Khmer Language អក្សរខ្មែរ

Linking to other…

អំពី​អក្សរ ឬ​អក្ខរៈ

អក្សរ តាម​ពាក្យ​សំស្រ្កឹត មាន​ន័យ​ថា ទន់​ភ្លន់​ អាច​បត់​បែន​បាន អាច​យក​ទៅ​ច្នៃ​បាន តាម​ការ​ផ្សំ​ជា​មួយ​ស្រៈ តាម​ការ​ប្រកប​ជា​មួយ​នឹង​ព្យញ្ជនៈ​មួយ​ទៀត ឬ​តាម​ការ​ផ្សំ​ជា​មួយ​ជើង​អក្សរ​ណា​មួយ ។ អក្សរ ​ឬ​អក្ខរៈ អាច​ហៅ​បាន​ម្យ៉ាង​ទៀត​ថា “វណ្ណៈ” មាន​ចែក​ជា​បី​ក្រុម​គឺ ៖

  1. ព្យញ្ជនៈ មាន ៣៣ តួ ។
  2. ស្រៈ​ពេញ​តួ ១២ តួ ។
  3. ស្រៈ​និស្ស័យ​ពី​មុន​​មាន ២១ តែ​ត្រូវ​បន្ថែម ៧ ទៀត​បាន​ទៅ​ជា​ ២៨​ តួ បើ​គិត​ទាំង​សំឡេង ។ តែ​បើ​គិត​តែ​រូប​មាន​ ២៧ តួ ព្រោះ​​ស្រៈ (អ) មាន​នៅ​គ្រប់​ព្យញ្ជនៈ​ទាំង​ឃោសៈ​ទាំង​អឃោសៈ ។

​ព្យញ្ជនៈ

ព្យញ្ជនៈ​ទាំង​ ៣៣​ តួ ត្រូវ​រាប់​តាម​លំដាប់​ពី​ដើម​ដល់​ចប់៖

ក​ខ​គ​ឃ​ង ច​ឆ​ជ​ឈ​ញ ដ​ឋ​ឌ​ឍ​ណ ត​ថ​ទ​ធ​ន ប​ផ​ព​ភ​ម យ​រ​ល​វ​ ស​ហ​ឡ​អ

ជើង​ព្យញ្ជនៈ

ព្យញ្ជនៈ​ប្រៀប​បាន​នឹង​មនុស្ស​ដែរ​ គឺ​មាន​សក់ .  មាន​តួ​ខ្លួន (ក) ​មាន​ជើង  ្ក ។ រូប​នៃ​ជើង​ព្យញ្ជនៈ​មាន​ទ្រង់​ទ្រាយ​ដូច​គ្នា​នឹង​តួ​អង្គ​ព្យញ្ជនៈ​ដែរ ប៉ុន្តែ​គ្រាន់​តែ​តូច​ជាង​តួ និង​ពុំ​មាន​”សក់”ទេ ។ ខាង​ក្រោម​នេះ គឺ​ជើង​ព្យញ្ជនៈ (Consonant Subscript)​ ។

្ក ្ខ ្គ ្ឃ ្ង ្ច ្ឆ ្ជ ្ឈ ្ញ

្ដ ្ឋ ្ឌ ្ឍ ្ណ ្ត ្ថ ្ទ ្ធ ្ន

្ប ្ផ ្ព ្ភ ្ម ្យ ្រ ្ល ្វ ្ស
្ហ ្ឡ ្អ

របៀប​សរសេរ ជើង​ព្យញ្ជនៈ ភ្ជាប់​ជា​មួយ​តួ​ព្យញ្ជនៈ ដូច​ខាង​ក្រោម​ ៖

ក្ខ​ខ្ខ​គ្គ​ឃ្ឃ​ង្ង ច្ច​ឆ្ឆ​ជ្ជ​ឈ្ឈ​ញ្ញ ដ្ត​ឋ្ឋ​ឌ្ឌ​ឍ្ឍ​ណ្ណ ត្ត​ថ្ថ​ទ្ទ​ធ្ធ​ន្ន ប្ប​ផ្ផ​ព្ព​ភ្ភ​ម្ម យ្យ​រ្រ​ល្ល​វ្វ​ ស្ស​ហ្ហ​ឡ្ឡ​អ្អ

ស្រៈពេញ​តួ

អ្នក​ប្រាជ្ញ​ជំនាន់​មុន​ចែង​ថា ស្រៈ​ពេញ​តួ​មាន ១៥ តួ ដោយ​រាប់​យក​ អ អា មក​បញ្ចូល​ផង ។ ប៉ុន្តែ​អ្នក​ប្រាជ្ញ​បច្ចុប្បន្ន​លោក​ដក​យក​ “អ” និង “អា” នេះ​ចេញ​ពី​ប្រព័ន្ធ​ស្រៈ​ពេញ​តួ ព្រោះ​លោក​យល់​ថា​​ “អ” គឺ​ជា​ព្យញ្ជនៈ ដែល​ត្រូប​រាប់​បញ្ចូល​ ទៅ​ក្នុង​ក្រុម​ព្យញ្ជនៈ ទាំង​៣៣​ តួ​នោះ​វិញ ។ ឯ “អា” គឺ​តួ​ព្យញ្ជនៈ​បំបែក ​យក​តួ ​​​​​​​​​ “ អ” មក​ផ្សំ​ជា​មួយ​ស្រៈ “ ា ” ដូច្នេះ​ស្រៈ​ពេញ​តួ​បច្ចុប្បន្ន​នេះ មាន​តែ ១៣​តួ​ទេ គឺ ឥ​ ឦ​ ឧ ​ឩ ឪ ឫ ឬ ឭ ឮ ឯ ឰ ឱ ឳ ។ ចំពោះ​អស់​លោក​អ្នក​ប្រាជ្ញ​ខ្លះ​ទៀត​យល់​ថា ​ក្នុង​ចំណោម​ស្រៈ​ពេញ​តួ​ទាំង​១៣​នេះ ស្រៈ  គេ​មិន​សូវ​ប្រើ​ទេ ដូច្នេះ​ គួរ​រាប់​យក​ត្រឹម​តែ ១២ តួវិញ ព្រោះ​សព្វ​ថ្ងៃ​គេ​ប្រើ​ស្រៈ​ពេញ​តួ  នេះ​តែ​ពាក្យ “ព្រះ​ឩរូ” មួយម៉ាត់​គត់ ដែល​មាន​នៅ​ក្នុង​ពាក្យ “ រាជ​ស័ព្ទ ” មាន​ន័យ​ថា “​ ភ្លៅ​ស្ដេច ” ។

ស្រៈ​និស្ស័យ

គឺ​តួ​អក្សរ ដែល​ជា​ទី​ពឹង​ពាក់​អាស្រ័យ​នៃ​ព្យញ្ជនៈ ។ បើ​សរសេរ​តែ​រូប​វា​ដាច់​តែ​ឯង​នោះ នឹង​ពុំ​មាន​ន័យ​ប្រាកដ​ប្រជា​ថា​យ៉ាង​ណាៗ​នោះ​ឡើយ ។ ដូច​ជា​ស្រៈ  ស្រៈ ៅ មាន​តែ​រូប និង​សំឡេង​ផ្សំ តែ​ពុំ​មាន​សារៈ​អ្វី​ទេ ។ ស្រៈ​និស្ស័យ​មាន ២១ តួតាម​ការ​កំណត់​របស់​ក្បួន​ពី​មុន​នោះ​គឺ៖

្ា ិ ី ឹ ឹ ុ ូ ួ ើ ឿ ៀ េ ែ ៃ ោ ៅ ុំ ំ ាំ ះ ។

ប៉ុន្តែ​អស់​លោក​អ្នក​អក្សរសាស្រ្ត​ក្រោយ​មកសន្មត​ថា មាន​តែ២០តួវិញ ព្រោះ​ថា ស្រៈ​(អ) មាន​តែ​សំឡេង​តែ​គ្មាន​រូប​ មិន​គួរ​នឹង​រាប់​បញ្ចូល​ទេ ។ ស្រៈ​(អ) នេះ​មាន​បង្កប់​នៅ​គ្រប់​ព្យញ្ជនៈ​ទាំង​អស់ ទោះ​ជា​ឃោសៈ​ក្តី អឃោសៈ​ក្តី ប៉ុន្តែ​ប្រសិន​បើ​គេ​យក​ទៅ​ផ្សំ​ជា​មួយ​នឹង​ព្យញ្ជនៈ​សំឡេង​ឃោសៈ គេ​អាន​តាម​សំឡេង​ព្យញ្ជនៈ ឃោសៈ គឺ​សំឡេង(អ៊) ឧទាហរណ៍ ងា ងិ ងី ញោ ញៅ ទុំ ទាំ ទះ…. ។ បើ​ផ្សំ​ជា​មួយ​នឹង​ព្យញ្ជនៈ​អឃោសៈ ​វា​មាន​សំឡេង (អ) ដូច​ជា កា កី កោ ចូ ចើ ចេ ចែ ចៃ ចោ… ។ ចំពោះ​ស្រៈ ួ ឿ និង  ទោះ​គេ​យក​ទៅ​ផ្សំ​នឹង​ព្យញ្ជនៈ ឃោសៈ​ក្តី អឃោសៈ​ក្តី វា​នៅ​តែ​មាន​សូរ​សំឡេង “អួ”​ (អឿ-អៀ) ​ដូច​គ្នា​ នេះ​វាជា​ករណី​លើក​លែង​សម្រាប់​ស្រៈ​និស្ស័យ​របស់​ខ្មែរ​យើង ។ រីឯ​ស្រៈ​៤​ទៀតដូច​ជា ស្រៈុះ  ិះ ោះ វិញ​នោះ កាល​ពី​មុន​លោក​មិន​យក​មក​រាប់​បញ្ចូល​ក្នុង​ស្រៈ​និស្ស័យ​ទេ ។ ប៉ុន្តែ​នៅ​ពេល​ក្រោយ​មក​ ដោយ​បាន​ពិនិត្យ​ឃើញ​ថា មាន​ពាក្យ​ជា​ច្រើន ដែល​ត្រូវ​ការ​ប្រើ​ស្រៈ​ទាំង​នេះ នៅ​ក្នុង​ពាក្យ​ខ្មែរ​ជា​ចាំ​បាច់​នោះ ទើប​លោក​អ្នក​ប្រាជ្ញ​ជាន់​ក្រោយ ​ក៏​បាន​សម្រេច​បញ្ចូល​បន្ថែម​ស្រៈ​ទាំង​៤នេះ ហើយ​ស្រៈ​និស្ស័យ​ក៏​បាន​កើន​ដល់ (២១-១)+៤ = ២៤ ហើយ​បើ​បន្ថែម​ស្រៈ ​ ឹះ ,ស្រៈ  ើះ, ស្រៈ ែះ ពីលើស្រៈ​និស្ស័យ​ដែល​ធ្លាប់​ឃើញ​​មាន​នៅ​ក្នុង​វចនានុក្រម​សម្ដេច​ ជួន ណាត ក្ដី ក្នុង​អត្ថបទ​នានា​ក្ដី​ទៀត​នោះ ស្រៈ​និស្ស័យ​អាច​កើន​ឡើង​ដល់​ ២៦ ឬ ២៧  ។

ការ​ប្រើ​ប្រាស់​ជើង​អក្សរ

ដោយ​ហេតុ​ថា មាន​ករណី​ដោយ​ឡែក​ខ្លះ ដែល​ពាក់​ព័ន្ធ​ទៅ​នឹង​ជើង​អក្សរ​ព្យញ្ជនៈ​ខ្មែរ​យើង​នោះ ខ្ញុំ​សូម​អនុញ្ញាត​ជម្រាប​​ថា ៖
ក/ ជើង​ “ត្ត” និង​ជើង “ដ្ដ” មាន​រូប​រាង​ដូច​គ្នា​អាច​ច្រឡំ ​ព្រោះ​ការ​ប្រើ​ប្រាស់​កន្លង​មក​ ហាក់​ដូច​ជា​ច្របូក​ច្របល់​បន្តិច ដូច​ជា​ពាក្យ​ ស្ដូក​​ស្ដឹង, ផ្តិល(ទឹក), ផ្ដាច់​ផ្តិល ។ ប៉ុន្តែ​អ្នក​ប្រាជ្ញ​បាន​កំណត់​ប្រើ​ជើង​(ត្ត) នៅ​ផ្ញើ​ពី​ក្រោម​អក្សរ (ន) វា​មាន​សំឡេង​ជា​ជើង(ត្ត)ទាំង​អស់​ដូច​ជា ប៉ុន្តែ, កន្តែរ៉ែ, កន្តាំង, អន្តរាយ, បន្តិច​បន្តួច ។ល។ លើក​លែង​តែ​ពាក្យ ៥ ម៉ាត់​ចេញ​ ដែល​ជើង (្ត) យក​ទៅ​ផ្ញើ​នឹង (ន) ទៅ​ជា​មាន​សំឡេង“ដ”នោះ​គឺ សន្តោស, សន្តាន, ចិន្តា, អន្តរធាន, វេស្សន្ដរ ។ ប៉ុន្តែ​បើ​ជើង (្ត) នៅ​ផ្ញើ​នៅ​ពី​ក្រោម​តួ​ព្យញ្ជនៈ (ណ) វិញ​នោះ វា​មាន​សំឡេង​ជា “ដ” វិញ​ ដូច​ជា សណ្តែក, សណ្ដាន់, កណ្ដៀវ, កណ្ដុរ, កណ្ដាល, អណ្តូង, អណ្តើក ។ល។
ខ/ ចំពោះ​ជើង “ញ” បើ​កាល​ណា​ត្រូវ​យក​ជើង (ញ) ទៅ​ផ្ញើ​នឹង​ព្យញ្ជនៈ (ញ) នោះ អក្សរ(ញ)ខាង​លើ​ត្រូវ​កំបុត​ជើង (ខ្នែង ្ញ) ។ រី​ឯជើង​(ញ)ដែល​យក​ទៅ​ផ្ញើ​នឹង​តួ​ (ញ) នោះ មាន​សិទ្ធិ​អាច​រក្សា​ជើង ​( ខ្នែង ញ្ញ) នេះ​បាន ។ ឧទាហរណ៍​ បញ្ញើ​ក្អែក, បញ្ញត្តិ, អនុញ្ញាត, កញ្ញា, សញ្ញា ។
គ/ ជើង​ ឡ មិន​ដែល​ប្រើ​ទេ
ឃ/ ជើង ​(្ព) និង​ជើង (្វ) អាច​ប្រើ​ចូល​គ្នា​បាន ដោយ​យក​ជើង (្វ)  ទៅ​ផ្ញើ​ពី​ក្រោម​ព្យញ្ជនៈ (ព) ដូច​ជា និញ្វន ។

សូមគូស​បញ្ជាក់​ថា
បុព្វ​បុរស​យើង​ផ្លាស់​ប្តូរ (ពៈ) ជា ​(វៈ)​ គឺ​ប្រើ​ជា​មួយ​គ្នាជំនួស​គ្នា​បាន ប៉ុន្តែ​គេ​មិន​អាច​យក​ជើង (ព) ទៅ​ផ្ញើ​នឹង​តួ​ (វ) ឡើយ ។

អំពីវគ្គ

១-វគ្គ (ក) ក​ខ​គ​ឃ​ង
២-វគ្គ (ច) ច​ឆ​ជ​ឈ​ញ
៣-វគ្គ (ដ) ដ​ឋ​ឌ​ឍ​ណ
៤-វគ្គ (ត) ត​ថ​ទ​ធ​ន
៥-វគ្គ (ប) ប​ផ​ព​ភ​ម

ឯតួ​អក្សរ​ទាំង​៨តួដែល​សល់​ពី​វគ្គ​ទាំង៥ខាង​ដើម​នោះ លោក​​​ហៅ​ថា សេសវគ្គ​ បាន​ដល់ ៖ យ រ ល វ ស ហ ឡ អ ។

សំឡេង​ព្យញ្ជនៈ

ព្យញ្ជនៈ ​៣៣ ​តួ​នេះ ចែក​ចេញ​​​សំឡេង​​ជា​ពីរ​ប្រភេទ​គឺ អឃោសៈ បាន​ដល់​ព្យញ្ជនៈ​ដែល​មាន​សំឡេង​តូច​ស្រួយ មិន​លាន់​ឮ​គឹក​កង​ មាន​ដូច​ជា កខ ចឆ ដឋណ តថ បផ សហឡអ (១៥ តួ ) ។ ឃោសៈ ៖ ពួក​ព្យញ្ជនៈ​ដែល​មាន​សំឡេង​ធំ​គ្រលរ ​គឹកកង​ ដូច​ជា គឃ​ង ជឈញ ឌឍ ទធន ពភម យរលវ (១៨ តួ)។ ព្យញ្ជនៈ​សំឡេង​ឃោសៈ ប្រទាញ​ស្រៈ​និស្ស័យ ឲ្យឮសូរ​គ្រលរ​គឹកកង​ដូច​វា​ដែរ ។

ព្យញ្ជនៈ​ប្តូរ​សំឡេង

ដើម្បី​មាន​ពាក្យ​ប្រើ​ប្រាស់​គ្រប់​គ្រាន់​ ទៅ​តាម​ពាក្យ​ទាំង​ប៉ុន្មាន​ក្នុង​ភាសា​ខ្មែរ​យើង បុព្វ​បុរស​យើង​បាន​កែ​ច្នៃ បំប្លែង​សំឡេង​ព្យញ្ជនៈ​ខ្លះៗ​ពី​ឃោសៈ​ទៅ​ជា​សំឡេង​អឃោសៈ ដោយ​យក​សញ្ញា​​មូសិកទន្ត ​(៉) មក​ដាក់សម្លាប់ពី​លើ ,ឧ. ង៉, ញ៉, ប៉, ម៉, យ៉, រ៉, វ៉ (៧ តួ) ។ រី​ឯសញ្ញា​ត្រីសព្ទ (៊) នេះ​ លោក​យក​ទៅ​ដាក់​ពី​លើ​ព្យញ្ជនៈ​អឃោសៈ​មួយ​ចំនួន​បំប្លែង​សំឡេង​ ឲ្យ​ទៅ​ជាឃោសៈ​វិញ ដូច​ជា ៖ ប៊, ស៊, ហ៊, អ៊, ( ៤ តួ ) ។
កំណត់​សម្គាល់
អក្សរ​ដែល​ដាក់​សញ្ញា​ត្រីសព្ទ (៊) ហើយ​បើ​កាល​ណា​មក​ជួប​ប្រទះ​នឹង​ស្រៈ 

ិ ី ឹ ឺ ើ

នោះ​គេ​ផ្លាស់​ត្រី​ស័ព្ទ​ចេញ​ហើយ​ដាក់ (ុ) ជំនួស​វិញ​ចៀស​វាង​ការ​ទើស​ទែង​ដូច​ជា​ពាក្យ ស៊ី ហ៊ឺហា ។ ឯ​ពាក្យ​សម្លាប់​ដោយ​ធ្មេញ​កណ្ដុរ (៉) ក៏​យក (ុ) មក​ជំនួស​មូសិកទន្ត​ដែរ ដូច​ពាក្យ ប៉ិន​ ប៉ិច ។
ករណី​ពិសេស ក្នុង​ការ​សរសេរ​ពាក្យ​ “ ប៊ិច ” ឈ្មោះ “ ប៊ិម ” គេ​មិន​​អាច​អនុវត្ត​ក្បួន​ខាង​ដើម​នោះបាន​ឡើយ ព្រោះ​បើ​យក​ស្រៈ “ ុ ” មក​ប្រើ​តាម​ក្បួន​ខាង​លើ វា​អាច​ច្រឡំ​នឹង​ពាក្យ “ ប៉ិច ” (ប៉ិច​ពន្លក) ឬ​ទឹក​ “ ប៉ិម ” ហៀប​និង​ហូរ​ចូល​ទូក ។

ព្យញ្ជនៈផ្ញើ​ជើង

ផ្ញើ​ជើង​ គឺ​ជា​វិធី​យក​ជើង​ព្យញ្ជនៈ​មួយ ​ទៅ​ផ្សំ​ជា​មួយ​នឹង​ព្យញ្ជនៈ​មួយ​ទៀត ដើម្បី​បង្កើត​បាន​ជា​សំឡេង​ផ្សំ​ពីរ​បញ្ចូល​គ្នា ឲ្យ​លាន់​ឮ​ក្នុង​ព្យាង្គ​តែ​មួយ ។ នៅ​ក្នុង​ភាសាខ្មែរ​យើង​ សម្បូរ​ពាក្យ​ដែល​ផ្សំ​សំឡេង​ពីរ​រួម​បញ្ចូល​មក​តែ​មួយ​ព្យាង្គ​ សម្រាប់​អាន​និយាយ​ចេញ​មក​ភ្ជាប់​គ្នា​ដូច​ជា​សំឡេង​ភ្លោះ ​។
ឧទាហរណ៍
ក+្ប = ក្ប មាន​ក្នុង​ពាក្យ “ ក្បាល ”
ខ+្ស = ខ្ស មាន​ក្នុង​ពាក្យ “ ខ្សត់ ”
● របៀប​យក​ជើង​ទៅ​ផ្ញើ (ផ្សំ) ជា​មួយ​ព្យញ្ជនៈ “គោល” គឺ​ព្យញ្ជនៈ​មាន​ឋានៈ​ជា​ម្ចាស់​មាន​របៀប​ប្លែកគ្នា ៖
ក-យក​ជើង​ផ្សំ​ដាក់​ពី​ក្រោម​តួព្យញ្ជនៈ​គោល ៖ ខ្លី, ឆ្មា ។
ខ-យក​ជើង​ផ្សំ​ដាក់​ពី​ឆ្វេង​តួ​ព្យញ្ជនៈ ៖ ស្រែ ។
គ-យក​ជើង​ផ្សំ​ដាក់​ពី​ក្រោម​និង​ខាង​ស្តាំ ៖ សង្ឃ, អភិវឌ្ឍ, សប្បាយ, រក្សា ។

ព្យញ្ជនៈ​បន្ថែម

ដើម្បី​អាច​សម្របតម្រូវ​ជា​មួយ​សំណូរ​ម្យ៉ាងតាមបែប​សូរ​សៀង​ជា​ភាសា​បរទេស ដែល​យើង​តែង​តែ​ខ្ចី​យក​មក​ប្រើ​ខ្លះៗ មាន​ភាសា​បារាំង អង់​គ្លេស…. គេ​យក​តួ​ព្យញ្ជនៈ​មក​ផ្សំ​ជា​មួយ​ជើង​ព្យញ្ជនៈ ដូច​ជា​ពាក្យ guitare= ហ្គីតារ, frein ហ្រ្វាំង, café =កាហ្វេ, George Cœdès= ហ្ស៊ក សេដែស ។ល។

សិថិល និង​ ធនិត

ក/ សិថិល គឺ​ព្យញ្ជនៈ​ដែល​មាន​សំឡេង​ស្រាល​ប្រមូល​ផ្តុំ​ចេញ​សំឡេង​ដាច់​តែ​មួយ ពុំ​មាន​ខ្យល់​ផ្សំ​ពី​ព្យញ្ជនៈ​ណា​ផ្សេង ៖ ក គ ច ជ ដ ឌ ត ទ ប ព ។
ខ/ ធនិត រាល់​ព្យញ្ជនៈ​ដែល​មាន​គួប​ផ្សំ​ដោយ​សំឡេង ​​​​“​​​​ ហ ” មាន​ដូច​ជា ខ< ក+ហ; ឆ< ច+ហ; ឋ< ដ+ហ; ថ< ត+ហ; ផ< ប+ហ; ឃ < គ+ហ; ឈ < ជ+ហ៊ ; ឍ < ឌ+ហ៊; ធ < ទ+ហ៊; ភ < ព+ហ៊ ។

ព្យញ្ជនៈ​គូ

នៅ​ក្នុង​តួ​ព្យញ្ជនៈ​ទាំង​ ៣៣​ តួ ក្នុង​វគ្គនីមួយៗ តែង​តែ​មាន​ព្យញ្ជនៈ​ជា​គូ​នឹង​គ្នា ដែល​មួយ​មាន​សំឡេង​ អឃោសៈ ហើយ​មួយ​ទៀត​មាន​សំឡេង​ឃោសៈ​ គឺ ៖
ក/ ផ្នែក​អឃោសៈ ៖ ក​ គូ​នឹង​  ​គូ​នឹង ​ឆ​ គូ​នឹង​ ត​ គូ​នឹង ​​ថ ។
ខ/ ផ្នែក​ឃោសៈ ៖ ​ គូ​នឹង​ ឃ ​គូ​នឹង ​ ​គូ​នឹង​ ធ ​គូនិង  ។

ចំពោះ​ព្យញ្ជនៈ​សេស​គូ នៅ​ចុង​វគ្គ​ទាំង​ ៥ ​មាន​ ង, ញ, ណ, ន, ម និង​ព្យញ្ជនៈ​សេស​វគ្គ​ទាំង​៨​តួ ​មាន ៖ យ ​រ ​ល​ វ ​ ស​ ហ ​ឡ​ អ​ នោះ​ពុំ​មាន​គូ​ទេ ។

កំណត់​សម្គាល់​ពី​ព្យញ្ជនៈ​ឡាតាំង ដែល​ត្រូវ​នឹង​ព្យញ្ជនៈ​ខ្មែរ

ការ​សរសេរ​ជា​ភាសា​ខ្មែរ​នូវ​សូរ​បរទេស​មួយ​ចំនួន​ដែល​ យើង​តែង​ប្រទះ​តាម​រយៈ​ពាក្យ​កម្ចីនិង​ត្រូវ​បាន​អនុម័ត​កាល​ពី​ថ្ងៃ​ពុធ ទី ២៨ ខែ ឧសភា ឆ្នាំ ២០០៨គណៈកម្មាធិការ​ជាតិ​ភាសា​ខ្មែរ(គ.ជ.ភ.ខ.)​៖

  • [g] ដែល​យើង​ត្រូវ​ប្រើ​កន្សោម​ព្យញ្ជនៈ [ហ្គ/ហ្ក]
  • [f] ដែល​យើង​ត្រូវ​ប្រើ​កន្សោម​ព្យញ្ជនៈ [ហ្វ]
  • [ʒ] ដែល​យើង​ត្រូវ​ប្រើ​កន្សោម​ព្យញ្ជនៈ [ហ្ស]
  • [∫] ដែល​យើង​ត្រូវ​ប្រើ​កន្សោម​ព្យញ្ជនៈ [ស្ហ]
  • [s] / [z] ដែល​យើង​ត្រូវ​ប្រើ​ព្យញ្ជនៈ [ស]

វណ្ណយុត្តិ (Signe Diacritique)

វណ្ណយុត្តិ គឺ​ជា​សញ្ញា​ទាំង​ឡាយ​ដែល​បង្កើត​ឡើង ដើម្បី​កែ​ប្រែ​ ផ្តួល​សំឡេង​ព្យញ្ជនៈ ឬ​ពាក្យ​ពេចន៍​ខ្លះ ឲ្យ​សម​ស្រប​ទៅ​តាម​តម្រូវ​ការ​ប្រើ​ប្រាស់ ​ក្នុង​ភាសា​របស់​យើង ។ មិន​តែ​ប៉ុណ្ណោះ​ សញ្ញា​ទាំង​នេះ ក៏​អាច​ជួយ​បំប្លែង​​សំឡេង​នៃ​ពាក្យ​ខ្លះ ដែល​មាន​ប្រភព​មក​ពី​ភាសា​បាលី​ ឬ​សំស្ក្រឹត​ផង​ដែរ ។
វណ្ណយុត្តិ​ទាំង​ឡាយ​ចែក​ចេញ​ជា​ពីរ​ពួក​គឺ ៖
ក/ វណ្ណយុត្តិ​ដែល​បន្ថែម​លើ​ព្យញ្ជនៈ ដើម្បី​លម្អៀង​ស័ព្ទ​ឲ្យ​ខ្លី​ឲ្យ​មាន​សូរ​ផ្សេង​ ឲ្យ​ប្លែក​ពី​សំឡេង​ដើម (Signes diacritiques) ។
ខ/ វណ្ណយុត្តិ​ ដែល​ប្រើ​ជា​មួយ​នឹង​ពាក្យ​ ក្នុង​ឃ្លា​ប្រកប ដើម្បី​កាត់​ឃ្លា​ជា​ប្រយោគ​ជា​សង្កាត់ ដើម្បី​សម្គាល់​ន័យ​សេចក្តី​ផ្សេងៗ​ ។ វណ្ណយុត្តិ​ពួក​នេះ​ហៅ​ថា “ ខណ្ឌសញ្ញា ”( Signe de ponctuation ) ។

មូសិកទន្ត​ ឬ​ធ្មេញ​កណ្ដុរ-

ជា​សញ្ញា​ប្រើ​សម្រាប់​សម្លាប់, បំបែរ​សំឡេង​ព្យញ្ជនៈ ​៧​ តួ ដែល​មាន​សំឡេង​ឃោសៈ ឲ្យ​ទៅ​ជា​អឃោសៈ គឺ ង, ញ, ប, ម, យ, រ, វ, ឲ្យ​ទៅ​ជា​សំឡេង​អឃោសៈ​វិញ ង៉, ញ៉, ប៉, ម៉, យ៉, រ៉, វ៉, ។ ប្លែក​តែ​តួ “ ប ” មួយ ដែល​មាន​សំឡេង​អឃោសៈ​ស្រាប់ ប៉ុន្តែ​គ្រាន់​តែ​លម្អៀង​សូរ​ពី  ទៅ ប៉ ប៉ុណ្ណោះ ។ អក្សរ​ប្តូរ​សំឡេង​ទាំង​នេះ ត្រូវ​បាន​ប្រើ​ក្នុង​ពាក្យ ង៉ក់ង, ញ៉ែង​ញ៉ង, ប៉ប៉ាច់​ប៉ប៉ោច, ម៉ែឪ, យ៉ាប់​យ៉ឺន, រឿង​រ៉ាវ, វ៉ូង​វ៉ាង ។
● ចំណាំ ៖ កាល​ណា​ពាក្យ​ទាំង​នេះ​ទៅ​ប្រទះ​នឹង​ស្រៈ ិ ី ឹ ឺ ើ ឧទាហរណ៍ ៖ ផ្ទះ​ប៉ិត យាប់​យ៉ឺន, ល្បែង​ចាប៉ឹក… ។ គេ​ត្រូវ​យក​សញ្ញា (ុ) មក​ជំនួស​ធ្មេញ​កណ្ដុរ​ ដែល​ដាក់​ពី​លើ ដើម្បី​កុំ​ឲ្យ​វណ្ណយុត្តិ​នេះ ទើស​ទែង​គ្នា​ជា​មួយ​ស្រៈ​ខាង​លើ ។

