ល្បើក​ច្បាប់​សង្ឃ

បណ្តាំក្រមង៉ុយ

ខ្ញុំ​សូម​បង្គំ​ព្រះ​សម្មាសម្ពុទ្ធ​ណាៗក្នុង​ភព​ត្រៃ
ចម្រើន​កម្មដ្ឋាន​ក្រោម​ពោធិ៍​ម្លប់នមស្ការ​គោរព​រំឭក​គុណ។
ព្រះ​ចម​ចក្រ​ពង្ស​វង្ស​មុនីនាថកំពូល​ផុត​ជាតិ​ជាង​មហាជន
សោយ​រាជ​សម្បត្តិ​សម្បើម​​បុណ្យសម្បូណ៌​លើស​លន់​លុប​លោកា។
លោកិយ​ដឹង​ហើយ​គួរ​កោត​ខ្លាចទ្រង់​មាន​អំណាច​ព្រះ​ចេស្ដា 
គួរ​ស្ដាប់​ព្រះ​រាជ​ឱង្ការបន្ទូល​ត្រួតត្រា​គួរ​ត្រងត្រាប់។
ព្រះ​ទ័យ​ទ្រង់​ត្រេក​ស្រឡាញ់​សង្ឃប្រមាណ​សែន​អង្គ​ក្បុង​ភទ្ទ​កប្ប
ព្រះ​អង្គ​បាន​ទ្រង់​ត្រាស់​ប្រញប្ដិឈ្មោះ​ច្បាប់​បាដិមោក្ខ​សំវរ​សីល។
ចែក​ចេញ​ជា​កង​សិក្ខាបទកំណត់​ពីរ​រយ​ម្ភៃ​ប្រាំពិល(ប្រាំពីរ)
មិន​ឱ្យ​មាន​មោះ​ម៉ង​មន្ទិលអ្នក​បួស​កុំ​ខ្ជិល​កាន់​ឱ្យ​ខ្ជាប់។
បាណា​អទិន្នា​ជា​បឋមជាត​រូប​ទៀត​ផ្សំ​ត្រូវ​ជា១០
លោក​សង្ឃ​ឥឡូវ​កាន់​មិន​សព្វកាន់​ក្នុង​បន្លប់​លាយ​បន្លំ។
បន្លិច​លុយ​កាក់​លាក់​សម្ងាត់ទោស​ត្រូវ​អាបត្តិ​លាក់​សម្ងំ
បាសក​ផ្ញើ​ទាន​គ្មាន​អារម្មណ៍សន្សំ​តែ​ទ្រព្យ​ក្ដៅ​ក្រហាយ។
ប្រសិន​បើ​កាន់​ច្បាប់​ព្រះ​ពុទ្ធមិន​មាន​ធម្មយុត្តិ​មហានិកាយ
បើ​ចេះ​ខ្លាច​ក្រែង​មិន​ក្លែង​ក្លាយសម​សុខ​សប្បាយ​មិន​ទាស់​គ្នា។
លោក​សង្ឃ​គ្រប់​វត្ត​មាន​ធំ​តូចសង្ឃ​ខ្លះ​ខិល​ខូច​សង្ឃ​ខ្លះ​ជា
បរិសទ្យ​ថ្កោល​ទោស​គ្រូ​ឧបជ្ឈាយ៍មាន​ពាក្យ​និន្ទា​តែ​រាល់​វត្ត។
បាដិមោក្ខ​ពីរ​រយ​ម្ភៃ​ប្រាំពិលលោក​សង្ឃ​ណា​ខ្ជិល​ចាំ​មិន​ស្ទាត់
កង​បាចិត្តិយ​និង​ទុក្កដចូល​មាត់​ចូល​ក​មិន​ដឹង​ខ្លួន។
ពួក​បាចិត្តិយ​កៅសិប​ពីរនិស្សគ្គិយ​សាមសិប​បារាជិក​បួន
បើ​ចេះ​ហើយ​ចាំ​ឱ្យ​មាំមួនល្អ​បរិសុទ្ធ​សូន្យ​មិន​សាយ​សុស។
ប៉ុន្តែ​សិក្សា​មិន​សូវ​ចាំចំណាំ​ត្រង់​ណេះ​ចោល​ត្រង់​ណោះ
ត្រង់​ណា​ដែល​ដឹង​ជា​ខ្លួន​ខុសហ៊ាន​ឈ្លោះ​ពីព្រោះ​គេ​មិន​ដឹង។
សង្ឃា​ទិសេស​ប្រហែស​បានដប់បី​សណ្ឋាន​ប្រមាណ​ថ្លឹង
បើ​ធ្លាប់​សង្រួម​ឱ្យ​យ៉ាង​តឹងមិន​អរ​មិន​ខឹង​មិន​បាន​ខុស។
ឥន្ទ្រិយ​ប្រាំមួយ​នាំ​ឱ្យ​ភ្លាត់បាចិត្តិយ​ទុក្កដ​លាយ​ចម្រុះ
ត្រចៀក​អណ្ដាត​ភ្នែក​ច្រមុះភ្នែក​មើល​ណេះ​ណោះ​ឃើញ​សុះ​សាយ។
សោតិន្ទ្រិយោ​សូរ​តិច​ខ្លាំងចក្ខិន្ទ្រិយំ​មើល​ជិត​ឆ្ងាយ
ជិវិ្ហន្ទ្រិយា​ពោល​នាយ​អាយសើច​លេង​សប្បាយ​ចំអន់​គ្នា។
បរិសទ្យ​អាបត្តិ​ទុក្កដ​ញឹកបារាជិក​ច្រើន​ណាស់​តែ​ឧបជ្ឈាយ៍
ទ្រព្យ​ក្នុង​សម្បាច់​សម្បូណ៌​ហៀរត្រូវ​ទោស​អទិន្នា​គរុភណ្ឌ។
ទ្រព្យ​សង្ឃ​ជាដើម​គឺ​ដំណាំអវហារ​ម្ភៃប្រាំ​ចាំ​គ្នេរ​គ្នាន់
ឱប​ទុក​ខ្នះខ្នែង​ក្រែង​មិន​គ្រាន់អវហារ​ប្រាំ​ជាន់​បរាជិក។
របស់​បាន​ច្រើន​ក្នុង​ចំណែកកិប​ទុក​មិន​ចែក​ឱ្យ​លោក​ភិក្ខុ
គ្រឿង​យាវជីវិក​ឬ​កាលិកទុក​ខួប​ល្ងាច​ព្រឹក​ម៉ៅ​តែ​ឯង។
