៦-រឿង ព្រះចុល្លកាល-មហាកាល

Average Rating: No ratings yet


☸️ព្រះបរមសាស្តា ទ្រង់ប្រារឰព្រះចុល្លកាល និង ព្រះមហាកាល ។ ព្រះចុល្លកាល ជាប្អូនរបស់ព្រះមហាកាល លោកបួសមិនទាន់បានមួយវស្សាផង ក៏លាចាកសិក្ខាបទ (សឹក) មកជាគ្រហស្ថ ព្រោះភរិយារបស់លោក ចេះតែមកធ្វើឲ្យរំខានខ្លាំងពេក ។

ចំណែកព្រះមហាកាលដែលជាបង លោកបានមកបួស ក្នុងព្រះពុទ្ធសាសនា ដោយសទ្ធាជ្រះថ្លា ខិតខំចម្រើនឣសុភកម្មដ្ឋាន រហូតដល់បានសម្រេចឣរហត្តផល ព្រមទាំងបដិសម្ភិទា ។

ឯភរិយា របស់ព្រះមហាកាល បានឃើញកិរិយាលួងលោម របស់ភរិយាព្រះចុល្លកាល ដែលបានធ្វើឲ្យលោកសឹកហើយ ទើបគិតនឹងធ្វើ ជាតម្រាប់តាម ហើយបានទៅឣារាធនាភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន មកទទួលភត្តាហារ នៅឯផ្ទះរបស់ខ្លួន ។

ព្រះសាស្តា ព្រមទាំងភិក្ខុសង្ឃ បានទទួលភត្តាហារហើយ ទើបទ្រង់ស្តេចយាងត្រឡប់ទៅវត្តវិញ ទុកតែព្រះមហាកាល មួយ ឣង្គប៉ុណ្ណោះ ឲ្យនៅចាំធ្វើភត្តានុមោទនា តាមពាក្យទូលសុំ នៃពួកភរិយា របស់ព្រះមហាកាល ។

គ្រានោះ ពួកភរិយា របស់ព្រះមហាកាល បាននាំគ្នាបង្ខំឲ្យលោក លាចាកសិក្ខាបទ, ក៏ប៉ុន្តែ ព្រះមហាកាល មិនព្រមលាចាកសិក្ខាបទទេ ព្រោះលោកជាព្រះឣរហន្ត ហើយក៏បានហោះទៅ លើ ឣាកាស ត្រឡប់ទៅវត្តវិញ ។

ពួកភិក្ខុទាំងឡាយ បានសន្ទនាគ្នាឣំពីរឿងរ៉ាវព្រះមហាកាល និង ព្រះចុល្លកាល ដោយប្រការផ្សេងៗ ។ ព្រះសាស្តា ទ្រង់ជ្រាបហើយ ទ្រង់ត្រាស់ព្រះគាថានេះ ថា ៖

សុភានុបស្សឹ វិហរន្តំឥន្ទ្រិយេសុ ឣសំវុតំ
ភោជនម្ហិ ឣមត្តញ្ញុំកុសីតំ ហីនវីរិយំ
តំ វេ បសហតី មារោវាតោ រុក្ខំវ ទុព្វលំ ។
ឣសុភានុបស្សឹ វិហរន្តំឥន្ទ្រិយេសុ សុសំវុតំ
ភោជនម្ហិ ច មត្តញ្ញុំសទ្ធំ ឣារទ្ធវីរិយំ
តំ វេ នប្បសហតី មារោវាតោ សេលំវ បព្វតំ ។

☸️មារ រមែងគ្របសង្កត់បុគ្គលដែលយល់ឃើញ នូវឣារម្មណ៍ ថា ល្អ មិនសង្រួម ក្នុងឥន្ទ្រីយ៍ទាំងឡាយ មិនស្គាល់ប្រមាណ ក្នុងភោជន ខ្ជិលច្រឣូស មានព្យាយាមធូរថយនោះ (បានដោយស្រួល) ដូចជាវាយោ បក់បោករំលើងនូវដើមឈើដែល (មានប្ញស) មិនល្អ យ៉ាងនោះឯង ។

☸️តែមារ រមែងគ្របសង្កត់បុគ្គលដែលយល់ឃើញនូវឣារម្មណ៍ ថា មិនល្អ សង្រួមប្រពៃ ក្នុងឥន្ទ្រីយ៍ទាំងឡាយ ស្គាល់ប្រមាណ ក្នុងភោជន មានសទ្ធា ប្រារឰព្យាយាមនោះមិនបាន ដូចជាវាយោ បក់បោកភ្នំថ្មតាន់ (ឲ្យបែក) មិនបាន យ៉ាងនោះឯង ។


