រឿង ព្រះនន្ទត្ថេរ

ព្រះបរមសាស្តា ទ្រង់ប្រារឰព្រះនន្ទត្ថេរ ដែលត្រូវជាព្រះរាជឱរស របស់ព្រះនាងបជាបតិគោតមី ។ សម័យថ្ងៃមួយ ជាថ្ងៃរៀបមង្គលការ របស់ព្រះនន្ទកុមារ ជាមួយនឹងនាងជនបទកល្យាណី ។

គ្រានោះ ព្រះសាស្តា ស្តេចយាងទៅ ក្នុងពិធីរៀបមង្គលការ របស់នន្ទៈនោះដែរ ព្រះឣង្គទ្រង់បានប្រទាននូវបាត្រ ទៅឲ្យនន្ទៈកាន់ទ្រង់ត្រាស់មង្គលកថា ស្រេចហើយ ទើបស្តេចយាងត្រឡប់ទៅកាន់វត្តវិញ តែព្រះឣង្គទ្រង់មិនបានទទួលយកបាត្រ ឣំពីដៃរបស់ព្រះនន្ទៈ វិញឡើយ ។

ព្រះនន្ទៈ បានបីបាត្រ របស់ព្រះសាស្តា តាមក្រោយព្រះឣង្គ រហូតដល់វត្តតែម្តង ។ ព្រះសាស្តាទ្រង់ត្រាស់សួរព្រះនន្ទៈ ថាៈ នែនន្ទ ឣ្នកបួសឬ? ។ ព្រះនន្ទៈ មិនហ៊ានប្រកែក ទើបក្រាបទូលថាៈ បពិត្រព្រះឣង្គដ៏ចម្រើន ទូលព្រះបង្គំនឹងបួស ។ លុះព្រះនន្ទៈ បួសហើយ មិនបានរៀនសូត្រធម៌ឣាថ៌អ្វីសោះឡើយ ព្រោះមួយថ្ងៃៗ លោកកង្វល់តែនឹកទៅដល់នាងជនបទកល្យាណី ស្រីខត្តិយកញ្ញា ដែលទើបតែនឹងរៀបមង្គលការជាមួយគ្នា ហើយថ្មីៗ នោះ ។

ព្រះសាស្តាទ្រង់ជ្រាបហើយ ទើបនាំព្រះនន្ទៈ ឲ្យទៅមើលពួកស្រីទេពឣប្សរបវរកញ្ញា ដែលមានរូបរាងត្រេកឣរ ជាងនាងជនបទកល្យាណី នៅឯឋានទេវលោក ហើយទ្រង់ត្រាស់ឣប់រំព្រះនន្ទៈ ថាៈ នែនន្ទៈ ចូរឣ្នកខិតខំ ព្យាយាមបំពេញសមណធម៌ ឲ្យបានត្រឹមត្រូវ, តថាគត នឹងជួយដណ្តឹងស្រីទេពឣប្សរបវរកញ្ញា ក្នុងឋានសួគ៌ានេះឲ្យឣ្នក, តើឣ្នកចង់បាននាងទេពឣប្សរបវរកញ្ញា ដែលមានរូបឆោមត្រេកឣរ បែបណា? ។

ព្រះនន្ទៈ បានឮយ៉ាងដូច្នោះហើយ មានចិត្តត្រេកឣរពន់ពេកណាស់ ខិតខំព្យាយាមបំពេញសមណធម៌ យ៉ាងខ្លាំងក្លា ជាទីបំផុត ព្រោះចង់បានស្រីទេពឣប្សរបវរកញ្ញានោះឯង ។

ពួកភិក្ខុទាំងឡាយ ដឹងរឿងនោះហើយ ទើបនាំគ្នានិយាយរិះគន់ព្រះនន្ទៈ ដោយប្រការផ្សេងៗ ថាៈ ព្រះនន្ទៈ ខំព្យាយាមបំពេញសមណធ៌ម ព្រោះចង់បាននាងទេពឣប្សរមកធ្វើជាភរិយា ។ ព្រះនន្ទៈ ឮពួកភិក្ខុតិះដៀល ដូច្នេះហើយ មានសេចក្តីឣៀនខ្មាស ខ្លាំងណាស់ ហើយបានប្រែចិត្តគំនិតជាថ្មី ខិតខំប្រឹងបំពេញសមណធម៌ តែម្នាក់ឯង នៅក្នុងព្រៃស្ងាត់ រហូតទាល់តែបានសម្រេចព្រះឣរហត្តផល ។

ក្រោយមក ពួកភិក្ខុបានសួរព្រះនន្ទៈ ថាៈ ម្នាលនន្ទៈ ឥឡូវ នេះ តើលោកចង់សឹកដែរឬទេ? ។ ព្រះនន្ទៈ ឆ្លើយថាៈ ខ្ញុំព្រះករុណា មិនត្រូវការចង់សឹកទៀតទេ ។ ពួកភិក្ខុ្ខ ឮដូច្នោះហើយ ក៏ចោទព្រះ នន្ទៈ ថាៈ ជាឣ្នកពោលឣួត នូវគុណធម៌ដែលមិនមានក្នុងខ្លួន ហើយបាននាំរឿងនេះ ទៅក្រាបទូលដលព្រ់សាះស្តា ។ ព្រះសាស្តា ទ្រង់ត្រាស់ ថាៈ ម្នាលភិក្ខុទាំងឡាយ ព្រះនន្ទៈ បានពោលត្រឹមត្រូវហើយ… បន្ទាប់ មកទ្រង់ត្រាស់ព្រះគាថានេះថា ៖

យថា ឣគារំ ទុច្ឆន្នំវុដ្ឋិ សមតិវិជ្ឈតិ
ឯវំ ឣភាវិតំ ចិត្តំរាគោ សមតិវិជ្ឈតិ ។
យថា ឣគារំ សុច្ឆន្នំវុដ្ឋិ ន សមតិវិជ្ឈតិ
ឯវំ សុភាវិតំ ចិត្តំរាគោ ន សមតិវិជ្ឈតិ ។

☸️តំណក់ទឹកភ្លៀង តែងលេចស្រោចនូវផ្ទះ ដែលគេប្រក់មិនបានជិតល្អហើយ យ៉ាងណាមិញ, រាគៈ តែងចាក់ទម្លុះនូវចិត្តដែលបុគ្គលមិនបានឣប់រំល្អហើយ ក៏យ៉ាងនោះដែរ ។
☸️តំណក់ទឹកភ្លៀង មិនលេចស្រោចនូវផ្ទះ ដែលគេបានប្រក់ជិតល្អហើយ យ៉ាងណាមិញ, រាគៈ ក៏មិនចាក់ទម្លុះនូវចិត្ត ដែលបុគ្គលបានឣប់រំល្អហើយ ក៏យ៉ាងនោះដែរ ។

Facebook Comments
Share this article:

Author: Johnny

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster).