អាទិសង្កេត (២)
ដូចខ្ញុំបានពន្យល់ក្នុងផុស្ដមុនថា អាទិសង្កេត គឺការយកអក្ខរៈខាងដើមនីមួយៗ នៃគោលធម៌ណាមួយដែលខ្លួនយើងចាំគោលពេញលេញបានរួចហើយ យកមកសម្រាប់ចាំជាប្រយោជន៍ស្រួលងាយដល់ការប្រើប្រាស់តាមត្រូវការ ។
សូមលើកយកបទកវីនិពន្ធរឿង “អរិយទ្រព្យ ៧ ប្រការ, noble treasures” ដែលលោកនិពន្ធទុកជាគាថាដោយប្រើវិធីអាទិសង្កេត មកជូនសម្រាប់ប្រិយមិត្តទាំងអស់ម្ដងទៀតចុះ ។ ពាក្យថា គាថា ក្នុងទីនេះ មិនមែនជាគាថាអាគម ចាក់មិនមុត បាញ់មិនឆេះអ្វីនោះទេ គាថាក្នុងទីនេះ គឺកំណាព្យក្នុងភាសាបាលីដែលហៅថា ឆន្ទ ។ នៅក្នុងព្រះត្រៃបិដក មានពុទ្ធវចនៈជាច្រើន ដែលព្រះពុទ្ធជាម្ចាស់បានត្រាស់ទុកជាគាថា(ឆន្ទ) នេះសម្ដែងឱ្យឃើញថា ព្រះពុទ្ធក៏ទ្រង់ជាកវីដ៏ឆ្នើមមួយក្នុងលោកដែរ ហើយជាការត្រាស់ភ្លាមៗ មិនចាំបាច់អង្គុយគិតតែងដូចយើងទេ ដូចជាក្នុងការធ្វើបុណ្យឆ្លងផ្សេងៗ បទសូត្រដែលព្រះសង្ឃលោកត្រូវតែសូត្រជានិច្ចគឺ មង្គលសូត្រ (មង្គល ៣៦ ប្រការ, ចាប់ផ្ដើមពី អសេវនា ច ពាលានំ)នោះ ព្រះអង្គបានត្រាស់ទុកជាឆន្ទ(កំណាព្យ)ដែរ ។ ឆន្ទដែលខ្ញុំនឹងផុស្ដតទៅនេះ លោកនិពន្ធទុកជាបទ បឋ្យាវត្ត ក្នុងបឋ្យាវត្តឆន្ទ មួយគាថាត្រូវមាន ៤ បាទ ក្នុងបាទនីមួយៗ មាន ៨ អក្ខរៈ(៨ ព្យាង្គ) ដូចមានសេចក្ដីដូចតទៅនេះ
សសីហិឱសុចាបិតិ យស្សិមានន្ដរេ សិយុំ
អទលិទ្ទោតិ តំ អាហុ អមោឃន្ដស្ស ជីវិតំ ។
ទ្រព្យទាំងឡាយនេះគឺ ស សី ហិ ឱ សុ ចា ប មាននៅខាងក្នុងនៃបុគ្គលណា
អ្នកប្រាជ្ញហៅបុគ្គលនោះថា “អ្នកមិនទាល់ក្រ” ជីវិតរបស់បុគ្គលនោះ មិនជាមោឃជីវិត ។
អធិប្បាយដោយសង្ខេប…..
អក្ខរៈដែលជាអាទិសង្កេតក្នុងគាថានេះមានដូចតទៅនេះ
ស គឺ សទ្ធាធនំ ទ្រព្យគឺសទ្ធា (confidence)
សី គឺ សីលធនំ ទ្រព្យគឺសីល (good conduct, virtue)
ហិ គឺ ហិរិធនំ ទ្រព្យគឺហិរិ(ខ្មាស់បាប, moral shame; conscience)
ឱ គឺ ឱត្ដប្បធនំ ទ្រព្យគឺឱត្តប្បៈ(ខ្លាចបាប, moral dread; fear-to-err)
សុ គឺ សុតធនំ(ពាហុសច្ចៈ) ទ្រព្យគឺសុតៈ(ការស្ដាប់, great learning)
ចា គឺ ចាគធនំ ទ្រព្យគឺចាគៈ(លះបង់, liberality)
ប គឺ បញ្ញាធនំ ទ្រព្យគឺបញ្ញា(ដឹងហេតុ-ផល ដឹងខុស-ត្រូវ ដឹងគុណ-ទោស ដឹងប្រយោជន៍-មិនជាប្រយោជន៍ ចេះគិត ចេះពិចារណា ជាដើម, wisdom) ។
ហេតុដូច្នេះ គាថាខាងលើបើប្រែដោយប្រើពាក្យឱ្យពេញ នឹងបានសេចក្ដីថា
ទ្រព្យទាំងឡាយនេះគឺ ទ្រព្យគឺសទ្ធា(ស) ទ្រព្យគឺសីល(សី) ទ្រព្យគឺហិរិ(ហិ) ទ្រព្យគឺឱត្តប្បៈ(ឱ) ទ្រព្យគឺសុតៈ(សុ) ទ្រព្យគឺចាគៈ(ចា) ទ្រព្យគឺបញ្ញា(ប) មាននៅខាងក្នុងនៃបុគ្គលណា អ្នកប្រាជ្ញហៅបុគ្គលនោះថា “អ្នកមិនទាល់ក្រ” ជីវិតរបស់បុគ្គលនោះ មិនជាមោឃជីវិត ។
ទ្រព្យទាំង ៧ ប្រការនេះ ជាអរិយទ្រព្យគឺទ្រព្យដ៏ប្រសើរ ដែលព្រះដ៏មានព្រះភាគបានសម្ដែងទុកក្នុងសត្តកនិបាត អង្គុត្តរនិកាយ ជាគាថាថា
សទ្ធាធនំ សីលធនំ ហិរិឱត្តប្បិយំ ធនំ
សុតធនញ្ច ចាគោ ច បញ្ញា វេ សត្តមំ ធនំ ។
យស្ស ឯតា ធនា អត្ថិ ឥត្ថិយា បុរិសស្ស វា
អទលិទ្ទោតិ តំ អាហុ អមោឃន្ដស្ស ជីវិតំ ។
បុគ្គលណា មិនថាបុរសឬស្ដ្រី មានទ្រព្យទាំងឡាយនេះគឺ ទ្រព្យគឺសទ្ធា ទ្រព្យគឺសីល ទ្រព្យគឺហិរិ ទ្រព្យគឺឱត្តប្បៈ ទ្រព្យគឺសុតៈ ទ្រព្យគឺចាគៈ ទ្រព្យគឺបញ្ញាជាគម្រប់ ៧, អ្នកប្រាជ្ញហៅបុគ្គលនោះថា អ្នកមិនទាល់ក្រ ជីវិតរបស់បុគ្គលនោះ មិនជាមោឃជីវិត ដូច្នេះ ។
———————
អរិយទ្រព្យជាទ្រព្យដ៏ប្រសើរ មានខាងក្នុងសន្ដានចិត្ត ប្រសើរជាងទ្រព្យខាងក្រៅ ព្រោះមិនមាននរណាដណ្ដើមយកបាន មិនសាបសូន្យទៅដោយអន្ដរាយមានប្រការផ្សេងៗ ធ្វើឱ្យចិត្តមិនសោះកក្រោះទាល់ក្រ និងជាទុនសាងទ្រព្យខាងក្រៅបានទៀតផង ។
សូមប្រិយមិត្តទាំងអស់ប្រកបដោយអរិយទ្រព្យគ្រប់ ៗ គ្នាកុំបីអាក់ខានឡើយ ។
តាអារាមប៊យ
សីហា ១៣, ២០១៧
🔸Last Updated កំណែចុងក្រោយ on March 27, 2023