រឿង សញ្ជ័យបរិព្វាជក

☸️វគ្គ​នេះ​និយាយ​អំពី​ការ​ឆ្លើយ​តប​​របស់​ព្រះពុទ្ធ​ចំពោះ​សំណួរ​របស់​​ព្រះ​សារីបុត្រ និង ព្រះ​មហាមោគ្គល្លាន ។ ព្រះ​អគ្គសាវ័ក​ទាំង​ពីរ​រូប​បាន​ក្រាប​ទូល​សួរ​ព្រះ​ពុទ្ធ​អំពី​មូលហេតុ​ដែល​សញ្ជ័យបរិព្វាជក​មិន​មក​ចូល​រួម​ស្តាប់​សេចក្តី​បង្រៀន​របស់​ព្រះ​ពុទ្ធ ។

ឈ្មោះ​ពិត​​របស់​ព្រះ​សារីបុត្រ គឺ ឧបតិស្សៈ ហើយ​ឈ្មោះ​ពិត​​របស់​​ព្រះ​មហាមោគ្គល្លាន​ គឺ កោលិតៈ ។ លោក​ទាំង​ពីរ​​ធ្លាប់​ជា​សិស្ស​របស់​សញ្ជយបរិព្វាជក នៅ​ក្នុង​សម័យដែល​លោក​ទាំង​ពីរ​​កំពុងតែស្វែងរកមោក្ខធម៌ ។ នៅ​ក្នុង​សម័យ​នោះ សញ្ជយបរិព្វាជក គឺ​ជា​អាចារ្យ​ដែលមានឈ្មោះ​បោះ​សម្លេង​យ៉ាង​ខ្លាំង​នៅ​ក្នុង​ក្រុង​រាជគ្រឹះ ។

ក្រោយមក ឧបតិស្សបរិព្វាជក (គឺព្រះសារីបុត្រ) បានស្តាប់នូវឣរិយសច្ចកថា ឣំពីសំណាក់ នៃព្រះឣស្សជ្ជិត្ថេរ ដោយសង្ខេប ហើយ ក៏បានសម្រេចព្រះសោតាបត្តិផល ទើបត្រឡប់មកពន្យល់ឲ្យកោលិតបរិព្វាជក (ព្រះមហាមោគ្គល្លាន) ជាសំឡាញ់របស់ខ្លួន បានស្តាប់ រហូតដល់កោលិតៈ បានសម្រេចនូវព្រះសោតាបត្តិផល ដូចខ្លួនដែរ ស្រេចហើយ ទើបនាំគ្នាទៅកាន់សំណាក់គ្រូសញ្ជយបរិព្វាជក ដើម្បីសុំលាទៅ ក្រាបថ្វាយបង្គំគាល់ព្រះពុទ្ធជាម្ចាស់ ព្រមទាំងបានបបួលគ្រូសញ្ជ័យ ឲ្យទៅគាល់ជាមួយផងដែរ ។ តែគ្រូសញ្ជ័យ មិនព្រមទៅជាមួយឡើយ ។ ឧបតិស្សៈ និង កោលិតៈ ព្រមទាំងបរិវារ របស់ខ្លួន បាននាំគ្នាទៅគាល់ព្រះបរមសាស្តា ហើយបានក្រាប ថ្វាយបង្គំទូលសុំបព្វជ្ជា និង ឧបសម្ប័ទ ជាភិក្ខុ ក្នុងព្រះពុទ្ធសាសនា លុះបានសម្រេចនូវសោឡសកិច្ចហើយ ក៏បានទទួលដំណែងជាព្រះឣគ្គសាវ័ក ឆ្វេងស្តាំ ។ ក្រោយមក ព្រះឣគ្គសាវ័កទាំងពីរ បានក្រាបទូលព្រះសាស្តា ឣំពីរឿងដែលគ្រូសញ្ជ័យ មិនព្រមមកគាល់ព្រះឣង្គ ជាមួយនឹងពួកខ្លួន តាមពាក្យបបួល ។

ព្រះសាស្តា ទ្រង់ជ្រាបហើយ ទើបត្រាស់ព្រះគាថានេះ ថា ៖

ឣសារេ សារមតិនោសារេ ចាសារទស្សិនោ
តេ សារំ នាធិគច្ឆន្តិមិច្ឆាសង្កប្បគោចរា ។
សារញ្ច សារតោ ញត្វាឣសារញ្ច ឣសារតោ
តេ សារំ ឣធិគច្ឆន្តិសម្មាសង្កប្បគោចរា ។

☸️ជនទាំងឡាយ ដែលយល់ឃើញ ក្នុងធម៌មានខ្លឹម ថាជាធម៌មិនមានខ្លឹមផង ជាឣ្នកមានតម្រិះខុសជាអារម្មណ៍ រមែងមិនបាននូវធម៌ដែលមានខ្លឹមឡើយ ។
☸️ជនទាំងឡាយ ដែលយល់ឃើញនូវធម៌មានខ្លឹម ថាជាធម៌មានខ្លឹមផង យល់ឃើញនូវធម៌ដែលគ្មានខ្លឹម ថាជាធម៌គ្មានខ្លឹមផង ជាឣ្នកមានតម្រិះត្រូវជាឣារម្មណ៍ រមែងបាននូវធម៌ដែលមានខ្លឹម ។

(សៀវភៅ​លេខ ៥២ ទំព័រ​ទី ២៣ ធម្មបទគាថា យមកវគ្គ)
Facebook Comments
Share this article:

Author: Johnny

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster).