ឈាន ២, ៤, ៥, ៨

គោលធម៌ស្ដីអំពីឈានផ្សេងៗ ដែលមានសម្ដែងទុកក្នុងគម្ពីរព្រះពុទ្ធសាសនា គួរសិក្សាដើម្បីឱ្យយល់ភាពផ្សេងគ្នា និងឱ្យយល់ថា ឈានមួយណាបានដល់ឈានប្រភេទណាជាដើម ខ្ញុំនឹងសរសេរឱ្យខ្លីបំផុតដើម្បីកុំឱ្យកើតការយល់ច្របូកច្របល់ ។
——————————-
ឈាន ២ (ការសម្លឹង, ការសម្លឹងពិចារណាដោយចិត្តដែលជាសមាធិផ្ដោតចំពោះ – Jhāna: meditation; scrutiny; examination)
១. អារម្មណូបនិជ្ឈាន (ការសម្លឹងអារម្មណ៍ បានដល់សមាបត្តិ ៨ គឺ រូបឈាន ៤ និងអរូបឈាន ៤ –
Ārammaṇūpanijjhāna: object-scrutinizing Jhāna)
២. លក្ខណូបនិជ្ឈាន (ការសម្លឹងលក្ខណៈ បានដល់វិបស្សនា មគ្គ និងផល – Lakkhaṇūpanijjhāna: characteristic-examination Jhāna)

– វិបស្សនា ឈ្មោះថា លក្ខណូបនិជ្ឈាន ព្រោះពិចារណាសង្ខារដោយត្រៃលក្ខណ៍
– មគ្គ ឈ្មោះថា លក្ខណូបនិជ្ឈាន ព្រោះញ៉ាំងកិច្ចនៃវិបស្សនានោះឱ្យសម្រេច
– ផល ឈ្មោះថា លក្ខណូបនិជ្ឈាន ព្រោះសម្លឹងនិព្វានដែលមានលក្ខណៈជាសុញ្ញត អនិមិត្ត និងអប្បណិហិត ប្រការមួយ, និងព្រោះឃើញលក្ខណៈដ៏ជាសច្ចភាវៈរបស់និព្វាន ប្រការមួយ ។

ឈានដែលបែងចែកជា ២ យ៉ាងនេះ មានមកក្នុងគម្ពីរថ្នាក់អដ្ឋកថា ។
————————————-
ឈាន ២ ប្រភេទ (ភាវៈចិត្តដែលសម្លឹងអារម្មណ៍រហូតដល់ស្លុងចិត្តស៊ប់ក្នុងគន្លងអារម្មណ៍ – Jhāna: absorption)
១. រូបឈាន ៤ (ឈានមានរូបធម៌ជាអារម្មណ៍, ឈានដែលជារូបាវចរ – Rūpa-jhāna: Jhānas of the Fine-Material Sphere)
២. អរូបឈាន ៤ (ឈានមានអរូបធម៌ជាអារម្មណ៍, ឈានដែលជាអរូបាវចរ – Arūpa-jhāna: Jhānas of the Immaterial Sphere)

ពាក្យថា រូបឈានក្ដី អរូបឈានក្ដី ជាពាក្យសម័យក្រោយមក ដើមឡើយហៅថា ឈាន និង អារុប្បំ ប៉ុណ្ណោះ ។
——————————————–
ឈាន ៤ = រូបឈាន ៤ = (the Four Jhānas)
១. បឋមឈាន (ឈានទី ១ – Paṭhama-jhāna: the First Absorption) មានអង្គ ៥ គឺ វិតក្កៈ វិចារៈ បីតិ សុខ ឯកគ្គតា ។
២. ទុតិយឈាន (ឈានទី ២ – Dutiya-jhāna: the Second Absorption) មានអង្គ ៣ គឺ បីតិ សុខ ឯកគ្គតា ។
៣. តតិយឈាន (ឈានទី ៣ – Tatiya-jhāna: the Third Absorption) មានអង្គ ២ គឺ សុខ ឯកគ្គតា ។
៤. ចតុត្ថឈាន (ឈានទី ៤ – Catuttha-Jhāna: the Fourth Absorption) មានអង្គ ២ គឺ ឧបេក្ខា ឯកគ្គតា ។

ក្នុងគម្ពីរព្រះអភិធម្ម និយមបែងចែករូបឈាននេះចេញជា ៥ ជាន់ ហៅថាឈានបញ្ចកន័យ ឬបញ្ចកឈាន ដោយជ្រែកបំបែកទុតិយឈាន(ឈានទី ២) ជាឈានមានអង្គ ៤ គឺ វិចារៈ បីតិ សុខ ឯកគ្គតា ហើយបង្ខិតទុតិយឈាន តតិយឈាន និងចតុត្ថឈាន ក្នុងឈាន ៤ ខាងដើមនេះទៅជា តតិយឈាន ចតុត្ថឈាន និងបញ្ចមឈាន តាមលំដាប់ (ជាការបំបែកជាន់ថ្នាក់ឱ្យល្អិតឡើងប៉ុណ្ណោះ) ។
———————————————-
អរូប ឬ អារុប្ប ៤ (ឈានមានអរូបធម៌ជាអារម្មណ៍ គឺអរូបឈាន, ភពរបស់សត្វអ្នកចូលដល់អរូបឈាន, ភពរបស់អរូបព្រហ្ម – Arūpa, Āruppa: absorptions of the Formless Sphere; the Formless Spheres; immaterial states)
១. អាកាសានញ្ចាយតនៈ (ឈានដែលកំណត់យកអាកាសគឺចន្លោះទំនេររកទីបំផុតគ្មានជាអារម្មណ៍ ឬភពរបស់អ្នកចូលដល់ឈាននេះ – Ākāsānañcāyatana: sphere of infinity of space)
២. វិញ្ញាណញ្ចាយតនៈ (ឈានដែលកំណត់យកវិញ្ញាណរកទីបំផុតគ្មានជាអារម្មណ៍ ឬភពរបស់អ្នកចូលដល់ឈាននេះ – Viññāṇañcāyatana: sphere of infinity of consciousness)
៣. អាកិញ្ចញ្ញាយតនៈ (ឈានដែលកំណត់យកភាវៈដែលមិនមានអ្វីៗ ជាអារម្មណ៍ ឬភពរបស់អ្នកចូលដល់ឈាននេះ – Ākiñcaññāyatana: sphere of nothingness)
៤. នេវសញ្ញានាសញ្ញាយតនៈ (ឈានដែលចូលភាវៈមានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែន ឬភពរបស់អ្នកចូលដល់ឈាននេះ – Nevasaññānāsaññāyatana: sphere of neither perception nor non-perception)
—————————————————
ឈាន ៨ = រូបឈាន ៤ + អរូបឈាន ៤
—————————————————

សេចក្ដីអធិប្បាយបន្ថែម
ដែលហៅថា ឈាន គឺភាវៈរបស់ចិត្តដែលចូលដល់សេចក្ដីស្ងប់ស្លុងស៊ប់ ជាផលដែលកើតឡើងមកពីការបដិបត្តិសមថកម្មដ្ឋាន (សព្វថ្ងៃគេនិយមនិយាយថាធ្វើសមាធិ) ដោយយកអ្វីមួយមកជាអារម្មណ៍ឱ្យចិត្តផ្ដោតចំពោះ មិនឱ្យចិត្តរត់ឆ្វេចឆ្វាច ក្នុងវិសុទ្ធិមគ្គលោកសម្ដែងអារម្មណ៍សម្រាប់យកមកបដិបត្តិ ៤០ យ៉ាង ចិត្តដែលស្ងប់លោកចាត់លំដាប់ថ្នាក់ជា ៣ ជាន់ គឺខណិកសមាធិ ឧបចារសមាធិ អប្បនាសមាធិ ។ ពាក្យថាសមាធិ ក៏គឺភាវៈចិត្តដែលស្ងប់ និងជាផលដែលកើតមកពីការបដិបត្តិដែរ ប៉ុន្ដែចំពោះចិត្តដែលស្ងប់ដល់ថ្នាក់អប្បនាសមាធិប៉ុណ្ណោះដែលចាត់ថាបានឈាន ។ ដោយន័យនេះ ទាំងឈាន ទាំងសមាធិ សុទ្ធតែជា “ផល” ដែលបានមកការបដិបត្តិសមថៈ មិនមែន “ហេតុ” ទេ ។ ការបដិបត្តិទើបជាការធ្វើ “ហេតុ” ដើម្បីឱ្យបាន “ផល” គឺឈាន ឬសមាធិ ។

ត្រឡប់ទៅឈាន ២ ខាងលើវិញ
ពាក្យថា ពាក្យថា អារម្មណ៍ ក្នុងពាក្យថា អារម្មណូបនិជ្ឈាន បានដល់ “អារម្មណ៍”(៤០) សម្រាប់បដិបត្តិសមថកម្មដ្ឋាននោះឯង ដូច្នេះអារម្មណូបនិជ្ឈានជាឈានដែលកើតឡើងពីការបដិបត្តិសមថៈ គឺរូបឈាន៤-៥ អរូបឈាន ៤ និងឈាន ៨ នោះឯង ជាចិត្តស្ងប់កើតពីសមថកម្មដ្ឋាន ។
ពាក្យថា លក្ខណ ក្នុងពាក្យថា លក្ខណូបនិជ្ឈាន សំដៅយកលក្ខណៈ ៣ (ត្រៃលក្ខណ៍់ៈ មិនទៀង មិនអាចស្ថិតនៅក្នុងភាវៈដដែល បង្គាប់បញ្ជាមិនបាន) នេះជាគោលដៅក្នុងការបដិបត្តិវិបស្សនា ដែលមានការពិចារណាត្រៃលក្ខណ៍ជាគោល ឬបដិបត្តិដើម្បីឱ្យឃើញសភាពត្រៃលក្ខណ៍នៃរូប-នាមជាសំខាន់ ជាចិត្តស្ងប់កើតពីវិបស្សនា ។

តាអារាមប៊យ
១៦ កញ្ញា ២០១៨

🔸Last Updated កំណែចុងក្រោយ on March 26, 2023

Facebook Comments
Share this article:
បណ្ឌិត ធម្មណាត

Author: បណ្ឌិត ធម្មណាត

ទីប្រឹក្សា គណៈកម្មការ ពុទ្ធិកសមាគមខ្មែរ វត្តខេមររតនារាម Advisor to The Cambodian Buddhist Society of Wat KhemaRaRatanaram