ម្យ៉ាង​ទ្រព្យ​គេ​ហែ​ចូល​វិហារបាសក​បូជា​ដល់​គម្ដែង
គេ​វេរ​បាលី​មាន​ខ្លី​វែងគេ​តែង​នឹង​ថា​សង្ឃ​ស្ស។
ប្រកាស​ប្រគេន​ជំនុំ​សង្ឃចំពោះ​គ្រប់​អង្គ​ថា​ទេមៈ
លោក​សង្ឃ​សាធុ​មិន​សល់​ម្នាក់សង្ឃរាជ​ទុក​ដាក់​មិន​ចែក​ចាយ។
ខ្ញុំ​ចាត់​ចែង​តាម​ខ្ញុំ​ចេះ​ចាំអវហារ​​ម្ភៃប្រាំ​បែក​បរិយាយ
នេះ​សុទ្ធ​តែ​សីល​ផ្នួស​អន្តរាយលោក​សង្ឃ​ទាំងឡាយ​កុំ​ប្រព្រឹត្ត។
ពីព្រោះ​ឥន្ទ្រិយ​ទាំង​ប្រាំមួយលោក​ណា​មិន​ព្រួយ​មិន​ប្រុង​គិត
លោភោ​មោហោ​បាំង​ងងឹតសិស្ស​មាន​គំនិត​មិន​ហ៊ាន​ថា។
សង្ឃរាជ​គ្រូ​សូត្រ​សិស្ស​បរិសទ្យគួរ​ប្រុង​ប្រតិបត្តិ​តាម​ពុទ្ធដីកា
ពួក​បាចិត្តិយ​សេក្ខិយាកម្រ​សង្ឃ​ណា​រក្សា​បាន។
ញឹក​ណាស់​តែ​ហ្វូង​កង​ទុក្កដមិន​ដឹង​កំណត់​មាត់​ប៉ុន្មាន
លោក​សង្ឃ​ចូល​សិង​មិន​ដឹង​ប្រាណទុក្កដ​សម្រាន្ត​សម្រាក​ចាំ។
ក្រវែល​ដល់​ពេល​បាយ​សម្លចូល​មាត់​ចូល​ក​ពី​ឆ្វេង​ស្ដាំ
កង​សេក្ខិយា​ចិតសិបប្រាំបាចិត្តិយ​ប្លម​ប្លា​លើ​ទុក្កដ។
លោក​សង្ឃ​ស្រណុក​នឹង​រួច​ខ្លួនបាដិទេស​ទាំង​បួន​សិក្ខាបទ
បារាជិក​បួន​មិន​កំណត់បើ​កាន់​ប្រាកដ​ប្រកែក​បាន។
រង្វើល​មើល​ឃើញ​ស្រណុក​គេចកុំ​ឱ្យ​តែ​ភ្លេច​ផ្លូវ​កម្មដ្ឋាន
សង្រួម​សុចរិត​ប្រិត​ប្រុង​ប្រាណអាបត្តិ​មិន​ហ៊ាន​ចូល​មក​ជិត។
សង្ឃរាជ​គ្រូ​សូត្រ​បី​សណ្ឋានម្យ៉ាង​បួស​ចង់​បាន​និព្វាន​ពិត
ម្យ៉ាង​បួស​ចង់​ថ្កើង​ដំឡើង​ឫទ្ធិគំនិត​ចង់​ខ្ពស់​ក្នុង​លោកិយ។
ម្យ៉ាង​បួស​មិន​ត្រង់​ចង់​ធ្វើ​ធំរៀន​សិល្ប​អាគម​មន្ត​បាលី
ធ្វើ​ពេទ្យ​ព្រោះ​ហេតុ​ចង់​ឱ្យ​ល្បីស្ដោះ​ផ្លុំ​ប្រុស​ស្រី​ឱ្យ​ជា​រោគ។
ស្ដោះ​ផ្លុំ​ក្រមុំ​ឬ​មេម៉ាយមិន​ដែល​ស្ដោះ​ឆ្ងាយ​អង្គុយ​ឈ្ងោក
ដល់​មន្ត​អាគម​វា​ចូល​ជោកលែង​ស្គាល់​ជា​លោក​ជា​បាសក។
ម្យ៉ាង​ទៀត​មារយាទ​ស្រី​ក្រមុំពោះ​ធំ​ក្នុង​ពុត​បទ​អាក្រក់
វា​ផើម​វា​ថា​វា​កើត​ត្រក់កុហក​លោក​គ្រូ​ឱ្យ​ច្រក​ថ្នាំ។
ច្រក​ទាល់​តែ​ជ្រុល​រោគ​រលួយរលាយ​រូប១និង​ខន្ធ៥
នេះ​ហៅ​បួស​ក្រៅ​បន្ទូល​ផ្ដាំប្រព្រឹត្ត​សាង​កម្ម​ឱ្យ​អន្តរាយ។
ធ្វើ​ពេទ្យ​បំពាន​ពាក្យ​ព្រះ​ពុទ្ធរម្លត់​រំលាង​រាង​រូប​កាយ
ម្ល៉ឹង​ហើយ​មិន​សិក្ខ​នៅ​នឹក​ស្ដាយសប្បាយ​ចិត្ត​ណាស់​ធ្លាប់​ធ្វើ​ធំ។
ព្រះ​ពុទ្ធ​មិន​ហាម​ឱ្យ​ដាច់​សោះបើ​រោគ​បុរស​ឱ្យ​ស្ដោះ​ផ្លុំ
កុំ​ភ្លើ​ច្រក​ថ្នាំ​ស្រី​ក្រមុំរូបក្ខន្ធ​ផ្ដើម​ផ្លុំ​រលាយ​ស្លាប់។
សង្ឃរាជ​ម្យ៉ាង​ទៀត​គ្រប់​ជា​បីប៉ែក​ឈាន​លោកិយ​ធម៌​ក្រៅ​ច្បាប់
ចេញ​ភរ​បរិយាយ​អធិប្បាយ​ប្រាប់ឱ្យ​រៀប​ប្រដាប់​តាម​ចំណាំ។
មាន​ប្រាក់១រៀល​សំពត់​សអង្ករ​និង​ទៀន៥ធូប៥
បាយសី​ស្លា​ធម៌​អម​ឆ្វេង​ស្ដាំខាប​ឃើញ​ពៀរ​កម្ម​និង​បុណ្យ​បាប។
គ្រោះថ្នាក់​យ៉ាង​ណា​មិន​កំបាំងជំងឺតិច​ខ្លាំង​ដឹង​ដរាប
ស្លាប់​រស់​ដូចម្ដេច​ស្រេច​នូវ​ខាបខ្មោច​ប្រេត​ព្រាយ​អាប​ឃើញ​ទាំងអស់។
ឃើញ​គ្រូ​អារក្ខ​ចំបួរ​ជួរឃើញ​នរក​ឃើញ​សួគ៌​គ្មាន​ចន្លោះ
ឃើញ​សាយ​សុស​សព្វ​ទ្រព្យ​របស់ជិត​ឆ្ងាយ​កៀន​កោះ​ធ្លុះ​ក្នុង​ដី។
អ្នក​ខ្លះ​ឱ្យ​យឹត​រក​កូន​ស្លាប់ហៅ​ឱ្យ​មក​ចាប់​កំណើត​ថ្មី
រំលង​ឆ្នាំ​ពីរ​ឬ​ឆ្នាំ​បីប្រុស​មក​ជា​ស្រី​ខុស​ប្រាថ្នា។
នេះ​ឯង​ធ្វើ​ក្លែង​ក្រៅ​គម្ពីរឧត្តរ​ពេញ​ទី​ខុស​សិក្ខា
វិន័យ​មិន​កាន់ៗតម្រាពុទ្ធដីកា​ប្រិត​ប្រាម​មិន​ព្រម​ស្ដាប់។
សង្ឃរាជ​ស្លូត​ត្រង់​មាន​ច្រើន​វត្តសូត្រ​ធម៌​ចាំ​ស្ទាត់​មិន​ចាំ​ច្បាប់
បើ​មាន​អ្នក​ចេះ​រំឭក​ប្រាប់ថា​ធ្វើ​តែ​ត្រាប់​តាម​គ្រូ​មុន។
ប៉ុន្មាន​ត​មក​ដល់​ឥឡូវនឹង​រើ​រក​ត្រូវ​ដូច​ភ្លេច​គុណ
ល្ងង់​ហើយ​មានះ​ចចេស​ស៊ុនបាសក​ធ្វើ​បុណ្យ​រាល់​រដូវ។
បំបួស​ខែ​ជេស្ឋ​ខែ​អាសាធចីវរ​និង​បាត្រ​ខ្នាត​មិន​ត្រូវ
ឃើញ​ចិន​លក់​ថោក​ទិញ​យក​ទៅមិន​សូវ​រិះ​គិត​ពិនិត្យ​ខ្នាត។
របស់​ឥឡូវ​ផ្លាស់​ប្លែកៗបាត្រ​ស្ពាន់​ដី​ដែកៗស៊ីវីឡាត
ធំ​ជាង​ឆ្នាំង​បាយ​ហៅ​ថា​បាត្របាន​ថ្មី​ល្អ​ស្អាត​ក៏​យក​ដែរ។
គ្រូ​សូត្រៗញត្តិ​តាម​បន្ទូលបាសក​លូន​ចូល​ប្រគេន​តែ
លោក​សង្ឃ​អង្គុយ​រៀង​បង្ហែបាសក​ចិន​ខ្មែរ​ទាំង​ក្មេង​ចាស់។
អង្គុយ​ជ្រក​ជ្រៀត​នឹង​លោក​សង្ឃមិន​ចង់​ឱ្យ​ឆ្ងាយ​ឱ្យ​ស្រឡះ
លុត​ក្រាប​ប្រណម្យ​ឱន​សំពះអន្តរាយ​ហត្ថ​បាស​ខូច​លោក​សង្ឃ។
អ្នក​បួស​មិន​កើត​ឧបសម្ប័ទបរិសទ្យ​អង្គុយ​នឿយ​គ្រប់​អង្គ
គ្រូ​សូត្រ​នឿយ​សូត្រ​គួរ​ផ្ចិតផ្ចង់ប្រឹង​ប្រិត​តម្រង់​តម្រូវ​ខ្យល់។
ច្បាប់​បួស​ត្រូវ​គ្នា​នឹង​កឋិនតែ​ចេះ​មិន​ឆ្អិន​មិន​ឡើង​ផល
គួរ​រៀន​ឱ្យ​សព្វ​កុំ​ឱ្យ​ឆ្ងល់បើ​រៀន​ចេះ​ដល់​ត្រូវ​សាមគ្គា។
លោក​សង្ឃ​វត្ត​ក្រៅ​ទៅ​ជួយ​បុណ្យបើ​បាន​និមន្ត​ចូល​វិហារ
ត្រូវ​គង់​ប្រជុំ​រួប​រួម​គ្នាកុំ​ឱ្យ​ឃ្លាត​ឃ្លា​ពី​ហត្ថ​បាស។
លោក​សង្ឃ​រៀន​សូត្រ​អង្គ​កឋិនបាសក​ខ្មែរ​ចិន​ទាំង​ក្មេង​ចាស់
ត្រូវ​ថយ​ឱ្យ​ឆ្ងាយ​ឱ្យ​ស្រឡះកុំ​ឱ្យ​ពាល់​ប៉ះ​នឹង​លោក​សង្ឃ។
សូត្រ​ស្រេច​គ្រង​ស្រេច​សូត្រ​សន្មតឱ្យ​ឮ​ប្រាកដ​លោក​គ្រប់​អង្គ
មិន​ត្រូវ​សូត្រ​ខ្សឹប​ខ្លាច​គេ​ថ្លង់ត្រូវ​ឱ្យ​អស់​សង្ឃ​ដឹង​រាល់​គ្នា។
សូត្រ​ក្រាល​ក៏​ដូច​សូត្រ​សន្មតឱ្យ​ឮ​ប្រាកដ​ក្នុង​វិហារ
មាន​កាល​លោក​គ្រូ​ធំ​ឧបជ្ឈាយ៍ចិត្ត​ជា​ចែក​ឱ្យ​គ្រូ​សូត្រ​គ្រង។
បើ​គ្មាន​លោក​គ្រូ​មាន​លោក​ចាស់គោរព​សំពះ​កុំ​រំលង
ត្រូវ​សូត្រ​ភន្តេ​តាម​ទំនងក្រាល​គ្រប់​ពីរ​ដង​ប្រាប់​បរិសទ្យ។
លោក​ចាស់​វស្សា​មិន​បាន​គ្រងគ្រាន់​តែ​ផ្គូ​ផ្គង​រៀប​ចែក​ចាត់
អានិសង្ស​កឋិន​បាំង​អាបត្តិបង្ហាត់​សូត្រ​ធម៌​ឱ្យ​ល្បប​គ្នា។
ក្រាល​គ្រប់​ឈប់​ស្លេះមួយ​ស្របក់បាសក​ប្រគេន​អស់​ភស្ដុភារ
ចំពោះ​រាល់​អង្គ​ក្នុង​វិហារអាមិស​បូជា​គ្រប់​លំដាប់។
ប្រគេន​រួច​ហើយ​ចូល​ជិត​ចុះទាំង​ស្រី​ទាំង​ប្រុស​មិន​ខុស​ច្បាប់
ប៉ុន្តែ​អ្នក​ឆ្ងាយ​ច្រើន​ប្រញាប់មិន​សូវ​ចាំ​ស្ដាប់​លោក​យថា។
សូម​ទាន​សន្ដោស​សម្ដែង​ច្បាប់ព្រះ​សង្ឃ​កុំ​ចាប់​ចង​ទោសា
ខ្ញុំ​ភ័យ​ខ្លាច​អាប់​ព្រះ​សាសនាប្រោស​ប្រាណ​មេត្តា​បណ្ដា​សង្ឃ។
ខ្ញុំ​ពោល​មិន​មាន​ពាក្យ​បង្កាច់ក្រែង​សីល​លោក​ដាច់​ខ្ញុំ​តម្រង់
តម្រូវ​តែ​តាម​ច្បាប់​ព្រះ​អង្គព្រះ​ឱស្ឋ​ត្រឹម​ត្រង់​ត្រូវ​មាត្រា។
កាល​អង្គ​សម្ដេច​ព្រះ​ចម​ភពជា​ម្លប់​មនុស្ស​សត្វ​និង​ទេវតា
ជិត​ចូល​និព្វាន​មាន​ពុទ្ធដីកាផ្ដាំ​ផ្ញើ​សាសនា​​មហា​បរិសទ្យ។
ភិក្ខុ​ភិក្ខុនី​អង្គ​អរហន្តអានន្ទ​មិន​ទាន់​បាន​អរហត្ត
រក្សា​វិន័យ​កុំ​ឱ្យ​បាត់ប្រយត្ន​ឱ្យ​មាន​ប្រយោជន៍​យូរ។
ក្រោយ​នោះ​ព្រះ​អង្គ​ចូល​និព្វានអរហន្ត​ហោះ​ធ្យាន​មាន​ជា​គ្រូ
មិន​មាន​អក្ខរា​ណា​ដាក់​ទូទេសនាបង្ហូរ​ពី​ព្រះ​ឱស្ឋ។
ព្រះ​អគ្គ​សាវក​រាល់​ព្រះ​អង្គព្រះ​ទ័យ​ស្រោច​ស្រង់​ទ្រង់​សន្ដោស
សម្ដែង​ធម៌​អាថ៌​មេត្តា​ប្រោសបាប​បុណ្យ​គុណ​ទោស​និង​សីល​ទាន។
ឈ្វេង​យល់​ថា​ធម៌​នឹង​សូន្យ​ស្ងាត់អស់​អង្គ​អរហត្ត​ចូល​និព្វាន
សង្ឃ​សេក្ខ​បុគ្គល​មិន​ទ្រង់​ញាណនឹង​មាន​អក្ខរា​ណា​តែង​ទុក។
ព្រះ​ធម៌​ប្រាំបីម៉ឺន​​បួន​ពាន់ស្រេច​នៅ​អានន្ទ​ចាំ​ទំនុក
ដំណែល​ព្រះ​អង្គ​ដឹង​គ្រប់​មុខជង្រុក​ធម៌​អាថ៌​មហា​អានន្ទ។
ជា​ព្រះ​អនុជ​អាណិត​សត្វក្រែង​បាត់​ធម៌​អាថ៌​មិន​គ្រប់គ្រាន់
ព្រះ​ធម៌​ប្រាំបីម៉ឺន​បួន​ពាន់គ្នេរ​គ្នាន់​ខ្នះ​ខ្នែង​ចាត់​ចែង​ចារ។
ចេះ​ចប់​អភិធម្ម​ចាំ​រហូតវិន័យ​ព្រះ​សូត្រប្រាំ​ប្រការ
ប្រកាស​អស់​អង្គ​អរហន្តាបិដក​ឯណា​ជា​ឫស​គល់។
បរមត្ថ​ព្រះ​សូត្រ​អានន្ទ​ចាំវិន័យ​ទាំងប្រាំឧបាលី​យល់
អរហន្ត​ទាំងអស់​កើត​រវល់អំពល់​អំពី​រឿង​ធម៌​អាថ៌។
ព្រះ​បាទ​អជាត​សត្រូវជួយ​គិត​តម្រូវ​ព្រះ​សាសនា
សន្មត​ឱ្យ​ឈ្មោះ​ហៅ​ក្សត្រាព្រះ​មហា​ក្សត្រ​ចូល​គំនិត។
និយាយ​ឱ្យ​ដឹង​ដើម​កំណើតកាល​កើត​អក្ខរា​ចារ​ស្លឹករឹត
បកប្រែ​បាលី​សេចក្ដី​ពិតពិនិត្យ​ត្រឹមត្រូវ​តាម​ពុទ្ធដីកា។
ប្រាំ​រយ​ឆ្នាំ​គត់​ផុត​ភិក្ខុនីមនុស្ស​ស្រី​លែង​បួស​ខ្លាច​សិក្ខា
កំណត់​មួយ​ពាន់​ប្លាយ​វស្សាអស់​អរហន្តា​ចូល​និព្វាន។
នៅ​សល់​តែ​សង្ឃ​បុថុជ្ជនកិលេស​នៅ​ធ្ងន់​នៅ​ស្រេក​ឃ្លាន
សង្វាត​ឱហាត​ចម្រើន​ឈានហោះ​ធ្យាន​មិន​រួច​ដូច​បំណង។
កើត​មាន​គម្ពីរ​នៅ​លង្កាព្រះ​ពុទ្ធ​ឃោសាចារ​ចម្លង
កើត​មាន​បាលី​សម្រាយ​ផងធ្វើ​បុណ្យ​ម្ដងៗស្ដាប់​ទេសនា។
ទសជាតិ​ទាំង១០មាន​គ្រប់​វត្តប្រែ​ត្រូវ​ប្រាកដ​ព្រះ​គាថា
ព្រះ​ធម៌​សូត្រ​មន្ត​ឬ​សូត្រ​ដារអ្នក​រៀន​អក្ខរា​ពីរ​ចំណែក។
ចំណេះ​ចំណាំ​ចាំ​រាល់​ខ្លួនអ្នក​រៀន​បាន​ក្បួន​ចាស់​ចារ​ចែក
ហ៊ាន​ភ្នាល់​ព្រោះ​អាង​ឃើញ​នឹង​ភ្នែកកើត​ឈ្លោះ​ប្រកែក​ប្រកួត​ខឹង។
ប្រកាន់​តែ​ខាង​ខុស​រហូតមិន​រៀន​មេសូត្រ​ឱ្យ​ចេះ​ដឹង
អាង​ចេះ​តែ​ក​កា​ប៉ុណ្ណឹងខំ​ប្រឹង​ចំអឺត​អួត​ខ្លួន​ត្រូវ។
សព្វ​ថ្ងៃ​ជជែក​ពី​យោ-យ៉ោដំឡើង​ភ្នែក​ស្លោ​មុខ​ក្រញូវ
ថា​ធ្លាប់​យោនពី​ខ្មោច​ឪឥឡូវ​យ៉ោ​ណា​មិន​សុខ​ចិត្ត។
អ្នក​ម្ខាង​អាង​ស្រៈ​តួ​ប្រាំបីឱ្យ​នឹង​បាលី​ជា​កម្រិត
ផ្សំ​តួ​មេសូត្រ​ប្រឹង​ប្រែ​ប្រិតព្រោះ​ដ្បិត​ឱ្យ​ត្រឹម​ត្រូវ​មាត្រា។
អ្នក​រៀន​គ្រប់​វត្ត​គ្រប់​នគរស​ដាក់​ជើង​លរាប់​ស្ល​ស្លា
បើ​ស​និងម​រាប់​ស្ម​ស្មាអ្នក​មាន​ប្រាជ្ញា​គួរ​ស្ដាប់​បាន។
កុំ​ល្ងង់​ទាល់​ងាប់​ធ្លាប់​មិន​ដឹងបើ​ខឹង​កុំ​ឃាត់​ថា​ឱ្យ​បាន
ខ​ដាក់​ជើង​ម​ពី​បូរាណក្មេង​តូច​ប៉ុន្មាន​ស្គាល់​ខ្ម​ខ្មា។
រាល់​រាស្ត្រ​ចាស់​ក្មេង​កុំ​ចិត្ត​ខ្មាំងគួរ​ខ្មាស​បារាំង​អ្នក​រាជការ
ដើម​ហេតុ​អំពី​ព្រះ​ករុណាឱ្យ​សាង​សាលា​ប្រែ​បាលី។
ទ្រង់​ចាំ​ទំនៀម​ពី​បូរាណហើយ​បាន​ជំនុំ​ព្រម​កុង្សីយ៍
បំណាច់​ធ្វើ​ស្ដេច​គ្រង​ផែនដីទិស​ទាំង​ប្រាំបី​រំពៃ​គ្រប់។
ព្រះ​កាយ​ពល​មិន​រវល់​រែកព្រះ​ទ័យ​រំលែក​ទាំង​ថ្ងៃ​យប់
ល​ទែន​បន្ទំ​ទី​បន្ទប់បន្ទូល​មិន​ឈប់​រាល់​វេលា។
មេត្តា​ប្រោស​ប្រាណ​អ្នក​មាន​សក្តិ ចែក​លុយ​ចែក​កាក់​គ្រប់​ភ្នាក់ងារ
ម្យ៉ាង​ត្រួត​ក្សត្រី​ស្នំ​ស្រិង្គាក្រែង​គ្រុន​រងា​មិន​បាន​សុខ។
ព្រះ​ទ័យ​មេត្តា​សត្វ​មនុស្ស​សត្វសោយរាជ​សម្បត្តិ​សម្បើម​ស្ដុក
ព្រះ​កាយ​ប្រកប​គង់​ស្រណុកព្រះ​ទ័យ​វិតុក្ក​ជា​ធម្មតា។
១-​ព្រួយ​នឹង​ឱប​ព្រះ​នគរ២-ព្រួយ​នឹង​ព​ព្រះ​សាសនា
៣-ត្រួត​លោក​សង្ឃ​កាន់​សិក្ខាសង្រួម​កិរិយា​មិន​បរិសុទ្ធ។
នឿយ​ណាស់​ព្រះ​នេត្រ​ព្រះ​កម្មាព្រះ​ឱស្ឋ​ត្រួតត្រា​តឿន​បំផុត
ដាស់​តឿន​បំភ័យ​ពួក​កុលបុត្រឱ្យ​ចេះ​លំអុត​សង្រួម​កាយ។
ទ្រង់​ចេញ​ប្រកាស​ជាក់​ប្រាកដប្រគល់​រាល់​វត្ត​ទោះ​ជិត​ឆ្ងាយ
ប្រគល់​រាល់​វត្ត​ទោះ​ជិត​ឆ្ងាយអស់​ល្បែង​ទាំងឡាយ​គ្រប់​ជំពូក។
មិន​ត្រូវ​ចំពោះ​ស្ដាប់​តន្ត្រីកុំ​បី​មើល​រាំ​វា​នាំ​ភ្លូក
កុំ​ដើរ​ភ្លើៗមើល​អុំ​ទូកអ្នក​បួស​ធ្វើ​លោក​មិន​ត្រូវ​ការ។
បើ​មាន​ត្រូវ​កិច្ច​ដើរ​យប់​ថ្ងៃសង្ឃ​បង​និស្ស័យ​ចាស់​វស្សា
កុំ​ដើរ​ទឹម​ស្មើ​ទៅ​ណាៗអ្នក​ចេះ​សិក្ខា​គេ​ទាស់​ភ្នែក។
លោក​នេន​កុំ​សុំ​លុយ​ចិន​ចាយបិណ្ឌបាត​តែ​បាយ​ម្នាក់ៗវែក
គ្រឿង​ម្ហូប​ចំណី​បាសក​ចែកកុំ​យួរ​ពុន​រែក​វា​ថោក​រឹក។
របស់​បាសក​គេ​ប្រគេនប្រគល់​លោក​នេន​បាន​លោក​ភិក្ខុ
ចិញ្ចឹម​ជីវិត​នឹង​បាយ​ទឹកបិណ្ឌបាត​ពេល​ព្រឹក​យប់​សូត្រ​រៀន។
លោក​ណា​ត្រឹមត្រូវ​មិន​សូវ​ខុសស្ងៀម​ស្ងាត់​ទៅ​ចុះ​កុំ​អន់​អៀន
លោក​ណា​មិន​ចេះ​កុំ​វេះ​វៀនពាក្យ​ប្រៀន​ប្រដៅ​ឱ្យ​ផ្អើល​ភ្ញាក់។
បំណាច់​ព្រះ​អង្គ​ទ្រង់​ផ្ដាំ​ផ្ញើសាសនា​​ឋិត​លើ​ស្ដេច​មហា​ចក្រ
ព្រះ​មហា​ចម​ពង្ស​ទ្រង់​ចំពាក់ចំពោះ​ធុរៈ​នឹង​សាសនា។
ពី​ត្រឹម​ណោះ​រៀង​ដរាប​មកដល់​ស្រក​គោកធ្លក​មាន​សាវតារ
ប៉ុន្មាន​រាជ​ហើយ​មិន​ដឹង​ថាដល់​មក​ករុណា​យើង​សព្វ​ថ្ងៃ។
ហេតុ​នេះ​លោក​សង្ឃ​ប្រុង​ពិនិត្យសៀវភៅ​ស្លឹករឹត​មាន​រាល់​ដៃ
ផ្ទៀង​មើល​សុភោក​វិនិច្ឆ័យបើ​នៅ​សង្ស័យ​ឱ្យ​សិក្សា។
សព្វ​សង្ឃ​ចាស់​ខ្ចី​គប្បី​ស្ដាប់ឈ្មោះ​ច្បាប់​បំពាន​ព្រះ​ពុទ្ធ​ដីកា
បង្គំ​ថ្វាយ​ដល់​ព្រះ​ករុណាសូម​ទ្រង់​មេត្តា​ជ្រាប​ព្រះ​ទ័យ។
ក្រែង​ចួន​ប្រទះ​ពាក្យ​ឆ្គាំ​ឆ្គងពុំ​ត្រូវ​ទំនង​ក្រឹត្យ​វិន័យ
សុំ​ទ្រង់​មេត្តា​អត់​ទោស​ពៃរ៍ក្រួញ​ក្រាប​សិរសី​ក្រោម​ព្រះ​បាទ។
ព្រះ​សង្ឃ​ទាំងអស់​ទោះ​តូច​ធំខ្ញុំ​ឱន​បង្គំ​សុំ​អនុញ្ញាត
ខ្ញុំ​ពោល​មិន​មាន​ពាក្យ​ប្រមាទសង្ឃ​ជា​ល្អ​ស្អាត​ខ្ញុំ​មិន​ថា។
ខ្ញុំ​ពោល​តែ​សង្ឃ​ធ្វើ​អាក្រក់បើ​ខ្ញុំ​កុហក​ខូច​មុសា
ហេតុ​នេះ​ខ្ញុំ​សុំ​បវារណាសង្ខេប​និដ្ឋិតា​រឿង​លោក​សង្ឃ។
– សុំ​ក្រើន​រំឭក​ឫក​បាសកច្រើន​ចិត្ត​អាក្រក់​ខ្ញុំ​តម្រង់
តម្រូវ​តាម​ផ្លូវ​ច្បាប់​ព្រះ​សង្ឃកុំ​បី​លះបង់​ចោល​សាសនា។
កើត​មក​ពូជ​ពង្ស​ពេញ​ពុទ្ធ​សាសន៍កុំ​ភ្លើ​កុំ​ផ្លាស់​ភ្លេច​សាវតារ
មាន​រូប​មាន​ចិត្ត​មាន​ប្រាជ្ញាគួរ​ពិចារណា​រក​ខុស​ត្រូវ។
កាល​កើត​មិន​ទាន់​ដឹង​ទោស​ទុក្ខបន្ទោ​មូត្រ​លាមក​ដាក់​ម៉ែ​ឪ
លាង​ដុះ​ជ្រះ​ស្អាត​ផ្ដេក​ទុក​នៅបុក​ស្រូវ​អង្ករ​ស្ល​ដណ្ដាំ។
ដេក​ឱប​គ្រប់​ក្រុង​ប្រុង​ប្រយត្នក្រែង​សត្វ​ស្រមោច​មូស​ចុច​ខាំ
លំបាក​នឿយ​ណាស់១៥ឆ្នាំម៉ែ​ឪ​រង​កម្ម​ចិញ្ចឹម​កូន។
កំលោះ​ក្រមុំ​ពេញ​រូបកាយអាពុក​និង​ម្ដាយ​ចាស់​ទ្រម​ខ្លួន
ប្រមុំ​រូប​ល្អ​បរិសុទ្ធ​សូន្យបាន​ស៊ី​ជំនូន​នំ​ចំណី។
រៀបការ​រក​ស៊ី​រួម​បន្ទុកសូម​ម្ដាយ​ឪពុក​ប្រពន្ធ​ប្ដី
មួយ​ឆ្នាំ​ពីរ​ឆ្នាំ​កើត​កូន​ខ្ចីជីដូន​ព​បី​ចៅ​ជុះ​ដាក់។
កាល​កូន​ពី​តូច​នឿយ​ដុស​លាងធំ​ពេញ​រូបរាង​ខាង​ប្រឡាក់
លាង​លាមក​​ចៅ​ទៀត​ឡើង​ពីរ​ថ្នាក់ធម្ម​មាន​ចំពាក់​ថែម​ពីរ​ជាន់។
ចំណែក​កូន​ប្រុស​បាន​បួស​ភិក្ខុខ្លះ​បួស​រឭក​សហាយ​ស្មន់
សឹក​មក​មិន​ឈប់​ទៅភពភាន់រៀបការ​មិន​ទាន់​រាន់​ចិត្ត​ឯង។
អ្នក​ខ្លះ​បួស​ចេះ​ដឹង​ធម៌​អាថ៌បួន​ប្រាំ​វស្សា​យូរ​អង្វែង
សឹក​មក​រក​ស៊ី​ខំ​ខ្នះខ្នែងន​លែង​ឱ្យ​ទុក្ខ​ឪពុក​ម្ដាយ។
ព្រួយ​ចិត្ត​ព្រោះ​ដ្បិត​រក​ប្រពន្ធថែម​ទោស​ទុក្ខ​ធ្ងន់​រាល់​រូបកាយ
រក​ស៊ី​នៅ​ជិត​មិន​នៅ​ឆ្ងាយកូន​ធ្វើ​ខ្ញុំ​ម្ដាយៗខ្ញុំ​ខ្លួន។
បើ​មាន​ប្រពន្ធ​នៅ​ស្រុក​ឆ្ងាយឪពុក​និង​ម្ដាយ​ឃ្លាត​ដោយ​ខ្លួន
មាន​ម្ដាយ​ខាង​ស្រី​នៅ​ថៃថួនមិន​លែង​ជីដូន​ធ្វើ​ខ្ញុំ​ចៅ។
ពីព្រោះ​រក​ស៊ី​ក្នុង​បន្ទុកចំណី​គ្រប់​មុខ​ទោះ​ឆ្អិន​ឆៅ
ស្វាយ​ខ្នុរ​ចេក​ដូងដំឡូង​ត្រាវរបស់​នោះ​ម៉ៅ​ក្នុង​ចំណែក។
អាពុក​ម្ដាយ​ចាស់​ឈឺ​ទម្ងន់ចំណី​ជោរ​ជន់​ជូន​ដាច់​ប៉ែក
លើក​ឡើង​ប្រគល់​ម្ដាយ​ប្រកែកសម្រក់​ទឹក​ភ្នែក​ស្ដាយ​ចំណី។
ចង់​ដែរ​ប៉ុន្ដែ​លេប​មិន​រួចជិប​បាន​តិច​តួច​ចោល​ទៅ​ដី
យ៉ាង​នេះ​គ្រប់​មនុស្ស​ទាំង​ប្រុស​ស្រីគប្បី​សម្គាល់​រាល់​រូបកាយ។
ពី​តូច​ទាល់​ធំ​ពេញ​ចំណាស់មិន​ដែល​សំពះ​អាពុក​ម្ដាយ
សំពះ​ម្ដងៗតែ​អ្នក​ឆ្ងាយត្រង់​ម្ដាយ​អាពុក​ថា​អៀន​ខ្មាស។
ម្ដាយ​រលត់​វេលា​ណាអាចារ្យ​ស្រោច​ទឹក​លើក​ចំអាស
ប្រមូល​ចូល​ដុស​លាង​ជម្រះឱ្យ​ក្រាប​សំពះ​បវារណា។
ប្រណម្យ​សុំ​ទោស​ម្ដាយ​មិន​ដឹងត្រង់​អរ​ឬ​ខឹង​ម្ដាយ​មិន​ថា
គ្មាន​ប្រាក់​ទៅ​ជឿ​ទំនិញ​ផ្សារខ្លះ​ខ្ចី​ចងការ​ញាតិ​សន្ដាន។
មាន​តែ​កម្លាំង​តាំង​ខំ​រត់ទៅ​ទិញ​សំពត់​ផ្តិល​ថាស​ចាន
គ្រប់​គ្រឿង​ប្រដាប់​ទាំង​ប៉ុន្មានឱ្យ​បាន​ដាក់​ផ្លុង​ឱ្យ​ម៉ែ​ឪ។
ដាក់​ចោល​បោះបង់​លោក​សង្ឃ​ទស់បើ​ឱ្យ​កាល​រស់​នោះ​ពេញ​ត្រូវ
ជវ័ន​វិញ្ញាណ​ចេញ​អស់​ទៅអ្នក​ណា​នឹង​នៅ​នឹង​ត្រេកអរ។
កាល​ម្ដាយ​រស់​នៅ​មិន​សូវ​លុះបាន​នេះ​ខ្វះ​នោះ​ចេះ​តែ​ក្រ
ម្ដាយ​ស្លាប់​មិន​ដឹង​ប្រឹង​ត្រដរង្វរ​ខ្ចី​ជឿ​គេ​ធ្វើ​បុណ្យ។
អ្នក​មាន​សំណាង​ប្រសើរ​គាប់បុគ្គល​មាន​ភព្វ​មាន​ទ្រព្យ​ធន
គេ​នឿយ​តែ​ទិញ​ទូល​រែក​ពុនមាន​ប្រាក់​ជា​ទុន​ធ្វើ​ជា​ទាន។
ច្រើន​ចិត្ត​អាក្រក់​តិច​ចិត្ត​ល្អច្រើន​ខាង​អ្នក​ក្រ​តិច​អ្នក​មាន
កំណាញ់​ស្វិត​ពេក​ច្រើន​ស្រេក​ឃ្លានគួរ​គិត​សន្និដ្ឋាន​ចូល​ចិត្ត​ចុះ។
កើត​មក​តែង​រក​ប្រពន្ធ​ប្តីមួយ​រយ​មាន​ពីរ​បី​ទាំង​ស្រី​ប្រុស
បើ​បួស​ត្រឹមត្រូវ​មិន​សូវ​ខុសស្លាប់​រស់​កុំ​សឹក​យក​ប្រពន្ធ។
បើ​ទ្រាំ​មិន​បាន​ហើយ​សឹក​មកឱ្យ​គិត​លៃ​លក​រក​ទ្រព្យ​ធន
ជូន​ម្ដាយ​អាពុក​ទុក​ធ្វើ​បុណ្យ គោរព​តប​គុណ​ចម្រើន​ផល។
បើ​យក​ប្រពន្ធ​នៅ​ឱ្យ​ឆ្ងាយល្មម​ម្ដាយ​អាពុក​ទៅ​មក​ដល់
កុំ​នៅ​ជា​មួយ​កើត​អកុសលព្រោះ​ម្ដាយ​ខ្វាយ​ខ្វល់​នឹង​កូន​ឯង។
ប្រពន្ធ​និង​ប្ដី​ស្រី​និង​ប្រុសមិន​ដឹង​ទោស​ខុស​គ្រប់​កន្លែង
គ្មាន​ប្ដី​ប្រពន្ធ​គេ​ថា​ឆ្នែងអ្នក​ប្រាជ្ញ​សម្ដែង​ថា​សេស​បាប។
ឃើញ​ត្រូវ​តែ​នៅ​ឃ្លាត​ដោយ​ខ្លួនចំណី​ជំនូន​ជូន​ដរាប
កុំ​នៅ​ជា​មួយ​កើត​ឆ្អេះ​ឆ្អាបលុត​ក្រាប​សំពះ​កុំ​ខ្មាស​គុណ។
កូន​ចៅ​ខាង​ក្រោយ​ឱ្យ​ប្រតិបត្តិប្រយត្ន​កុំ​ធ្វើ​ដូច​អ្នក​មុន
អ្នក​មាន​កូន​ចៅ​បាន​ជា​ស៊ុនទោស​ធ្ងន់​ឱ្យ​ទុក្ខ​អាពុក​ម្ដាយ។
ស្រួល​ណាស់​តែ​នៅ​ឆ្ងាយ​ដោយ​ខ្លួនឱ្យ​ចេះ​ថែថួន​មើល​នាយ​អាយ
ផ្ទះ​ធំ​ស្រណុក​សុខ​សប្បាយកុំ​ស្ដាយ​ស្រណោះ​របស់​នៅ។
មេបា​សុខ​ចិត្ត​ឱ្យ​កូន​ស្រីយើង​សង់​ផ្ទះ​ថ្មី​ដូច​ម៉ែ​ឪ
មេបារ​រៀបការ​ជា​ត្រឹមត្រូវខ្លួន​នៅ​មិន​នៅ​នោះ​តាម​ចិត្ត។
ប៉ុន្តែ​ម៉ែ​ឪ​ត្រូវ​សប្បុរសឱ្យ​ទ្រព្យ​របស់​ព្រោះ​អាណិត
ធ្វើ​តាម​ទំនៀម​ច្បាប់​ក្រម​ក្រឹត្យសាច់​សាលោហិត​មាន​សង្ស័យ។
យើង​ខំ​រក​ស៊ី​មាន​ពេល​ឈប់គួរ​ឆ្លៀត​គោរព​ទោះ​យប់​ថ្ងៃ
ចំណី​ផ្អែម​ឆ្អាប​ទោះ​សាប​ប្រៃកុំ​លាក់​សំចៃ​ស៊ី​ភ្លេច​គុណ។
ខ្លួន​ខ្ញុំ​កំណើត​រាស្ត្រ​អ្នក​ស្រែឆោត​ឆៅ​ខ្លៅ​ដែរ​ពី​កាល​មុន
កាល​មក​ពី​បួស​ខុះ​រែក​ពុនធ្វើ​បាប​និង​បុណ្យ​ទម្ងន់​ស្មើ។
ខ្ញុំ​ស្មោះ​គោរព​អាពុក​ម្ដាយអស់​លោក​ទាំងឡាយ​ល្មម​សរសើរ
ខ្ញុំ​ជូន​ដំណឹង​តាម​ដំណើរព្រះ​ខ្ញុំ​គ្រាន់​បើ​ជាង​អ្នក​ល្ងង់។
ជាតិ​ក្រោយ​កុំ​ឱ្យ​ខ្ញុំ​ល្ងីល្ងើជាតិ​នេះ​ចាស់​ស្ទើរ​ខ្ញុំ​ប្រឹង​ស្ទង់
ប្រឹង​ស្ទុះ​ឱ្យ​រួច​ពី​អន្លង់ភ័យ​ភិត​ខ្លាច​ផុង​ទៅ​ក្នុង​ភក់។
ក្នុង​ភព​សង្សារ​ខ្ញុំ​សង្ស័យសព្វ​ថ្ងៃ​ខ្ញុំ​ភ័យ​ខ្លាច​នរក
ម្យ៉ាង​ទៀត​ខ្ពើម​ជាតិ​អាជិវកជាតិ​ល្មោភ​ហូបលាមក​​ព្រោះ​ល្មើស​គុណ។
ក្រែង​ខ្ញុំ​បាន​ល្មើស​ម៉ែ​ឪ​ខ្លះខ្ញុំ​ភ័យ​ខ្ញុំ​ណាស់​ក្រែង​ខ្ញុំ​ស៊ុន
ខ្ញុំ​សុំ​ស្មា​លា​ទោស​ពី​មុនសុំ​បុណ្យ​ជួយ​បាំង​បាប​ឱ្យ​បាត់។
ឱ្យ​បាន​ទាន់តួ​ព្រះ​ស្រីអារ្យឱ្យ​បែក​ប្រាជ្ញា​ក្នុង​បរមត្ថ
ព្រះ​អង្គ​ទេសនា​​ទ្រង់​ប្រោស​សត្វសុំ​លុះ​អរហត្ត​ដូច​បំណង។
ចំណែក​ខ្ញុំ​ផ្សាយ​ច្បាប់​រំឭកអស់​លោក​ជួយ​នឹក​សច្ចា​ផ្សង
ធ្វើ​បុណ្យ​ចែក​ផល​ដល់​ខ្ញុំ​ផងនឹក​ឈ្មោះ​ម្ដងៗដូច​ធម្មតា។
មាន​ម្ដាយ​អាពុក​រាល់​រូប​រាងនោម​ជុះ​ដុស​លាង​គួរ​ល្អើម​ល្អា(រអើមរអា)
ព្រះ​ពុទ្ធ​ចាក​ផុត​វដ្ដសង្សារប្រាថ្នា​រក​ផ្លូវ​ទៅ​និព្វាន។
រលាយ​កង​ទុក្ខ​អកុសល​កម្មរលត់​ខន្ធ​ប្រាំ​លែង​ស្រេក​ឃ្លាន
យើង​នៅ​សង្ខារ​និង​វិញ្ញាណទោស​ទុក្ខ​តែង​មាន​តែ​រាល់​គ្នា។
ខ្ញុំ​ទូល​បង្គំដើម​ឈ្មោះ​អ៊ូពូជ​ពង្ស​អម្បូរ​ខ្មែរ​អ្នក​ជា
អាពុក​ឈ្មោះ​អុក​មាន​សក្តិ​ងារចៅ​ពញា​ធម្មធារា​ធ្វើ​មេ​ស្រុក។
ក្នុង​ខេត្ត​​ភ្នំពេញ​ឃុំ​កំបូលពូជ​ពង្ស​ត្រកូល​ម្ចាស់​អង្គ​ប៉ុក
អាពុក​អ្នក​ម្ដាយ​ឈ្មោះ​ពញា​ម៉ុកគាត់​ធ្វើ​មេ​ស្រុក​ឃុំ​ស្ពាន​ថ្ម។
អ្នក​ម្ដាយ​អាពុក​បង​ប្អូន​ជិតជំទួត​មួយ​ពិត​ពូជ​ចិត្ត​ល្អ
ដូនតា​ផ្សំ​ផ្គុំ​ជា​តំណបង្ក​កើត​ខ្ញុំ​ទូល​បង្គំ។
បង្កើត​អំពី​ក្នុង​គំនិតភ័យ​ភិត​ខ្លាច​បាប​ចង់​បាន​បុណ្យ
បាន​បែក​ចែង​ច្បាប់​ប្រាប់​មហាជនបួន​ច្បាប់​ពី​មុន​ជូន​រាជការ។
បោះពុម្ព​សៀវភៅ​ចែក​សព្វ​សាយម៉ាដឺមូហ៊្សែល​ចាត់​ថ្វាយ​ព្រះ​ករុណា
មិន​បាន​ថ្វាយ​ផ្ទាល់​ដល់​ហត្ថាសូម​ទ្រង់​មេត្តា​ប្រោស​ប្រណី។
ឱន​កាយ​ប្រណម្យ​សុំ​អនុញ្ញាតក្រាប​ក្រោម​ព្រះ​បាទ​ព្រះ​បារមី
ចែង​ច្បាប់​បរមត្ថ​អត្ថ​បាលីសេចក្ដី​ចែង​ចប់​ម្ល៉េះ​ហើយ​ហោង។
បណ្តាំក្រមង៉ុយ

ឯកសារយោង

ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៣៧ ខ្សែទី៧

Facebook Comments
Share this article:

Author: Johnny

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster).