ខ្មែរបីកំណាត់

សុខដទៃក្រៅពីសេចក្តីស្ងប់ពុំមានឡើយ។

អ្នកសុំតែងតែទាស់ចិត្តអ្នកឱ្យ ការសុំហ្នឹងហើយនាំបែកមិត្ត។ 🕯️ធម្មាចារ្យ ឆឹង កាន


ខ្មែរបីកំណាត់

ខ្មែរលើខ្មែរក្រោមខ្មែរកណ្តាលនាំគ្នាអុជអាលបំបាត់ឈ្មោះ
ខ្មែរមួយអួតអាងប្រឹងឱ្យខ្ពស់ខ្មែរមួយឱបយសរស់ម្នាក់ឯង ។
ខ្មែរក្រោមកំសត់អស់ទឹកដីដេកគិតភិតភ័យយំក្តែងៗ
ខ្មែរនៅកណ្តាលច្រៀងឥតក្រែងកាត់ជើងដៃឯងសល់តែខ្លួន ។
បដិសេធខ្មែរលើថាជាថៃថាខ្មែរក្រោមក្តីជាសាសន៍យួន
អ្នកនៅកណ្តាលទើបសមសួនថាខ្លួនគ្រប់គ្រាន់គ្រប់លក្ខណៈ ។
តើគ្រប់ម្តេចទៅខ្មែរកណ្តាលប្រមាថពាសវាលឥតបណ្តាក់
កាត់ខ្មែរលើក្រោមចោលឥតអាក់ជើងដាច់ក្បាលបាត់នៅតែខ្លួន ។
លូតលាស់ម្តេចកើតបើយើងកាត់ខ្មែរបីកំណាត់មួយចែកយួន
មួយទៀតចែកសៀមច្រើនចំនួនរួចហើយអួតខ្លួនជាខ្មែរសុទ្ធ ។
អនិច្ចាខ្មែរណាស់មិនស្គាល់ខ្មែរចែកកេរ្តិ៍ដូនតាមិនតក់ស្លុត
កាត់លើឱ្យសៀមមិនឱ្យភ្លាត់ក្រោមឱ្យយួនបាត់សល់កណ្តាល ។
ពេលណាទើបយើងប្រមូលគ្នាជុំជាគ្រួសារយ៉ាងវិសាល
ខ្មែរលើខ្មែរក្រោមខ្មែរកណ្តាលជាថ្នាលកម្ពុជាជាតិតែមួយ? ៕
កែវ ច័ន្ទបូរណ៍

និពន្ធដោយៈ អ្នកស្រី កែវ ច័ន្ទបូរណ៍ Keo, Chanbo

Share this article:
Johnny ចន្នី

Author: Johnny ចន្នី

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster).