រឿង នាងសុមនាទេវី

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវនាងសុមនាទេវី ជាធីតារបស់សេដ្ឋីឈ្មោះឣនាថបិណ្ឌិក ។ នាងសុមនាទេវី បានសម្រេចសកទាគាមិផល តាំងតែអំពីនាងនៅជាកុមារីមកម៉្លេះ, នាង មានជម្ងឺជាទម្ងន់ហើយបានហៅឣនាថបិណ្ឌិកសេដ្ឋី ថា ប្អូនប្រុស ។

ឣនាថបិណ្ឌិកសេដ្ឋី គិតថា “នាងសុមនាទេវីកូនស្រីពៅ ភ្លេចភ្លាំងសតិស្មារតី” ។ កាលបើនាងសុមនាទេវី បានធ្វើមរណកាលទៅហើយនោះ, លោកសេដ្ឋី មានទុក្ខទោមនស្ស សោកស្តាយ ឣាឡោះឣាល័យកូនស្រីពៅខ្លាំងណាស់ ហើយបានចូលទៅ ក្រាបទូលរឿងនេះ ថ្វាយព្រះសាស្តា ទ្រង់ជ្រាប តាំងតែឣំពីដើម រហូតដល់ចប់ ។

ព្រះសាស្តា ទ្រង់ត្រាស់រឿងពិតថា “នែសេដ្ឋី នាងសុមនាទេវី មិនបានភ្លេចភ្លាំងសតិស្មារតីអ្វីទេ គឺ នាងហៅទៅ តាមមគ្គផលទេតើ ព្រោះនាងជាសកទាគាមី, ឯលោកសេដ្ឋី ជាសោតាបន្ន” ។

ឣនាថបិណ្ឌិកសេដ្ឋីបានក្រាបទូលសួរព្រះសាស្តាថា “បពិត្រ ព្រះឣង្គដ៏ចម្រើន តើនាងសុមនាទេវី កូនស្រីពៅ របស់ទូលព្រះបង្គំ បានទៅកើត នៅក្នុងទីណាដែរ?” ។

ព្រះសាស្តា ទ្រង់ត្រាស់ថា “នាងសុមនាទេវី បានទៅកើតនៅឋានតុសិតទេវលោកឯណោះហើយ” ស្រេចហើយ ទ្រង់ត្រាស់នូវព្រះគាថានេះថា ៖

ឥធ នន្ទតិបេច្ច នន្ទតិ
កតបុញ្ញោឧភយត្ថ នន្ទតិ
បុញ្ញំ មេកតន្តិ នន្ទតិ
ភិយ្យោ នន្ទតិសុគតឹ គតោ ។

☸️បុគ្គលឣ្នកបានធ្វើបុណ្យទុកហើយ រមែងត្រេកឣរ ក្នុងលោកទាំងពីរ គឺត្រេកឣរក្នុងលោកនេះផង ត្រេកឣរក្នុងលោកខាងមុខផង, បុគ្គលនោះ រមែងត្រេកឣរ ដោយគិតឃើញថា បុណ្យឣាត្មាឣញបានធ្វើហើយ លុះធ្វើមរណកាលទៅកាន់សុគតិ ក៏រឹងរឹតតែត្រេកឣរយ៉ាងក្រៃលែង ។


Facebook Comments
Share this article:

Author: Johnny

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster).