គុណតួព្យញ្ជនៈ

សុខដទៃក្រៅពីសេចក្តីស្ងប់ពុំមានឡើយ។

🔸បុណ្យគឺចោរទាំងឡាយ លួចយកមិនបាន។


គុណតួព្យញ្ជនៈ

បទពាក្យប្រាំពីរ

គុណតួព្យញ្ជនៈជាក់អស្ចារ្យគុណនោះថ្លៃថ្លាហួសគណនា
ផ្តល់គុណប្រយោជន៍កេរទ្រព្យាផ្តល់គោត្តនាមាកេរ្តិ៍កិត្តិយស ។
ផ្តល់ផលសព្វគ្រប់ទាំងយប់ថ្ងៃផ្តល់ន័យសេចក្តីថ្លៃខ្ពង់ខ្ពស់
ផ្តល់ស័ព្ទសញ្ញាឃ្លាពិរោះផ្តល់នោះឈ្មោះថាអស្ចារ្យក្រៃ ។
ក-ផ្តល់កំណើតកើតជាមនុស្សក-ការពារគ្រោះទាំងយប់ថ្ងៃ
ក-ផ្តល់កំណប់គាប់ថ្លាថ្លៃក-ជួយកែច្នៃកើតកិច្ចការ ។
ខ-ផ្តល់ខោអាវស្លៀកដណ្តប់ខ-ខិតខំគ្របថែរក្សា
ខ-ផ្តល់ខមាអត់ទោសាខ-ខំរក្សាដោយខន្តី ។
គ-ផ្តល់គំនិតគិតវែងឆ្ងាយគ– គន់គូរស្រាយឱ្យសិរី
គ-ផ្តល់គន្លងដងវិថីគ-ផ្តល់គប្បីន័យស្រស់ស្រាយ ។
ឃ-ផ្តល់គំហើញឃើញខុសត្រូវឃ-ឃាត់ឃាំងផ្លូវទៅអបាយ
ឃ-ផ្តល់ឃ្លៀងឃ្លាតភ័យអន្តរាយឃ-ផ្តល់ឃ្លាតឆ្ងាយអកុសល ។
ង– ផ្តល់ការងារមមិនឱ្យងាប់ង-ផ្តល់ងារជាប់មិនឱ្យខ្វល់
ង-ផ្តល់ងាយស្រួលផុតកង្វល់ង-ផ្តល់ងើបងើយលែងងងឹត ។
ច-ផ្តល់ចំណេះចេះចរចាច-ផ្តល់ចំណារជាគំនិត
ច-ផ្តល់ចំណោទចោទចូរគិតច-ផ្តល់ចេះពិតចូរចងចាំ ។
ឆ– ផ្តល់ឆន្ទៈពាក់បំណងឆ-ផ្តល់ឆ្លើយឆ្លងឆ្លាតចំណាំ
ឆ-ផ្តល់ឆទានមានរាល់ឆ្នាំឆ-ផ្តល់ឆៃយ៉ាំថ្នាំអផ្សុក ។
ជ– ផ្តល់ជំនួយជួយដល់ជាតិជ-ផ្តល់ជូនញាតិឱ្យឃ្លាតទុក្ខ
ជ– ផ្តល់ជោគជ័យសិរីសុខជ-ផ្តល់ជម្រកជ្រកសុខសាន្ត ។
ឈ– ផ្តល់ឈាមជ័រឈររស់រៀនឈ-ផ្តល់ជំហានឈានដល់ដាន
ឈ-ផ្តល់ជំហុបឈប់សាមាន្យឈ-ឈប់ឈ្លានពានឈ្លោះទាស់គ្នា
ញ-ផ្តល់ញញឹមស្រស់ប្រិមប្រិយញ-ផ្តល់ញាណីថ្លៃសោភា
ញ-ផ្តល់បញ្ញត្តិញេយ្យធម្មាញ-ញាក់ញច់គ្នាឈប់ញុះញង់ ។
ដ-ផ្តល់ដំបូន្មានល្អៗដ-ផ្តល់ដំណតពូជពង្ស
ដ-ផ្តល់ដំណឹងដឹងលែងល្ងង់ដើរដេកលែងលង់វង្វេងដាន ។
ឋ-ផ្តល់ទីឋានបានស្នាក់នៅឋ-ផ្តល់ឋានត្រូវនៅសុខសាន្ត
ឋ-ផ្តល់ឋានៈថ្នាក់ថ្កើងថ្កានឋ-បានឋិតថេរជាស្ថាពរ ។
ឌ-ផ្តល់ ភណ្ឌៈជាដើមទុនឌ-ឌុនសេចក្តីន័យបវរ       
ឌ– ឌិនមាសប្រាក់ប៉ាក់លំអឌ-ឌឺមិនល្អឈប់ឌឺដងគ្នា ។
ឍ– ផ្តល់ឍាមរាដ៏ឆ្អៅឆ្អិនឍ-ផ្តល់ឍាលិនប៉ិនការពា
ឍ-ផ្តល់ឍាលាខែលឈ្នះមារឍ-ធន់ធានាបច្ចាមិត្រ ។     
ណ– ផ្តល់ដំណឹងឱ្យដឹងការណ៍ណ-ផ្តល់ចំណារឱ្យពិនិត្យ
ណ-ផ្តល់ណែនាំឱ្យខំគិតណ-ផ្តល់គំនិតឱ្យចំណាប់ ។
ត-ផ្តល់តំណែងតែងតាំងងារត-ផ្តល់តម្រាជាក្បួនច្បាប់
ត-ផ្តល់ត្រចៀកសម្រាប់ស្តាប់ត-ផ្តល់តម្រាប់ឱ្យត្រាប់តាម ។
ថ– ផ្តល់ថែទាំថ្នមរក្សាថ-ផ្តល់ថវិកាតែហាមប្រាម
ថ-ថាថង់ធ្លាយងាយរហាមថ-ថាកុំញ៉ាមតាមគេឱ្យ ។
ទ-ផ្តល់ទំនាក់ទាក់ទងគ្នាទ-ផ្តល់ទានាជាអំណោយ
ទ-ផ្តល់ទន់ភ្លន់គន់មិនធ្លោយទ-ផ្តល់ទឹកឱ្យស្ទួយជីវិត ។
ធ-ផ្តល់ធនធានមានធូរធារធ-ផ្តល់ធម្មាដ៏ស័ក្តិសិទ្ធិ៍
ធ-ផ្តល់ធរណីទ្រជីវិតធ-ពិតធំធេងជួយធានា ។
ន-ផ្តល់នគរដ៏ថ្កើងថ្កានន-ផ្តល់និព្វានឋានសោភា
ន-ផ្តល់និស្ស័យជួបជុំគ្នាន-ផ្តល់នាមាហៅគ្នាបាន ។
ប-ផ្តល់បែបបទឱ្យប្រតិបត្តិប-បានបង្ហាត់និងបង្រៀន
ប-ផ្តល់របៀបរៀបចំប្រាណប-បានប្រទាននូវបញ្ញា ។
ផ-ផ្តល់ភោគផលយ៉ាងផូរផង់ផ-ផ្តល់ផ្ចិតផ្ចង់ជាផ្លែផ្កា
ផ-ផ្តល់ផាសុកចិត្តកាយាផ-ផ្តល់ផែនការផលិតផល ។
ព-ផ្តល់ពូជពង្សវង្សត្រកូលព-ផ្តល់ពំនោលពោលសម្គាល់
ព-ផ្តល់ពាក្យពិតផុតកង្វល់ព-ផ្តល់ពេជ្រមាសពាសពេញដី។
ភ-ផ្តល់ភូមិភាគភពផែនដីភ-ផ្តល់ភក្តីស្រស់ប្រិមប្រិយ
ភ-ផ្តល់ភាសិតពិតថ្លាថ្លៃភ-ផ្តល់អភ័យអត់ទោសា ។
ម-ផ្តល់មាគ៌ាដ៏មង្គលម-ផ្តល់មគ្គផលតាមកម្មា
ម-ផ្តល់មតិឱ្យភ្លឺថ្លាម-ផ្តល់មាតាបិតាផង ។
យ-ផ្តល់យុត្តិធម៌ដ៏ត្រឹមត្រូវយ-យោនយកផ្លូវទៅមិនឆ្គង
យ-ផ្តល់យោគយល់ញាតិប្អូនបងយ-យកគន្លងធម៌ជាធំ ។
រ-ផ្តល់រតនៈត្រ័យថ្លៃថ្លារ-ផ្តល់រក្សាសរណគម
រ-ផ្តល់រាក់ទាក់យ៉ាងមនោរម្យរ-រស់ថ្កើងថ្កុំផ្តុំរមនា ។
ល-ផ្តល់លាភយសលូតលាស់ល្អល-លះបាបធម៌ដ៏ពាលា
ល-ផ្តល់លក្ខណាសមសោភាល-ផ្តល់វេលាឥតលក្ខខណ្ឌ ។
វ-ផ្តល់រង្វាន់ឱ្យវិវឌ្ឍន៍វ-ផ្តល់វត្តបទធម៌សំខាន់
វ-ផ្តល់វាយោប្តូរឧស្ម័នវ-ផ្តល់វិមានឋានវិសេស ។
ស-ផ្តល់សង្គហៈជួយសង្រ្គោះស-ផ្តល់ស្ម័គ្រស្មោះមិនគេចវេស
ស-ផ្តល់សង្ខារសព៌ាង្គនេះស-ស៊ូចំណេះនឹងសិក្សា ។
ហ-ផ្តល់ហត្ថាចារសរសេរហ-ផ្តល់ហត្ថលេខ៍ឱ្យសញ្ញា
ហ-ផ្តល់ក្លាហានហ៊ានចាត់ការហ-ហាហាមប្រាមកុំហួសហេតុ ។
ឡ-ផ្តល់ឡើងថ្នាក់ឬស័ក្តិយសឡ-ឡើងកេរ្តិ៍ឈ្មោះខ្ពស់ត្រដែត
ឡ-កុំឡិមឡុមយកតែឆ្អែតឡូឡាអត់ហេតុដូចអ្នកឡប់ ។
អ-ផ្តល់អំណោយឱ្យឱនអង្គអ-ឱ្យផូរផង់ស្ទើរគ្រប់សព្វ
អ-ផ្តល់អំណាចអាចស្កល់ស្កប់អ-អប់កិត្តិយសខ្ពស់ដោយអត្ថ។
នេះហើយគុណតួនៃព្យញ្ជនៈបញ្ជាក់លោកអ្នកដោយកាត់ៗ
សូមស្លេះបញ្ចប់ដោយប្រតិបត្តិកណ្តាលយប់ស្ងាត់ប៉ុណ្ណេះហោង៕


និពន្ធដោយៈ ព្រះបវរសត្ថា កៅ ពុទ្ធា ជោតញ្ញាណោ

វត្តខេមររតនារាម, ថ្ងៃទី១១ ខែមករា ឆ្នាំ២០១១

🔸កំណែចុងក្រោយ Last Updated on April 18, 2025 by Johnny ចន្នី

Share this article:
Johnny ចន្នី

Author: Johnny ចន្នី

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster).