រៀនព្យញ្ជនៈ៣៣តួ

រៀនព្យញ្ជនៈ៣៣តួ

បទពាក្យប្រាំពីរ

ខ្មែរមានព្យញ្ជនៈស្រៈនព្វន្តខ្មែរគួរគយគន់រត់រករៀន
រូតរះស្វះស្វែងកុំអៀនប្រៀនសិល្បៈរបៀនស្ពានបញ្ញា ។
រៀន រាប់រៀនអានរៀនសរសេររៀន កុំទំនេររៀនឧស្សាហ៍
រៀន លេខនព្វន្តគុណគណនារៀន ស្រៈអក្ខរាចារសេចក្តី ។
រៀន រាប់ ក ខ ស្រៈ អ អារៀន ថាសរសេរឃ្លាវែងខ្លី
រៀន មានគំនិតគិតកែច្នៃរៀន រកសេចក្តីឱ្យផូរផង់ ។
រៀន រៀនកាន់កាប់កិច្ចការរៀន កុំឫស្យាកោងដូចកង់
រៀន កួចគំនិតគិតត្រឹមត្រង់រៀន កុំកន្លងក្បួនតម្រា ។
រៀន រៀនខំសន្សំល្អរៀន ខិតជិតធម៌បានសុខា
រៀន កុំខិលខូចដូចសត្វស្វារៀន ខុសតម្រានាំខូចខួរ ។
រៀន រៀនគេងគងគិតគូររៀន គាប់គុណគ្រូឱ្យបានគួរ
រៀន កុំគុំគួនគិតហ្មងមួររៀន គង់គាប់គួរបានគប្បី ។
រៀន រៀនឃាត់ចិត្តឃោរឃៅរៀន ឃើញខុសត្រូវផ្លូវចាស់ថ្មី
រៀន កុំឃុបឃិតឃាតអប្រិយរៀន ឃុំសិរីកុំបីឃ្លាត ។
រៀន រៀនងើបកុំងងោះរៀន ងុយស្អុយឈ្មោះរស់ដូចងៀត
រៀន ងារឱ្យងំកុំចង្អៀតរៀន ងោកចោលម្សៀតដូចងងឹត។
រៀន រៀនចេះចាប់ចាត់ចែងរៀន ចេះកោតក្រែងកុំតាមចិត្ត
រៀន ចេះចរចាថ្លាថ្លែងពិតរៀន ចូរចេះគិតជួយចែកចាយ
រៀន រៀនឆន្ទកុំឆេវឆាវរៀន ឆាំងឆោតខ្លៅកុំឆើតឆាយ
រៀន កុំឆាឆៅមិត្តជិតឆ្ងាយរៀន ឆួលឆេះកាយក្លាយប្រេះឆា ។
រៀន រៀនជួយប្រទេសជាតិរៀន ជាកុំឃ្លាតជាតិថ្លៃថ្លា
រៀន កុំជិះជាន់ជាតិសាសនារៀនជួយផ្សះផ្សាជាតិជោគជ័យ
រៀន រៀនឈប់បង្ហូរឈាមរៀន ឈោងយកនាមពិរោះល្បី
រៀន ឈានទៅមុខឱ្យឃ្មាតខ្មីរៀន ឈរលើដីកុំឈូឆរ ។
រៀន រៀនញត្តិកុំញុះញង់រៀន ញាក់អ្នកឆ្គងកុំញីញ័រ
រៀន ញ៉ាំងញញឹមប្រិមប្រិយល្អរៀន ញៀនស្មោះសឱ្យញឹកញាប់។
រៀន រៀនដេកដើរដឹងដានរៀន ដឹងប្រមាណបានដល់ដប់
រៀន ដាំដោះដូរគួរប្រសប់រៀន ដុសទម្លាប់ឱ្យឧត្តម ។
រៀន រៀនឋិតក្នុងឋានសុខរៀន ថែម៉ែពុកជាបឋម
រៀន ថែមកុំថយឱ្យស័ក្តិសមរៀន ថាបន្លំបាត់សួគ៌ឋាន ។
រៀន រៀន ឌុនកុំឌឺដងរៀន កុំចងក្រងប្រឌិតដាន
រៀន ដូចដូនតាពីបូរាណរៀន កុំហួសដានលំអានថ្នាក់ ។
រៀន រៀនធន់ទុនវុឌ្ឍីរៀន ធម៌សាមគ្គីម្នីកុំអាក់
រៀន ធម៌នាំធូរឧបសគ្គរៀន ធន់ថ្នាំងថ្នាក់ជាក់ជោគជ័យ។
រៀន រៀនណែនាំអ្នកណាស់រៀន នាំឱ្យច្បាស់ណា៎! ចរណៃ
រៀន ឱ្យណែនណាន់តាន់សេចក្តីរៀន ហ្នឹងមានន័យនឹងចំណាន ។
រៀន រៀនតបគុណម៉ែឪរៀន តាមផ្លូវត្រូវកុំតឹងតាន
រៀន តោងតាមច្បាប់ឆាប់នាំប្រាណរៀន ដល់ត្រើយត្រាណបានសុខា។
រៀន រៀនថែកេរ្តិ៍ម៉ែពុករៀន ថាំចាំទុកថង់ថវិកា
រៀន ថែមកុំថយតាមគេថារៀន ថួនរក្សាកេរទ្រព្យា ។
រៀន រៀនទប់ទល់ទុក្ខទោសរៀន ទាញត្រូវខុសកុំទាស់គ្នា
រៀន ទេទោរទៅតាមមាគ៌ារៀន ទន់ឫក្សពារតាមទំនង ។
រៀន រៀនធ្វើមើល៍ធនធានរៀន ធម៌យកឈានស្ពានគន្លង
រៀន ធំកុំធុញធៀបអ្នកឆ្គងរៀន ធន់ម៉ត់ហ្មងពិតប្រពៃ ។
រៀន រៀននៅឱ្យនឹងនួនរៀន នីតិ៍នាំខ្លួនឱ្យមានន័យ
រៀន នឹកនាគុណអ្នកដទៃរៀន នោះនឹងថ្លៃថ្លាអាត្មា ។
រៀន រៀនបទកុំបែកបែររៀន បែបបទខ្មែរកេរមេបា
រៀន បង់បៀតបៀនបាបប្ញស្យារៀន បានថ្លៃថ្លាកុំរបេះ ។
រៀន រៀនផាតិភោគផលផុសរៀន ផឹកចាំចុះជាក់មិនផេះ
រៀន ផិតភូតភរផាយដូចសេះរៀន ផុងតម្រេះផុតភក្តី ។
រៀន រៀនពោលពាក្យពេចន៍ពិតរៀន ពត់ពាតចិត្តពេញប្រពៃ
រៀន កុំពិសពុលពាលអប្រិយរៀន ពន្ទអ្នកថ្លៃនៃជីវិត ។
រៀន រៀនភាណកុំភូតភររៀន ភាន់វឹកវរនាំភ័យភិត
រៀន ភូតច្រើនភប់ជួបអមិត្តរៀន ភរភូតពិតស្វិតអង្គា ។
រៀន រៀនមើលឱ្យមុតមាំរៀន មន្តនឹងនាំផុតវេរា
រៀន មានមេត្តាផ្សះផ្សាគ្នារៀន កុំដូចមារមោហ៍ដាសមីរ ។
រៀន រៀនយឹតយោងអ្នកយ៉ាប់រៀន យល់គល់ច្បាប់កុំយាយី
រៀន យកយោគយល់មកសំភីរៀន យល់នាទីយើងគេផង ។
រៀន រៀនរស់យសរុងរឿងរៀន រស់ថ្កុំថ្កើងរួចមួរហ្មង
រៀន រូតរួសរាន់មិនរេរង់រៀន រៀបប្ញកផងឱ្យរួសរាយ ។
រៀន រៀនលះចិត្តលោភលន់រៀន លួចលូកលាន់ជួនរលាយ
រៀន លេងលីលាលង់អន្តរាយរៀន លត់ពត់កាយលឿនលូតលាស់។
រៀន រៀនវាងរឿងវិវាទរៀន វៀរចោលម្សៀតវាតឱ្យអស់
រៀន កុំវង្វេងវក់នឹងឈ្លោះរៀន វត្តខ្ពង់ខ្ពស់យសវិវឌ្ឍន៍ ។
រៀន រៀនស៊ូសូត្រសិក្សារៀន សព្វសញ្ញាសូន្យកំសត់
រៀន សាងសុខសាន្តលំអានរតន៍រៀន សន្សំបទផ្លូវសួគ៌ា ។
រៀន រៀនហាត់ឆ្លាតហំហួនរៀន ហាមប្រាមខ្លួនកុំហូរហៀរ
រៀន កុំហ៊ឺហាហាច់លេលារៀន ហែកហួរគ្នាហូរហួតអស់ ។
រៀន រៀនឡើងកុំឡិកឡក់រៀន កុំតក់ម៉ក់ប្ញកឡេះឡោះ
រៀន កុំឡូឡាឡូយឱ្យសោះរៀន កុំឡេះឡោះមិនល្អឡើយ ។
រៀន រៀនអត្ថឱ្យអង់អាចរៀន ឱនឱ្យប្រាជ្ញ ណា៎អង្គអើយ
រៀន ឱ្យអស់អត្ថអង្គនឹងស្បើយរៀន ហើយអង្គអើយកុំអួតអាង។
ក ខ គ ឃ ង ឈរត្រៀបឈររៀបជាខ្នាតស្អាតផូរផង់
ស្វាគមន៍អ្នករៀនដោយស្មោះត្រង់តម្រង់ទិសដៅទៅរកល្អ ។
ក ខ គ ឃ ង  ខ្សឹបថាបើលោកអ្នកណាចង់បវរ
ត្រូវខំរៀនសូត្រដោយស្មោះសផលល្អនឹងមានមកមិនខាន ។
អ្នករៀនឱហាតឆ្លាតប្រសប់នឹងបានកំណប់គាប់ជាប់ប្រាណ
កំណប់បញ្ញាថ្លាថ្កើងថ្កានប្រៀបបានពន្លឺភ្លឺយប់ថ្ងៃ ។
បូរាណលោកបានធ្វើប្រៀបធៀបទុកដូចប្រទីបភ្លឺថ្លាក្រៃ
លើសអស់ពន្លឺភ្លឺដទៃភ្លឺអ្វីមិនស្មើមានបញ្ញា ។
ម្យ៉ាងទៀតលោកឆ្លៀតផ្តាំទូន្មានថាចេះពីរៀនមានទ្រព្យា
បញ្ញាទ្រព្យកើតដ្បិតឧស្សាហ៍ព្យាយាមខ្លាំងក្លាសាងសន្សំ ។
ច្នេះហើយខ្ញុំក៏រៀនតាក់តែងរៀបរាប់ថ្លាថ្លែងតែងផ្សែផ្សំ
រាវរកសេចក្តីន័យស័ក្តិសមប្រៀបធៀបឬចំផ្សំតាមក្បួន ។
ទុកអានកំដរពេលសម្រាកបំបាត់តោកយ៉ាកចាកពីខ្លួន
ពង្រឹងស្មារតីឱ្យមាំមួនតាមក្បួនកំណាព្យកាព្យអាចជួយ។
របៀបតែងកាព្យរាប់ព្យញ្ជនៈមួយវគ្គមួយវគ្គមានន័យមួយ
គ្រាន់បានអានលេងគេងមិនព្រួយទុកជាជំនួយស្មារតី ហោង ៕


និពន្ធដោយៈ ព្រះបវរសត្ថា កៅ ពុទ្ធា ជោតញ្ញាណោ

វត្តឧណ្ណាលោម, ថ្ងៃទី១៥ ខែមករា ឆ្នាំ១៩៩៨

🔸Last Updated កំណែចុងក្រោយ on August 9, 2024

Share this article:
Johnny ចន្នី

Author: Johnny ចន្នី

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster).