ទេពធីតា​សង្ក្រាន្តទាំង៧អង្គ មានព្រះនាមអ្វីខ្លះ?

☸️ ដើម្បីឈ្វេងយល់អំពីព្រះនាមទេពធីតា​សង្ក្រាន្តទាំង៧អង្គនេះ ជាដំបូងគេក៏ត្រូវឈ្វេងយល់នូវពាក្យថា សង្ក្រាន្តនេះជាមុនសិន។ ពាក្យថា សង្ក្រាន្ត មក​​ពី​ភាសា​សំស្រ្កឹត សំក្រាន្តិ មានន័យថា ជាពេលដែល​ព្រះអាទិត្យ ចូលកាន់រាសី វេលាចូលឆ្នាំថ្មី គឺត្រង់ពេល​ចែកឆ្នាំ ក្នុងរយៈ​ពេល៣៦៥ថ្ងៃ។​

☸️ ទេព​ធីតាទាំង៧អង្គ ដែលត្រូវចុះមកផ្លាស់វេន​សង្ក្រាន្តគ្នារៀងរាល់មួយឆ្នាំម្តងនេះ គឺជាបុត្រី​កបិលមហាព្រហ្ម។ ទេពធីតាត្រូវចុះមកតាម​លំដាប់ដោយ ហើយ​ប្រសិន​បើសង្ក្រាន្តត្រូវ​នឹង៖

  1. ថ្ងៃអាទិត្យ ទុង្សទេវី សៀតផ្កាទទឹម គ្រឿងប្រចាប់បទុមរាជ, ភក្សាហារផ្លែឧទុម្ពរ (ផ្លែ​ល្វា), អាវុធស្តាំកងចក្រ ឆ្វេងស័ង្ខ, ពាហនៈគ្រុឌ
  2. ថ្ងៃច័ន្ទ គោរាគទេវី សៀតផ្កាអង្គារបុស្ស គ្រឿងប្រដាប់បុក្តា ភក្សាហារប្រេង អាវុធស្តាំព្រះខ័ន ឆ្វេងឈើច្រត់ ពាហនៈខ្លា
  3. ថ្ងៃអង្គារ គោរាក្សសាទេវី សៀតផ្កាឈូក គ្រឿងប្រដាប់មោរា ភក្សាហារលោហិត អាវុធស្តាំត្រីសូល៍ឆ្វេងធ្នូ ពាហនៈអស្សតរ
  4. ថ្ងៃពុធ មណ្ឌាទេវី សៀតផ្កាចម្ប៉ា គ្រឿងងប្រដាប់ពិទូរ្យ ភក្សាហារទឹកដោះសិប្បី អាវុធស្តាំម្ជុល ឆ្វេងឈើច្រត់ ពាហនៈ លា
  5. ថ្ងៃព្រហស្បតិ៍ កិរិណីទេវី សៀតផ្កាមណ្ឌា គ្រឿងប្រដាប់មរកត ភក្សាហារសណ្ដែក ល្ង អាវុធស្តាំកង្វេរ ឆ្វេងកាំភ្លើង ពាហនៈដំរី
  6. ថ្ងៃសុក្រ កិមិរាទេវី សៀតផ្កា ចង្កុលណី គ្រឿងប្រដាប់បុស្សរាគម័ ភក្សាហារចេកណាំវ៉ា អាវុធស្តាំព្រះខ័ន ឆ្វេងពិណពាហនៈក្របី
  7. ថ្ងៃសៅរ៏ មហោទរាទេវី សៀតផ្កាត្រកៀត គ្រឿងប្រដាប់នីលវត័ន៍ ភក្សាហារសាច់ទ្រាយ អាវុធស្តាំកងចក្រ ឆ្វេងត្រីសូល៍ ពាហនៈក្ងោក

ទំនៀមចូលឆ្នាំ

ទំនៀម​​ពិធី​​ចូល​ឆ្នាំ​​ប្រព្រឹត្ត​​ទៅ​​ចំនួន ៣ ថ្ងៃ ។ ថ្ងៃ​ដំបូង​ជា​ថ្ងៃមហាសង្ក្រាន្ត, ថ្ងៃទី២ ជាថ្ងៃ​ វនបត, ថ្ងៃទី៣ ជាថ្ងៃ​ឡើង​ស័ក ។ រីឯការ​កំណត់​​ខែ ថ្ងៃ ម៉ោង នាទី​ដែល​ឆ្នាំ​ចាស់​ត្រូវ​ផុត​កំណត់ ហើយ​ទេព្តា​ឆ្នាំ​ថ្មី​ត្រូវ​ចុះ​មក​ទទួល​តំណែង​​ពី​ទេព្តា​ឆ្នាំ​ចាស់​នោះ គេ​អាច​ដឹង​បាន​​ដោយ​​​ប្រើ​​ក្បួន​ហោរាសាស្ត្រ​​បុរាណ​ គឺ​​ក្បួន​មហាសសង្ក្រាន្តត ​។

តើ​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​របស់​ខ្មែរ​ត្រូវ​លើ​ខែ​ណា ? ថ្ងៃ​ណា ? ចាប់​ពី​សម័យ​​ក្រុង​នគរធំ​​មក​ ​ប្រទេស​ខ្មែរ​​​ប្រើ​វិធី​គិត​​រាប់​ថ្ងៃ​ខែ​ឆ្នាំ​តាម​ក្បួន ​​ចន្ទគតិ (lunar calendar) (វិធី​ដើរ​នៃ​ព្រះចន្ទ) ទើប​​ខ្មែរ​កំណត់​យក​ខែ​ មិគ​សិរ ​ជា​ខែ​ចូល​ឆ្នាំ ហើយ​ជា​ខែទី​ ១ ខែកក្តិក ជា​ខែ​ទី ១២ ។ សម័យ​ក្រោយ​​មក ​​ប្រទេស​ខ្មែរ​ប្តូរ​ទៅ​​​ប្រើ​​វិធី​គិត​រាប់​ថ្ងៃ​ខែ​ឆ្នាំ​តាម​ក្បួន​ សុរិយគតិ (solar calendar) (វិធី​ដើរ​នៃ​ព្រះអាទិត្យ) ។ ពេល​នោះ​ហើយ​ដែល​ខ្មែរ​​កំណត់​​ចូល​ឆ្នាំ​​ក្នុង​​ខែ ចេត្រ (ខែទី ៥) ព្រោះ​ក្នុង​ខែ​នេះ​ ​ព្រះអាទិត្យ​ធ្វើ​ដំណើរ​ចេញ​ពី​ មីនរាសី ​​ចូល​កាន់ ​មេ​សរាសី ។ ​ថ្ងៃ​ចូល​ឆ្នាំរ​មែង​ត្រូវ​លើថ្ងៃ​ទី ១៣ នៃខែ​ មេសា (ចេត្រ) រៀង​រាល់ឆ្នាំ ប៉ុន្តែ​យូរៗ​ទៅ​មាន​ភ្លាត់​ម្តងៗ ចូល​ឆ្នាំ​ក្នុង​ថ្ងៃទី ១៤ ក៏មានខ្លះដែរ ។ មហាសសង្ក្រាន្តត ​ដែល​ប្រើ​របៀប​គន់គូរ​តាម ​សុរិយគតិ​ មាន​ឈ្មោះ​ថា “សាមញ្ញសសង្ក្រាន្តត” (ព្រះអាទិត្យ​ដើរ​ត្រង់​ពី​លើ​ក្បាល​ជា​ សង្ក្រាន្តត) ។ មហាសង្ក្រាន្តត​ ដែល​ប្រើ​របៀប​គន់​គូរ​តាម ​ចន្ទគតិ ​ហៅថា “អាយន្តសង្ក្រាន្តត” (ពេល​ដែល ​ព្រះអាទិត្យ ​ដើរ​បញ្ឈៀង ​មិន​ត្រង់​ពី​លើ) ។ គេ​នៅ​ប្រើ​ ចន្ទ​គតិ ​ដោយ​យោង​ទៅ​ ​សុរិយគតិ ព្រោះ​ ចន្ទគតិ​ មាន​ទំនាក់ទំនង​នឹង​ ពុទ្ធប្បញ្ញត្តិ ​ច្រើន ។ ចំណែក​ឯ ​ថ្ងៃ​ចូលឆ្នាំ​តាម ​ចន្ទគតិ​ មិន​​ទៀង​ទាត់​ ជួន​កាល​ចូល​ឆ្នាំ​ក្នុង​វេលា​ខ្នើត ជួនកាល​​ក្នុង​វេលា​រនោច​ ។ ប៉ុន្តែ​ នៅ​ក្នុង​រវាង ​១ ​ខែ គឺ​មិន​មុន​ថ្ងៃ ៤​កើត ខែ​ ចេត្រ និង ​មិន​ហួស​ថ្ងៃ ៤ ​កើត ខែ ​ពិសាខ ​ទេ ។ ដូចនេះ​ សង្ក្រាន្តត ​ខ្លះ​ធ្លាក់​ទៅ​ក្នុង​ខែ ​ពិសាខ ។

