បណ្តាំក្រមង៉ុយ
ខ្ញុំសូមបង្គំព្រះសម្មា | សម្ពុទ្ធណាៗក្នុងភពត្រៃ |
ចម្រើនកម្មដ្ឋានក្រោមពោធិ៍ម្លប់ | នមស្ការគោរពរំឭកគុណ។ |
ព្រះចមចក្រពង្សវង្សមុនីនាថ | កំពូលផុតជាតិជាងមហាជន |
សោយរាជសម្បត្តិសម្បើមបុណ្យ | សម្បូណ៌លើសលន់លុបលោកា។ |
លោកិយដឹងហើយគួរកោតខ្លាច | ទ្រង់មានអំណាចព្រះចេស្ដា |
គួរស្ដាប់ព្រះរាជឱង្ការ | បន្ទូលត្រួតត្រាគួរត្រងត្រាប់។ |
ព្រះទ័យទ្រង់ត្រេកស្រឡាញ់សង្ឃ | ប្រមាណសែនអង្គក្បុងភទ្ទកប្ប |
ព្រះអង្គបានទ្រង់ត្រាស់ប្រញប្ដិ | ឈ្មោះច្បាប់បាដិមោក្ខសំវរសីល។ |
ចែកចេញជាកងសិក្ខាបទ | កំណត់ពីររយម្ភៃប្រាំពិល(ប្រាំពីរ) |
មិនឱ្យមានមោះម៉ងមន្ទិល | អ្នកបួសកុំខ្ជិលកាន់ឱ្យខ្ជាប់។ |
បាណាអទិន្នាជាបឋម | ជាតរូបទៀតផ្សំត្រូវជា១០ |
លោកសង្ឃឥឡូវកាន់មិនសព្វ | កាន់ក្នុងបន្លប់លាយបន្លំ។ |
បន្លិចលុយកាក់លាក់សម្ងាត់ | ទោសត្រូវអាបត្តិលាក់សម្ងំ |
បាសកផ្ញើទានគ្មានអារម្មណ៍ | សន្សំតែទ្រព្យក្ដៅក្រហាយ។ |
ប្រសិនបើកាន់ច្បាប់ព្រះពុទ្ធ | មិនមានធម្មយុត្តិមហានិកាយ |
បើចេះខ្លាចក្រែងមិនក្លែងក្លាយ | សមសុខសប្បាយមិនទាស់គ្នា។ |
លោកសង្ឃគ្រប់វត្តមានធំតូច | សង្ឃខ្លះខិលខូចសង្ឃខ្លះជា |
បរិសទ្យថ្កោលទោសគ្រូឧបជ្ឈាយ៍ | មានពាក្យនិន្ទាតែរាល់វត្ត។ |
បាដិមោក្ខពីររយម្ភៃប្រាំពិល | លោកសង្ឃណាខ្ជិលចាំមិនស្ទាត់ |
កងបាចិត្តិយនិងទុក្កដ | ចូលមាត់ចូលកមិនដឹងខ្លួន។ |
ពួកបាចិត្តិយកៅសិបពីរ | និស្សគ្គិយសាមសិបបារាជិកបួន |
បើចេះហើយចាំឱ្យមាំមួន | ល្អបរិសុទ្ធសូន្យមិនសាយសុស។ |
ប៉ុន្តែសិក្សាមិនសូវចាំ | ចំណាំត្រង់ណេះចោលត្រង់ណោះ |
ត្រង់ណាដែលដឹងជាខ្លួនខុស | ហ៊ានឈ្លោះពីព្រោះគេមិនដឹង។ |
សង្ឃាទិសេសប្រហែសបាន | ដប់បីសណ្ឋានប្រមាណថ្លឹង |
បើធ្លាប់សង្រួមឱ្យយ៉ាងតឹង | មិនអរមិនខឹងមិនបានខុស។ |
ឥន្ទ្រិយប្រាំមួយនាំឱ្យភ្លាត់ | បាចិត្តិយទុក្កដលាយចម្រុះ |
ត្រចៀកអណ្ដាតភ្នែកច្រមុះ | ភ្នែកមើលណេះណោះឃើញសុះសាយ។ |
សោតិន្ទ្រិយោសូរតិចខ្លាំង | ចក្ខិន្ទ្រិយំមើលជិតឆ្ងាយ |
ជិវិ្ហន្ទ្រិយាពោលនាយអាយ | សើចលេងសប្បាយចំអន់គ្នា។ |
បរិសទ្យអាបត្តិទុក្កដញឹក | បារាជិកច្រើនណាស់តែឧបជ្ឈាយ៍ |
ទ្រព្យក្នុងសម្បាច់សម្បូណ៌ហៀរ | ត្រូវទោសអទិន្នាគរុភណ្ឌ។ |
ទ្រព្យសង្ឃជាដើមគឺដំណាំ | អវហារម្ភៃប្រាំចាំគ្នេរគ្នាន់ |
ឱបទុកខ្នះខ្នែងក្រែងមិនគ្រាន់ | អវហារប្រាំជាន់បរាជិក។ |
របស់បានច្រើនក្នុងចំណែក | កិបទុកមិនចែកឱ្យលោកភិក្ខុ |
គ្រឿងយាវជីវិកឬកាលិក | ទុកខួបល្ងាចព្រឹកម៉ៅតែឯង។ |
ម្យ៉ាងទ្រព្យគេហែចូលវិហារ | បាសកបូជាដល់គម្ដែង |
គេវេរបាលីមានខ្លីវែង | គេតែងនឹងថាសង្ឃស្ស។ |
ប្រកាសប្រគេនជំនុំសង្ឃ | ចំពោះគ្រប់អង្គថាទេមៈ |
លោកសង្ឃសាធុមិនសល់ម្នាក់ | សង្ឃរាជទុកដាក់មិនចែកចាយ។ |
ខ្ញុំចាត់ចែងតាមខ្ញុំចេះចាំ | អវហារម្ភៃប្រាំបែកបរិយាយ |
នេះសុទ្ធតែសីលផ្នួសអន្តរាយ | លោកសង្ឃទាំងឡាយកុំប្រព្រឹត្ត។ |
ពីព្រោះឥន្ទ្រិយទាំងប្រាំមួយ | លោកណាមិនព្រួយមិនប្រុងគិត |
លោភោមោហោបាំងងងឹត | សិស្សមានគំនិតមិនហ៊ានថា។ |
សង្ឃរាជគ្រូសូត្រសិស្សបរិសទ្យ | គួរប្រុងប្រតិបត្តិតាមពុទ្ធដីកា |
ពួកបាចិត្តិយសេក្ខិយា | កម្រសង្ឃណារក្សាបាន។ |
ញឹកណាស់តែហ្វូងកងទុក្កដ | មិនដឹងកំណត់មាត់ប៉ុន្មាន |
លោកសង្ឃចូលសិងមិនដឹងប្រាណ | ទុក្កដសម្រាន្តសម្រាកចាំ។ |
ក្រវែលដល់ពេលបាយសម្ល | ចូលមាត់ចូលកពីឆ្វេងស្ដាំ |
កងសេក្ខិយាចិតសិបប្រាំ | បាចិត្តិយប្លមប្លាលើទុក្កដ។ |
លោកសង្ឃស្រណុកនឹងរួចខ្លួន | បាដិទេសទាំងបួនសិក្ខាបទ |
បារាជិកបួនមិនកំណត់ | បើកាន់ប្រាកដប្រកែកបាន។ |
រង្វើលមើលឃើញស្រណុកគេច | កុំឱ្យតែភ្លេចផ្លូវកម្មដ្ឋាន |
សង្រួមសុចរិតប្រិតប្រុងប្រាណ | អាបត្តិមិនហ៊ានចូលមកជិត។ |
សង្ឃរាជគ្រូសូត្របីសណ្ឋាន | ម្យ៉ាងបួសចង់បាននិព្វានពិត |
ម្យ៉ាងបួសចង់ថ្កើងដំឡើងឫទ្ធិ | គំនិតចង់ខ្ពស់ក្នុងលោកិយ។ |
ម្យ៉ាងបួសមិនត្រង់ចង់ធ្វើធំ | រៀនសិល្បអាគមមន្តបាលី |
ធ្វើពេទ្យព្រោះហេតុចង់ឱ្យល្បី | ស្ដោះផ្លុំប្រុសស្រីឱ្យជារោគ។ |
ស្ដោះផ្លុំក្រមុំឬមេម៉ាយ | មិនដែលស្ដោះឆ្ងាយអង្គុយឈ្ងោក |
ដល់មន្តអាគមវាចូលជោក | លែងស្គាល់ជាលោកជាបាសក។ |
ម្យ៉ាងទៀតមារយាទស្រីក្រមុំ | ពោះធំក្នុងពុតបទអាក្រក់ |
វាផើមវាថាវាកើតត្រក់ | កុហកលោកគ្រូឱ្យច្រកថ្នាំ។ |
ច្រកទាល់តែជ្រុលរោគរលួយ | រលាយរូប១និងខន្ធ៥ |
នេះហៅបួសក្រៅបន្ទូលផ្ដាំ | ប្រព្រឹត្តសាងកម្មឱ្យអន្តរាយ។ |
ធ្វើពេទ្យបំពានពាក្យព្រះពុទ្ធ | រម្លត់រំលាងរាងរូបកាយ |
ម្ល៉ឹងហើយមិនសិក្ខនៅនឹកស្ដាយ | សប្បាយចិត្តណាស់ធ្លាប់ធ្វើធំ។ |
ព្រះពុទ្ធមិនហាមឱ្យដាច់សោះ | បើរោគបុរសឱ្យស្ដោះផ្លុំ |
កុំភ្លើច្រកថ្នាំស្រីក្រមុំ | រូបក្ខន្ធផ្ដើមផ្លុំរលាយស្លាប់។ |
សង្ឃរាជម្យ៉ាងទៀតគ្រប់ជាបី | ប៉ែកឈានលោកិយធម៌ក្រៅច្បាប់ |
ចេញភរបរិយាយអធិប្បាយប្រាប់ | ឱ្យរៀបប្រដាប់តាមចំណាំ។ |
មានប្រាក់១រៀលសំពត់ស | អង្ករនិងទៀន៥ធូប៥ |
បាយសីស្លាធម៌អមឆ្វេងស្ដាំ | ខាបឃើញពៀរកម្មនិងបុណ្យបាប។ |
គ្រោះថ្នាក់យ៉ាងណាមិនកំបាំង | ជំងឺតិចខ្លាំងដឹងដរាប |
ស្លាប់រស់ដូចម្ដេចស្រេចនូវខាប | ខ្មោចប្រេតព្រាយអាបឃើញទាំងអស់។ |
ឃើញគ្រូអារក្ខចំបួរជួរ | ឃើញនរកឃើញសួគ៌គ្មានចន្លោះ |
ឃើញសាយសុសសព្វទ្រព្យរបស់ | ជិតឆ្ងាយកៀនកោះធ្លុះក្នុងដី។ |
អ្នកខ្លះឱ្យយឹតរកកូនស្លាប់ | ហៅឱ្យមកចាប់កំណើតថ្មី |
រំលងឆ្នាំពីរឬឆ្នាំបី | ប្រុសមកជាស្រីខុសប្រាថ្នា។ |
នេះឯងធ្វើក្លែងក្រៅគម្ពីរ | ឧត្តរពេញទីខុសសិក្ខា |
វិន័យមិនកាន់ៗតម្រា | ពុទ្ធដីកាប្រិតប្រាមមិនព្រមស្ដាប់។ |
សង្ឃរាជស្លូតត្រង់មានច្រើនវត្ត | សូត្រធម៌ចាំស្ទាត់មិនចាំច្បាប់ |
បើមានអ្នកចេះរំឭកប្រាប់ | ថាធ្វើតែត្រាប់តាមគ្រូមុន។ |
ប៉ុន្មានតមកដល់ឥឡូវ | នឹងរើរកត្រូវដូចភ្លេចគុណ |
ល្ងង់ហើយមានះចចេសស៊ុន | បាសកធ្វើបុណ្យរាល់រដូវ។ |
បំបួសខែជេស្ឋខែអាសាធ | ចីវរនិងបាត្រខ្នាតមិនត្រូវ |
ឃើញចិនលក់ថោកទិញយកទៅ | មិនសូវរិះគិតពិនិត្យខ្នាត។ |
របស់ឥឡូវផ្លាស់ប្លែកៗ | បាត្រស្ពាន់ដីដែកៗស៊ីវីឡាត |
ធំជាងឆ្នាំងបាយហៅថាបាត្រ | បានថ្មីល្អស្អាតក៏យកដែរ។ |
គ្រូសូត្រៗញត្តិតាមបន្ទូល | បាសកលូនចូលប្រគេនតែ |
លោកសង្ឃអង្គុយរៀងបង្ហែ | បាសកចិនខ្មែរទាំងក្មេងចាស់។ |
អង្គុយជ្រកជ្រៀតនឹងលោកសង្ឃ | មិនចង់ឱ្យឆ្ងាយឱ្យស្រឡះ |
លុតក្រាបប្រណម្យឱនសំពះ | អន្តរាយហត្ថបាសខូចលោកសង្ឃ។ |
អ្នកបួសមិនកើតឧបសម្ប័ទ | បរិសទ្យអង្គុយនឿយគ្រប់អង្គ |
គ្រូសូត្រនឿយសូត្រគួរផ្ចិតផ្ចង់ | ប្រឹងប្រិតតម្រង់តម្រូវខ្យល់។ |
ច្បាប់បួសត្រូវគ្នានឹងកឋិន | តែចេះមិនឆ្អិនមិនឡើងផល |
គួររៀនឱ្យសព្វកុំឱ្យឆ្ងល់ | បើរៀនចេះដល់ត្រូវសាមគ្គា។ |
លោកសង្ឃវត្តក្រៅទៅជួយបុណ្យ | បើបាននិមន្តចូលវិហារ |
ត្រូវគង់ប្រជុំរួបរួមគ្នា | កុំឱ្យឃ្លាតឃ្លាពីហត្ថបាស។ |
លោកសង្ឃរៀនសូត្រអង្គកឋិន | បាសកខ្មែរចិនទាំងក្មេងចាស់ |
ត្រូវថយឱ្យឆ្ងាយឱ្យស្រឡះ | កុំឱ្យពាល់ប៉ះនឹងលោកសង្ឃ។ |
សូត្រស្រេចគ្រងស្រេចសូត្រសន្មត | ឱ្យឮប្រាកដលោកគ្រប់អង្គ |
មិនត្រូវសូត្រខ្សឹបខ្លាចគេថ្លង់ | ត្រូវឱ្យអស់សង្ឃដឹងរាល់គ្នា។ |
សូត្រក្រាលក៏ដូចសូត្រសន្មត | ឱ្យឮប្រាកដក្នុងវិហារ |
មានកាលលោកគ្រូធំឧបជ្ឈាយ៍ | ចិត្តជាចែកឱ្យគ្រូសូត្រគ្រង។ |
បើគ្មានលោកគ្រូមានលោកចាស់ | គោរពសំពះកុំរំលង |
ត្រូវសូត្រភន្តេតាមទំនង | ក្រាលគ្រប់ពីរដងប្រាប់បរិសទ្យ។ |
លោកចាស់វស្សាមិនបានគ្រង | គ្រាន់តែផ្គូផ្គងរៀបចែកចាត់ |
អានិសង្សកឋិនបាំងអាបត្តិ | បង្ហាត់សូត្រធម៌ឱ្យល្បបគ្នា។ |
ក្រាលគ្រប់ឈប់ស្លេះមួយស្របក់ | បាសកប្រគេនអស់ភស្ដុភារ |
ចំពោះរាល់អង្គក្នុងវិហារ | អាមិសបូជាគ្រប់លំដាប់។ |
ប្រគេនរួចហើយចូលជិតចុះ | ទាំងស្រីទាំងប្រុសមិនខុសច្បាប់ |
ប៉ុន្តែអ្នកឆ្ងាយច្រើនប្រញាប់ | មិនសូវចាំស្ដាប់លោកយថា។ |
សូមទានសន្ដោសសម្ដែងច្បាប់ | ព្រះសង្ឃកុំចាប់ចងទោសា |
ខ្ញុំភ័យខ្លាចអាប់ព្រះសាសនា | ប្រោសប្រាណមេត្តាបណ្ដាសង្ឃ។ |
ខ្ញុំពោលមិនមានពាក្យបង្កាច់ | ក្រែងសីលលោកដាច់ខ្ញុំតម្រង់ |
តម្រូវតែតាមច្បាប់ព្រះអង្គ | ព្រះឱស្ឋត្រឹមត្រង់ត្រូវមាត្រា។ |
កាលអង្គសម្ដេចព្រះចមភព | ជាម្លប់មនុស្សសត្វនិងទេវតា |
ជិតចូលនិព្វានមានពុទ្ធដីកា | ផ្ដាំផ្ញើសាសនាមហាបរិសទ្យ។ |
ភិក្ខុភិក្ខុនីអង្គអរហន្ត | អានន្ទមិនទាន់បានអរហត្ត |
រក្សាវិន័យកុំឱ្យបាត់ | ប្រយត្នឱ្យមានប្រយោជន៍យូរ។ |
ក្រោយនោះព្រះអង្គចូលនិព្វាន | អរហន្តហោះធ្យានមានជាគ្រូ |
មិនមានអក្ខរាណាដាក់ទូ | ទេសនាបង្ហូរពីព្រះឱស្ឋ។ |
ព្រះអគ្គសាវករាល់ព្រះអង្គ | ព្រះទ័យស្រោចស្រង់ទ្រង់សន្ដោស |
សម្ដែងធម៌អាថ៌មេត្តាប្រោស | បាបបុណ្យគុណទោសនិងសីលទាន។ |
ឈ្វេងយល់ថាធម៌នឹងសូន្យស្ងាត់ | អស់អង្គអរហត្តចូលនិព្វាន |
សង្ឃសេក្ខបុគ្គលមិនទ្រង់ញាណ | នឹងមានអក្ខរាណាតែងទុក។ |
ព្រះធម៌ប្រាំបីម៉ឺនបួនពាន់ | ស្រេចនៅអានន្ទចាំទំនុក |
ដំណែលព្រះអង្គដឹងគ្រប់មុខ | ជង្រុកធម៌អាថ៌មហាអានន្ទ។ |
ជាព្រះអនុជអាណិតសត្វ | ក្រែងបាត់ធម៌អាថ៌មិនគ្រប់គ្រាន់ |
ព្រះធម៌ប្រាំបីម៉ឺនបួនពាន់ | គ្នេរគ្នាន់ខ្នះខ្នែងចាត់ចែងចារ។ |
ចេះចប់អភិធម្មចាំរហូត | វិន័យព្រះសូត្រប្រាំប្រការ |
ប្រកាសអស់អង្គអរហន្តា | បិដកឯណាជាឫសគល់។ |
បរមត្ថព្រះសូត្រអានន្ទចាំ | វិន័យទាំងប្រាំឧបាលីយល់ |
អរហន្តទាំងអស់កើតរវល់ | អំពល់អំពីរឿងធម៌អាថ៌។ |
ព្រះបាទអជាតសត្រូវ | ជួយគិតតម្រូវព្រះសាសនា |
សន្មតឱ្យឈ្មោះហៅក្សត្រា | ព្រះមហាក្សត្រចូលគំនិត។ |
និយាយឱ្យដឹងដើមកំណើត | កាលកើតអក្ខរាចារស្លឹករឹត |
បកប្រែបាលីសេចក្ដីពិត | ពិនិត្យត្រឹមត្រូវតាមពុទ្ធដីកា។ |
ប្រាំរយឆ្នាំគត់ផុតភិក្ខុនី | មនុស្សស្រីលែងបួសខ្លាចសិក្ខា |
កំណត់មួយពាន់ប្លាយវស្សា | អស់អរហន្តាចូលនិព្វាន។ |
នៅសល់តែសង្ឃបុថុជ្ជន | កិលេសនៅធ្ងន់នៅស្រេកឃ្លាន |
សង្វាតឱហាតចម្រើនឈាន | ហោះធ្យានមិនរួចដូចបំណង។ |
កើតមានគម្ពីរនៅលង្កា | ព្រះពុទ្ធឃោសាចារចម្លង |
កើតមានបាលីសម្រាយផង | ធ្វើបុណ្យម្ដងៗស្ដាប់ទេសនា។ |
ទសជាតិទាំង១០មានគ្រប់វត្ត | ប្រែត្រូវប្រាកដព្រះគាថា |
ព្រះធម៌សូត្រមន្តឬសូត្រដារ | អ្នករៀនអក្ខរាពីរចំណែក។ |
ចំណេះចំណាំចាំរាល់ខ្លួន | អ្នករៀនបានក្បួនចាស់ចារចែក |
