នៅជាមួយ ឧ. ណេ ណយ ណាបេ ណ ណិក ណ្វុ ។ល។ ចុះហើយត្រូវលុប ណ ចេញនិងត្រូវព្រឹទ្ធិដើមធាតុឬស្រៈខាងដើម)
ហេតុដូច្នេះ ណិក ត្រូវលុប ណ ចេញ នៅសល់តែ ិក, និងដោយអំណាចនៃ ណ ក្នុង ណិក ត្រូវព្រឹទ្ធិស្រៈ អិ (ហិ-) ជា អេ
ហិរញ្ញ + ណិក = ហិរញ្ញ> ហេរញ្ញ + ណិក> ិក = ហេរញ្ញិក(= treasurer)
ប្រុសជា ហេរញ្ញិក, ស្រីជា ហេរញ្ញិកា(ចុះ អា បច្ច័យគ្រឿងសម្គាល់ឥត្ថីលិង្គ)
————————–
ប្រយ័ត្ន៖ ហេរញ្ញិកា និង ហិរញ្ញការ
ហេរញ្ញិកា គឺមនុស្សស្រីអ្នកទទួលបន្ទុកមើលការខុសត្រូវរឿងប្រាក់(treasurer)
ហិរញ្ញការ គឺមនុស្សប្រុសដែលជាជាងប្រាក់ (ស្រីប្រើជា ហិរញ្ញការិកា)
ហិរញ្ញការ សង្កេតសរសេរប្រកបដោយស្រៈ អិ ព្រោះថា ហិរញ្ញ ជា “កម្ម” របស់កិរិយា “ធ្វើ”
ហិរញ្ញ(ប្រាក់) + ការ(អ្នកធ្វើ) = ហិរញ្ញការ អ្នកធ្វើនូវប្រាក់ (ដូចកុម្ភការ អ្នកធ្វើឆ្នាំង ជាដើម)
“ហិរញ្ញ” ក្នុងពាក្យថា ហិរញ្ញិការ ជា “កម្ម(object)” របស់ការ(√ករ ធាតុ), (ហិរញ្ញំ ករោតីតិ ហិរញ្ញការោ បុគ្គលណា រមែងធ្វើ នូវប្រាក់ ហេតុនោះ បុគ្គលនោះ ឈ្មោះថា ហិរញ្ញការ)
ហេតុដូច្នេះ បានជាមិនមានហេតុផលឬគោលវេយ្យាករណ៍ណាមកផ្លាស់ប្ដូរ ហិរញ្ញ ក្នុងពាក្យថា ហិរញ្ញការ/ហិរញ្ញការិកា ឱ្យទៅជា ហេ- បានឡើយ ។
ចំណែក ហេរញ្ញិក (អ្នកកាន់កាប់ប្រាក់) ជាសព្ទប្រភេទតទ្ធិតដែលយកពាក្យថា ហិរញ្ញ មកដាក់ ណិកបច្ច័យជំនួសពាក្យថា “អ្នកកាន់កាប់មើលការខុសត្រូវ” ជាដើម ដើម្បីឱ្យពាក្យនេះខ្លីឡើង ហើយអំណាចបច្ច័យ (ណ) នេះឯង ដែលធ្វើឱ្យត្រូវតែព្រឹទ្ធិស្រៈ អិ ជាស្រៈ អេ ។
សរុប៖ ហេរញ្ញិក អ្នកកាន់កាប់ប្រាក់ (ជាពាក្យប្រភេទតទ្ធិត-secondary derivation)
ហិរញ្ញការ ជាងប្រាក់ (ជាពាក្យប្រភេទនាមកិតកៈ-primary derivation)
ភាសាបាលី (ទស្សនៈបស្ចិមប្រទេស)មានប្រភពដែលចេញមកជាសព្ទ ៣ លំដាប់ថ្នាក់គឺ
១. ធាតុ ឧ. √ករ (ធ្វើ) អាចយកទៅប្រកបអង្គប្រកប ៨ យ៉ាងឱ្យក្លាយទៅជាពាក្យដែលជាកិរិយាសព្ទ(២យ៉ាង)ប្រាប់លក្ខណៈផ្សេងៗ ជាច្រើនទៀត មានកាល បុរស វចនៈ វាចក ជាដើម រួមទាំងនាមជាទូទៅផងដែរ ។ All words are “derived” from roots, the roots being irreducible meaningful elements of the language.
២. កិតកនាម (primary derivation) បានមកពីធាតុ ប្រកបជាមួយបច្ច័យ ចេញជារូបផ្សេងៗ The derivation of a stem directly from a root is called “primary” (kita) derivation, and nouns derived in this way are called primary nouns (kitakanāma). They include participles, gerunds, infinitives, the agent noun, agent nouns, possessive nouns and a number of nouns having the suffix –a forming their stems.
៣. តទ្ធិត (secondary derivation) ជាសព្ទប្រភេទយកបច្ច័យមកជំនួសនាមប្រកបនឹងនាមដើម្បីឱ្យពាក្យខ្លី If a word is derived not directly from a root but secondary from another word-stem the derivation is called “secondary” (taddhita). Nouns thus derived are called secondary nouns (taddhitanāma).
ក្នុងវចនានុក្រមសម្ដេចជ.ណ. ព្រះអង្គមិនបានអធិប្បាយហេតុផលក្នុងការសរសេរនេះទេ ព្រោះវចនានុក្រមមិនមែនសៀវភៅវេយ្យាករណ៍ អ្នកខ្លះអាចគិតថាព្រះអង្គកំណត់ឱ្យសរសេរប្លែកគ្នាដោយហេតុថាមួយជាប្រាក់ និងមួយទៀតជាអ្នកកាន់កាប់ប្រាក់ មិនមែនដូច្នោះទេ ការសរសេរនេះត្រូវតាមវេយ្យាករណ៍ហើយ ព្រះគុណម្ចាស់ និងលោកអ្នកបញ្ញវន្ដដែលចេះបាលីលោកយល់រឿងនេះដែរ។
ខ្ញុំសង្ឃឹមថា ការចែករំលែកនេះ ប្រាកដជានឹងបានជាចំណេះបន្ដិចបន្ដួច ដែលជាជំនួយឱ្យបានយល់នូវការសរសេរពាក្យនេះ ។
សូមអរគុណដែលខំអាននិងការជួយ SHARE ទុកជាមុន
តាអារាមប៊យ
២១ មេសា ២០១៨
🔸Last Updated កំណែចុងក្រោយ on March 27, 2023
Facebook Comments