សទ្ធា ៤

សទ្ធា ៤ (ជំនឿ, ការជឿដែលប្រកបដោយហេតុផល – Saddhā: faith; belief; confidence)

១. កម្មសទ្ធា (ជឿកម្ម, ជឿច្បាប់នៃកម្ម, ជឿថាកម្មមានពិត គឺជឿថា បើធ្វើអ្វីដែលប្រកបដោយចេតនា គឺផ្ចង់ចិត្តធ្វើទាំងដឹង រមែងជាកម្ម គឺជាអំពើអាក្រក់ឬល្អកើតឡើងក្នុងចិត្ត ជាហេតុបច្ច័យឱ្យកើតផលល្អផលអាក្រក់តទៅ អំពើមិនសោះសូន្យ និងជឿថាផលដែលត្រូវការសម្រេចបានដោយទង្វើ មិនមែនដោយការអង្វរករ ឬដេកចាំជោគវាសនាជាដើម – Kamma-saddhā: belief in Karma; confidence in accordance with the law of action)

២. វិបាកសទ្ធា (ជឿវិបាក, ជឿផលនៃកម្ម, ជឿថាផលនៃកម្មមានពិត គឺជឿថាកម្មដែលធ្វើហើយត្រូវតែមានផល និងផលត្រូវមានហេតុ ផលល្អកើតអំពីកុសលកម្ម ផលអាក្រក់កើតអំពីអកុសលកម្ម – Vipāka-saddhā: belief in the consequences of actions)

៣. កម្មស្សកតាសទ្ធា (ជឿថាសត្វមានកម្មជារបស់ខ្លួន, ជឿថាម្នាក់ៗ ជាម្ចាស់នៃកម្ម នឹងត្រូវទទួលខុសត្រូវសោយវិបាក ប្រព្រឹត្តទៅតាមកម្មរបស់ខ្លួន – Kammassakatā-saddhā: belief in the individual ownership of action)

៤. តថាគតពោធិសទ្ធា (ជឿការត្រាស់ដឹងរបស់ព្រះពុទ្ធជាម្ចាស់, ជឿជាក់ក្នុងអង្គព្រះតថាគតថាទ្រង់ជាព្រះសម្មាសម្ពុទ្ធ ទ្រង់មានព្រះគុណទាំង ៩ ប្រការ ត្រាស់សម្ដែងធម៌ បញ្ញត្តវិន័យទុកដោយល្អ ទ្រង់ជាអ្នកនាំផ្លូវដែលបង្ហាញឱ្យឃើញថា មនុស្សគឺយើងគ្រប់គ្នានេះ ប្រសិនបើទូន្មានខ្លួនដោយល្អ ក៏អាចចូលដល់ភូមិធម៌ដ៏ឧត្តុង្គឧត្តមបរិសុទ្ធផូរផង់រួចផុតចាកទុក្ខបាន ដូចដែលព្រះអង្គបានបំពេញទុកជាតួយ៉ាង – Tathāgatabodhi-saddhā: confidence in the Enlightenment of the Buddha)

សទ្ធាទាំង ៤ យ៉ាងនេះ ចំពោះខទី ៤ ប៉ុណ្ណោះដែលប្រាកដក្នុងព្រះបាលី(ពុទ្ធវចនៈ) បើពិចារណាតាមសេចក្ដីឃើញថា សទ្ធាទាំង ៣ ខខាងដើមរមែងសង្គ្រោះចូលក្នុងខទី ៤ បាន ។ ម្យ៉ាងវិញទៀត ខទី ៣ មានគោលធម៌ដែលសម្ដែងទុកស្រដៀងគ្នាគឺ កម្មស្សកតាញាណ បញ្ញាឈ្វេងយល់ភាវៈដែលសត្វមានកម្មជារបស់ខ្លួន ។

ពុទ្ធសាសនិកជន គួរមានសទ្ធាទាំង ៤ ខនេះ ជាពិសេសខទី ៤ ព្រោះថាបើយើងជឿជាក់ថាព្រះពុទ្ធជាម្ចាស់ត្រាស់ដឹងពិត យើងក៏នឹងជឿថាពាក្យប្រៀនប្រដៅផ្សេងៗ ដែលព្រះអង្គបានសម្ដែង ជារឿងពិត ជារឿងបដិបត្តិតាមហើយនឹងបានទទួលផលតាមសមគួរដល់ការបដិបត្តិពិត មិនហួសពីសមត្ថភាពរបស់មនុស្ស មិនមែនជារឿងគិតស្រមើស្រមៃ ។

តាអារាមប៊យ
១ មីនា ២០១៩

🔸Last Updated កំណែចុងក្រោយ on March 26, 2023

Facebook Comments
Share this article:
បណ្ឌិត ធម្មណាត

Author: បណ្ឌិត ធម្មណាត

ទីប្រឹក្សា គណៈកម្មការ ពុទ្ធិកសមាគមខ្មែរ វត្តខេមររតនារាម Advisor to The Cambodian Buddhist Society of Wat KhemaRaRatanaram