6- សាមគ្គីភេទ
សាមគ្គីភេទ ជាមូលហេតុ បើកឱ្យសត្រូវ
ចូលលុករុករាន អស់ឥតមានផ្លូវ ទោះធ្វើម្ដេចកូវ
ក៏កែពុំបាន ។
ដូចរដ្ឋវជ្ជី មានសាមគ្គី តាំងពីបុរាណ
វស្សការៈ មន្ត្រីឈ្លានពាន ប្រើល្បិចចូលបាន
ញុះញង់ខ្ទេចខ្ទី ។
យកបានប្រទេស ដែលគេប្រហែស ឱ្យបែកសាមគ្គី
ប្រើខ្សឹបងាយៗ ឥតចាយរូបីយ៍ ថែមទាំងមានល្បី
ថាឈ្លាសទៀតផង ។
(រឿងរដ្ឋវជ្ជីមានសាមគ្គីភេទ ព្រោះចាញ់ល្បិចខ្សឹបរបស់វស្សការៈ ជាអគ្គសេនាបតីនៃព្រះបាទអជាតសត្រូវ ក្នុងបុរាណសម័យ)
ហេតុនេះគួរខ្លាច ប្រយ័ត្នកំណាច លបចូលជ្រៀតបៀត
ធ្វើសាមគ្គី ឱ្យខូចបង់សៀត បែកហើយផ្សារទៀត
ពុំងាយជិតឡើយ ។ល។
————————-
សាមគ្គីភេទ (សាម៉័ក-គី-ភេត) ន. (បា.) ការបែកសាមគ្គី; សាមគ្គីភេទកើតពីមានះ គឺការប្រកាន់រៀងរាល់ខ្លួនជាប្រភពឬជាមូលដ្ឋាន មានត្រឹមតែសេចក្ដីវិនាសជាលទ្ធផលផ្ដល់សេចក្ដីទុក្ខឱ្យជាដរាប ។ (ខាងលើជាព.កា. ថ្លែងពីទោសនៃសាមគ្គីភេទ)
ប្រភពៈ វ. ជ.ណ. ទំព័រ ១៣៣៣
តាអារាមប៊យ
១៨ កុម្ភៈ ១៨
🔸Last Updated កំណែចុងក្រោយ on March 26, 2023