អហំនមេ | ផ្គងចិត្តមិនរេ | លើកហត្ថកំបង់ |
ឆ្ពោះអង្គពុទ្ធា | ធម្មាផូរផង់ | សាវកស្មោះត្រង់ |
ព្រះសង្ឃបរិសុទ្ធ។ | ||
វរវន្ទិត្វា | អោនអង្គសិរសា | ចិន្តាលំអុត |
មាតាបិតា | ថ្លៃថ្លាបំផុត | អ្នករក្សាបុត្ត |
ឲ្យផុតទុក្ខា។ | ||
នមាមិហំ | រលឹកនឹកខ្លាំង | តាំងជាប់ចិន្តា |
ដល់គុណលោកគ្រូ | វិញ្ញូអាចារ្យ | លោកដឹកហត្ថា |
រៀនលេខអក្សរ។ | ||
គុណស្តេចទេព្តា | លោកថែរក្សា | ទក្សិណ-ឧត្តរ |
បូព៌ា-បច្ចឹម | ស្កៃស្កឹមបវរ | ឥន្រ្ទាព្ធដ៏ |
ត្រៃត្រឹង្សសួគ៌ល័យ។ | ||
ទាំងគុណមិត្រញាតិ | រលឹកពុំឃ្លាត | វិវាទទីទៃ |
ស្មោះស្ម័គ្ររាប់រក | ទៅមកលកលៃ | អាសន្នគ្រោះភ័យ |
សង្រ្គោះសន្តាន។ | ||
គុណព្រះធរណី | គង្គាអគ្គី | តាំងពីបូរាណ |
ទាំងគុណវាតា | ចាស់ចារទុកដាន | សព្វសត្តរស់បាន |
អាស្រ័យធាតុបួន។ | ||
តេជៈបណាម | សូមបារមីតាម | រក្សាថែធួន |
បរិស័ទទាំងឡាយ | ជិតឆ្ងាយទាំងបួន | សុខភាពមាំមួន |
ប្រាសចាករោគា។ | ||
កើតកបបញ្ញា | សិរីសុខា | ខេមរាជនា |
ឈ្នះអស់សត្រូវ | ម្រឹត្យូវពលមារ | លុះក្នុងធម្មា |
មគ្គាព្រះពុទ្ធ។ | ||
សម្រេសមគ្គផល | ទ្រទ្រង់តម្កល់ | កុសលមោះមុត |
បូជាធម្មៈ | យល់ជាក់លោកុត្តរ៍ | សទ្ធាបរិសុទ្ធ |
ឆ្លងផុតដល់ត្រើយ។ |
ភូមិបឹងឡែង ឃុំជ្រៃឃ្មុំ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង
ដើមបទបរិយាយ ពុំតាំងកាយថាចេះឡើយ ឃ្លាកាព្យដែលចងហើយ ក្រែងមានធ្លោយដោយប្រការ។ សូមប្រាជ្ញព្រឹទ្ធិមេធា មានសទ្ធាប្រោសមេត្តា កែព្យាង្គឃ្លាអក្ខរា អត្ថខ្លឹមសារឲ្យទានផង។ បើឆ្គងទ្វារវចី ទាំងសេចក្តីទាស់បំណង សន្តោសខ្ញុំបាទផង មិត្រ-រៀមច្បងផងទាំងឡាយ។ រៀបរាប់ភ្ជាប់វគ្គឃ្លា វណ្ណនាដោយនាយ-អាយ បញ្ហាលោកទាំងឡាយ អភិប្រាយស្រាយចាប់ផ្តើម។
ថ្ងៃ១២កើតខែភទ្របទ ឆ្នាំថោះ ព.ស. ២៥៦៧
ត្រូវនឹងថ្ងៃអង្គារ៍ ទី២៦ខែកញ្ញា ឆ្នាំ២០២៣
យឿង-ស្រស់
🔸Last Updated កំណែចុងក្រោយ on August 8, 2024
Facebook Comments