រូបមន្ដបញ្ហាញផ្លូវ
សម័យមួយ ព្រះសម្មាសម្ពុទ្ធជាម្ចាស់គង់ប្រថាប់នៅនាព្រះជេតវ័នមហាវិហារ អារាមររបស់លោកអនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ព្រះអង្គបានត្រាស់ហៅព្រះភិក្ខុសង្ឃទាំងពួងឱ្យមកប្រជុំព្រមគ្នា ហើយទើបទ្រង់មានព្រះករុណាត្រាស់ព្រះពុទ្ធវចនៈនេះថា ៖
ម្នាលអ្នកឃើញភ័យក្នុងសង្សារវដ្ដទាំងឡាយ! គ្រាមួយកាលត្រាស់ដឹងដំបូង យើងតថាគតគង់នៅក្រោមម្លប់ដើមអជបាលនិគ្រោធ ប្របឆ្នេរនេរញ្ជរានទី ឰដ៏តំបន់ឧរុវេលា កាលតថាគតចៀសចេញសម្ងំតែម្នាក់ឯងនៅទីនោះ បានកើតគំនិតក្នុងចិត្តឡើងយ៉ាងនេះថា៖
ផ្លូវនេះជាឯកាយនមគ្គ គឺជាម៌ាគាផ្លូវជាទីទៅដ៏ឯក
– ដើម្បីសេចក្ដីបរិសុទ្ធិនៃសត្វទាំងឡាយ
– ដើម្បីកន្លងសេចក្ដីសោកនិងបរិទេវនាការ
– ដើម្បីរំលត់បង់នូវសេចក្ដីទុក្ខនិងទោមនស្ស
– ដើម្បីត្រាស់ដឹងញេយ្យធម៌
– ដើម្បីធ្វើព្រះនិព្វានឱ្យជាក់ច្បាស់
ផ្លូវជាទីទៅដ៏ឯកនេះ គឺសតិប្បដ្ឋាន ៤ ប្រការ
សតិប្បដ្ឋាន ៤ ប្រការគឺដូចម្ដេច?
១. អ្នកឃើញភ័យក្នុងសង្សារវដ្ដ ពិចារណាឃើញកាយក្នុងកាយ
២. អ្នកឃើញភ័យក្នុងសង្សារវដ្ដ ពិចារណាឃើញវេទនាក្នុងវេទនាទាំងឡាយ
៣. អ្នកឃើញភ័យក្នុងសង្សារវដ្ដ ពិចារណាឃើញចិត្តក្នុងចិត្ត
៤. អ្នកឃើញភ័យក្នុងសង្សារវដ្ដ ពិចារណាឃើញធម៌ក្នុងធម៌ទាំងឡាយ
ដោយជាអ្នកមានសេចក្ដីព្យាយាម មានសម្បជញ្ញៈ មានសតិ កម្ចាត់អភិជ្ឈានិងទោមនស្សបាន ឯកាយនមគ្គនេះ រមែងជាផ្លូវជាទីទៅដ៏ឯក ដើម្បីសេចក្ដីបរិសុទ្ធិនៃសត្វទាំងឡាយ ដើម្បីកន្លងសេចក្ដីសោកនិងបរិទេវនាការ ដើម្បីរំលត់បង់នូវសេចក្ដីទុក្ខនិងទោមនស្ស ដើម្បីត្រាស់ដឹងញេយ្យធម៌ ដើម្បីធ្វើព្រះនិព្វានឱ្យជាក់ច្បាស់ ឯកាយនមគ្គនេះគឺសតិប្បដ្ឋាន ៥ ដូច្នេះ ។
ម្នាលអ្នកឃើញភ័យក្នុងសង្សារវដ្ដទាំងឡាយ គ្រានោះសហម្បតិព្រហ្មដឹងនូវសេចក្ដីត្រិះរិះក្នុងហទ័យរបស់តថាគត ទើបបាត់អំពីព្រហ្មលោកមកប្រាកដក្នុងទីចំពោះមុខយើងមួយរំពេច មានឧបមាបីដូចបុរសមានកម្លាំងលាចេញនូវដៃដែលបត់ចូល ឬបត់ចូលនូវដៃដែលលាចេញប៉ុណ្ណោះ សហម្បតីព្រហ្មនោះក៏ធ្វើនូវសំពត់ឆៀងស្មាម្ខាង ប្រណម្យហត្ថាមករកតថាគត ហើយមានព្រហ្មវាទីថា
“បពិត្រអង្គសម្ដេចព្រះដ៏មានព្រះភាគ! ករណីនេះរមែងជាយ៉ាងហ្នឹងឯង បពិត្រអង្គសម្ដេចព្រះដ៏មានព្រះភាគ! ករណីនេះរមែងជាយ៉ាងហ្នឹងឯង បពិត្រព្រះអង្គដ៏ចម្រើន ឯកាយនមគ្គនេះ ជាផ្លូវជាទីទៅដ៏ឯក ដើម្បីសេចក្ដីបរិសុទ្ធិនៃសត្វទាំងឡាយ ដើម្បីកន្លងសេចក្ដីសោកនិងបរិទេវនាការ ដើម្បីរំលត់បង់នូវសេចក្ដីទុក្ខនិងទោមនស្ស ដើម្បីត្រាស់ដឹងញាយធម៌ ដើម្បីធ្វើព្រះនិព្វានឱ្យជាក់ច្បាស់” ដូច្នេះ ។
លោកអ្នកមានបញ្ញាទាំងឡាយ មគ្គសូត្រនេះហើយជាតម្រុយបង្ហាញផ្លូវបដិបត្តិ ដើម្បីឱ្យដឹងជាក់ច្បាស់នូវចតុរារិយសច្ច កាលបុគ្គលណាមួយបដិបត្តិតាមវិធីការដែលមានបញ្ជាក់ទុកក្នុងមគ្គសូត្រនេះហើយ បុគ្គលនោះនឹងកើតបញ្ញាឃើញជាក់ច្បាស់ចាក់ធ្លុះនូវព្រះចតុរារិយសច្ចអាចកម្ចាត់បង់នូវអវិជ្ជា បានសម្រេចដល់ព្រះនិព្វានជាទីរំលត់សេចក្ដីទុក្ខក្នុងសង្សារវដ្ដបានយ៉ាងពិតប្រាកដ ។
កាលលោកអ្នកបដិបត្តិបានជ្រាបថា ការដែលនឹងដឹងជាក់ច្បាស់ចាក់ធ្លុះនូវព្រះចតុរារិយសច្ចនោះ តោងបដិបត្តិតាមវិធីការដែលសម្ដេចព្រះដ៏មានព្រះភាគជាម្ចាស់ បានត្រាស់ប្រៀនប្រដៅទុកក្នុងមគ្គសូត្រដូច្នេះហើយ ប្រសិនបើមានចិត្តផូរផង់ប្រាថ្នានឹងចាប់ផ្ដើមបដិបត្តិឱ្យបានទទួលផលក្នុងកាលឥឡូវនេះ សូមអញ្ជើញចាប់យកវិធីការដ៏ប្រសើរនោះមកបដិបត្តិភ្លាម ដោយតាំងសតិកំណត់ពិចារណាសភាវធម៌ដែលមានប្រាកដក្នុងសតិប្បដ្ឋាន ៤ គឺ
១. កំណត់ពិចារណាកាយក្នុងកាយ
២. កំណត់ពិចារណាវេទនាក្នុងវេទនាទាំងឡាយ
៣. កំណត់ពិចារណាចិត្តក្នុងចិត្ត
៤. កំណត់ពិចារណាធម៌ក្នុងធម៌ទាំងឡាយ
កាលបើបានតាំងសតិកំណត់ពិចារណាក្នុងសភាពធម៌ទាំង ៤ ប្រការនេះ ដោយវិធីការដ៏ត្រឹមត្រូវហើយ តអំពីនោះ ក៏នឹងកើតភាវនាមយបញ្ញា គឺបញ្ញាដែលកើតអំពីការចម្រើនភាវនា អាចឃើញរូបនាមសម្ដែងអាការផ្សេងៗ ទៅតាមអំណាចនៃព្រះត្រៃលក្ខណ៍ គឺអនិច្ចលក្ខណៈ១ ទុក្ខលក្ខណៈ១ អនត្តលក្ខណៈ១ បានឃើញរូបនាមឬខន្ធ ៥ ដែលបង្ហាញអាការផ្សេងៗ តាមអំណាចនៃព្រះត្រៃលក្ខណ៍នេះយ៉ាងពិសេសដោយភាវនាមយបញ្ញា ព្រោះហេតុដូច្នេះហើយ ភាវនាមយបញ្ញាដែលអាចឃើញរូបនាមបង្ហាញអាការមានប្រការផ្សេងៗ យ៉ាងពិសេសនេះ ទើបមានឈ្មោះហៅម្យ៉ាងទៀតថា “វិបស្សនា” ។
————————————
ចាប់ពីអត្ថបទនេះទៅ សំណេរនឹងលាយឡំទៅដោយវោហារបែបបុរាណខ្លះៗ បន្ទាប់ពីបទបង្ហាញផ្លូវនេះទៅ នឹងបង្ហោះសម្ដែងអំពីវិបស្សនាញាណទី១ ២, ៣, ។ល។ ទៅតាមលំដាប់ ព្រមទាំងវិសុទ្ធិ ៧ និងវិបស្សនូបកិលេសដែលប្រកបក្នុងញាណនោះៗ តាមលទ្ធភាពនៃពេលវេលាដែលហុចឱ្យ ។
សូមប្រិយមិត្តដែលចាប់អារម្មណ៍ចង់ស្វែងយល់រឿងបដិបត្តិវិបស្សនា អញ្ជើញតាមអានដោយរីករាយ ។
ពោធិធម្មទីបនី (ព្រះព្រហ្មមោលី)
សម្រួលអត្ថបទដោយ តាអារាមប៊យ
១១ កុម្ភៈ ២០២០
🔸Last Updated កំណែចុងក្រោយ on March 26, 2023