ពុទ្ធធម៌…ដើម្បីជីវិតដ៏ឧត្ដម (១)
ព្រះពុទ្ធសាសនាចង្អុលប្រាប់ផ្លូវដោះស្រាយបញ្ហារបស់មនុស្ស ដោយចំណេះវិជ្ជាដ៏ត្រឹមត្រូវ សមស្របនឹងសភាពការពិតនៃជីវិតនិងលោកនេះ ប្រព័ន្ធចំណេះវិជ្ជានេះ ចាប់ផ្ដើមអំពីការត្រាស់ដឹងរបស់ព្រះពុទ្ធជាម្ចាស់ ហើយត្រូវបានផ្ទេរបន្ដជាលំដាប់លំដោយមកដល់សម័យបច្ចុប្បន្នក្នុងលក្ខណៈជារូបព្រះត្រៃបិដក ឬព្រះបាលី រួមទាំងគម្ពីរអធិប្បាយពង្រីកសេចក្ដីជំនាន់ក្រោយ គឺអដ្ឋកថា ដីកា និងអនុដីកា ទាំងអស់នេះជាភស្ដុតាងដែលអ្នកប្រាថ្នាស្វែងរកការពិតអំពីជីវិតនិងលោកនេះ នឹងបានប្រើសតិបញ្ញារបស់ខ្លួនស្រាវជ្រាវវិភាគ នាំមកត្រួតពិនិត្យនឹងបទពិសោធន៍ និងប្រើប្រាស់ជាប្រយោជន៍ដោះស្រាយបញ្ហាជីវិតរបស់ខ្លួន ។
មនុស្សមានសមត្ថភាពក្នុងការស្វែងរកចំណេះវិជ្ជាដែលទាក់ទងដល់លោកនេះនិងជីវិតបានយ៉ាងទូលំទូលាយគ្មានទីបំផុត ដូចមានការរីកដុះដាលយ៉ាងឆាប់រហ័សនៃវិជ្ជាការបច្ចុប្បន្នជាសក្ខីភាពស្រាប់ ប៉ុន្ដែចំណេះវិជ្ជាដែលមានន័យសំខាន់ពិតប្រាកដនោះ ក៏ចំពោះចំណេះវិជ្ជាដែលមនុស្សអាចនាំមកប្រើប្រាស់ឱ្យកើតប្រយោជន៍ក្នុងដំណើរជីវិត និងនាំមកអភិវឌ្ឍគុណភាពជីវិតនិងសង្គមប៉ុណ្ណោះ ។ ម្យ៉ាងទៀត ជីវិតរបស់បច្ចេកបុគ្គលម្នាក់ៗ ដែលមកកើតក្នុងលោកនេះ មានកំណត់រយៈពេលខ្លីណាស់ បុគ្គលគប្បីចេះចំណាយពេលវេលានៃជីវិតរបស់ខ្លួនយ៉ាងឆ្លាត បើនឹងស្វែងរកចំណេះវិជ្ជា ក៏គួរស្វែងរកចំណេះវិជ្ជាសម្រាប់ប្រើប្រាស់ឱ្យកើតប្រយោជន៍យ៉ាងពិតប្រាកដចំពោះជីវិតរបស់ខ្លួន ។
សម័យថ្ងៃមួយ នាដងព្រៃសីសបាវ័នជិតនគរកោសម្ពី ព្រះពុទ្ធជាម្ចាស់ទ្រង់ក្ដាប់ស្លឹកឈើក្នុងព្រះហស្ដ ទ្រង់ត្រាស់ឱ្យភិក្ខុជាសាវ័កប្រៀបធៀបនឹងស្លឹកឈើដែលនៅលើដើមក្នុងព្រៃទាំងអស់ ហើយទ្រង់ប្រកាសថា វិជ្ជាដែលព្រះអង្គត្រាស់ដឹងនោះមានច្រើនអនេក តែទ្រង់ជ្រើសរើសយកចំពោះតែវិជ្ជាដែលជាប្រយោជន៍ប៉ុណ្ណោះមកផ្សព្វផ្សាយ ទ្រង់ចង្អុលបញ្ហាញប្រាប់ឱ្យបុគ្គលដឹងទាន់មាយាលោកនិងជីវិត ឱ្យកើតសេចក្ដីនឿយណាយ រំសាយតម្រេក រំលត់មហិច្ឆិតា ឈានដល់សេចក្ដីស្ងប់ កើនបញ្ញាដ៏ក្រៃលែង និងឈានដល់ការសោះសូន្យនូវសេចក្ដីមួហ្មងនៃជីវិត ។
ប៉ុន្ដែមនុស្សក្នុងលោកមានច្រើនប្រភេទ ផ្សេងគ្នាដោយមូលដ្ឋាន សតិបញ្ញា និងបទពិសោធន៍ក្នុងជីវិតជាដើម ក្រៅពីនេះ មនុស្សក្នុងសង្គមមានតួនាទី តំណែងការងាររបស់ខ្លួនផ្សេងៗគ្នា ធម្មវិន័យដែលទ្រង់ទេសនាបញ្ញត្តទុកក្នុងរយៈពេល ៤៥ ឆ្នាំនៃការចារិកប្រកាសព្រះសាសនាមានច្រើនប្រការ ប៉ុន្ដែទ្រង់ជ្រើសរើសឱ្យសមគួរដល់ស្ថានការណ៍ដើម្បីជាប្រយោជន៍ដល់អ្នកស្ដាប់ក្នុងករណីយ៍នីមួយ ៗ ។ ក្នុងសម័យតមក ធម្មវិន័យត្រូវបានប្រមូលរួបរួម ចាត់ញែក បែងចែកជាក្រុមប្រភេទ ហៅឈ្មោះរួមថា “ព្រះត្រៃបិដក” បែងចែកចេញជា ព្រះវិន័យបិដក ព្រះសុត្តន្តបិដក និងព្រះអភិធម្មបិដក ។
ព្រះអភិធម្មបិដកមានសារត្ថៈជាវិជ្ជាការរបស់ព្រះពុទ្ធសាសនា ដែលមានការបែងចែកជាខធំតូចមានលំដាប់លំដោយយ៉ាងមានរបៀប ដោយមិនបានពាក់ព័ន្ធដល់បុគ្គល ឬហេតុការណ៍ក្នុងប្រវត្តិសាស្ដ្រ ។ អភិធម្មជាគោលចំណេះវិជ្ជារឿងជីវិតនិងលោក ដែលមានលម្អិតស៊ីជម្រៅ និងគ្របក្រសោបទូលំទូលាយគ្រប់ទិដ្ឋភាពទាំងអស់ លោកទស្សន៍និងជីវទស្សន៍តាមគោលព្រះអភិធម្ម ជាគ្រឹះគោលប្រព្រឹត្តបដិបត្តិ ឬចរិយធម៌ក្នុងព្រះពុទ្ធសាសនា ព្រោះព្រះអភិធម្មជាចំណេះវិជ្ជាដ៏ត្រឹមត្រូវពិតប្រាកដតាមការពិតនៃធម្មជាតិ ទើបជាគោលការណ៍និងខ្លឹមដ៏រឹងមាំស្ថិតស្ថេររបស់ព្រះពុទ្ធសាសនា ធ្វើឱ្យពុទ្ធធម៌ប្រឈមមុខនឹងការពិសោធន៍បានគ្រប់យុគសម័យ មិនថាយុគសម័យណាៗ ឬបរិស្ថានណាៗក៏ដោយ ។
នៅមានបន្ដ……..
សម្រួលអត្ថបទដោយតាអារាមប៊យ
២៤ មិថុនា ២០១៧