សំដីជាឯក
បទកាកគតិ
| សម្តីជាឯក | ||
| ក្នុងការជជែក | ថ្លែងការណ៍នានា | បើអន់សម្តី |
| គប្បីយល់ថា | ជជែកតវ៉ា | ជាដើមតែងភ្លាត់ ។ |
| ទោះមានការយល់ | ||
| តែស្តីមិនដល់ | គ្រាន់តែហើបមាត់ | ពីរបីបួនម៉ាត់ |
| គេស្កាត់សង្កត់ | ទៅជាបិទមាត់ | ហើបហាមិនរួច។ |
| សម្តីស្រួចស្រស់ | ||
| កិច្ចការទាំងអស់ | ឡើងខ្ពស់ត្រដួច | ក្នុងការជជែក |
| វែកញែកចងកួច | ក្រសោបក្របួច | ឱ្យជាប់កុនបាន ។ |
| ហេតុនោះបានជា | ||
| ភាសិតវាចា | អ្នកប្រាជ្ញបុរាណ | ហ៊ានចងទុកមក |
| យកតាមលំអាន | ប្រាជ្ញមុនថាមាន | សម្តីជាឯក ។ |
| ឯលេខនព្វន្ត | ||
| ប្រើការគិតគន់ | ចំនួនប្លែកៗ | លេខបូកលេខគុណ |
| លេខសងលេខចែក | មិនទុកជាឯក | ទុកថាជាទោ ។ |
| ប៉ុន្តែសព្វថ្ងៃ | ||
| នព្វន្តឡើងថ្លៃ | គណិតសេដ្ឋោ | សម្រាប់ប្រើប្រាស់ |
| គន់គិតរាវរក៏ | គំនិតគាំងគ | គណិតអាចប្រាប់។ |
| អ្នករៀនវិទ្យា | ||
| នេះទាំងអស់គ្នា | បើមិនប្រញាប់ | ខំប្រឹងសិក្សា |
| វិទ្យានេះអាប់ | ប្រឡងប្រុងជាប់ | ត្រឡប់ជាឃែត ។ |
| លុះតែខិតខំ | ||
| សិក្សាថែមផ្សំ | ពិនិត្យសង្កេត | ប្រឡងក្រោយទៀត |
| ទើបបានខានឃែត | ចិត្តខ្ពស់ត្រដែត | អរស្ទើរលោតហ៊ោ។ |
| អក្សរជាត្រី | ||
| សរសេរសេចក្តី | កើតជាអខោ | ប្រើពុំដែលអស់ |
| ហាក់ស្រស់សន្ធោ | ចេញមុខធ្លោៗ | ជាគ្រូវិទ្យា ។ |
| វិទ្យាបវរ | ||
| បើឥតអក្សរ | បានអ្វីកត់ត្រា | ហេតុនេះលោករាប់ |
| ថាជាសាស្តា | ចំណេះនានា | អក្សរជាមេ ។ |
| បើតាមន័យនេះ | ||
| ឃើញថាចំណេះ | ដែលប្រាជ្ញរិះរេ | សរសេរកត់ត្រា |
| ក្រែងមាត់ទទេ | យូរទៅធ្វេសទ្វេ | នឹងភ្លេចសូន្យបង់។ |
| គួរលើកអក្សរ | ||
| ជាគ្រូបវរ | នេះឱ្យសមអង្គ | ឱ្យឡើងថ្នាក់ឯក |
| ឬទោទើបត្រង់ | ត្រូវតាមទម្រង់ | ដែលគួរសន្មត ។ |
| ប៉ុន្តែអក្ខរា | ||
| បានជាចាស់ថា | សម្រាប់តែកត់ | កុំឱ្យរសាយ |
| រលាយបែបបទ | ទើបចាស់កំណត់ | ឱ្យជាត្រីវិញ ។ |
| អ្នករៀនវិទ្យា | ||
| គួរពិចារណា | កុំមានក្តីម្នេញ | រឿងឯករឿងទោ |
| រឿងត្រីនេះមិញ | ឆ្ងល់គួរទន្ទេញ | កាព្យនេះឱ្យចាំ ។ |
| គិតយូរៗទៅ | ||
| កុំតែសៅដៅ | នឹងអាចចំណាំ | បើយល់ន័យហើយ |
| ត្រូវនឹកឱ្យចាំ | ចាំស្ទាត់អាចនាំ | ឱ្យលែងឆ្ងែឆ្ងល់ ។ |

និពន្ធដោយៈ សម្តេចព្រះសង្ឃរាជ ជួន ណាត ជោតញ្ញាណោ
វត្តឧណ្ណាលោម, ថ្ងៃព្រហស្បតិ៍ ទី២៥ ខែកក្កដា ព.ស.២៥១២ – គ.ស.១៩៦៨


🔸កំណែចុងក្រោយ Last Updated on April 5, 2025 by Johnny ចន្នី






