សន្មតិបញ្ញត្តិ-បរមត្ថបញ្ញត្តិក្នុងរោងកុន(២)
សូមអញ្ជើញប្រិយមិត្តទាំងអស់គ្នា ចូលរោងកុនមើលសន្មតិនិងបរមត្ថ ការយកអ្វីមួយដែលអ្នកអានមានបទពិសោធដោយផ្ទាល់មកជាឧបករណ៍ នឹងងាយឱ្យអ្នកអានយល់បានល្អឡើង សង្ឃឹមថាប្រិយមិត្តនឹងឃើញរូបភាពច្បាស់ឡើង ។
———————
ខណៈដែលយើងកំពុងទទួលនន្ទនាការសប្បាយរីករាយក្នុងលោកមាយាលើស្គ្រីនភាពយន្តនោះ ជាខណៈដែលយើងភ្លេចនិងវង្វេងខ្វះសតិរលឹកដឹងថា តាមពិតយើងកំពុងអង្គុយមើលផ្ទាំងស្គ្រីនទទេដែលមានតែភាពចម្រុះពណ៌ពន្លឺភ្លឺងងឹតផ្លាស់ផ្ដូរមួយរយៈៗ ប៉ុណ្ណោះឯង យើងក៏ព្រមនឹងខ្វះសតិអស់ពេលប្រមាណ ២ ម៉ោងយ៉ាងពេញចិត្ត ព្រោះយើងបានចាយលុយបង់ថ្លៃចូលទៅអង្គុយមើល ក៏ដើម្បីបណ្ដោយអារម្មណ៍ឱ្យឈានចូលទៅកាន់លោកមាយានោះ ដើម្បីទទួលនន្ទនាការ(entertainment) ។
ក្នុងរយៈពេលនោះ ការភ្លេចវង្វេងខ្វះសតិ ចាត់ជាមោហៈ(វង្វេង) ឬអវិជ្ជាមួយប្រភេទ ជាបច្ច័យឧបត្ថម្ភឱ្យកើតការតាក់តែងឱ្យពណ៌ចម្រុះពន្លឺភ្លឺងងឹតនោះ ប្រាកដជាសត្វ បុគ្គល ទេសភាព វត្ថុផ្សេងៗ ដែលមានចលនាផ្សេងៗ ដូចក្នុងជីវិតប្រចាំថ្ងៃ តួឯកស្រី-ប្រុស-តួកាច ។ល។ ក្នុងរឿងលើស្គ្រីនមានសាច់ឈាម ការនឹកគិត ការទទួលដឹង មានភ្នែក ត្រចៀក ច្រមុះ អណ្ដាត កាយ ចិត្ត ការប៉ះពាល់ សោយសុខទុក្ខ កើតរាគៈ ទោសៈ មោហៈ ។ល។ ដូចគ្នានឹងខ្លួនយើង ។
សំឡេងប្រកបក្នុងភាពយន្ដ បានបន្ថែម ‘សភាពដូចពិត’ ឱ្យការបោកបញ្ឆោតរឹងរឹតតែប្រសើរឡើង កាលអ្នកមើលបានឃើញមនុស្សម្នាបង្ហើបមាត់ចុះឡើងហើយឮសំឡេងផ្សេងៗ ក៏រឹតតែភ្លើតភ្លើន(being in a dreamy state, psychedelic)ដោយងាយថាស្រមោលលើស្គ្រីនទទេនោះនិយាយបានពិត ថ្វីត្បិតតែប្រភពនៃសំឡេងគឺឧគ្ឃោសនសព្ទនៅឯជ្រុងម្ខាង ឯរង្វង់មាត់របស់រូបកាយលើស្គ្រីនដែលហាបិទក៏នៅកន្លែងមួយផ្សេងទៀតក៏ដោយ កាលបើពោលថាទាំងអស់នេះជាប្រព័ន្ធបោកបញ្ឆោតឱ្យវង្វេង អ្នកមើលភាពយន្ដ គឺយើងគេក៏ព្រមនឹងទទួលយកការបោកបញ្ឆោតឱ្យវង្វេងនេះយ៉ាងពេញចិត្ត ។