ពិធី​ផ្សេងៗ ដែល​ប្រជាជន​​ខ្មែរ​​រៀបចំ​តាម​ប្រពៃណី​​ មាន​ដូច​ត​ទៅ ៖ ​ពេល​មុន​ចូល​ឆ្នាំ ​គេ​នាំ​គ្នា​ប្រុង​ប្រៀប រក​ស្បៀង​អាហារ​, សំអាត​ផ្ទះ​សម្បែង, រែក​ទឹក​ដាក់​ពាង, រក​អុស​ទុក, និង ​កាត់​សំលៀក​បំពាក់​ថ្មីៗ ​ជា​ដើម ។ ថ្ងៃ​ចូល​ឆ្នាំ​មក​ដល់​ គេ​រៀប​គ្រឿង​សក្ការៈ​បូជា​ សំរាប់​ទទួល​ទេវតា​ថ្មី​មាន ៖ បាយ​សី​ ១គូ, ស្លា​ធម៌​ ១​គូ, ធូប​​ ៥, ទៀន ​៥, ទឹកអប់ ​១​គូ, ផ្កា​ភ្ញី, លាជ, ទឹក​ ១ ​ផ្តិល និង​ ភេសជ្ជៈ, នំនែក, ផ្លែ​ឈើ​គ្រប់​មុខ ​។ ចំណែក​​ផ្ទះ​​សម្បែង ​គេ​តុបតែង​រំលេច​ដោយ​អំពូល ​អគ្គិសនី​ខ្សែ​តូចៗ ​ចម្រុះ​​ពណ៌ ឬ​ចង្កៀង​គោម គ្រប់​ពណ៌​ សំរាប់​ទទួល​ទេព្តា​ថ្មី​ ។ លុះ​ដល់​វេលា​កំណត់​ ទេព្តាថ្មី​យាង​មក គេ​នាំ​កូន​ចៅ​អង្គុយ​ជុំ​គ្នា នៅ​ជិត​កន្លែង​រៀប​គ្រឿង​សក្ការៈ​នោះ ហើយ​អុជ​ទៀន ធូប​បាញ់​ទឹកអប់ បន់​ស្រន់​ សុំ​សេចក្តី​សុខ​ចម្រើន ​គ្រប់​ប្រការ ​ពី​ទេព្តា​ថ្មី ។ ចំពោះ​គ្រឿង​សក្ការៈ ​និង ​ក្រយា​ស្ងើយ ​ដាក់​ថ្វាយ​ទេព្តោ​នាះ គេ​និយម​តម្រូវ​​តាម​ចិត្ត​ទេវតា​ដែល​នឹង​​ចុះ​ក្នុង​ឆ្នាំ​នីមួយៗ ​។ ឧទាហរណ៍ ៖ បើ​ទេវតា​ដែល​ត្រូវ​ចុះ​មក​នោះ​សោយ​ល្ង សណ្តែក គេ​ដាក់​សណ្តែក ល្ង ថ្វាយ ថ្វាយ ។ រី​ឯ​ពិធី ៣ ​ថ្ងៃ​ នៃ​ថ្ងៃ​ចូល​ឆ្នាំ​នោះ​គឺ ៖

ថ្ងៃទី ១ ៖ គេ​យក​ចង្ហាន់​ទៅ​ប្រគេន​​ភិក្ខុ​ទាំង​ឡាយ​នៅ​​តាម​វត្តអារាម ។ ពេល​ល្ងាច​គេនាំ​គ្នា​ជញ្ជូន​ខ្សាច់​សាង​ វា​លុក​ចេតិយ ​នៅ​ជុំវិញ​ព្រះវិហារ ឬ​នៅ​ជុំវិញ​ដើម​ពោធិ​ណា​មួយ​នៅ​ក្នុង​វត្ត​នោះ ។ នៅ​ពេល​ព្រលប់​ គេ​ប្រគេន​ភេសជ្ជៈ​ដល់ភិក្ខុ​ទាំង​ឡាយ និមន្ត​ភិក្ខុ​សូត្រ​​ចម្រើន​ព្រះបរិត្ត និង​ សំដែង​ធម្ម​ទេសនា ។
ថ្ងៃទី ២ ៖ កូនចៅ​ជូន​សំលៀក​បំពាក់ នំ​ចំណី លុយ​កាក់ ​ដល់​អ្នក​មាន​គុណ មាន​ឪពុក​ម្តាយ ជី​ដូន​ជីតា ​ជា​ដើម ។ ជួន​កាល​គេ​ធ្វើ​ទាន ដល់​មនុស្ស​បម្រើ ឬ​អ្នកក្រីក្រ​ទៀត​ផង ។ ពេល​រសៀល​ គេ​នាំ​គ្នា​ទៅ​ពូន​ភ្នំ​ខ្សាច់​ទៀត ហើយ​សូត្រធម៌​អធិដ្ឋាន​ភ្នំខ្សាច់​ដែល​គេ​សន្មត់​ទុក​ដូច​ចូឡាមនីចេតិយ ហើយ​និមន្ត​ភិក្ខុ​ទាំង​ឡាយ​​បង្សុកូល​ចេតិយ​បញ្ជូន​មគ្គផល​ដល់​វិញ្ញាណ​ក្ខន្ធ​បង​​ប្អូន ដែល​បាន​ស្លាប់​ទៅ ។
ថ្ងៃទី ៣ ៖ ពេល​ព្រឹក​និមន្ត​ភិក្ខុ​ទាំង​ឡាយ​សូត្រ​ឆ្លង​ភ្នំខ្សាច់ ។ ពេល​ល្ងាច ​និមន្ត​ភិក្ខុ​ស្រង់​ទឹក និង​ស្រង់ព្រះពុទ្ធរូប (តាម​ការ​និយម​នៃស្រុក​ខ្លះ) ។ នៅ​ក្នុង​ឱកាស​​បុណ្យ​ចូលឆ្នាំ​ថ្មី​នេះ គេ​នាំ​គ្នា​លេង​ល្បែង​ប្រជាប្រិយ​កំសាន្ដ​សប្បាយ​ជា​ច្រើន ដូច​ជា​លេង បោះ​អង្គញ់ ចោល​ឈូង ទាញ​ព្រ័ត្រ លាក់​កន្សែង ចាប់​កូន​ខ្លែង​ជា​ដើម និង ​មាន​របាំត្រុដិ (ច្រើន​មាន​នៅខេត្តបាត់ដំបង សៀមរាប) ជា​ពិសេស​ទៀត​គឺ​រាំ​វង់​ តែ​អាស្រ័យ​ទៅ​តាម​ការ​និយម​ចូលចិត្ត​របស់​មនុស្ស​ម្នាក់ៗ ។ អ្នក​​ខ្លះ​និយម​នាំ​គ្នា​ដើរ​​កំសាន្ដ​បន្ត អ្នក​ខ្លះ​និយម​ធ្វើ​បុណ្យ​ទាន​តាម​វត្ត​អារាម ។

(កែសម្រួលឡើងវិញតាម វិគីភីឌាខ្មែរ)

Facebook Comments
Share this article:

Author: Johnny

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster).