បុរាណភាសិត (១៣)
គ្មានកម្លាំងអ្វីស្មើនឹងកម្លាំងកម្ម
មិត្រវិជ្ជា, សត្រូវព្យាធិ, ស្រឡាញ់ខ្លួន និងកម្លាំងកម្ម……
បុរាណភាសិតខាងក្រោមនេះ ជាភាសាបាលី សរសេរដោយតួអក្សរៈ ១. ខ្មែរ, ២. ទេវនាគរី(ឥណ្ឌា), ៣. មីយ៉ាន់ម៉ា(ភូមា), ៤. ថៃ, ៥. រ៉ូម៉ាំង តាមលំដាប់ ។
នត្ថិ វិជ្ជាសមំ មិត្តំ, ន ច ព្យាធិសមោ រិបុ;
ន ច អត្តសមំ បេមំ, ន ច កម្មសមំ ពលំ ។
नत्थि विज्जासमं मित्तं, न च ब्याधिसमो रिपु।
न च अत्तसमं पेमं, न च कम्मसमं बलं॥
နတ္ထိ ဝိဇ္ဇာသမ ံမိတ္တံ၊ န စ ဗ္ယာဓိသမော ရိပု။
န စ အတ္တသမံ ပေမံ၊ န စ ကမ္မသမံ ဗလံ။
นตฺถิ วิชฺชาสมํ มิตฺตํ, น จ พฺยาธิสโม ริปุ;
น จ อตฺตสมํ เปมํ, น จ กมฺมสมํ พลํ ฯ
Natthi vijjāsamaṃ mittaṃ, Na ca byādhisamo ripu;
Na ca attasamaṃ pemaṃ, Na ca kammasamaṃ balaṃ.
គ្មានមិត្រណាស្មើនឹងវិជ្ជា, គ្មានសត្រូវណាស្មើនឹងព្យាធិ;
គ្មានសេចក្ដីស្រឡាញ់ណាស្មើនឹងស្រឡាញ់ខ្លួន, គ្មានកម្លាំងអ្វីស្មើនឹង(កម្លាំង)កម្ម ។
ប្រភពៈ លោកនីតិ បណ្ឌិតកណ្ឌ គាថាទី ២៣
———————
អធិប្បាយដោយសង្ខេបៈ
ក្នុងពេលមានអាសន្ន មិត្រខ្លះអាចចោលយើង មិនជួយយើង ឬអាចមិនស្មោះត្រង់នឹងយើង និងមិនអាចតាមយើងទៅកាន់គ្រប់ទីស្ថានបាន តែមិត្រវិជ្ជាមិនដូច្នោះទេ នៅជាមួយយើងគ្រប់ពេល ជួយយើងគ្រប់សារពើកិច្ចការ ស្មោះត្រង់ជាមួយយើងគ្មានវៀចវេរឡើយ បុគ្គលគួរសន្សំមិត្រវិជ្ជាទុកឱ្យបានច្រើន ។
សត្រូវខាងក្រៅ យើងអាចគេចវេះឬលាក់ខ្លួនឱ្យផុតបាន តែព្យាធិជាសត្រូវដែលមិនអាចគេចផុតបានទេ មិនថានឹងទៅលាក់ខ្លួនបំពួនអាត្មានៅស្ថានណា ៗ វានឹងតាមទាន់យើងជាមិនខាន ហេតុដូច្នេះ នៅពេលដែលនៅមានកម្លាំងនិងសុខភាពល្អ គួរខំសន្សំកុសលកម្មឱ្យបានច្រើន កុំបណ្ដោយឱ្យពេលវេលាកន្លងផុតទៅដោយប្រាសចាកប្រយោជន៍ គួរនឹកពិចារណាជានិច្ចថា អាត្មាអញនឹងមានជំងឺឈឺថ្កាត់មិនខាន ។
កម្លាំងនៃកម្មក៏គ្មានបុគ្គលណាគេចរួចផុតទេ ដល់ពេលកម្មឱ្យផល គ្មានបុគ្គលណានឹងប្រយុទ្ធតតាំងយកឈ្នះដោយកម្លាំងមាសប្រាក់សំណូកសូកប៉ាន់ ឬឈ្នះដោយយសសក្ដិអំណាច ឬយកឈ្នះដោយកងទ័ពប្រដាប់សព្វាវុធណាៗ បានឡើយ ។ បុគ្គលខ្លះប្រកបទុច្ចរិតកម្មអាចគេចផុតពីច្បាប់បាន តែមិនអាចគេចផុតពីផលនៃកម្មបាន ហេតុនេះមុននឹងប្រកបកាយកម្ម វចីកម្ម ឬមនោកម្ម គួរគិតឱ្យហ្មត់ចត់ គួរគិតដល់ផលនៃកម្មដែលខ្លួននឹងទទួល ព្រោះថាកម្លាំងកម្មគ្មានកម្លាំងណាស្មើឡើយ បុគ្គលម្នាក់ៗជាទាយាទនៃកម្មរបស់ខ្លួន (គួរសិក្សា “កម្ម ១២” ផង) ។
អ្នកប្រាថ្នាផ្ទៀងផ្ទាត់បាឡីតួអក្សរខ្មែរជាមួយនឹងសេចក្ដីប្រែសម្រាយ អាចពិបាកអានបន្ដិច ព្រោះបាឡីតួអក្សរខ្មែរនៅឆ្ងាយពីសេចក្ដីប្រែខ្មែរ ។
សូមអរគុណដែលអាននិងជួយចែករំលែកជាធម្មគតិឱ្យបានទូលំទូលាយ ។
តាអារាមប៊យ
ខែកុម្ភៈ ទី១៦, ២០១៨
🔸Last Updated កំណែចុងក្រោយ on March 26, 2023