ចំនួនវគ្គ​ក្នុង​គម្ពីរ​ធម្មបទ

គម្ពីរធម្មបទ​ មាន​ទាំង​អស់​ ៤២៣​ បទ​ ការ​រាប់​ជា​បទ​ រាប់​តាម​ចំនួន​គាថា​ គឺ​ គាថា​ ១​ គាថា​ ឬគាថា​ ១​ គាថា​ ជា​មួយ​នឹង​កន្លះ​គាថា​ រាប់​ជា​ ១​ បទ​ ក្នុង​អដ្ឋកថា​ធម្មបទ​ លោក​រួប​រួម​ទុក​ជា​រឿង​ៗ​ មាន​ឈ្មោះ​រឿង​ប្រាកដ​តាម​សភាវធម៌​ ឬ​បុគ្គល​ដែល​ទ្រង់​ប្រារព្ធ​ រឿង​ខ្លះ​មិន​ប្រាកដ​បុគ្គល​ដោយ​ជាក់​ច្បាស់​ លោក​ក៏​ប្រើ​ពាក្យ​ថា​ បុគ្គល​ម្នាក់​ ភិក្ខុ​មួយ​រូប​ រួម​ទាំង​អស់​ ៣០២​ រឿង​ ក្នុង​មួយ​រឿង​ៗ​​ ចាត់​ជា​ពួក​ ជា​ក្រុម​ ហៅ​ថា​​ វគ្គ​ រួម​ជា​ ២៦​ វគ្គ​ វគ្គ​នី​មួយៗ​ មាន​ឈ្មោះ​ប្រាកដ​តាម​អំណាច​ខ្លឹមសារ​នៃ​ធម្មបទ​នោះៗ​ និង​រឿង​នោះៗ​ ពោល​គឺ​ធម្មបទ​ណា​ រឿង​ណា​ ដែល​មាន​សេចក្តី​សម្ពន្ធ​គ្នា​ ទាក់​ទង​គ្នា​ ដូច​គ្នា​ ស្រដៀង​គ្នា​ ឬ​ក៏​ផ្ទុយ​ពី​គ្នា​ លោក​ក៏​ចាត់​ធម្មបទ​នោះៗ​ និង​រឿង​នោះៗ​ ជា​ពួក​ ជា​ក្រុម​ ជា​មួយ​គ្នា​ ឬ​វគ្គ​ជា​មួយ​គ្នា​,​ វគ្គ​នៃ​ធម្មបទ​នោះ​ មាន​ ២៦​ វគ្គ​ គឺ៖

១. យមកវគ្គ មាន​ ១៤​ រឿង​ ២០​ គាថា១៤. ពុទ្ធវគ្គ មាន​ ៩​ រឿង​ ១៨​ គាថា
២. អប្បមាទវគ្គ មាន​ ៩​ រឿង​ ១២​ គាថា១៥. សុខវគ្គ ​ មាន​ ៨​ រឿង​ ១២​ គាថា
៣. ចិត្តវគ្គ មាន​ ៩​ រឿង​ ១១​ គាថា១៦. បិយវគ្គ មាន​ ៩​ រឿង​ ១២​ គាថា
៤. បុប្ផវគ្គ មាន​ ១២​ រឿង​ ១៦​ គាថា១៧. កោធវគ្គ មាន​ ៨​ រឿង​ ១៤​ គាថា
៥. ពាលវគ្គ មាន​ ១៥​ រឿង​ ១៦​ គាថា១៨. មលវគ្គ មាន​ ១២​ រឿង​ ២១​ គាថា
៦. បណ្ឌិតវគ្គ មាន​ ១១​ រឿង​ ១៦​ គាថា១៩. ធម្មដ្ឋវគ្គ មាន​ ១០​ រឿង​ ១៧​ គាថា
៧. អរហន្តវគ្គ មាន​ ១០​ រឿង​ ១៤​ គាថា២០. មគ្គវគ្គ មាន​ ១២​ រឿង​ ១៧​ គាថា
៨. សហស្សវគ្គ មាន​ ១៤​ រឿង​ ១០​ គាថា២១. បកិណ្ណកវគ្គ មាន​ ៩​ រឿង​ ១៦​ គាថា
៩. បាបវគ្គ មាន​ ១២​ រឿង​ ១៦​ គាថា២២. និរយវគ្គ មាន​ ៩​ រឿង​ ១៤​ គាថា
១០. ទណ្ឌវគ្គ មាន​ ១១​ រឿង​ ១៧​ គាថា២៣. នាគវគ្គ មាន​ ៨​ រឿង​ ១៤​ គាថា
១១. ជរាវគ្គ មាន​ ៩ រឿង​ ១១​ គាថា២៤. តណ្ហាវគ្គ មាន​ ១២​ រឿង​ ២៦ គាថា
១២. អត្តវគ្គ មាន​ ១០​ រឿង​ ១០​ គាថា២៥. ភិក្ខុវគ្គ មាន​ ១២​ រឿង​ ២៣ គាថា
១៣. លោកវគ្គ មាន​ ១១​ រឿង​ ១២​ គាថា២៦. ព្រាហ្មណវគ្គ មាន​ ៤០ រឿង​ ៤២​ គាថា

🔸កំណែចុងក្រោយ Last Updated on April 17, 2025 by Johnny ចន្នី

Share this article:
Johnny ចន្នី

Author: Johnny ចន្នី

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster).