បុរាណភាសិត (៥)
ពាក្យរិះគន់ប្រសើរជាងពាក្យសរសើរ ?
ភាសាបាលីខាងក្រោមនេះ សរសេរដោយតួអក្សរ
១. រ៉ូម៉ាំង ២. ភូមា ៣. ទេវនាគរី(ឥណ្ឌា) ៤. អក្សរខ្មែរ ។
Dummedhehi pasaṃsā ca, viññūhi garahā ca yā;
Garahāva seyyo viññūhi, yaṃ ce bālappasaṃsanā.
ဒုမ္မေဓေဟိ ပသံသာ စ၊ ဝိညူဟိ ဂရဟာ စ ယာ။
ဂရဟာဝ သေယ္ယော ဝိညူဟိ၊ ယံ စေ ဗာလပ္ပသံသနာ။
दुम्मेधेहि पसंसा च, विञ्ञूहि गरहा च या।
गरहाव सेय्यो विञ्ञूहि, यं चे बालप्पसंसना॥
ទុម្មេធេហិ បសំសា ច………. វិញ្ញូហិ គរហា ច យា
គរហាវ សេយ្យោ វិញ្ញូហិ…… យញ្ចេ ពាលប្បសំសនា ។
ការសរសើរអំពីពួកទុរជន និងការរិះគន់អំពីពួកវិញ្ញូជន
ការរិះគន់អំពីពួកវិញ្ញូជនប្រសើរជាង ការសរសើររបស់ជនពាលថ្វីនឹងប្រសើរ ?
——————–
ក្នុងព្រះត្រៃបិដកខ្មែរភាគ ៥៧ ទំព័រ ៣៨ ក្នុងព្រះសុត្តន្តបិដក ខុទ្ទកនិកាយ ចុទ្ទសកនិបាត លោកប្រែទុកថាៈ
ការសរសើរអំពីបុគ្គលមិនមានបញ្ញាទាំងឡាយណា និងសេចក្ដីតិះដៀលអំពីបុគ្គលអ្នកមានបញ្ញាទាំងឡាយណា សេចក្ដីតិះដៀលអំពីបុគ្គលអ្នកមានបញ្ញាទាំងឡាយនោះប្រសើរ ឯការសរសើររបស់បុគ្គលពាល ពុំប្រសើរឡើយ ។ (ភាសិតរបស់ព្រះគោទត្តថេរៈ)
បញ្ជាក់ៈ ដែលខ្ញុំសរសេរបាលីដោយប្រើតួអក្សរផ្សេងៗនេះ មិនមែនចង់អួតថាខ្លួនចេះទេ តែដោយមានគោលបំណងចង់ឱ្យភិក្ខុសាមណេរចេះអានបាលីដែលប្រើតួអក្សរផ្សេងៗបាន ព្រោះថាក្នុងការត្រួតពិនិត្យជំនុំជម្រះគម្ពីរសំខាន់ៗ របស់ថេរវាទដែលជាបាលី មិនថាព្រះត្រៃបិដក អដ្ឋកថា ឬគម្ពីរផ្សេងៗឯទៀត គួរតែចេះអានទេវនាគរី ភូមា ថៃ លង្កា និងរ៉ូម៉ង់ ដើម្បីស្រួលក្នុងការផ្ទៀងផ្ទាត់គ្នា តទៅអនាគត បើគណៈសង្ឃមានសមត្ថភាពអាចជម្រះព្រះត្រៃបិដកឱ្យបានរឹតតែប្រសើរជាងដែលយើងមានសព្វថ្ងៃ មានការកែកន្លែងដែលប្រែភ្លាំងភ្លាត់លើសខ្វះ ចាត់ខ និងដាក់ចំណងជើងឱ្យមានលម្អិតច្រើនឡើងជាដើម ដើម្បីស្រួលក្នុងការសិក្សាស្រាវជ្រាវ នោះនឹងជាប្រយោជន៍ដល់កុលបុត្រក្នុងពុទ្ធសាសនមណ្ឌលនៃប្រទេសខ្មែរជាមិនខាន នេះជាសេចក្ដីសង្ឃឹមតិចតួចផ្ទាល់ខ្លួនរបស់ខ្ញុំ ។
តាអារាមប៊យ
ខែមករា ទី ៧, ២០១៨