ឆន្ទបាលី-បឋ្យាវត្ត

បឋ្យាវត្ត ???
(មិនដឹងថានឹងមានអ្នកអានឬទេ អាចមានប្រយោជន៍សម្រាប់ព្រះភិក្ខុសាមណេរដែលសិក្សាភាសាបាលី)
កាលខ្ញុំផុស្ដបុរាណភាសិតគ្រាទី ៤ មានសំណួរពីអ្នកអានម្នាក់សួរថាៈ
គាថានេះ មានឈ្មោះអ្វីដែរ ? មួយគាថា មានប៉ុន្មានបាទ មួយបាទមានប៉ុន្មានអក្ខរៈ រៀមច្បង?
ខ្ញុំអានសំណួរហើយ ក៏យល់ភ្លាមថាអ្នកសួរគង់ដឹងរឿងឆន្ទ? បើមិនដឹងទេ មិនអាចនឹងដឹងរឿងបាទនិងអក្ខរៈទេ… មានប្រិយមិត្តម្នាក់បានជួយឆ្លើយមុនរួចទៅហើយ បានជាមិនបានឆ្លើយក្នុងទីនោះ ។

បឋ្យាវត្ត ជាឈ្មោះឆន្ទ(ឆ័ន គឺកាព្យ) ក្នុងភាសាបាលីម្យ៉ាង ដែលពុទ្ធសាសនិកជនបានឃើញបានឮច្រើនបំផុត ដូច្នេះយើងគប្បីយល់ខ្លះៗ ក៏ជាប្រយោជន៍ល្អម្យ៉ាងដែរ ជាពិសេសនឹងជាប្រយោជន៍សម្រាប់ការយកធម៌អាថ៌ទៅបោះពុម្ពចែកជាធម្មទាន សព្វថ្ងៃមានលទ្ធភាពក្នុងការបោះពុម្ពផ្សព្វផ្សាយច្រើន ប៉ុន្ដែមិនសូវមានអ្នកខ្វល់ពីរឿងខុសឬត្រូវទេ គាថាទាំងឡាយភាគច្រើនជាពុទ្ធតម្រាស់ គួរយើងគោរពបូជាដោយការខំថែរក្សាឱ្បបានត្រឹមត្រូវ ។
ដើម្បីជាការស្វែងយល់អំពីឆន្ទដែលមានឈ្មោះថា “បឋ្យាវត្ត” នេះ ខ្ញុំសូមសរសេរអធិប្បាយយ៉ាងសង្ខេបដូចតទៅនេះ

១. វិធីសរសេរបឋ្យាវត្តដែលត្រឹមត្រូវ គឺត្រូវសរសេរខាងដើមបាទទាំង ៤ ឱ្យស្មើគ្នា មិនត្រូវមានចូលបន្ទាត់ទេ ហើយត្រូវវគ្គចន្លោះរវាងបាទទី ១ ឱ្យឃ្លាតឆ្ងាយពីបាទទី ២, បាទទី ៣ ឱ្យឃ្លាតឆ្ងាយពីបាទ ទី ៤ សូមមើលតួយ៉ាងដូចតទៅនេះ

យេ ច ពុទ្ធា អតីតា ចយេ ច ពុទ្ធា អនាគតា
បច្ចុប្បន្នា ច យេ ពុទ្ធាអហំ វន្ទាមិ សព្វទា ។

(ចុចៗ នេះខ្ញុំប្រើដើម្បីកុំឱ្យតួអក្សររត់មកជិតគ្នាពេលផុស្ដ(បង្ហោះ)ក្នុងហ្វេសប៊ុកប៉ុណ្ណោះ ព្រោះក្នុងហ្វេសប៊ុក មិនថាយើងដកឃ្លាឆ្ងាយពីគ្នាប៉ុន្មានក៏ដោយ ដល់ផុស្ដទៅ តួអក្សរនឹងរត់មកជិតគ្នា)

ពេលបោះពុម្ពសៀវភៅធម៌អាថ៌ចែកជាធម្មទាន គប្បីមើលឱ្យបានច្បាស់លាស់ថាជាឆន្ទ ឬក៏ជាសេចក្ដីរាយធម្មតា ប្រសិនបើអាចនឹងសរសេរឱ្យត្រឹមត្រូវបាន និងជួយគ្នារក្សាក្បួនខ្នាតឱ្យបានត្រឹមត្រូវ ជាពិសេសពុទ្ធវចនៈគួរជួយគ្នារក្សាជាការប្រពៃក្រៃលែង ។

២. បឋ្យាវត្ត ជាពាក្យកាព្យដែលក្នុងមួយគាថាមាន ៣២ ព្យាង្គ(អក្ខរៈ), ក្នុងមួយគាថាមាន ៤ បាទ, ក្នុងមួយបាទមាន ៨ ព្យាង្គ សូមលើកគាថាខាងលើមកពន្យល់ម្ដងទៀត

យេ ច ពុទ្ធា អតីតា ច (យេ-ចៈ-ពុទ-ធា-អៈ-តី-តា-ចៈ) = ៨ ព្យាង្គនេះជាបាទទី ១
យេ ច ពុទ្ធា អនាគតា (យេ-ចៈ-ពុទ-ធា-អៈ-ណា-គៈ-តា) = ៨ ព្យាង្គនេះជាបាទទី ២
បច្ចុប្បន្នា ច យេ ពុទ្ធា (ប៉័ច-ចុប-ប៉័ន-ណា-ចៈ-យេ-ពុទ-ធា) = ៨ ព្យាង្គនេះជាបាទទី ៣
អហំ វន្ទាមិ សព្វទា (អៈ-ហ័ង-វន-ទា-មិ-ស័ព-ពៈ-ទា) = ៨ ព្យាង្គនេះជាបាទទី ៤
រួម ៨ ព្យាង្គ x ៤ បាទ = ៣២ ព្យាង្គ ។

៣. ខហាម និងខបង្គាប់ក្នុងបាទនីមួយៗ
ក- ព្យាង្គទី ២, ៣, ៤ ក្នុងបាទទាំង ៤ ហាមមិនឱ្យចុះ ស គណៈ (លហុ លហុ គរុ) និង ន គណៈ(លហុ លហុ លហុ)
ខ- ព្យាង្គទី ៥,៦,៧ បង្គាប់ឱ្យចុះ យ គណៈ(លហុ គរុ គរុ) ក្នុងបាទទី ១ និងទី ៣
គ- ព្យាង្គទី ៥,៦,៧ បង្គាប់ឱ្យចុះ ជ គណៈ(លហុ គរុ លហុ) ក្នុងបាទទី ២ និងទី ៤
សមដូចពាក្យដែលលោកពោលទុកក្នុងគម្ពីរមង្គលត្ថទីបនីថាៈ
សមេសុ សិន្ធុតោ ជេន បឋ្យាវត្តំ បកិត្តិតំ = បឋ្យាវត្តកវីទាំងឡាយកំណត់ដោយ ជ គណៈ តអំពីអក្ខរៈទី ៤ ក្នុងបាទគូទាំងឡាយ
(សមេសុ=ក្នុងបាទគូទាំងឡាយ, សិន្ធុតោ=អំពីអក្ខរៈទី ៤, ជេន=ដោយ ជ គណៈ) ។
សូមមើលតារាងដូចតទៅនេះ (សន្មតថាតួលេខជាព្យាង្គនីមួយៗ)

បាទទី ១ និងបាទទី ៣
[1..(..2…..3…..4..) – (..5..6..7..)-8] = ៨ ព្យាង្គ(ម៉ាត់)
[1-(ហាមស/នគណៈ)- (យ គណៈ)-8] = ចុះគណៈឆន្ទ
[1-(លហុ លហុ លហុ)-(លហុ-គរុ-គរុ)-8] = សំឡេង
គណៈឆន្ទចាប់ចុះ រាប់ពីព្យាង្គទី ២ ទៅ,
ព្យាង្គទី ១ និងទី ៨ ជាគរុ/លហុ ក៏បាន
ស(សុគតោ) គណៈ មានសំឡេងជា លហុ លហុ គរុ
ន(សុមុនិ) គណៈ មានសំឡេងជា លហុ លហុ លហុ
យ(មហេសី) គណៈ មានសំឡេងជា លហុ គរុ គរុ
(មើលគណៈឆន្ទនៅ ខ ទី ៤ ខាងក្រោម)

បាទទី ២ និងបាទទី ៤
[1-(..2….3….4…) – (..5…6…7..)-8] = ៨ ព្យាង្គ(ម៉ាត់)
[1-(ហាមស/នគណៈ) – (ជ គណៈ)-8] = ចុះគណៈឆន្ទ
[1-(លហុ- លហុ- លហុ)-(លហុ-គរុ-លហុ)-8]= សំឡេង
គណៈឆន្ទចាប់ចុះ រាប់ពីព្យាង្គទី ២ ទៅ,
ព្យាង្គទី ១ និងទី ៨ ជាគរុ/លហុ ក៏បាន
ស(សុគតោ) គណៈ មានសំឡេងជា លហុ លហុ គរុ
ន(សុមុនិ) គណៈ មានសំឡេងជា លហុ លហុ លហុ
យ(មហេសី) គណៈ មានសំឡេងជា លហុ គរុ គរុ
(មើលគណៈឆន្ទនៅ ខ ទី ៤ ខាងក្រោម)

ឃ- អ្វីជាលហុ អ្វីជាគរុ?
លហុ គឺព្យាង្គដែលមានសំឡេងស្រាល ពោលគឺរស្សស្រៈ(ស្រៈសំឡេងខ្លី) អៈ អ៊ិ អ៊ុ
គរុ គឺព្យាង្គដែលមានសំឡេងធ្ងន់ គរុមាន ៤ យ៉ាង គឺ
១. ទីឃស្រៈ គឺព្យាង្គដែលមានសំឡេងវែង អា អ៊ី អ៊ូ អេ អោ ឧ. ឯកោ
២. ព្យាង្គដែលមានព្យញ្ជនៈសំយោគ(តួប្រកប) ឧ. សម្មា (តួ ម ជាព្យញ្ជនៈសំយោគ)
៣. និគ្គហិត (ព្យញ្ជនៈទី ៣៣ មានរូបមូលដូចស្រៈ អំ ប្រើជាមួយស្រៈតែ ៣ តួគឺស្រៈ អ អ៊ិ អ៊ុ ឧ. តំ កឹ (កា)តុំ
៤. ព្យាង្គខាងចុងបាទទោះបីជារស្សៈក៏ចាត់ជាគរុ ។
លហុនិងគរុនឹងមានក្នុងគណៈឆន្ទនីមួយៗ គ្រាន់តែឆ្លាស់គ្នាចុះឡើងប៉ុណ្ណោះ ។

៤. តើគណៈឆន្ទនេះលោកចាត់របៀបណាដែរ? (ល=លហុ, គ=គរុ)
គណៈគឺក្រុមនៃសំឡេង ៣ ព្យាង្គវែងខ្លីដែលឆ្លាស់គ្នា រាប់ជាមួយគណៈ
គណៈឆន្ទមានទាំងអស់ ៨ គណៈ ដូចតទៅនេះ
(អ្នករៀនគប្បីទន្ទេញឱ្យចាំរត់មាត់)
១. [សព្វញ្ញូ] មោ= (ស័ព-ព័ញ-ញូ) ជា ម គណៈ= [គ-គ-គ]

២. [សុមុនិ] នោ = សុ-មុ-និ ជា ន គណៈ = [ល-ល-ល]

៣. [សុគតោ] សោ=សុ-គៈ-តោ ជា ស គណៈ=[ល-ល-គ]

៤. [មុនិន្ទ] ជោ = មុ-និន-ទៈ ជា ជ គណៈ = [ល-គ-ល]

៥. [មារារិ] តោ = មា-រា-រិ ជា ត គណៈ = [គ-គ-ល]

៦. [មារជិ] ភោ = មា-រៈ-ជិ ជា ភ គណៈ = [គ-ល-ល]

៧. [នាយកោ] រោ= នា-យៈ-កោ ជា រ គណៈ= [គ-ល-គ]

៨. [មហេសី] យោ= មៈ-ហេ-សី ជា យ គណៈ= [ល-គ-គ]

សរុបៈ បឋ្យាវត្តហាមមិនឱ្យចុះ ២ គណៈ និងបង្គាប់ឱ្យចុះ ២ គណៈដូចតទៅនេះ
គណៈទី២(ល-ល-ល)និងទី៣(ល-ល-គ) ជាគណៈដែលហាមមិនឱ្យចុះនៅព្យាង្គទី ២-៣-៤ ក្នុងបាទទាំង ៤ ។
គណៈទី ៨(ល-គ-គ) បង្គាប់ឱ្យចុះនៅព្យាង្គទី ៥-៦-៧ ក្នុងបាទទី ១ និងទី ៣ ។
គណៈទី ៤(ល-គ-ល) បង្គាប់ឱ្យចេះនៅព្យាង្គទី ៥-៦-៧ ក្នុងបាទទី ២ និងទី ៤ ។

កំណត់ហេតុៈ សិន្ធុតោ ជា “លោកសញ្ញង្កិតសំខ្យា” គឺការយកលោកសញ្ញា(សេចក្ដីសម្គាល់របស់លោក)មកជាចំនួនរាប់ ឧ. សិនេរុគ្គោ (សិនេរុ=១ + អគ្គោ=ចុង) មានចុង(តែ)មួយ សិនេរុ ជាឈ្មោះភ្នំ ហើយភ្នំនេះមានតែមួយគត់ក្នុងលោក បានជាពាក្យ សិនេរុ ប្រែថាមួយ ។
បើមានពេលខ្ញុំនឹងឆ្លៀតឱកាសសរសេរ លោកសញ្ញង្កិតសំខ្យានៅថ្ងៃក្រោយ ។

តាអារាមប៊យ
ខែធ្នូ ទី ២៨, ២០១៧

🔸Last Updated កំណែចុងក្រោយ on March 27, 2023

Facebook Comments
Share this article:
បណ្ឌិត ធម្មណាត

Author: បណ្ឌិត ធម្មណាត

ទីប្រឹក្សា គណៈកម្មការ ពុទ្ធិកសមាគមខ្មែរ វត្តខេមររតនារាម Advisor to The Cambodian Buddhist Society of Wat KhemaRaRatanaram