ហ៊ានភ្នាល់ព្រោះអាងឃើញនឹងភ្នែក | កើតឈ្លោះប្រកែកប្រកួតខឹង។ |
ប្រកាន់តែខាងខុសរហូត | មិនរៀនមេសូត្រឱ្យចេះដឹង |
អាងចេះតែកកាប៉ុណ្ណឹង | ខំប្រឹងចំអឺតអួតខ្លួនត្រូវ។ |
សព្វថ្ងៃជជែកពីយោ-យ៉ោ | ដំឡើងភ្នែកស្លោមុខក្រញូវ |
ថាធ្លាប់យោនពីខ្មោចឪ | ឥឡូវយ៉ោណាមិនសុខចិត្ត។ |
អ្នកម្ខាងអាងស្រៈតួប្រាំបី | ឱ្យនឹងបាលីជាកម្រិត |
ផ្សំតួមេសូត្រប្រឹងប្រែប្រិត | ព្រោះដ្បិតឱ្យត្រឹមត្រូវមាត្រា។ |
អ្នករៀនគ្រប់វត្តគ្រប់នគរ | សដាក់ជើងលរាប់ស្លស្លា |
បើសនិងមរាប់ស្មស្មា | អ្នកមានប្រាជ្ញាគួរស្ដាប់បាន។ |
កុំល្ងង់ទាល់ងាប់ធ្លាប់មិនដឹង | បើខឹងកុំឃាត់ថាឱ្យបាន |
ខដាក់ជើងមពីបូរាណ | ក្មេងតូចប៉ុន្មានស្គាល់ខ្មខ្មា។ |
រាល់រាស្ត្រចាស់ក្មេងកុំចិត្តខ្មាំង | គួរខ្មាសបារាំងអ្នករាជការ |
ដើមហេតុអំពីព្រះករុណា | ឱ្យសាងសាលាប្រែបាលី។ |
ទ្រង់ចាំទំនៀមពីបូរាណ | ហើយបានជំនុំព្រមកុង្សីយ៍ |
បំណាច់ធ្វើស្ដេចគ្រងផែនដី | ទិសទាំងប្រាំបីរំពៃគ្រប់។ |
ព្រះកាយពលមិនរវល់រែក | ព្រះទ័យរំលែកទាំងថ្ងៃយប់ |
លទែនបន្ទំទីបន្ទប់ | បន្ទូលមិនឈប់រាល់វេលា។ |
មេត្តាប្រោសប្រាណអ្នកមានសក្តិ | ចែកលុយចែកកាក់គ្រប់ភ្នាក់ងារ |
ម្យ៉ាងត្រួតក្សត្រីស្នំស្រិង្គា | ក្រែងគ្រុនរងាមិនបានសុខ។ |
ព្រះទ័យមេត្តាសត្វមនុស្សសត្វ | សោយរាជសម្បត្តិសម្បើមស្ដុក |
ព្រះកាយប្រកបគង់ស្រណុក | ព្រះទ័យវិតុក្កជាធម្មតា។ |
១-ព្រួយនឹងឱបព្រះនគរ | ២-ព្រួយនឹងពព្រះសាសនា |
៣-ត្រួតលោកសង្ឃកាន់សិក្ខា | សង្រួមកិរិយាមិនបរិសុទ្ធ។ |
នឿយណាស់ព្រះនេត្រព្រះកម្មា | ព្រះឱស្ឋត្រួតត្រាតឿនបំផុត |
ដាស់តឿនបំភ័យពួកកុលបុត្រ | ឱ្យចេះលំអុតសង្រួមកាយ។ |
ទ្រង់ចេញប្រកាសជាក់ប្រាកដ | ប្រគល់រាល់វត្តទោះជិតឆ្ងាយ |
ប្រគល់រាល់វត្តទោះជិតឆ្ងាយ | អស់ល្បែងទាំងឡាយគ្រប់ជំពូក។ |
មិនត្រូវចំពោះស្ដាប់តន្ត្រី | កុំបីមើលរាំវានាំភ្លូក |
កុំដើរភ្លើៗមើលអុំទូក | អ្នកបួសធ្វើលោកមិនត្រូវការ។ |
បើមានត្រូវកិច្ចដើរយប់ថ្ងៃ | សង្ឃបងនិស្ស័យចាស់វស្សា |
កុំដើរទឹមស្មើទៅណាៗ | អ្នកចេះសិក្ខាគេទាស់ភ្នែក។ |
លោកនេនកុំសុំលុយចិនចាយ | បិណ្ឌបាតតែបាយម្នាក់ៗវែក |
គ្រឿងម្ហូបចំណីបាសកចែក | កុំយួរពុនរែកវាថោករឹក។ |
របស់បាសកគេប្រគេន | ប្រគល់លោកនេនបានលោកភិក្ខុ |
ចិញ្ចឹមជីវិតនឹងបាយទឹក | បិណ្ឌបាតពេលព្រឹកយប់សូត្ររៀន។ |
លោកណាត្រឹមត្រូវមិនសូវខុស | ស្ងៀមស្ងាត់ទៅចុះកុំអន់អៀន |
លោកណាមិនចេះកុំវេះវៀន | ពាក្យប្រៀនប្រដៅឱ្យផ្អើលភ្ញាក់។ |
បំណាច់ព្រះអង្គទ្រង់ផ្ដាំផ្ញើ | សាសនាឋិតលើស្ដេចមហាចក្រ |
ព្រះមហាចមពង្សទ្រង់ចំពាក់ | ចំពោះធុរៈនឹងសាសនា។ |
ពីត្រឹមណោះរៀងដរាបមក | ដល់ស្រកគោកធ្លកមានសាវតារ |
ប៉ុន្មានរាជហើយមិនដឹងថា | ដល់មកករុណាយើងសព្វថ្ងៃ។ |
ហេតុនេះលោកសង្ឃប្រុងពិនិត្យ | សៀវភៅស្លឹករឹតមានរាល់ដៃ |
ផ្ទៀងមើលសុភោកវិនិច្ឆ័យ | បើនៅសង្ស័យឱ្យសិក្សា។ |
សព្វសង្ឃចាស់ខ្ចីគប្បីស្ដាប់ | ឈ្មោះច្បាប់បំពានព្រះពុទ្ធដីកា |
បង្គំថ្វាយដល់ព្រះករុណា | សូមទ្រង់មេត្តាជ្រាបព្រះទ័យ។ |
ក្រែងចួនប្រទះពាក្យឆ្គាំឆ្គង | ពុំត្រូវទំនងក្រឹត្យវិន័យ |
សុំទ្រង់មេត្តាអត់ទោសពៃរ៍ | ក្រួញក្រាបសិរសីក្រោមព្រះបាទ។ |
ព្រះសង្ឃទាំងអស់ទោះតូចធំ | ខ្ញុំឱនបង្គំសុំអនុញ្ញាត |
ខ្ញុំពោលមិនមានពាក្យប្រមាទ | សង្ឃជាល្អស្អាតខ្ញុំមិនថា។ |
ខ្ញុំពោលតែសង្ឃធ្វើអាក្រក់ | បើខ្ញុំកុហកខូចមុសា |
ហេតុនេះខ្ញុំសុំបវារណា | សង្ខេបនិដ្ឋិតារឿងលោកសង្ឃ។ |
– សុំក្រើនរំឭកឫកបាសក | ច្រើនចិត្តអាក្រក់ខ្ញុំតម្រង់ |
តម្រូវតាមផ្លូវច្បាប់ព្រះសង្ឃ | កុំបីលះបង់ចោលសាសនា។ |
កើតមកពូជពង្សពេញពុទ្ធសាសន៍ | កុំភ្លើកុំផ្លាស់ភ្លេចសាវតារ |
មានរូបមានចិត្តមានប្រាជ្ញា | គួរពិចារណារកខុសត្រូវ។ |
កាលកើតមិនទាន់ដឹងទោសទុក្ខ | បន្ទោមូត្រលាមកដាក់ម៉ែឪ |
លាងដុះជ្រះស្អាតផ្ដេកទុកនៅ | បុកស្រូវអង្ករស្លដណ្ដាំ។ |
ដេកឱបគ្រប់ក្រុងប្រុងប្រយត្ន | ក្រែងសត្វស្រមោចមូសចុចខាំ |
លំបាកនឿយណាស់១៥ឆ្នាំ | ម៉ែឪរងកម្មចិញ្ចឹមកូន។ |
កំលោះក្រមុំពេញរូបកាយ | អាពុកនិងម្ដាយចាស់ទ្រមខ្លួន |
ប្រមុំរូបល្អបរិសុទ្ធសូន្យ | បានស៊ីជំនូននំចំណី។ |
រៀបការរកស៊ីរួមបន្ទុក | សូមម្ដាយឪពុកប្រពន្ធប្ដី |
មួយឆ្នាំពីរឆ្នាំកើតកូនខ្ចី | ជីដូនពបីចៅជុះដាក់។ |
កាលកូនពីតូចនឿយដុសលាង | ធំពេញរូបរាងខាងប្រឡាក់ |
លាងលាមកចៅទៀតឡើងពីរថ្នាក់ | ធម្មមានចំពាក់ថែមពីរជាន់។ |
ចំណែកកូនប្រុសបានបួសភិក្ខុ | ខ្លះបួសរឭកសហាយស្មន់ |
សឹកមកមិនឈប់ទៅភពភាន់ | រៀបការមិនទាន់រាន់ចិត្តឯង។ |
អ្នកខ្លះបួសចេះដឹងធម៌អាថ៌ | បួនប្រាំវស្សាយូរអង្វែង |
សឹកមករកស៊ីខំខ្នះខ្នែង | នលែងឱ្យទុក្ខឪពុកម្ដាយ។ |
ព្រួយចិត្តព្រោះដ្បិតរកប្រពន្ធ | ថែមទោសទុក្ខធ្ងន់រាល់រូបកាយ |
រកស៊ីនៅជិតមិននៅឆ្ងាយ | កូនធ្វើខ្ញុំម្ដាយៗខ្ញុំខ្លួន។ |
បើមានប្រពន្ធនៅស្រុកឆ្ងាយ | ឪពុកនិងម្ដាយឃ្លាតដោយខ្លួន |
មានម្ដាយខាងស្រីនៅថៃថួន | មិនលែងជីដូនធ្វើខ្ញុំចៅ។ |
ពីព្រោះរកស៊ីក្នុងបន្ទុក | ចំណីគ្រប់មុខទោះឆ្អិនឆៅ |
ស្វាយខ្នុរចេកដូងដំឡូងត្រាវ | របស់នោះម៉ៅក្នុងចំណែក។ |
អាពុកម្ដាយចាស់ឈឺទម្ងន់ | ចំណីជោរជន់ជូនដាច់ប៉ែក |
លើកឡើងប្រគល់ម្ដាយប្រកែក | សម្រក់ទឹកភ្នែកស្ដាយចំណី។ |
ចង់ដែរប៉ុន្ដែលេបមិនរួច | ជិបបានតិចតួចចោលទៅដី |
យ៉ាងនេះគ្រប់មនុស្សទាំងប្រុសស្រី | គប្បីសម្គាល់រាល់រូបកាយ។ |
ពីតូចទាល់ធំពេញចំណាស់ | មិនដែលសំពះអាពុកម្ដាយ |
សំពះម្ដងៗតែអ្នកឆ្ងាយ | ត្រង់ម្ដាយអាពុកថាអៀនខ្មាស។ |
ម្ដាយរលត់វេលាណា | អាចារ្យស្រោចទឹកលើកចំអាស |
ប្រមូលចូលដុសលាងជម្រះ | ឱ្យក្រាបសំពះបវារណា។ |
ប្រណម្យសុំទោសម្ដាយមិនដឹង | ត្រង់អរឬខឹងម្ដាយមិនថា |
គ្មានប្រាក់ទៅជឿទំនិញផ្សារ | ខ្លះខ្ចីចងការញាតិសន្ដាន។ |
មានតែកម្លាំងតាំងខំរត់ | ទៅទិញសំពត់ផ្តិលថាសចាន |
គ្រប់គ្រឿងប្រដាប់ទាំងប៉ុន្មាន | ឱ្យបានដាក់ផ្លុងឱ្យម៉ែឪ។ |
ដាក់ចោលបោះបង់លោកសង្ឃទស់ | បើឱ្យកាលរស់នោះពេញត្រូវ |
ជវ័នវិញ្ញាណចេញអស់ទៅ | អ្នកណានឹងនៅនឹងត្រេកអរ។ |
កាលម្ដាយរស់នៅមិនសូវលុះ | បាននេះខ្វះនោះចេះតែក្រ |
ម្ដាយស្លាប់មិនដឹងប្រឹងត្រដរ | ង្វរខ្ចីជឿគេធ្វើបុណ្យ។ |
អ្នកមានសំណាងប្រសើរគាប់ | បុគ្គលមានភព្វមានទ្រព្យធន |
គេនឿយតែទិញទូលរែកពុន | មានប្រាក់ជាទុនធ្វើជាទាន។ |
ច្រើនចិត្តអាក្រក់តិចចិត្តល្អ | ច្រើនខាងអ្នកក្រតិចអ្នកមាន |
កំណាញ់ស្វិតពេកច្រើនស្រេកឃ្លាន | គួរគិតសន្និដ្ឋានចូលចិត្តចុះ។ |
កើតមកតែងរកប្រពន្ធប្តី | មួយរយមានពីរបីទាំងស្រីប្រុស |
បើបួសត្រឹមត្រូវមិនសូវខុស | ស្លាប់រស់កុំសឹកយកប្រពន្ធ។ |
បើទ្រាំមិនបានហើយសឹកមក | ឱ្យគិតលៃលករកទ្រព្យធន |
ជូនម្ដាយអាពុកទុកធ្វើបុណ្យ | គោរពតបគុណចម្រើនផល។ |
បើយកប្រពន្ធនៅឱ្យឆ្ងាយ | ល្មមម្ដាយអាពុកទៅមកដល់ |
កុំនៅជាមួយកើតអកុសល | ព្រោះម្ដាយខ្វាយខ្វល់នឹងកូនឯង។ |
ប្រពន្ធនិងប្ដីស្រីនិងប្រុស | មិនដឹងទោសខុសគ្រប់កន្លែង |
គ្មានប្ដីប្រពន្ធគេថាឆ្នែង | អ្នកប្រាជ្ញសម្ដែងថាសេសបាប។ |
ឃើញត្រូវតែនៅឃ្លាតដោយខ្លួន | ចំណីជំនូនជូនដរាប |
កុំនៅជាមួយកើតឆ្អេះឆ្អាប | លុតក្រាបសំពះកុំខ្មាសគុណ។ |
កូនចៅខាងក្រោយឱ្យប្រតិបត្តិ | ប្រយត្នកុំធ្វើដូចអ្នកមុន |
អ្នកមានកូនចៅបានជាស៊ុន | ទោសធ្ងន់ឱ្យទុក្ខអាពុកម្ដាយ។ |
ស្រួលណាស់តែនៅឆ្ងាយដោយខ្លួន | ឱ្យចេះថែថួនមើលនាយអាយ |
ផ្ទះធំស្រណុកសុខសប្បាយ | កុំស្ដាយស្រណោះរបស់នៅ។ |
មេបាសុខចិត្តឱ្យកូនស្រី | យើងសង់ផ្ទះថ្មីដូចម៉ែឪ |
មេបាររៀបការជាត្រឹមត្រូវ | ខ្លួននៅមិននៅនោះតាមចិត្ត។ |
ប៉ុន្តែម៉ែឪត្រូវសប្បុរស | ឱ្យទ្រព្យរបស់ព្រោះអាណិត |
ធ្វើតាមទំនៀមច្បាប់ក្រមក្រឹត្យ | សាច់សាលោហិតមានសង្ស័យ។ |
យើងខំរកស៊ីមានពេលឈប់ | គួរឆ្លៀតគោរពទោះយប់ថ្ងៃ |
ចំណីផ្អែមឆ្អាបទោះសាបប្រៃ | កុំលាក់សំចៃស៊ីភ្លេចគុណ។ |
ខ្លួនខ្ញុំកំណើតរាស្ត្រអ្នកស្រែ | ឆោតឆៅខ្លៅដែរពីកាលមុន |
កាលមកពីបួសខុះរែកពុន | ធ្វើបាបនិងបុណ្យទម្ងន់ស្មើ។ |
ខ្ញុំស្មោះគោរពអាពុកម្ដាយ | អស់លោកទាំងឡាយល្មមសរសើរ |
ខ្ញុំជូនដំណឹងតាមដំណើរ | ព្រះខ្ញុំគ្រាន់បើជាងអ្នកល្ងង់។ |
ជាតិក្រោយកុំឱ្យខ្ញុំល្ងីល្ងើ | ជាតិនេះចាស់ស្ទើរខ្ញុំប្រឹងស្ទង់ |
ប្រឹងស្ទុះឱ្យរួចពីអន្លង់ | ភ័យភិតខ្លាចផុងទៅក្នុងភក់។ |
ក្នុងភពសង្សារខ្ញុំសង្ស័យ | សព្វថ្ងៃខ្ញុំភ័យខ្លាចនរក |
ម្យ៉ាងទៀតខ្ពើមជាតិអាជិវក | ជាតិល្មោភហូបលាមកព្រោះល្មើសគុណ។ |
ក្រែងខ្ញុំបានល្មើសម៉ែឪខ្លះ | ខ្ញុំភ័យខ្ញុំណាស់ក្រែងខ្ញុំស៊ុន |
ខ្ញុំសុំស្មាលាទោសពីមុន | សុំបុណ្យជួយបាំងបាបឱ្យបាត់។ |
ឱ្យបានទាន់តួព្រះស្រីអារ្យ | ឱ្យបែកប្រាជ្ញាក្នុងបរមត្ថ |
ព្រះអង្គទេសនាទ្រង់ប្រោសសត្វ | សុំលុះអរហត្តដូចបំណង។ |
ចំណែកខ្ញុំផ្សាយច្បាប់រំឭក | អស់លោកជួយនឹកសច្ចាផ្សង |
ធ្វើបុណ្យចែកផលដល់ខ្ញុំផង | នឹកឈ្មោះម្ដងៗដូចធម្មតា។ |
មានម្ដាយអាពុករាល់រូបរាង | នោមជុះដុសលាងគួរល្អើមល្អា(រអើមរអា) |
ព្រះពុទ្ធចាកផុតវដ្ដសង្សារ | ប្រាថ្នារកផ្លូវទៅនិព្វាន។ |
រលាយកងទុក្ខអកុសលកម្ម | រលត់ខន្ធប្រាំលែងស្រេកឃ្លាន |
យើងនៅសង្ខារនិងវិញ្ញាណ | ទោសទុក្ខតែងមានតែរាល់គ្នា។ |
ខ្ញុំទូលបង្គំដើមឈ្មោះអ៊ូ | ពូជពង្សអម្បូរខ្មែរអ្នកជា |
អាពុកឈ្មោះអុកមានសក្តិងារ | ចៅពញាធម្មធារាធ្វើមេស្រុក។ |
ក្នុងខេត្តភ្នំពេញឃុំកំបូល | ពូជពង្សត្រកូលម្ចាស់អង្គប៉ុក |
អាពុកអ្នកម្ដាយឈ្មោះពញាម៉ុក | គាត់ធ្វើមេស្រុកឃុំស្ពានថ្ម។ |
អ្នកម្ដាយអាពុកបងប្អូនជិត | ជំទួតមួយពិតពូជចិត្តល្អ |
ដូនតាផ្សំផ្គុំជាតំណ | បង្កកើតខ្ញុំទូលបង្គំ។ |
បង្កើតអំពីក្នុងគំនិត | ភ័យភិតខ្លាចបាបចង់បានបុណ្យ |
បានបែកចែងច្បាប់ប្រាប់មហាជន | បួនច្បាប់ពីមុនជូនរាជការ។ |
បោះពុម្ពសៀវភៅចែកសព្វសាយ | ម៉ាដឺមូហ៊្សែលចាត់ថ្វាយព្រះករុណា |
មិនបានថ្វាយផ្ទាល់ដល់ហត្ថា | សូមទ្រង់មេត្តាប្រោសប្រណី។ |
ឱនកាយប្រណម្យសុំអនុញ្ញាត | ក្រាបក្រោមព្រះបាទព្រះបារមី |
ចែងច្បាប់បរមត្ថអត្ថបាលី | សេចក្ដីចែងចប់ម្ល៉េះហើយហោង។ |
ឯកសារយោង
ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៣៧ ខ្សែទី៧
🔸Last Updated កំណែចុងក្រោយ on August 4, 2024
Facebook Comments