សន្មតិបញ្ញត្តិ-បរមត្ថបញ្ញត្តិក្នុងរោងកុន(គ្រាទី១)

សន្មតិបញ្ញត្តិ-បរមត្ថបញ្ញត្តិក្នុងរោងកុន(១)

សិក្សាស្វែងយល់សន្មតិបញ្ញត្តិ-បរមត្ថបញ្ញត្តិក្នុងជីវិតប្រចាំថ្ងៃ តាមគោលការណ៍អភិធម្ម អ្នកដែលយល់រឿងវិថីចិត្តតាមបញ្ចទ្វារនិងមនោទ្វារ នឹងអានយល់ប្រធានបទនេះដោយងាយ ។

———————

ភាពយន្ដជាផលិតផលរបស់បច្ចេកវិទ្យា(technology) គួបផ្សំជាមួយនឹងសមត្ថភាពសាងសិល្បៈការសម្ដែងរបស់មនុស្ស ការចូលទៅសម្រាកទទួលនន្ទនាការក្នុងរោងភាពយន្ដ ជាព្រឹត្តិកម្មធម្មតាសាមញ្ញរបស់អ្នកផងទាំងឡាយក្នុងបច្ចុប្បន្នសម័យ ។ កាលបើសិក្សាវិភាគដើម្បីស្វែងយល់ដំណើរការប្រ​ព្រឹត្តទៅរបស់ចិត្តខ្លួនឯងក្នុងខណៈនោះ នឹងជួយឱ្យយល់រឿងបាតុភូតនៃលោកនិងជីវិតបានច្បាស់លាស់ឡើង។

យើងចូលទៅអង្គុយចោលក្រសែចក្ខុទៅលើផ្ទាំងសំពត់សធំទូលាយដែលសោះសូន្យទទេ ពេលភ្លើងរលត់ងងឹតហើយ មានដើមពន្លឺអំពីឧបករណ៍បញ្ចាំង ឆ្លុះបញ្ចាំងរំលងក្បាលរបស់យើងទៅធ្លាក់លើស្គ្រីន(អេក្រង់) ប្រព័ន្ធទស្សនសាស្ដ្ររបស់ម៉ាស៊ីនបញ្ចាំងត្រូវបានរៀបចំទុក ដើម្បីបញ្ចាំងរូបភាពដែលថតនិងលាងទុកជាហ្វីលទៅធ្លាក់លើស្គ្រីនមួយស៊ុមឬមួយរូបម្ដងៗ ពន្លឺចម្រុះពណ៌ខាប់តិចច្រើនដែលធ្លាក់ទៅលើស្គ្រីននោះ ពេលយើងទទួលដឹងតាមផ្លូវភ្នែក វិថីចិត្តដឹងតាមផ្លូវភ្នែកក៏កើតឡើងច្រើនរាប់លានលានវិថីក្នុងរយៈមួយអនុភាគតូចនៃវិនាទីដោយ​​​​​​​​​​​​​​​​​​​​​ទៅចាប់លើចំណុចមួយម្ដងៗ លើស្គ្រីន កើតវិថីផ្ទួនគ្នាទទួលបន្ដពណ៌ចម្រុះភ្លឺងងឹតរបស់ចំណុចនោះមកពិចារណាផ្ទួនៗ ថែមទៀត ។

បន្ទាប់មក ចក្ខុវិញ្ញាណក៏កើតឡើងទទួលដឹងភាពចម្រុះពណ៌ភ្លឺងងឹតរបស់ចំណុចផ្សេងតទៅ ដោយកើតវិថីចិត្តឡើងរាប់លានវិថី… ក្បួនវិថីនីមួយៗ ចិត្តទទួលដឹងភាពចម្រុះពណ៌ភ្លឺងងឹតរបស់ចំណុចនីមួយៗ លើស្គ្រីន(screen)នោះ  ពេលបន្ទាប់មកក៏កើតក្បួនវិថីចិត្តដែលប្រមូលរួមចំណែកនីមួយៗ របស់ស្គ្រីន ដែលចិត្តចាប់យកជារូបរាងបាន ដោយសម្គាល់ដឹង(សញ្ញា)ថា នុ៎ះមនុស្ស នុ៎ះដើមឈើ នុ៎ះដុំពពក ។ល។ តអំពីនោះក៏កើតក្បួនវិថីចិត្តដែលកំណត់ស្គាល់នោះ តាមដែលអ្នកផងទាំងឡាយកំណត់ស្គាល់ក្នុងចិត្តដោយច្បាស់លាស់ថា ជាមនុស្ស ជាដើមឈើ ជាដុំមេឃ ប៉ុន្ដែពុំទាន់មានពាក្យជាឈ្មោះសម្រាប់ហៅយ៉ាងណានៅឡើយ ។

ទីបញ្ចប់នៃការទទួលដឹង និងការកំណត់ស្គាល់ជាដំបូងនេះ ហៅតាមភាសានិយាយរបស់អ្នកមើលដែលកើតឡើងក្នុងចិត្តថា មនុស្ស ដើមឈើ ដុំពពក ជាដើម ។

សរុបថា ក្នុងការឃើញមួយគ្រាៗនោះ មានក្បួនវិថីចិត្តកើតឡើង ៤ ប្រភេទគឺ

១. ក្បួនវិថីចិត្តកើតឡើងដឹងភាពចម្រុះពណ៌ភ្លឺងងឹតនៃចំណុចនីមួយៗ និងទទួលបន្ដរូបារម្មណ៍ដែលជាអតីតារម្មណ៍ហើយនោះ យកមកពិចារណាផ្ទួនម្ដងទៀតជាក្បួនវិថី

២. ក្បួនវិថីចិត្តប្រមូលចំណុចទាំងឡាយប្រកបគ្នាជារូបរាង

៣. ក្បួនវិថីចិត្តកំណត់ដឹងរូបនីមួយៗ ថាជាអ្វី

៤. ក្បួនវិថីចិត្តចង្អុលប្រាប់ឈ្មោះវត្ថុនោះៗ ជាភាសារបស់ខ្លួនក្នុងចិត្ត

ក្នុងអនុភាគនៃវិនាទីដ៏សែនខ្លី វិថីចិត្តក្នុងលំដាប់នីមួយៗ កើតឡើងផ្ទួនហើយផ្ទួនទៀតជាច្រើនរាប់លានវិថី ឬរាប់រយលានពាន់លានវិថី ជាការទទួលដឹងរូបភាពដែលបញ្ចាំងលើស្គ្រីនមួយរូប និងកំណត់ស្គាល់ក្នុងចិត្តថា នេះមនុស្ស នេះដើមឈើ នុ៎ះដុំពពកជាដើម ។ល។

រួចហើយពន្លឺភ្លឺងងឹតចម្រុះពណ៌លើស្គ្រីនក៏រលត់ រូបភាពនោះក៏បាត់ទៅ មានរូបភាពថ្មីមកប្រាកដជំនួស ថ្វីបើពណ៌ចម្រុះភ្លឺងងឹតលើស្គ្រីនប្រហាក់ប្រហែលគ្នានឹងខាងដើមក៏ពិតមែន ប៉ុន្ដែបានប្រែប្រួលខុសពីដើមបន្ដិចទៅហើយ អ្នកមើលដឹងមិនទាន់រូបភាពដែលប្រែប្រួលទៅហើយនោះទេ ទាំងដឹងមិនទាន់ស្គ្រីនងងឹតទៅមួយខណៈផង ព្រោះវាកើតឡើងរហ័សណាស់ ធ្វើឱ្យមិនអាចដឹងទាន់ ។

អ្នកប្រតិដ្ឋម៉ាស៊ីនបញ្ចាំងភាពយន្ដបានរចនាឱ្យមានបន្ទះកង្ហាល់ សម្រាប់កាត់ដើមពន្លឺឱ្យដាច់ជាខណៈម្ដងមួយៗ ខណៈដែលដើមពន្លឺមិនបានបញ្ចាំងឆ្លងកាត់បន្ទះកង្ហាល់ទៅធ្លាក់លើស្គ្រីននោះឯង ម៉ាស៊ីនបញ្ចាំងបានចល័តបន្ទះហ្វីលទៅ ១ ចន្លោះ ទើបមានពន្លឺឆ្លុះបញ្ចាំងធ្លុះចន្លោះបន្ទះកង្ហាល់ជាថ្មី រូបភាពដែលប្រាកដលើស្គ្រីន ជារូបភាពក្នុងស៊ុមបន្តបន្ទាប់មក ។

ក្នុងរយៈ ១ វិនាទីនឹងមានរូបភាព ២៤ ស៊ុមឬក្របទៅធ្លាក់លើស្គ្រីន ដែលស៊ុមរូបនីមួយៗ ជាហ្វីលរូបភាពដែលថតមកពីតួសម្ដែង និងពីទិដ្ឋភាពភូមិស្រុកដែលចល័តរស់រវើក ។ ភ្នែកអ្នកមើលមិនអាចចាប់ទាន់នូវពន្លឺប៉ប្រិចភ្លឺងងឹតនៅលើស្គ្រីនដែលប្រព្រឹត្តទៅក្នុងមួយវិនាទី ២៤ ដងនោះទេ ទើបគិតថាស្គ្រីនភ្លឺរហូតមិនដាច់(មិនឃើញសន្ដតិដាច់) តែបែរជាឃើញជារូប ‘វត្ថុ’ ផ្សេងៗ នៅលើស្គ្រីនដែលធ្វើចលនា ដូចជារូប ‘មនុស្ស’ ដើរទៅ ‘ផ្កាកូលាប’ យោលមែកតិចៗ ទៅតាមកម្លាំងខ្យល់(ចិត្តភ្លើនទៅថាមានកូលាបនិងខ្យល់បក់នៅលើស្គ្រីន) ‘ពពក’ អណ្ដែតលឿនលយនៅលើមេឃ ជាដើម ។ល។

ក្នុងពេលមិនដល់ ២-៣ វិនាទី យើងអ្នកមើលកុនក៏ភ្លេចទៅថា កំពុងមើលស្គ្រីនដែលមានតែពន្លឺភ្លើងចម្រុះពណ៌ភ្លឺងងឹតបញ្ចាំងទៅខ្ទប់នឹងស្គី្រនរលត់បើកៗ បិទៗ ភ្លឺងងឹត ព្រមជាមួយនឹងពន្លឺចម្រុះពណ៌ងងឹត ដូរទៅដូរមកតាមលក្ខន្ដិកៈដែលកំណត់ដោយរង្វង់ហ្វីលនិងឧបករណ៍បញ្ចាំងភាពយន្ដ ។

យើងអ្នកមើលបែរជាមាននន្ទនាការត្រេកអរសោមនស្ស ដែលទទួលយកលោកមាយាដែលប្រាកដចំពោះមុខនៅលើស្គ្រីននោះថាជាការពិត ក្នុងខណៈនោះ យើងបញ្ជូនចិត្តរបស់យើងទៅចាប់លើចំណែកខ្លះនៃស្រមោលភ្លឺងងឹតនៅលើស្គ្រីន យើងមានអារម្មណ៍ប្រដូចជាតួខ្លួនរបស់យើង កំពុងចូលទៅរួមប្រឈមរឿងរ៉ាវដ៏គួរភ័យខ្លាច រំភើប កើតទុក្ខសុខ ទៅជាមួយនឹងស្រមោលដែលជាតួឯក តួរង តួកាចផ្សេងៗ លើស្គ្រីននោះ ។ (សូមអានបន្ដនៅផុស្ដគ្រាទី ២)

—————————–

លំដាប់ខណៈចិត្តកើតតាមបញ្ចទ្វារ(ភ្នែក ត្រចៀក ច្រមុះ អណ្ដាត កាយ)៖

– …. អតីតភវង្គ>ភវង្គចលនៈ>ភវង្គុបច្ឆេទ>អាវជ្ជនៈ>(បញ្ច)វិញ្ញាណ>សម្បដិច្ឆនៈ>សន្ដីរណៈ>វោដ្ឋព្វនៈ>ជវនៈ(៧ដួងសេពអារម្មណ៍នោះៗ)>តទាលម្ពនៈ>តទាលម្ពនៈ (រូបារម្មណ៍ជាដើមរលត់ ភវង្គចិត្តកើតបន្ដ កាលមានអារម្មណ៍ណាមួយមកប៉ះនឹងទ្វារណាមួយ ចិត្តក៏កើតតាមលំដាប់បែបនេះទៀត អាយុរបស់រូបស្មើនឹង ១៧ ខណៈចិត្ត)

– បញ្ចវិញ្ញាណ សេ្រចលើអារម្មណ៍មួយណាមកប្រាកដ ដូច្នេះចិត្តដែលកើតឡើងអាចជា ចក្ខុវិ. សោតវិ. ឃានវិ. ជិវ្ហាវិ. ឬកាយវិញ្ញាណ ណាមួយក្នុងបណ្ដាចិត្តទាំង ៥ នេះ។

– លំដាប់ចិត្តតាមមនោទ្វារខ្លីនិងលឿនជាងបញ្ចទ្វារ ។

តាអារាមប៊យ
៣ មិថុនា ២០១៩

🔸Last Updated កំណែចុងក្រោយ on June 4, 2019

Facebook Comments
Share this article:
បណ្ឌិត ធម្មណាត

Author: បណ្ឌិត ធម្មណាត

ទីប្រឹក្សា គណៈកម្មការ ពុទ្ធិកសមាគមខ្មែរ វត្តខេមររតនារាម Advisor to The Cambodian Buddhist Society of Wat KhemaRaRatanaram