ត្រីស័ព្ទ-

ជា​សញ្ញា​សម្រាប់​ដាក់​លើ​ព្យញ្ជនៈ​ ៤ ​តួ ជា​អឃោសៈ ប, ស, ហ, អ, ឲ្យ​ទៅ​ជា​ឃោសៈ​វិញ ៖ ប៊, ស៊, ហ៊, អ៊, ។ ព្យញ្ជនៈ​ប្តូរ​សំឡេង​ទាំង​នេះ ត្រូវ​បាន​យក​ទៅ​ប្រើ​ក្នុង​ពាក្យ សាប៊ូ, សម្ល​ស៊ុប, ហ៊ាន, ទ្រអ៊ូ… ។ កាល​ណា​សញ្ញា​ត្រីស័ព្ទ​នេះ​ជួប​ប្រទះ​នឹង​ស្រៈ ិ ី ឹ ឺ ើ ក៏​ត្រូវ​ប្រែ​ប្រួល​រូប​មក​ជា (ុ) ដូច​ករណី​ខាង​លើ​ដែរ ឧទាហរណ៍ ស៊ីបាយ, លេង​ហ៊ី… លើក​លែង​តែ​ពាក្យ ប៊ិក, អ៊ីចុះ​ អ៊ីចឹង… ។

រស្សសញ្ញា​ ឬ​បន្តក់-

សម្រាប់​ប្រើ​ដាក់​ថែម​លើ​តួ​ប្រកប​នៃ​ពាក្យ​ ដែល​កើត​ឡើង​ពី​ស្រៈ “ អ ” និង​ស្រៈ “ អា ” ហើយ​កាត់​ស័ព្ទ​វែង​ឲ្យ​ទៅ​ជា​ខ្លី ដែល​ត្រូវ​អាន​លឿន​រហ័ស​។ ឧទាហរណ៍ ៖ កាត = ស័ព្ទ​វែង, កាត់ = ស័ព្ទ​ខ្លី, ចប = ស័ព្ទវែង, ចប់ = ស័ព្ទខ្លី ។
● កំណត់​សម្គាល់
ក/ ចំពោះ​តួ​ព្យញ្ជនៈ​ប្រកប​នឹង​អក្សរ “ ម ” ត្រង់​សំឡេង​ប្រកប​លំដាប់​ទី​២​នោះ មិន​បាច់​ប្រើ​សញ្ញា “រស្សៈ” ឬ​បន្តក់ទេ ឧទាហរណ៍ ៖ ចាម់ ។ ក្នុង​ករណី​នេះ គេ​ប្រើ​និគ្គហិត( ៓) ឬស្រៈ “ ាំ” “ ចាំ ” ជំនួស​វិញ ។
ខ/ រីឯតួព្យញ្ជនៈ​ប្រកប​នឹង​អក្សរ “ យ ” ត្រង់​សំឡេង​ប្រកប​លំដាប់​ទី​២​នោះ ក៏​មិន​បាច់​ប្រើ “ រស្សសញ្ញា ” ឬបន្តក់ដែរ, ដូច​ជា​ពាក្យ “ ចាយ់ ” ក្នុង​ករណី​នេះ​គេ​យក​ស្រៈ​ “ ៃ ” មក​ជំនួស​វិញ ព្រោះ​មាន​សំឡេង​ដូច​គ្នា ។
គ/ ចំពោះ​ពាក្យ​ទាំង​ឡាយ​ណា ដែល​ក្លាយ​មក​ពី​ភាសា​បាលី​ឬ​សំស្រ្កឹត មិន​ត្រូវប្រើ​សញ្ញា (់) នេះ​ឡើយ ដូច​ជា​ពាក្យ បទ, សព, ភព, កុសល, ផល កិច្ចកល ធនធាន រសជាតិ លាមក … ពាក្យ​ទាំង​នេះ​មាន​សំឡេង​ខ្លី​ស្រេច​ហើយ តាម​ទម្លាប់​អាន​បែប​បាលី​និង​សំស្រ្កឹត ។

សំយោគ​សញ្ញា-

ក/ គេ​ប្រើ​វណ្ណយុត្តិ​នេះ​សម្រាប់​លម្អៀង​ស័ព្ទ​របស់​ពាក្យ​ក្លាយ​មក​ពី​ភាសា​បាលី ឬសំស្រ្កឹត ដូច​ជា ៖ ភយ > ភ័យ, ជយ > ជ័យ, នយ > ន័យ, អាស្រយ > អាស្រ័យ, អាលយ > អាល័យ ។
ខ/ សញ្ញា​នេះ​ក៏​ប្រើ​លើ​ពាក្យ​ខ្មែរ​ខ្លះ​ ដែល​មាន​សំឡេង​ស្ទើរ​ស្រៈ “​ អ ” និង ស្រៈ “ អា ” ដើម្បី​ឲ្យ​មាន​សូរ​សំឡេង​មួយ​ត្រូវ​ចំនឹង​សំឡេង​ពិត​នៃ​ពាក្យ​នោះ គឺ ញ័រ, ជ័រ, ទំព័រ… ។
គ/ សម្រាប់​ប្រើ​សម្រួល​សំឡេង​ក្លាយ​ពី​ពាក្យ​បរទេស​ខ្លះ​ៗ ដូច​ជា ដុក​ទ័រ, ប៉ាស្ទ័រ, អាំង​ហ្សេនីញ័រ, កុំព្យូទ័រ, ត្រាក់ទ័រ

របាទ-

វណ្ណយុត្តិ​នេះ ជា​តំណាង​អក្សរ “ រ ” ដែល​គេ​កាត់​យក​ក្បាល​ខាង​លើ​របស់​វា​ មក​រក្សា​ទុក​ធ្វើ​ជា​សញ្ញា​របាទ (៌)។ គេ​ប្រើ​វណ្ណយុត្តិ​នេះ សម្រាប់​ដាក់​លើ​ពាក្យ​ដែល​ក្លាយ​មក​ពី​ភាសា​សំស្រ្កឹត ដើម្បី​សម្រួល​សំឡេង​អាន​តាម​បែប​សំឡេង​ខ្មែរ ។ គេ​កត់​សម្គាល់​ថា ពាក្យ​បាលី​ណា ដែល​សរសេរ​តម្រួត​នោះ កាល​ណា​យើង​សរសេរ​ជា​ពាក្យ​សំស្រ្កឹត​ក្លាយ​ខ្មែរ គេ​ត្រូវ​ដាក់ (៌) របាទ​នេះ​ជំនួស​វិញ ។

អស្តា-

វណ្ណយុត្តិ​នេះ គឺ​មាន​ទ្រង់​ទាយ​ជា​លេខ  ប៉ុន្តែ​បង្រួញ​ឲ្យ​តូច​ ដើម្បី​ងាយ​យក​មក​ដាក់​លើ​ព្យញ្ជនៈ “ ក ” និង “ ដ ” ដែល​ជា​និបាត​ស័ព្ទ ។ ឧទាហរណ៍ ៖ ខ្ញុំ​ក៏​ទៅ, អ្នក​ក៏​ទៅ, ទោះ​បី​យ៉ាង​ណា​ក៏​ដោយ …។ ក្រៅ​ពី​នេះ​គេ​ប្រើ​លេខ​អស្តា សម្រាប់​ដាក់​លើ​ពាក្យ​ឧទាន​ស័ព្ទ​ខ្លះ ជា​ពាក្យ​ភ្ញាក់​ ស្ងើច​ រំភើប​… ឱហ្ន៏ នុ៎ះហ្ន៏ ។

ទណ្ឌឃាត ឬ​បដិសេធ (​៍)

វណ្ណយុត្តិ​នេះ មាន​រូបសណ្ឋាន​ដូច​សក់​លេខ “ ៩ ” ។ គេ​ប្រើ​ទណ្ឌឃាត ដើម្បី​ដាក់​លើ​អក្សរ​ព្យញ្ជនៈ​ណា​ ដែល​គេ​មិន​អាន ប៉ុន្តែ​គេ​ត្រូវ​តែ​រក្សា​ទុក​ព្យញ្ជនៈ​នោះ​ជា​ចាំ​បាច់ ក្នុង​ន័យ​រក្សា​អក្ខរា​វិរុទ្ធ​របស់​ពាក្យ និង​ជា​គ្រឿង​សម្គាល់​ជាតិ​ស័ព្ទ​របស់​ពាក្យ ។ ឧទាហរណ៍ ៖ ​ទូរទស្សន៍, ប្រយោជន៍, គមនាគមន៍, ព្រឹត្តិការណ៍, ពាក្យ​ពេចន៍, វេយ្យាករណ៍, ត្រ័យរតន៍ ។​ គេ​ច្រើន​ប្រើ​ទណ្ឌឃាត​លើ​ពាក្យ​ក្លាយ​ពី​បាលី​និង​សំស្រ្កឹត ។ សញ្ញា​នេះ ក៏​យក​មក​ប្រើ​ចំពោះ​ពាក្យ​ខ្ចី​ពី​បរទេស​ខ្លះ សម្រាប់​រក្សា​លំនាំ​អក្ខរាវិរុទ្ធ​ដើម​របស់​ពាក្យ​ទាំង​នោះ ដូច​ជា ស៊ីម៉ងត៍, អេដស៍, អាល់​ប៊ែរត៍…

វិសជ៌នី (ះ) ឬរះមុខ

គេ​ប្រើ​សញ្ញា​នេះ សម្រាប់​ប្រកប​ជំនួស​ខ្យល់ “​​ ហ​ ” ជា​ពាក្យ​កាត់​កំបុត​ខ្លី ហើយ​អាន​ដោយ​បើក​ចំហមាត់​ដូច​ជា ​តិះ, រិះ, ចុះ, ចង្កើះ (ចង្កឹះ) ឈ្មោះ,​ ទះ, ដោះ​ដូរ, លោត​ផ្លោះ ។ល។ វា​មាន​សូរ​សំឡេង​ស្រដៀង​នឹង​ពាក្យ​ដែល​ប្រកប​នឹង​ព្យញ្ជនៈ “ ស ” ដែរ ។

យុគលពិន្ទុ(ៈ) ឬ​ហៅថា “ ចុចពីរ ” ក៏បាន

គេ​ប្រើ​វណ្ណយុត្តិ​នេះ​សម្រាប់ ៖​ ដាក់​នៅ​ចុង​ពាក្យ​មាន​កំណើត​ពី​បាលី ​ឬ​សំស្រ្កឹត ដែល​មាន​សូរ “ អាក់ ” ឬ “​ អ៊ាក់ ” ដូច​ជា លោភៈ, មោហៈ, ទោសៈ…
 ចំណាំ ៖ បើ​ពាក្យ​ទាំង​នេះ​នៅ​ខាង​ដើម​គេ ដូច​ជា ពលកម្ម, វណ្ណកម្ម​ សច្ចភាព, ខេមរភាសា នោះ​គេ​មិន​ចាំ​បាច់​ដាក់​យុគល​ពិន្ទុ​ទេ ព្រោះ​ពាក្យ​ទាំង​នេះ​ជា​សមាសនាម ។
● លើក​លែង​តែ​ពាក្យ​ ៖ គណៈ ដែល​ទោះ​បី​វា​នៅ​ដើម​គេ ឬ​កណ្តាល​គេ​ក្តី ក៏​ត្រូវ​តែ​ប្រើ​យុគលពិន្ទុ​ជា​ដរាប ឧទាហរណ៍ គណៈប្រតិភូ, គណៈកម្មការ, គណៈសង្ឃ, គណៈរដ្ឋមន្រ្តី, គណៈប្រធាន​រដ្ឋ… ព្រោះ​ថា​ក្នុងពាក្យ​ទាំង​នេះ​ “គណៈ” មិន​ចូល​ក្នុង​សមាសនាម​តាម​ក្បួន​ខ្នាត​វេយ្យាករណ៍​បាលី ។
● លើក​លែង​តែ​ពាក្យ ៖ គណបក្ស, គណនា, គណនេយ្យ…​ ដែល​គេ​មិន​ត្រូវ​ប្រើ​យុគលពិន្ទុ​ទេ ។
 រីឯពាក្យ ៖ កាលៈ​ទេសៈ គេ​ត្រូវ​ប្រើ​យុគលពិន្ទុក​ទាំង​ពីរ​ម៉ាត់​តែ​ម្តង​ ។ ក៏ប៉ុន្តែ បើ​គេ​សរសេរ​ពាក្យ​នេះ “ បញ្រ្ចាស ” មក​វិញ “ ទេសកាល ” នោះ គេ​មិន​ត្រូវ​ប្រើ​យុគលពិន្ទុ​ឡើយ ។
● ក្នុង​សម័យ​នេះ គេ​យក​យុគលពិន្ទុ​មក​ ប្រើ​ក្លាយ​ក្នុង​ឃ្លា​ប្រយោគ​ខ្លះ​ដែរ សម្រាប់​រាប់​រាយ​ឈ្មោះ​អ្វីៗ​ ដូច​ពាក្យ​ថា ទង់​ជាតិ​បារាំង​មាន ៣​ ពណ៌គឺ ៖ ស, ខៀវ, ក្រហម ។ ប៉ុន្តែ​ជា​ទូទៅ អ្នក​និពន្ធ​ទាំង​ឡាយ​តែង​តែ​ប្រើ “ទ្វិពិន្ទុ​លេខ” ក្នុង​ករណី​រៀប​រាប់, ឧទ្ទេស បង្ហាញ… ព្រោះ​ការ​ប្រើ​សញ្ញា​ខណ្ឌបែប​នេះ​ត្រឹម​ត្រូវ និង​សម​ហេតុ​សម​ផល​ជាង ។ យើង​នឹង​បាន​ឃើញ​ព្រម​ទាំង​អធិប្បាយ​ពន្យល់ អំពី​ខណ្ឌ​សញ្ញា​នេះ​នៅ​ទំព័រ​ខាង​មុខ ។

រជ្ជុស​ញ្ញា ឬ​សហសញ្ញា (-) “Trait d’union”

ជា​សញ្ញា​បន្ទាត់​ផ្ដេក​ខ្លីសម្រាប់​ប្រើ​ប្រាស់​បាន​ច្រើន​យ៉ាង​នៅ​ក្នុង​ការ​សរសេរ​អត្ថបទ ​ឬ​តែង​និពន្ធជា​ដើម ។
ក/សម្រាប់​បំបែក​ព្យាង្គ​នៃ​ពាក្យ​មួយ​ កុំ​ឲ្យ​អាន​ច្រឡំ​ជា​ប្រកប ​នាំ​ឲ្យ​ខុស​ពាក្យ​ដូច​ជា ទូក-ង, ​កុក-ស,​ សម្បុរ-ស,​ខ្សែ-ក​…
ខ/សម្រាប់​ត​ភ្ជាប់​ពាក្យ​មួយ ដែល​សរសេរ​មិន​ទាន់​ចប់​នៅ​ចុង​ទំព័រ ហើយ​ត្រូវ​ត្រឡប់​មក​សរសេរ​នៅ​ដើម​បន្ទាត់​វិញ ។
គ/ សម្រាប់​ភ្ជាប់​ពាក្យ​មួយ​ដែល​ដាច់​គ្នា ដើម្បី​តម្រូវ​ចាប់​ចុង​ចួន​ក្នុង​កំណាព្យ ។
ឃ/ សម្រាប់​បញ្ជាក់​អំពី​ការ​ផ្លាស់​ប្តូរ​ឃ្លា​សន្ទនា​នៃ​តួ​ពីរ ឬ​ច្រើន​នាក់ ។
ង/ សម្រាប់​សម្គាល់​នូវ​ការ​រៀបរាប់ ជា​លំដាប់​លំដោយ អំពី​គំនិត ​ឬ​ចំណុច​ប្លែកៗ​ ។

កាក​បាទ ឬ​ជើង​ក្អែក (+)

គឺ​ជា​បន្ទាត់​ខ្លី​ពីរ ​មួយ​ផ្តេក​មួយ​ទៀត​បញ្ឈរ គូស​កាត់​ខ្វែង​គ្នា​ចំពាក់​កណ្តាល ។ គេ​ប្រើ​វណ្ណយុត្តិ​នេះ សម្រាប់​ដាក់​លើ​ពាក្យ​ឧទាន​ស័ព្ទ​ខ្លីៗ​មួយ​ចំនួន​ ដែល​មាន​សូរ​សៀង​បង្អូស ​ឬ​ត្អូញ​ថ្ងូរ ដូច​ជា​ពាក្យ ចា៎ះ ! បា៎ទ ! ណា៎ ! ហ្ន៎, នុ៎ះ, ណ៎ះ, អូ៎, អ្ហា៎… ។ ខាង​ផ្នែក​នព្វន្ត គេ​ប្រើ​សញ្ញា​ជើង​ក្អែក​ជា​សញ្ញា​បូក, ឧទាហរណ៍ ៖ ១៥+៣៨ ។

លេខ​ទោ (ៗ)

សញ្ញា​នេះ​គេ​ប្រើ​សម្រាប់
ក/- ផ្ទួន​ពាក្យ​ដែល​តម្រូវ​ឲ្យ​ថា ឬ​អាន​ពីរ​ដង,
ខ/- សម្រាប់​បញ្ជាក់​អំពី​ចំនួន​ច្រើន ឬ ពហុវចនៈ​ ។

  • ចំណាំ ៖ មិន​មែន​កំណត់​ថា គ្រប់​តែ​ពាក្យ​ដែល​ត្រូវ​ថា​ឬ​អាន​ពីរ​ដង​នោះ ត្រូវ​តែ​ដាក់​លេខ​ទោ​ទាំង​អស់​នោះ​ ទេ ។ ពាក្យ​បាលី​ខ្លះ​ដែល​យក​មក​ប្រើ​ក្នុង​ភាសា​ខ្មែរ ដូច​ជា នានា ​ធម្មសង្វេគ គេ​ត្រូវ​សរសេរ​ពាក្យ “នានា”​​​​​​​​ នេះ​ត្រួត​គ្នា​ពីរ​ដង ដោយ​គោរព​ទៅ​តាម​វិធាន​បាលី ។ ដូច​ជា​ពាក្យ​ថា ឯហិមម…? ។ បើ​ប្រើ​ជា​មួយ​គុណនាម ​និយាយ​អំពី​ពណ៌​នោះ​ ពាក្យ​ស្ទួន​ដោយ​ប្រើ​លេខ​ទោ​ ចង់​បញ្ជាក់​អំពី​ប្រភេទ​ពណ៌ ដោយ​ឡែកៗ​របស់​វត្ថុ ។

ចំពោះ​ពាក្យ​ខ្មែរ​ខ្លះ ដែល​មាន​សំឡេង​ដដែលៗ​ពីរ​ដង​ដូច​ជា​បបរ កករ ត្រូវ​តែ​សរសេរ​ពីរ​ដង​ជាន់​គ្នា​ដូច្នេះ​ជា​ដរាប ។ ហាម​ដាច់​ខាត មិន​ឲ្យ​សរសេរ បរៗ, ករៗ, បែប​នេះ​ឡើយ ។

  • លេខ​ទោ​ប្រើ​ក្នុង​ករណី​បញ្ជាក់​ និង​ប្រៀប​ធៀប​ ។
  • លេខ​ទោ​ប្រើ​ជា​មួយ​ពាក្យ​មួយ​ព្យាង្គ​ ។
  • លេខ​ទោ​ប្រើ​ជា​មួយ​ពាក្យ​ពីរ​ម៉ាត់​ ។
  • លេខ​ទោ​ប្រើ​ជំនួស​ពាក្យ​បី​ម៉ាត់​ឬ​ច្រើន​ព្យាង្គ ។
    ចំណាំ ៖ លេខ​ទោ​មិន​អាច​ប្រើ​ផ្ទួន​បាន​នៅ​ខាង​ចុង​ពាក្យ​ពិពណ៌នា អំពី​រូប​រាង​មនុស​ឬ​សត្វ ដូច​ជា កូន​គោ​នេះ​ធាត់​ទ្រលុក​លុក មុខ​ឡើង​កំប្លង់​ប្លង់​ដូច​វង់​ចន្រ្ទា ។ ស្គម​កំព្រឹង​ព្រឹង ។
  • មិន​ត្រូវ​ប្រើ​លេខ​ទោនេះ​ក្នុង​ករណី​ប្រើ​ពាក្យ​ដដែល​ច្រើនដង

ខណ្ឌ​សញ្ញា (Signes de ponctuation)

ខណ្ឌ​សញ្ញា គឺ​ជា​សញ្ញា​មាន​រូប​ភាព​ប្លែកៗ សម្រាប់​ប្រើ​ក្នុង​ការ​សរសេរ​អត្ថបទ​ផ្សេងៗ ដើម្បី​សម្គាល់​លក្ខណៈ ទម្រង់​បែប​បទ ដែល​ជា​លំនាំ​ឲ្យ​ងាយ​យល់​ ឲ្យ​អាន​បាន​ត្រឹម​ត្រូវ ។

ក្បៀស ( , ) ឬ​កណ្ដក​សញ្ញា (La virgule)

សញ្ញា​នេះ ប្រើ​សម្រាប់​ញែក​ពាក្យ​ក្នុង​ប្រយោគ​ឲ្យ​ដាច់​ពី​គ្នា ទោះ​ពាក្យ​រៀប​រាប់​នោះ ជា​នាម​ក្តី ជា​គុណនាម​ក្តី ជា​កិរិយាស័ព្ទ​ក្តី ។ គួរ​កត់​សម្គាល់​ថា ការ​ប្រើ​ក្បៀស​ក្នុង​ការ​សរសេរ​របស់​ខ្មែរ​យើង ​ក៏​ប្រហាក់​ប្រហែល​នឹង​ការ​ប្រើ​ក្បៀស​របស់​លោក​ខាង​លិច​ដែរ ។
ក/ ការ​ប្រើ​ក្បៀស​ក្នុង​ការ​ពិពណ៌នា រៀប​រាប់​ជំពូក​នាម
ខ/​ ការ​ពិពណ៌នា​រៀប​រាប់​អសាធារណ​នាម
គ/ ការ​ពិពណ៌នា​រៀប​រាប់​គុណនាម
ឃ/ ការ​ពិពណ៌នា​រៀប​រាប់​កិរិយាស័ព្ទ

● កំណត់​សម្គាល់ នៅ​ក្នុង​ឃ្លា​ប្រយោគ​បរទេស​ដូច​ជា ភាសា​បារាំង អង់គ្លេស អេស្ប៉ាញ៉ុល​​ជា​ដើម​នោះ ប្រយោគ​ល្បះ​ណា​ដែល​ខ្មែរ​យើង​ត្រូវ​ប្រើ​ដក​ឃ្លា គេ​ប្រើ​ក្បៀស​ទាំង​អស់ ។ នេះ​អាច​ជា​ទម្លាប់​ភាសា​គេ ឬ​ក៏​ធ្វើ​ទៅ​តាម​ការ​តម្រូវ​ចាំ​បាច់ ​នៃ​ក្បួន​វេយ្យាករណ៍ របស់​គេ ។
អត្ថបទ​ខ្មែរ​យើង​ពី​បុរាណ ដែល​ចារ​នៅ​លើ​ក្រាំង​ក្ដី សាស្ត្រា​ស្លឹករឹត​ក្ដី នៅ​ក្នុង​ឃ្លា​ប្រយោគ​ទាំង​អស់នោះ​ ពុំ​ដែល​មាន​ប្រើ​ក្បៀស​ទាល់​តែ​សោះ ។ យើង​កត់​សម្គាល់​ឃើញ​ថា ចាប់​តាំង​ពី​ប្រទេស​យើង​ ឋិត​ក្រោម​របប​អាណានិគម​បារាំង​មក ប្រហែល​ដោយ​សារ​បាន​ទទួល​ឥទ្ធិពល ​ពី​របៀប​របប​សរសេរ​បែប​បារាំង យើង​ក៏​ចាប់​ផ្ដើម​ប្រើ​ក្បៀស​ជា​រៀង​រហូត​មក ។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី យើង​សង្កេត​ឃើញ​មាន​ទំនោរ​ពីរ​គឺ ៖
ក/-ប្រភេទ​ជន​ដែល​បាន​រៀន​សូត្រ​ចេះ​ដឹង​ជ្រៅ​ជ្រះ​ភាសា​បារាំង ច្រើន​សរសេរ​ប្រើ​ក្បៀស ។
ខ/-ប្រភេទ​ជន​ដែល​ចេះ​តែ​ភាសា​ខ្មែរ ក៏​ទទួល​យក​ទម្លាប់​មត៌ក​ពី​បុព្វបុរស​ជាន់​ដើម ហើយ​សរសេរ​ឥត​ប្រើ​ក្បៀស​ទេ ។

និយាយ​រួម​មក ការ​ប្រើ​ដក​ឃ្លា ជំនួស​ក្បៀស ឬ​ប្រើ​ដក​ឃ្លា​ផង និង​ប្រើ​ក្បៀស​ផង គឺ​មិន​មាន​អ្វី​ប្លែក​គ្នា​ខ្លាំង​ពេក​នោះ​ទេ ។ ប៉ុន្តែ​ការ​ប្រើ​ក្បៀស វា​មាន​ចរិត​ច្បាស់​លាស់​ប្រាកដ​ប្រជា​ជាង ។

ទ្វិពិន្ទុលេខ ឬ ចំណុច​ពីរ​គូស (៖)

សញ្ញា​ដែល​មាន​គំនូស​ផ្តេក​នៅ​ខណ្ឌ​ចន្លោះ​សូន្យ​ពីរ​ ​លើ​មួយ​ក្រោម​មួយ​នេះ គេ​ប្រើ​សម្រាប់ ៖
ក/ ដាក់​នៅ​ចុង​បញ្ចប់​នៃ​ប្រយោគ ក្នុង​ន័យ​កត់​ត្រា​សម្តី​របស់​បុគ្គល​ណា​មួយ​ ដែល​គេ​ស្រង់​យក​មក​ដាក់​ក្នុង​សញ្ញា​អញ្ញ​ប្រកាស(“ ”) គេ​កត់​សម្គាល់​ឃើញ​ថា សញ្ញា​បែប​នេះ ច្រើន​តែ​ប្រើ​ក្នុង​ទម្រង់​រចនាបថ​ប្រយោគ​ពណ៌នា​ក្នុង​រឿង​ព្រេង, រឿង​និទាន, ការ​និយាយ​ប្រាប់​គ្នា​ពី​ហេតុ​ការណ៍​អតីតកាល ។ល។
ខ⁄ សម្រាប់​ដាក់​នៅ​ចុង​ប្រយោគ​ណា ដែល​ត្រូវ​បន្ត​ទៅ​ដល់​ការ​រៀប​រាប់ ដោយ​ចាត់​ជា​ពួក, ជា​ផ្នែក ។

សម្គាល់ ៖ មិន​ត្រូវ​ច្រឡំ​យុគល​ពិន្ទុ (ៈ) ជា​មួយ​និង​ទ្វិពិន្ទុ​លេខ (៖) ទេ ។ យុគល​ពិន្ទុ គ្រាន់​តែ​ចុច​ចំណុច​ពីរ​លើ​ក្រោម​ប៉ុណ្ណោះ, រីឯ​ទ្វិពិន្ទុ​លេខ គឺ​មាន​សូន្យ​លើ ( ° ) សូន​ក្រោម (°) ហើយ​មាន​រជ្ជុសញ្ញា​ខណ្ឌ​ចំកណ្តាល​ គឺ​យ៉ាង​នេះ (៖) ។ សព្វ​ថ្ងៃ​នេះ យើង​ឃើញ​គេ​ប្រើ​យុគល​ពិន្ទុ​តាម​បែប​អឺរ៉ុប ​ជំនួស​ទ្វិពិន្ទុ​លេខ ដោយ​មក​ពី​ទម្រង់​ពុម្ព​អក្សរ​លីម៉ុន (font Limon) ពុំ​មាន​សញ្ញា​ទ្វិពិន្ទុ​លេខ ក៏​តាំង​តែ​យក​យុគល​ពិន្ទុ​មក​ប្រើ​ជំនួស​ឲ្យ​តែ​បាន​ៗ សិន រង់​ចាំ​អ្នក​បច្ចេក​ទេស​រក​ឃើញ​សញ្ញា​ទ្វិពិន្ទុ​លេខ​​​ នោះ​នឹង​យក​មក​ប្រើ​ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​វិធាន​វេយ្យាករណ៍។
ប៉ុន្តែ​គេ​អាច​ប្រើ​យុគលពិន្ទុ​បាន​ នៅ​ក្នុង​ទម្រង់​លិខិត​ខ្លះៗ​ដូច​ជា កម្មវត្ថុ ៖ ស្នើ​សុំ​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន​យោងៈ លិខិត​លេខ… ចុះ​ថ្ងៃ​ទី….
កំណត់​សម្គាល់​អំពី​ការ​ប្រើ ឬ​មិន​ប្រើ​យុគលពិន្ទុ​នៅ​ពី​មុខ​ពាក្យ ​“ថា” ៖
ក/មិន​ប្រើ​យុគល​ពិន្ទុ ចំពោះ​តែ​ពាក្យ​ “ថា[12]” ណា​ដែល​ជា​និបាត​ស័ព្ទ​ ដែល​អាច​ប្រៀប​នឹង​ភាសា​បារាំង​ថា “Que” បាន​ដល់​ពាក្យ​ដែល​ត្រូវ​កត់​ត្រា​សម្តី​មិន​ផ្ទាល់​របស់​តួអង្គ មាន​និយាយ​ក្នុង“ Style indirect ” របស់​ភាសា​បារាំង ដូច​ជា​ពាក្យ ​៖ ពោល​ថា, និយាយ​ថា, ទំនាយ​ទាយ​ថា, តិះ​ដៀលថា, ជេរថា, ប្រាប់​ថា… ពាក្យ​ទាំង​នេះ គេ​មិន​ត្រូវ​ប្រើ​ដាក់​យុគល​ពិន្ទុ (ៈ) ពី​មុខ​ទេ ។
ខ/ត្រូវ​ប្រើ​យុគលពិន្ទុ គេ​ប្រើ​សញ្ញា​យុគល​ពិន្ទុ (ៈ) ក្នុង​ករណី​កត់​ត្រា​ពាក្យ​សម្តី​ផ្ទាល់​របស់​អ្នក​និពន្ធ ត្រូវ​គ្នា​នឹង​ទម្រង់​របស់​ភាសា​បារាំង​ថា (Style direct) ។

បុច្ឆន​សញ្ញា (?) (Point d’interrogation)

ជា​សញ្ញា​ប្រើ​សម្រាប់​ដាក់​ពី​ខាង​ក្រោយ​ពាក្យ, ឃ្លា, ល្បះ ចោទ​សួរ​ជា​និច្ច ។ នៅ​ក្នុង​ពាក្យ, ល្បះ, ឃ្លា, ប្រយោគ​ដែល​ចោទ​សួរ គេ​តែង​ប្រើ​ជា​ចាំ​បាច់​នូវ​ពាក្យ ឬ​រូបមន្ត​ផ្សេង​មាន​ជា​អាទិ៍៖ តើ, ព្រោះ​អ្វី, ហេតុ​អ្វី, ដូច​ម្តេច, (ក៏, ឬ, បាន​ជា…) យ៉ាង​ម៉េច​ក៏…, អ្វី​ទៅ, ស្អីគេ, អង្កាល់, កាល​ណា, … ។ល។ ពាក្យ​សម្រាប់​សួរ​អាច​នៅ​ដើម​ឃ្លា ឬ នៅ​ចុង​ឃ្លា​ក៏​បាន ។ ជួន​កាល​គេ​មិន​ចាំ​បាច់ ប្រើ​ពាក្យ​សួរ គេ​គ្រាន់​តែ​ដាក់​បុច្ឆនសញ្ញា​ទៅ​ក៏​បាន​ដែរ ។

  • ល្បះ, ឃ្លា, ពាក្យ​សំណួរ​ខ្លីៗ ៖ ឃ្លាន​អ្វី? ម៉េច​ក៏​យំ? ទៅ​សាលា? ដើរ? ជិះកង់ ?
  • គប្បី​កត់​សម្គាល់​ថា សំណួរ​ដដែល​គ្រាន់​តែ​ផ្លាស់​ប្តូរ​ដាក់​ពាក្យ​ណា​មុន ពាក្យ​ណា​ក្រោយ ក៏​ឲ្យ​ន័យ ឬ រំលេច​ន័យ​ខុស​គ្នាដែរ ។

ក្រៅ​ពី​នេះ រាល់​សំណួរ​ដែល​សុទ្ធ​តែ​មាន​បុច្ឆន​សញ្ញា​នៅ​ចុង​ល្បះ​ដូច​គ្នា​នេះ អាច​មាន​ន័យ​ខុស​ប្លែក​គ្នា ទៅ​តាម​សំឡេង​លើក​ដាក់​ថ្នាក់​ថ្នម គំហក​កំហែង ​អង្វរ​ករ​លន់​តួ ។
មាន​បុច្ឆន​សញ្ញ​មួយ​បែប​ទៀត ដែល​ច្រើន​ឃើញ​ប្រើ​នៅ​ក្នុង​រូប​គំនូរ​កំប្លែង (Caricature) ។

ឧទានសញ្ញា (!) (Point d’exclamation)

សញ្ញា​បង្គោល​​បញ្ឈរ​ដែល​មាន​ចំណុច (!) មួយ​នៅ​ពី​ក្រោម​នេះ គេ​ប្រើ​សម្រាប់​ដាក់​នៅ​ពី​ក្រោយ ពាក្យ ឃ្លា ល្បះ ភ្ញាក់​ផ្អើល​តក់​ស្លុត​ ស្ងើច ភ័យ អាសន្ន ខ្លាច បញ្ជាដាច់​ខាត បែ​បន់ អធិដ្ឋាន សម្រែក​ជយឃោស គំរាម​កំហែង ។ ជួន​កាល​គេ​ក៏​ប្រើ​ឧទាន​សញ្ញា​ជា​មួយ​នឹង​ឃ្លា កំហឹង បន្ទោស ​ឬ​ ជេរផងដែរ ។

អញ្ញប្រកាស ( “…” )

គឺ​ជា​សញ្ញា​ឃ្នាប​ម្យ៉ាង ដែល​នៅ​ខាង​ដើម​មាន​រាង​កោង​ខ្វឹក​កួច​ពីរ​ឡើង​ទៅ​លើ ឯខាង​ចុង​ជា​សញ្ញា​ខ្វឹក​ពីរ​រាង​កោង កួច​ទម្លាក់​ចុះ​ក្រោម ។ គេ​ប្រើ​សញ្ញា​នេះ​សម្រាប់៖
ក/ គាប ឬ​កត់​ត្រា​ដក​ស្រង់​សេចក្តី​សំខាន់​របស់​ជន​ណា​ម្នាក់ ទុក​ជា​សេចក្តី​ពិសេស​ដោយ​ឡែក ជា​ការ​រំលេច ​ឬ​បញ្ជាក់​ឲ្យ​ប្លែក​ពី​ន័យ​របស់​បរិបទ ។
ខ/ ដក​ស្រង់​គំនិត, សម្តី​របស់​តួអង្គណា​មួយ​ក្នុង​រឿង ។
គ/ ដក​ស្រង់​តួ​អង្គ​ណា​មួយ​ ដែល​មាន​កិត្តិស័ព្ទ​ល្បី​ល្បាញ
ឃ/ ដក​ស្រង់​សេចក្តី​ឬ​អត្ថន័យ​មាន​លក្ខណៈ​លេច​ធ្លោ ។

អព្ភន្តរ​សញ្ញា (‘…’)

សញ្ញា​នេះ ខុស​ប្លែក​ពី​អញ្ញ​ប្រកាស ដោយ​ប្រើ​តែ​ខ្វឹក​សញ្ញា​មួយ​នៅ​ខាង​ដើម និង​ក្បៀស​សញ្ញា​មួយ​នៅ​ខាង​ចុង ។ របៀប​ប្រើ​នស​អព្ភន្តរ​សញ្ញា​ខុស​គ្នា​បន្តិច ​ពី​សញ្ញា​អញ្ញប្រកាស ដោយ​ប្រើ​អព្ភន្តរ​សញ្ញា​ជា​ឃ្នាប​ពាក្យ​ឋិត​នៅ​ក្នុង​រង្វង់​ផែន​ពាក្យ ​ដែល​ដាក់​ឃ្នាប​ដោយ​សញ្ញា​អញ្ញ​ប្រកាស ។
សូម​អនុញ្ញាត​ជម្រាប​ថា៖ នៅ​ក្នុង​សៀវភៅ​ឯកសារ​ជា​ទូទៅ​ គេ​កម្រ​ឃើញ​អ្នក​និពន្ធ​ប្រើ​សញ្ញា​នេះ​ណាស់ ។ ជួន​កាល​គេ​ប្រើ​អព្ភន្តរ​សញ្ញា ឬ​អញ្ញ​ប្រកាស ក្នុង​គោល​ដៅ​តែ​មួយ​ដូច​គ្នា ។ នៅ​ក្នុង​សៀវភៅ​វេយ្យាករណ៍​របស់​លោក ពូវ អ៊ុម លោក​ចាត់​ទុក​អព្ភន្តរ​សញ្ញា​ថា ជា​សញ្ញា​អញ្ញ​ប្រកាស (​ សៀវភៅ​វេយ្យាករណ៍ ពូវ ​អ៊ុម ទំព័រ ៨ ) ចំណែក​នៅ​ក្នុង​វចនានុក្រម​សម្តេច​ជួន​ណាត ទំព័រ ១៦៥៦-៥៧ វិញ ក៏​បង្ហាញ​អព្ភន្តរ​សញ្ញា “​ ….” មាន​រូប​សណ្ឋាន​យ៉ាង​នេះ​ដែរ ។ លោក​បាន​ពន្យល់​ពាក្យ​អព្ភន្តរ​សញ្ញា​យ៉ាង​នេះ​ថា ៖ ពាក្យ​សន្មត​ហៅ​វណ្ណយុត្តិ ដែល​ពួក​វេយ្យាករណ៍​បណ្ឌិត​ក្នុង​ប្រទេស​អឺរ៉ុប បង្កើត​ឡើង​សម្រាប់​ប្រើ​រាំង​ពាក្យ ឬ​សេចក្តី​មាន​រូប​សណ្ឋាន​ពីរ​បែប​គឺ (“…”) ឬ («…»)[16] ។
ដូច្នេះ ដោយ​យល់​ឃើញ​ថា កិច្ច​ការ​សរសេរ​តែង​និពន្ធ​នា​ពេល​បច្ចុប្បន្ន​នេះ មាន​សភាព​ល្អិត​ល្អន់​ស៊ី​ជម្រៅ និង​ហ្មត់​ចត់ យើង​គួរ​តែ​បញ្ចូល​អព្ភន្តរ​សញ្ញា ដែល​មាន​រូប​សណ្ឋាន​បែប​នេះ ( ‘… ’ ) មក​ប្រើ​បន្ថែម​ទៀត ដោយ​បំបែក​ចេញ​ពី​អញ្ញ​ប្រកាស ( “…” ) ។

មច្ឆណ្ឌ​សញ្ញា ឬ ពងត្រី (…) (point de Suspension)

ជួន​កាល​គេ​ហៅ​ថា (ចំណុច​រាយ) ផង​ក៏មាន ។ សញ្ញា​ដែល​មាន​ចំណុច​បី​បន្ត​បន្ទាប់​ជាប់​គ្នា​នេះ សម្រាប់​សម្គាល់​ប្រយោគ​ណា​មួយ ដែល​នៅ​មាន​សេចក្តី​បន្ត​ទៀត ប៉ុន្តែ​អ្នក​សរសេរ​បាន​ផ្អាក​បញ្ឈប់​លែង​ពណ៌នា ដោយ​ដាក់​សញ្ញា​ពងត្រី​នេះ ប្រាប់​ជា​ដំណឹង ។ របៀប​ប្រើ​ពង​ត្រី​មាន​បែប​ផែន​ប្លែកៗ​ដូច​តទៅ ៖
ក/ ជា​សញ្ញា​កាត់​ពាក្យ​សម្តី​គូសន្ទនា​ម្នាក់​ ដែល​កំពុង​និយាយ​ឲ្យ​ដាច់​កណ្តាល​ឃ្លា ។
ខ/ ជា​សញ្ញា​សម្រាប់​ផ្អាក​ពាក្យ​សម្តី មិន​ចង់​និយាយ​បន្ត​ដោយ​ទុក​ឲ្យ​គូសន្ទនា​យល់ ឬ ក៏​បង្កប់​ទុក​នូវ​ពាក្យ​គំរាម​កំហែង ពាក្យ​បណ្តាសា… ។ ​
គ/ ផ្អាក​សេចក្តី​ត្រឹម​ប៉ុណ្ណឹង​សិន ឬ​ស្លេះ​ទុក ដោយ​មិន​ចង់​ឲ្យ​សេចក្តី​មាន​ន័យ​ដូច​គ្នា​នេះ វែង​អន្លាយ​ពេក ។
ឃ/ សម្រាប់​ប្រាប់​អំពី​ពាក្យ​ឃ្លា ដែល​បាត់​រលុប​មាន​សេចក្តី​មិន​ច្បាស់ ដក​យក​ចេញ​ពី​សិលាចារឹក​ជា​ដើម ។

វង់​ក្រចក ឬ​នខសញ្ញា ( )

បាន​ជា​គេ​ឲ្យ​ឈ្មោះ​ដូច្នេះ ព្រោះ​វា​មាន​សណ្ឋាន​រាង​កោង​ដូច​វង់​ក្រចក​យើង​ពិតៗ ។ គេ​ប្រើ​សញ្ញា​វង់​ក្រចក​សម្រាប់ ៖
ក/ គាប​ពាក្យ ឬ​សេចក្ដី​ ដែល​គេ​ចង់​ពន្យល់​ន័យ ។
ខ/ គាប​ពាក្យ​ដែល​សរសេរ​ជា​អក្សរ​កាត់ ។

វង់​តង្កៀប […..]

នៅ​ក្នុង​ភាសា​ខ្មែរ​គេ​មិន​ស្រូវ​ប្រើ​សញ្ញា​វង់​តង្កៀប​នេះ​ទេ​ព្រោះ​យើង​មាន​វណ្ណយុត្តិ​ និង​ខណ្ឌ​សញ្ញា​យ៉ាង​ច្រើន សម​ស្រប​នឹង​ប្រើ​ក្នុង​អត្ថបទ​ជា​ភាសា​ខ្មែរ​គ្រប់​គ្រាន់​អស់​ហើយ ។ ប៉ុន្តែ​នៅ​ក្នុង​ការ​គណនា​លេខ​ផ្នែក​ពីជគណិត​(Algèbre) យើង​យក​មក​ប្រើ​តាម​ពួក​អឺរ៉ុប ។

រ៉ាត់ ឬ​ឃ្នាប ( } ឬ { ….} ) (Accolade)

សញ្ញានេះ ខ្មែរ​ខ្លះ​ហៅ​ថា ពុក​មាត់​មេ​អំបៅ ។
ក/ នៅ​ក្នុង​មុខ​វិជ្ជា​ពីជគណិត របៀប​ប្រើ​ឃ្នាប ឬ​រ៉ាត់​មាន​ន័យ​ដូច​គ្នា នឹង​ការ​ប្រើ​តង្កៀប ឬ​វង់​ក្រចក​ដែរ ។ គេ​តែង​តែ​ប្រើ​រ៉ាត់​មួយ​សម្រាប់​បើក ( { ) និង​រ៉ាត់​មួយ​ទៀត​សម្រាប់​បិទ ( } ) គឺ​បែប​នេះ {…..} ។
ខ/ រ៉ាត់​បើក និង​រ៉ាត់​បិទ​នេះ ប្រើ​សម្រាប់​គាប​ពាក្យ​ពីរ ឬ​ច្រើន​ជា​ការ​សម្គាល់​ថា ពាក្យ​ទាំង​នោះ​មាន​មុខ​ងារ​រួម​ដូច​គ្នា មិន​បាច់​សរសេរ​ដដែល​ច្រើន​ដង​នាំ​ខាត​ពេល ។

បេយ្យាលៈ ឬ លៈ (៘)

គេ​មិន​សូវ​អាន​ថា បេយ្យាលៈ​ទេ ព្រោះ​វែង​ពេក ​គេ​អាន​កាត់​យក​តែ​ខាង​ចុង​ត្រង់​សូរ​ថា ឡាក់, ឡៈ សរសេរ​ថា ៖ (។ល។) ត្រូវ​នឹង​ពាក្យ​បារាំង​ថា (et cetera) សរសេរ​អក្សរ​កាត់​ថា (etc.) ។ ​គេ​ប្រើ​សម្រាប់​បំព្រួញ​សេចក្តី​ឯណា​នីមួយ ឬ​ការ​រៀប​រាប់​ដែល​វែង​ឲ្យ​នៅ​ខ្លី ដោយ​គិត​ថា អ្នក​អាន​ក៏​ដឹង​ថា នៅ​មាន​ពាក្យ និង​សេចក្តី​អ្វី​ខ្លះ​ទៀត ។

ខណ្ឌ ឬ ខណ្ឌសញ្ញា (។)

គេ​ប្រើ​សញ្ញា​ខណ្ឌ​នេះ សម្រាប់​រាំង​ខាំង​ប្រយោគ ឬ​សង្កាត់​នៃ​សេចក្តី​នីមួយៗ ឲ្យ​ដាច់​ស្រឡះ​ពី​គ្នា ។ កាល​ណា​ប្រយោគ​មួយ​ចាប់​សេចក្តី​ហើយ​ គេ​ត្រូវ​ដាក់​សញ្ញា (។) នេះ មុន​នឹង​បន្ត​ទៅ​ប្រយោគ​មួយ​ទៀត ។ ខណ្ឌ​សញ្ញា ធ្វើ​ឲ្យ​គេ​ងាយ​យល់ អាច​ញែក​សេចក្តី​ពី​ប្រយោគ​មួយ​ទៅ​ប្រយោគ​មួយ មិន​ឲ្យ​ច្រឡំ​ន័យ នាំ​ច្របូក​ប្របល់ ។ ហើយ​នៅ​ចន្លោះ ខណ្ឌ​សញ្ញា ការ​ដក​ឃ្លា ក៏​ជួយ​សម្រួល​ឲ្យ​អ្នក​អាន​ងាយ​យល់​ ងាយ​ចាប់​សេចក្តី​បាន ។ មាន​តែ​ការ​ប៉ិន​ប្រសប់​របស់​អ្នក​សរសេរ​តែង​និពន្ធ​ទេ ដែល​អាច​យល់​ដឹង​ដល់​ការ​ចាំ​បាច់​នៃ​ការ​ដក​ឃ្លា ការ​ដាក់​ខណ្ឌ​សញ្ញា​ឲ្យ​បាន​ត្រឹម​ត្រូវ​ទេ ទើប​ធ្វើ​ឲ្យ​អត្ថបទ​មាន​តម្លៃ មាន​ន័យ​គួរ​ជា​ទី​ចាប់​អារម្មណ៍ ។
ប៉ុន្តែ​កាល​ណា​គេ​ត្រូវ​ប្តូរ​គំនិត​ចូល​ទៅ​វគ្គ ឬ​កថាខណ្ឌ​ថ្មីនោះ គេ​ត្រូវ​ដាក់​សញ្ញា​ខណ្ឌ​ទៅ​ចុង​បញ្ចប់​ប្រយោគ រួច​ហើយ​ត្រូវ​ចាប់​សរសេរ​ដោយ​ចុះ​ទៅ​បន្ទាត់​ថ្មី ជា​មួយ​នឹង​ការ​ចោល​លំហ​បន្តិច​ដែល​គេ​តែង​និយម​ហៅ​ថា ខណ្ឌ ចុះ​បន្ទាត់​ឬ​ចោល​បន្ទាត់ និង​ចាប់​ដើម​បន្ទាត់ (នេះ​ជា​ការ​ប្រាប់​ដំណឹង​របស់​អ្នក​ហៅ​សរសេរ​តាម​សូត្រ )

ខណ្ឌចប់ ( ៕ )

ជា​សញ្ញា​សម្រាប់​ដាក់​បញ្ចប់​អត្ថបទ ឬ​រឿង​មួយ​តែ​ត្រឹម​នេះពុំ​មាន​ត​សេចក្តី ឬ​រឿង​រ៉ាវ​ទៅ​មុខ​ទៀត​ឡើយ ។

អាទិសង្កេត ( . )

គឺ​ជា​ចំណុច​មួយ​ដែល​ដាក់​ពី​មុខ​អក្សរ ដែល​គេ​សរសេរ​កាត់​ដូច​ជា ស.រ.អា. (សហរដ្ឋ​អាមេរិក), អ.ស.ប. (អង្គការ​សហរប្រជាជាតិ) គ.ជ.ប. (គណៈកម្មការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត) ​ជួន​កាល​គេ​ប្រើ​អាទិសង្កេត ដើម្បី​ដាក់​ពី​មុខ​លេខ​រៀង មាតិកា​ដែល​រៀប​រាប់​ចំណង​ជើង​រង (Sous-titre) ដូចជា ៖

  1. មង្គល​ការ អបមង្គល
  2. ស្វា​ស្អប់​ចេក ក្អែក​ស្អប់​ពង​មាន់
  3. ចង់​រត់​ចេញ​ពី​សង្គម…

ជួន​កាល​ក្នុង​ករណី​ដូច​ខាង​លើ​នេះ គេ​ប្រើ​រជ្ជុ​សញ្ញា (-) ខ្លះ ៗ ​ដែរ ។

កុក្កុដនេត្រ ឬ ភ្នែក​មាន់ (៙)

បុព្វក​វី​និពន្ធ​ខ្មែរ​ធ្លាប់​ប្រើ​សញ្ញា​នេះ សម្រាប់​ចាប់​ផ្តើម​សរសេរ​អត្ថបទ ឬ​សេចក្តី​រឿង​អ្វី​មួយ ដើម្បី​កំណត់​ទុក​ជា​ចំណុច​ចាប់​ផ្តើម ។ តែ​ពេល​បច្ចុប្បន្ន​នេះ អ្នក​និពន្ធ កវី​លែង​ប្រើ​សញ្ញា​នេះហើយ ។ ជា​ពិសេស​នៅ​ពេល​ចាប់​ផ្តើម​សរសេរ​កំណាព្យ នោះ​កវី​បុរាណ​យើង​ច្រើន​ប្រើ​សញ្ញា (៙) ដូច្នេះ ។ បច្ចុប្បន្ន​នេះ មាន​កវីសម័យ​ទំនើប​ខ្លះ​ក៏​ផ្តើម​ប្រើ​សញ្ញា​ផ្នែក​មាន់ ដែល​មាន​ក្បៀស​ពីរ​នេះ នៅ​ពេល​ចាប់​ផ្តើម​បើក​បទ​កំណាព្យ ។

ខណ្ឌបរិយោសាន ឬ គោ​មូត្រ (។៚)

គឺ​ជា​សញ្ញា​យក​តាម​រូប​សណ្ឋាន​ដាន​នោម​គោ ដែល​នោម​ផង​ដើរ​ផង បណ្តាល​ឲ្យ​មាន​រាង​ក្ងិ​ក្ងក់​បែប​នេះ ហើយ​ខ្មែរ​បុរាណ​ក៏​សន្មត​យក​មក​ធ្វើ​ជា​សញ្ញា​ខណ្ឌ​បញ្ចប់ ដែល​ហៅ​តាម​ពាក្យ​បាលី​ថា “គោ​មូត្រ” គឺ​នោម​គោ​ដូច្នេះ​ទៅ ។ ចាស់​បុរាណ​លោក​ប្រើ​ខណ្ឌ​បរិយោ​សាន ឬ បរិយាន ឬ​គោ​មូត្រ​នេះ សម្រាប់​បញ្ជាក់​សេចក្តី​និយាយ​ពី​រឿង​រ៉ាវ​អ្វី​មួយ​ឬ​អត្ថបទ​ បទ​បាទ​បាលី​គាថា​ណា​មួយ ។ សព្វ​ថ្ងៃ​នេះ អ្នក​និពន្ធ​មួយ​ចំនួន បាន​ប្រើ​សញ្ញា​ពីរ​គឺ៖ ឬ​មួយ  ឬ​មួយ ។៚ ។ ការ​​​​ប្រើ​គោមូត្រ​នេះ គឺ​ចង់​រក្សា​សម្បត្តិ​វប្បធម៌​ពី​បុរាណ​ឲ្យ​នៅ​គង់​វង្ស ។យើង​ឃើញ​អ្នក​កាសែត​មួយ​ចំនួន មាន​ប្រើ​សញ្ញា​គោ​មូត្រ​ផង​ដែរ ៕៚

Source: វេយ្យាករណ៍ខ្មែរ

Linking to other…

Facebook Comments