បញ្ហាការឱ្យផលនៃកម្មល្អ-កម្មអាក្រក់ !!! (២)

បញ្ហាការឱ្យផលនៃកម្មល្អ-កម្មអាក្រក់ !!! (២)

អ្នកខ្លះដែលខ្វះការពិចារណា អស់សទ្ធា មិនចង់ជឿ ឬមិនជឿថាផលនៃកម្មមានពិត!
សង្ឃឹមថា យ៉ាងហោចណាស់ អត្ថបទនេះនឹងជួយឱ្យយល់ផលនៃកម្មបានមួយកម្រឹត….
ក្នុងផុស្ដកន្លងមកបានសរសេរដោយខ្លីអំពីផលកម្ម(ផលនៃទង្វើ) ថ្នាក់ទី ១ គឺផលដែលកើតក្នុងចិត្ត និងថ្នាក់ទី ២ គឺផលដែលសន្សំទុកជាអត្តចរិតរបស់បុគ្គល ។ ក្នុងផុស្ដនេះ នឹងនិយាយអំពីផលថ្នាក់ទី ៣ គឺផលថ្នាក់ជាតួនាំដំណើរជីវិតរបស់បុគ្គលដោយសង្ខេប…..

——————————————-

ផលកម្មថ្នាក់ទី ៣ គឺការប្រព្រឹត្តទៅនៃមាគ៌ាជីវិត​​​​​​ព្រមទាំងផលតបស្នងផ្សេងៗ ក្នុងជីវិតមនុស្ស ដោយពិតទៅវាក៏ជារឿងកម្មនិយាមនោះឯង ហើយភាគច្រើនវាជាផលបន្ដមកអំពីផលថ្នាក់ទី ១ និងទី ២ ដូចតួយ៉ាង ប្រសិនបើមនុស្សម្នាក់មានឆន្ទៈស្រឡាញ់ការងារ ធ្វើការដោយសេចក្ដីព្យាយាម សុចរិត ចាត់ចែងការងារបានល្អ គេក៏ “គួរនឹង” បានលទ្ធផលការងារល្អនិងផលល្អតបស្នងត្រឡប់មកវិញ យ៉ាងហោចណាស់ក៏ល្អជាងអ្នកដែលខ្ជិលច្រអូសឬធ្វើការទុច្ចរិត មន្ត្រីរាជការដែលសុចរិតប្រកបដោយសមត្ថភាព តាំងចិត្តធ្វើការក្នុងមុខនាទីឱ្យកើតបានលទ្ធផលការងារល្អ  ក៏ “គួរនឹង” បានសេចក្ដីរីកចម្រើនក្នុងមុខតំណែងការងាររាជការ យ៉ាងហោចណាស់ក៏ល្អជាងរាជការដែលអសមត្ថភាពមិនប្រាកដប្រជាក្នុងមុខនាទី ប៉ុន្ដែ “ជួនកាល” ផលមិនបានកើតឡើងដូច្នោះទេ ទាំងនេះពីព្រោះថា ផលថ្នាក់ទី ៣ មិនមែនកើតមកកម្មនិយាមសុទ្ធៗ នោះទេ វាកើតមកអំពីបច្ច័យនៃនិយាមនិងនិយមដទៃផ្សេងៗ ជាពិសេសមានសង្គមនិយមចូលមកឡូកឡំជាមួយផង កាលបើយើងមើលតែកម្មនិយាមតែម្យ៉ាង មិនព្រមមើលបច្ច័យផ្នែកដទៃឱ្យបានសព្វគ្រប់ ព្រមទាំងមិនចេះបែងចែកក្របខណ្ឌសម្ពន្ធភាពរវាងនិយាមនិងនិយមផ្សេងៗ ចេញពីគ្នា ក៏នឹងមានការយល់ច្រឡំច្របូកច្របល់ ហើយនិយាយថា ធ្វើល្អបានអាក្រក់ ធ្វើអាក្រក់បានល្អ ប្រសិនបើកម្មនិយាមដើរតួតែឯកឯង ផលច្បាស់ជានឹងកើតតាមកម្ម(ទង្វើ)នោះៗ ឧទាហរណ៍ ក្មេងព្យាយាមអានសៀវភៅសម្រាប់រៀនដោយយកចិត្តទុកដាក់ អានបានចប់ ក៏កើនបានចំណេះ ប៉ុន្ដែជួនកាលរាងកាយហត់នឿយអស់កម្លាំងរហិតរហៃពេក ឬឈឺក្បាល ឬធាតុអាកាសក្ដៅពេក ក៏អាចអានមិនចប់ ឬអានចាប់សេចក្ដីមិនបាន នេះព្រោះបច្ច័យដទៃចូលមកដើរតួរួមផង ដូច្នេះជាដើម ។ ទោះជាយ៉ាងណាក្ដី គប្បីដឹងច្បាស់ក្នុងចិត្តថា សម្រាប់មនុស្ស កម្មនិយាមក៏នៅតែជាស្នូលកណ្ដាលជាត្រីវិស័យចង្អុលមាគ៌ាជីវិត ឬជាបច្ច័យតួឯកដែលកំណត់ការទទួលបានផលតបស្នងល្អអាក្រក់ផ្សេងៗ ក្នុងជីវិតយ៉ាងពិតប្រាកដ ចំពោះអ្នកដែលមិនសមតាមបំណងខ្លួន ឬមើលឃើញអ្នកដទៃដែលធ្វើល្អហើយមិនបានល្អ កាលបើមិនទាន់បានត្រួតអង្កេតហេតុបច្ច័យជ្រុងជ្រោយផ្សេងៗ ឱ្យច្បាស់នៅឡើយទេ ក៏អាចមើលសើៗ ទុកជាមុនថា ការណ៍នេះប្រសិនបើយើងមិនបានធ្វើល្អទុកទេ គង់តែយ៉ាប់ជាងនេះ ឬគេនោះប្រសិនបើគេមិនបានធ្វើល្អទុកខ្លះទេ គេគង់តែលិចលង់ជាងនេះ ។ កាលបើមើលយ៉ាងនេះ ជួនកាលនឹងជួយឱ្យចាប់ផ្ដើមយល់ មើលឃើញអ្វីៗ ច្បាស់ច្រើនឡើងថា ទោះជាយ៉ាងណាកម្មល្អដែលបានធ្វើទុក ក៏ផលមិនសោះសូន្យទាំងអស់នោះទេ ហើយអាចជាផលបន្ដទៅក្នុងចិត្តនិងផលដែលមានចំពោះអត្តចរិតដូចដែលបានផុស្ដកន្លងមកហើយនោះផង ។

 

សូមអញ្ចើញពិចារណាសេចក្ដីដើមនៃពុទ្ធសាសនសុភាសិត ដើម្បីកែខៃការយល់ច្របូកច្របល់ការឱ្យផលនៃកម្មដែលមានសេចក្ដីនៃពាក្យថា “ធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់” ដូចតទៅនេះ

យាទិសំ វបតេ ពីជំ………….. តាទិសំ លភតេ ផលំ
កល្យាណការី កល្យាណំ…….. បាបការី ច បាបកំ ។
សាបព្រោះពូជយ៉ាណា រមែងបានផលយ៉ាងនោះ
(អ្នក)ធ្វើល្អបានល្អ (អ្នក)ធ្វើអាក្រក់បានអាក្រក់ ។

គាថានេះជាពុទ្ធភាសិតក្នុងរូបឥសិភាសិត និងព្រះពោធិសត្វភាសិត ដែលព្រះពុទ្ធជាម្ចាស់នាំមកត្រាស់និទាន ប្រាកដក្នុងព្រះត្រៃបិដក ជាសេចក្ដីសម្ដែងគោលការណ៍រឿងកម្មបានយ៉ាងសង្ខេបច្បាស់លាស់ ។

សេចក្ដីក្នុងភាសិតខាងលើនេះ គួរសង្កេតថា សេចក្ដីវគ្គដំបូងដែលជាឧបមានោះ ព្រះអង្គនាំយកពីជនិយាមមកប្រៀបធៀប គ្រាន់តែពិចារណាសេចក្ដីឧបមាឱ្យល្អ យើងក៏អាចបែងចែកកម្មនិយាមនិងសង្គមនិយមចេញពីគ្នាបានភ្លាម សេចក្ដីដែលពោលថា សាបព្រោះពូជយ៉ាងណា បានផលយ៉ាងនោះ បញ្ជាក់ពីច្បាប់ធម្មជាតិផ្នែកពូជរុក្ខជាតិថា ដាំស្វាយបានស្វាយ ដាំស្រូវបានស្រូវជាដើម មិនបានសម្ដែងផលផ្នែកសង្គមនិយមថា ដាំស្វាយហើយនឹងបានលុយ ឬដាំស្រូវហើយនឹងក្លាយជាអ្នកមានជាដើម ដែលជាផលលំដាប់ថ្នាក់ផ្សេងគ្នា ពីជនិយាមនិងសង្គមនិយមមកភ្ជាប់គ្នាក្នុងលំដាប់ថ្នាក់ដែលថា បើដាំម្ទេស បានម្ទេសហើយ ជួនជាតម្រូវការរបស់ទីផ្សារត្រូវការម្ទេសច្រើន ទើបលក់បានថ្លៃល្អ ធ្វើឱ្យឆ្នាំនោះឯងបានលុយច្រើន ។

ផ្ទុយទៅវិញ ដល់ពេលដាំឳឡឹក ឳឡឹកលូតលាស់ល្អ បានផ្លែឳឡឹកក៏ច្រើន តែឆ្នាំនោះមានគេដាំច្រើន ហួសកម្រិតតម្រូវការរបស់ទីផ្សារ ធ្វើឱ្យតម្លៃចុះថោក ធ្វើឱ្យខាតទុន ចាក់ចោលទទេជាច្រើន ក្រៅអំពីបច្ច័យផ្នែកតម្រូវការរបស់ទីផ្សារ អាចនៅមានបច្ច័យផ្សេងៗ ដទៃទៀតចូលមកភ្ជាប់ជាមួយគ្នា ដូចជាឈ្មួញកណ្ដាល សង្កត់តម្លៃជាដើម ទោះជាយ៉ាងណាក៏ដោយ សារៈសំខាន់គឺ យើងឃើញភាពទៀងទាត់របស់ពីជនិយាមនៅដដែលមិនផ្លាស់ប្ដូរ ព្រមទាំងបានឃើញក្របខណ្ឌរបស់ពីជនិយាមនិងសង្គមនិយម ដែលញែកចេញពីគ្នានិងដែលភ្ជាប់គ្នាបានយ៉ាងច្បាស់លាស់ ឧបមានេះយ៉ាងណាមិញ ឧបមេយ្យក៏យ៉ាងនោះដែរ ។ មនុស្សខ្លះតែងតែមើលកម្មនិយាមនិងសង្គមនិយមច្របូកច្របល់គ្នាគឺ គេនិយាយថា ធ្វើល្អបានល្អ ក្នុងន័យថា ធ្វើសេចក្ដីល្អហើយមាន ធ្វើសេចក្ដីល្អហើយបានតម្លើងតំណែងជាដើម តាមពិតទៅវាក៏គួរតែដូច្នោះ តែជួនកាលក៏មិនដូច្នោះទេ ដូចនិយាយថា ដាំស្វាយបានលុយច្រើន ដាំដូងធ្វើឱ្យជាអ្នកមាន ព្រោះដាំល្មុតទើបក្រីក្រ ទាំងនេះអាចពិតក៏បាន មិនពិតក៏បាន ប៉ុន្ដែការពិតគឺ ការនិយាយរំលងលំដាប់ថ្នាក់ មិនជាការសម្ដែងការពិតពេញលំដាប់ថ្នាក់ អាចប្រើបានសម្រាប់ល្មមយល់បាន ប៉ុន្ដែបើចង់បានការពិត ត្រូវសម្ដែងហេតុបច្ច័យឱ្យល្អិតទៅតាមលំដាប់ ។

ការពិត ការឱ្យផលនៃកម្ម នៅមានសេចក្ដីដែលគួរសិក្សាច្រើនទៀត ហើយគោលការណ៍រឿងកម្ម ទោះជាមានការប្រើពាក្យដូចព្រហ្មញ្ញសាសនាក៏ដោយ តែអត្ថន័យមែនទែនមិនដូចព្រហ្មញ្ញសាសនា ដូចដែលមានអ្នកខ្លះយល់ច្រឡំនោះទេ អ្វីៗ ដែលសរសេរក្នុងទីនេះ សរសេរដោយសង្ខេបល្មមយល់តែប៉ុណ្ណោះ សូមផ្ញើជូនសម្រាប់ពិចារណាទាំងអស់គ្នា ។ មួយវិញទៀត កម្មនឹងឱ្យផលបានពេញទី ឬមិនពេញទី ត្រូវតែមានកត្តាដែលលោកបានសម្ដែងទុកហៅថា សម្បត្តិនិងវិបត្តិ ទៀត បើមានពេលនឹងសរសេរផុស្ដនៅពេលខាងមុខ ជូនប្រិយមិត្តទាំងអស់ឱ្យបានសិក្សាស្វែងយល់រួមគ្នា សូមឱ្យសប្បាយរីករាយសិក្សាក្នុងការស្វែងយល់ពុទ្ធធម៌ទាំងអស់គ្នា ។

——————————-

ពុទ្ធធម៌៖ សម្រួលអត្ថបទ ដោយតាអារាមប៊យ

២ ឧសភា ២០១៩

🔸កំណែចុងក្រោយ Last Updated on February 24, 2025 by Johnny ចន្នី

Share this article:
បណ្ឌិត ធម្មណាត

Author: បណ្ឌិត ធម្មណាត

ទីប្រឹក្សា គណៈកម្មការ ពុទ្ធិកសមាគមខ្មែរ វត្តខេមររតនារាម Advisor to The Cambodian Buddhist Society of Wat KhemaRaRatanaram