អនិច្ចំ ទុក្ខំ អនត្តា…(គ្រាទី ៣)

អនិច្ចំ ទុក្ខំ អនត្តា…(គ្រាទី ៣)

– គប្បីប្រយ័ត្នកុំយល់ច្រឡំវិបស្ស“នឹក” ថាជាវិបស្សនា

– វិបស្សនាមាននាមរូបបរមត្ថក្នុងបច្ចុប្បន្នខណៈជាអារម្មណ៍

– វិបស្សនាប្រើសតិកំណត់ដឹងនាមរូបជាចំបង(អាតាបី សម្បជានោ សតិមា)

——————————-

(២) ចិន្តាមយបញ្ញា ជាចំណេះដឹងនិងការយល់ដឹងដែលកើតឡើង អំពីការប្រើគំនិតគិតពិចារណាការដឹងក្នុងថ្នាក់សុតាមយបញ្ញា និងអំពីបទពិសោធន៍សាមញ្ញក្នុងជីវិតប្រចាំថ្ងៃ តាមគោលការណ៍នៃតក្កៈនិងការអនុមានតាមន័យនៃអាការៈដែលប្រាកដ ។ល។ សេចក្ដីសរុបដែលកើតឡើងដោយក្បួនវិធីប្រភេទនេះ ចាត់ថាជាចំណេះដឹងនិងការយល់ដឹងថ្មី ដែលប្រើជាប្រយោជន៍ចង្អុលនាំគន្លងបដិបត្តិបានត្រឹមត្រូវថ្នាក់មធ្យម ក្នុងក្របខណ្ឌមួយកម្រិត ។

ក្បួនវិធីស្វែងរកចំណេះដឹងដូច្នេះ ត្រូវបានប្រើមកហើយក្នុងរង្វង់ទស្សនវិជ្ជា ចំណេះដឹងដែលកើតឡើងជាផលដែលបានមកអំពីការអនុមានមួយប្រភេទ ដែលអាចត្រូវឬខុសក៏បាន ព្រោះស្ថិតនៅលើលក្ខន្តិកៈច្រើនប្រការ វិទ្យាសាស្ត្របានអភិវឌ្ឍប្រព័ន្ធការស្វែងរកចំណេះដឹងបែបនេះ ដោយមានលក្ខន្តិកៈថា សេចក្ដីសរុបណាៗ អំពីការអនុមាននឹងត្រូវសាកល្បងពិសោធដោយសង្កេតការណ៍ជានិច្ច ការសាកល្បងពិសោធបែបនេះ នឹងជាលក្ខន្តិកៈកំណត់ប្រយោជន៍ក្នុងការងារដែលបានតាំងសម្មតិកម្ម(hypothesis)ទុករួចហើយ ឬទ្រឹស្ដីដែលជាផលិតផលរបស់ចិន្តាមយបញ្ញា លក្ខន្តិកៈការសាកល្បងពិសោធដោយបទពិសោធន៍ពិតក្នុងជីវិតប្រចាំថ្ងៃនេះ មានចំណែកធ្វើឱ្យវិទ្យាសាស្ត្ររីកចម្រើនឈានមុខ ជាឫសគល់នៃបច្ចេកវិទ្យាដែលញ៉ាំងប្រយោជន៍ទូលំទូលាយឱ្យលោកបច្ចុប្បន្ន ។

នៅក្នុងក្បួនវិធីបដិបត្តិធម៌កម្រិតដែលអ្នកបដិបត្តិនៅមិនទាន់មានសមត្ថភាពកំណត់ដឹងនាមរូបបរមត្ថបាន បានត្រឹមតែដឹងបញ្ញត្តិធម៌នោះ អ្នកបដិបត្តិនឹងមិនអាចឃើញត្រៃលក្ខណ៍ដែលពិតបាន ព្រោះបញ្ញត្តិធម៌ដែលជាអារម្មណ៍របស់អ្នកបដិបត្តិនឹងមិនសម្ដែងអនិច្ចតា ទុក្ខតា និងអនត្តា អ្វីដែលអ្នកបដិបត្តិច្រើនតែធ្វើ គឺការនាំយកអ្វីដែលខ្លួនបានរៀនចេះដឹងក្នុងកម្រិតថ្នាក់សុតាមយបញ្ញាមកប្រើប្រកបក្បួនពិចារណាក្នុងថ្នាក់ចិន្តាមយបញ្ញា ដោយប្រើការគិតពិចារណាបញ្ញត្តិធម៌ដែលទាក់ទងនឹងលោកនិងជីវិត ក្នុងជ្រុងជ្រោយប្រហាក់ប្រហែលដូចជាវិបស្សនា តែការពិតមិនមែនជាវិបស្សនា ទើបអាចារ្យខ្លះហៅក្បួនវិធីនេះថា “វិបស្សនឹក” គឺនឹកគិតដោយខ្លួនឯង មិនមែនជាការឃើញនាម ឃើញរូបបរមត្ថ ដែលកើតរលត់តាមធម្មជាតិដោយពិតប្រាកដ ។

តួយ៉ាងដូចជា កាលបុគ្គលបានអានអនត្តលក្ខណសូត្រដល់ត្រង់ចំណុចថា “រូបមិនទៀង” ក៏អាចចិន្តនាការដល់រូបកាយរបស់ខ្លួនឯង ដែលធ្លាប់បានឃើញស្រមោលក្នុងកញ្ចក់ ឬបានឃើញរូបកាយអ្នកដទៃដោយភ្នែក ភាពរូបកាយដែលប្រាកដព្រមដោយការសម្គាល់ដឹងភាពជាបារ ជាដុំ មានសារៈ ជាសម្មតិបញ្ញត្តិដូចដែលបានពោលមកហើយខាងដើម មិនសម្ដែងលក្ខណៈអនិច្ចតា គឺមិនថារូបស្រមោលខ្លួនឯងក្នុងកញ្ចក់ ឬរូបកាយអ្នកដទៃដែលកំពុងមើលឃើញក្ដី មិនមានការផ្លាស់ប្ដូរប្រែប្រួលឬកើតរលត់ប្រាកដឱ្យឃើញ ទោះជាធ្មេចភ្នែកហើយបើកភ្នែកឡើងមើលសាជាថ្មី វាក៏គង់នៅដូចដើម សញ្ញាវិបល្លាសដែលកើតឡើងអំពីបញ្ញត្តិបិទបាំងបរមត្ថយ៉ាងជិតស្និទ្ធយ៉ាងនេះ ធ្វើឱ្យដូចជាថា តាមបទពិសោធន៍ជាក់ស្ដែងក្នុងជីវិតពិត ផ្ទុយស្រឡះអំពីគោលត្រៃលក្ខណ៍ដែលព្រះអង្គបានប្រកាសទុក ។

កាលបើដូច្នេះ  អ្នកបដិបត្តិក៏ប្រើចិន្តនាការពិចារណាសាឡើង ទៅក្នុងអតីតកាលថា កាលពីឆ្នាំមុន កាលពីច្រើនឆ្នាំមុន ឬកាលពីក្មេង រូបកាយរបស់យើងមិនមែនដូច្នេះសោះ វាបានផ្លាស់ប្ដូរប្លែកជាងមុនច្រើន ក្នុងពេលអនាគត ៥ ឆ្នាំឬ ១០ ឆ្នាំខាងមុខ ក៏គង់មិនដូចនេះទេ វានឹងផ្លាស់ប្តូរប្រែប្រួលទៅតាមវ័យ ជាដើម ។ល។ កាលបើបានពិចារណាដូច្នេះហើយ ក៏គិតថាខ្លួនបានបដិបត្តិវិបស្សនាកម្មដ្ឋាន ដោយពិចារណាឃើញសេចក្ដីមិនទៀងគឺអនិច្ចតា តែដោយពិតទៅ ការធ្វើដូច្នេះ ទោះបីជាជាគន្លងនៃគំនិតដែលស្របនឹងវិបស្សនាក៏ដោយ តែនៅមិនអាចចាត់ចូលក្នុងក្របខណ្ឌវិបស្សនាដ៏ពិតនៅឡើយទេ ព្រោះថាអារម្មណ៍ដែលចិត្តចាប់យកមកសម្រាប់ពិចារណាជាបញ្ញត្តិ មិនមែនជាបរមត្ថធម៌ គឺរូបនាមក្នុងបច្ចុប្បន្នខណៈ ។

(៣) ភាវនាមយបញ្ញា ជាចំណេះដឹងយល់ធម្មជាតិតាមការពិត (see as they are) ដោយការប្រត្យក្សជាក់ស្ដែងបរមត្ថធម៌ ដែលប្រាកដចំពោះមុខក្នុងបច្ចុប្បន្នខណៈ (present moment) ។ ចំណេះដឹងថ្នាក់នេះ កើតឡើងក្នុងក្បួនវិធីវិបស្សនាដែលត្រឹមត្រូវនឹងចាប់ផ្ដើមកើតឡើងបាន ក៏ចំពោះនៅពេលបុគ្គលអ្នកបដិបត្តិបានមើលចាក់ធ្លុះវាំងននស្ដើងៗ នៃសន្មតិបញ្ញត្តិ ឃើញជាក់ស្ដែងនាមរូបបរមត្ថដែលតាំងនៅក្នុងខណៈបច្ចុប្បន្នចំពោះមុខ ចំណេះដឹងថ្នាក់ដំបូងនេះ មានឈ្មោះហៅក្នុងប្រព័ន្ធវិបស្សនាថា “នាមរូបបរិច្ឆេទញាណ” ដែលញាណ(បញ្ញា)នេះមិនគ្រាន់តែញែកនាមរូបបរមត្ថចេញអំពីបញ្ញត្តិធម៌បានប៉ុណ្ណោះ ថែមទាំងអាចញែកនាមបរមត្ថនិងរូបបរមត្ថចេញពីគ្នាបានទៀតផង ពោលគឺដឹងច្បាស់នូវភាពខុសផ្សេងគ្នារវាងនាមនិងរូប ចំណេះបញ្ញាឬញាណថ្នាក់នេះ ជាជណ្ដើរកាំដំបូង ឬជាទ្វារចូលកាន់ក្បួនវិធីវិបស្សនាដ៏ត្រឹមត្រូវ គឺញាណដែលខ្ពស់ឡើងទៅ ។

ការពិចារណាឃើញត្រៃលក្ខណ៍ គឺអនិច្ចតា ទុក្ខតា និងអនត្តតា ជាកូនសោរដ៏សំខាន់សម្រាប់ខៃចូលទ្វារមគ្គផលនិងនិព្វាន ។ បុគ្គលនឹងឃើញត្រៃលក្ខណ៍មិនបានឡើយ ប្រសិនបើនៅមិនទាន់ឃើញជាក់ស្ដើងស្គាល់នាមរូបបរមត្ថ ព្រោះ “នាមរូបបរមត្ថប៉ុណ្ណោះដែលសម្ដែងអាការនៃត្រៃលក្ខណ៍” ។

————————–

បញ្ជាក់៖ គប្បីសិក្សាស្វែងយល់វិបស្សនាញាណ ៩/១៦, កម្មដ្ឋាន ២ ជាជំនួយឱ្យយល់ល្អឡើង ។

តាអារាមប៊យ
២១ មិថុនា ២០១៩

🔸កំណែចុងក្រោយ Last Updated on February 24, 2025 by Johnny ចន្នី

Share this article:
បណ្ឌិត ធម្មណាត

Author: បណ្ឌិត ធម្មណាត

ទីប្រឹក្សា គណៈកម្មការ ពុទ្ធិកសមាគមខ្មែរ វត្តខេមររតនារាម Advisor to The Cambodian Buddhist Society of Wat KhemaRaRatanaram