អនុស្សរណោវាទ ចំពោះយុវជនអ្នកនៅវត្ត
បទពាក្យប្រាំពីរ
| ហៃពួកយុវជនអ្នកកំសត់ | បើកុំបានវត្តជ្រកអាស្រ័យ |
| សមអ្នកនឹងឥតមានតម្លៃ | យប់ថ្ងៃហួសទៅឥតប្រយោជន៍។ |
| គួរអ្នកកុំភ្លេចវត្តលំនៅ | ទោះអ្នកចេញទៅឆ្ងាយស្រឡោច |
| គួរដឹងគុណវត្តកុំបង្ហោច | ប្រយោជន៍និងផលផ្តល់ពុំខាន ។ |
| បើមានគេសួរពីកាលរៀន | ចំណេះរបៀនទាំងប៉ុន្មាន |
| អ្នកកុំនិយាយបង្វែរដាន | ត្រូវប្រាប់ថាបានចេះព្រោះវត្ត ។ |
| កុំពោលបង្អួតពួកស្រីៗ | ត្រូវស្តីតាមត្រង់កុំបំភ្លាត់ |
| បំផ្លែងបំផ្លើសបំភ្លេចវត្ត | ក្រែងទោសទាញទាត់ឱ្យវិនាស ។ |
| បាយវត្តជាភោជន៍មានព្រលឹង | គួរនឹករំពឹងកុំទីសទាស |
| នាម៉ឺនមន្ត្រីមកពីរាស្ត្រ | គឺរាស្ត្រឡើងទៅជាមន្ត្រី ។ |
| បាយផ្ទះបាយវត្តដូចជាគ្នា | ចំអែតអាត្មាមានជីវី |
| ឆ្អែតហើយរៀនសូត្រចេះខ្ទេចខ្ទី | មុនីកើតមានដោយសារវត្ត ។ |
| សាធុ! សូមឱ្យអ្នកបានសុខ | នីរទុក្ខនីរភ័យសិរីភ័ទ្រ |
| ជាជនសប្បុរសរបស់រដ្ឋ | មានបែបមានបទប្រសើរហោង ៕ |

និពន្ធដោយៈ សម្តេចព្រះសង្ឃរាជ ជួន ណាត ជោតញ្ញាណោ
វត្តឧណ្ណាលោម, ថ្ងៃទី១៦ ឧសភា ឆ្នាំ១៩៦៣


🔸កំណែចុងក្រោយ Last Updated on April 5, 2025 by Johnny ចន្នី