ចំណុចដែលគប្បីរលឹកក្នុងការវិភាគគឺ វិថីចិត្តដែលទទួលដឹងសំឡេង ផ្សេងគ្នាពីវិថីចិត្តដែលទទួលដឹងពណ៌ចម្រុះ ពោលគឺក្នុងខណៈមើលឃើញរូបារម្មណ៍នោះ ជាខណៈដែលមិនឮសទ្ទារម្មណ៍ ហើយផ្ទុយគ្នាគឺខណៈឮសំឡេងក៏ជាខណៈមិនឃើញរូប តែការផ្លាស់ប្ដូរឆ្លាស់គ្នារវាងការទទួលដឹងទាំង ២ ទ្វាររបស់ទស្សនិកជនប្រព្រឹត្តទៅយ៉ាងរហ័ស ដូចគ្នានឹងរឿងរ៉ាវដែលប្រព្រឹត្តទៅក្នុងជីវិតប្រចាំថ្ងៃដែរ ។
ក្នុងលោកមាយាលើស្គ្រីនភាពយន្ដ ខណៈដែលទស្សនិកជនកំពុងមើលនោះ មោហៈឬអវិជ្ជា គឺការភ្លេចវង្វេងកំពង់អង្គុយសម្លឹងមើលស្គ្រីនទទេសូន្យ បានតាក់តែងឱ្យរូបស្រមោលមានសង្ខារ គឺចេតនាប្រកបនឹងការទទួលដឹង(វិញ្ញាណ)ជានាមរូប មានអាយតនៈ ផស្សៈ ទទួលសោយសុខទុក្ខគឺវេទនា កើតតណ្ហា មានការប្រកាន់មាំក្នុងភាវៈជីវិត កើតជាអត្តាខ្លួន ដំណើរចលនាកើតស្លាប់ ដែលទស្សនិកជនវង្វេងរួមបញ្ចូលខ្លួនឯងទៅជាប់ជំពាក់ទទួលសុខទុក្ខក្នុងរង្វង់មូលជីវិតដែលអ្នកសាងភាពយន្ដសន្មតឡើង ។
លុះភាពយន្ដចប់ហើយ ភាវៈភ្លេចវង្វេងស្មារតីក៏ដល់ទីបញ្ចប់ដែរ ទស្សនិកជននាំគ្នាដើរចេញពីរោងភាពយន្ដដោយមិនអាឡោះអាល័យស្គ្រីនទទេតទៅទៀត ព្រោះដឹងថាហេតុការណ៍ដែលកន្លងមកនោះមិនមានពិត វាគ្រាន់តែជាពណ៌ចម្រុះភ្លឺងងឹតលើស្គ្រីនទទេព្រមទាំងមានសំឡេងខ្ពស់ទាបប្រកប ជាផលិតផលអំពីបច្ចេកវិទ្យានិងសមត្ថភាពសាងសិល្ប៍របស់សិល្បករប៉ុណ្ណោះ ។ កាលបើអវិជ្ជា គឺការភ្លេចវង្វេងខ្វះសតិដាច់ភ្លាម លោកមាយាដែលមានមោហៈជាបច្ច័យនេះ ក៏ដល់ទីអវសានដោយគ្មានអាឡោះអាល័យតទៅទៀត ទស្សនិកជនភាគច្រើននឹងមិនជាប់ចិត្តត្រឡប់ទៅមើលភាពយន្ដរឿងដដែលទៀត ។ អ្នកសាង-នាយកភាពយន្ដ(film director)ប្រហែលជាមិនអាចមាននន្ទនាការក្នុងការមើលរឿងភាពយន្ដដែលខ្លួនសាងឡើងដូចទស្សនិកជនទូទៅទេ ព្រោះបានឃើញបានដឹងឆាកខាងក្រោយនៃការប្រាកដឡើងនៃពណ៌ចម្រុះនិងសំឡេងពិតប្រាកដ ។
យើងអាចសិក្សាស្វែងយល់អ្វីខ្លះក្នុងការពិចារណា និងវិភាគនន្ទនាការក្នុងការមើលភាពយន្ដដូចដែលបានពោលមកហើយនេះ? លោកមាយាតាមរឿងសន្មតនោះ កើតមកអំពីភាពចម្រុះពណ៌ភ្លឺងងឹតដែលបញ្ចាំងធ្លាក់ទៅខ្ទប់នឹងស្គ្រីនទទេ ដោយភ្លឺហើយងងឹតដើម្បីដូរទៅរូបថ្មីបន្ដគ្នាក្នុងល្បឿន ២៤ រូប/វិនាទី វាលឿនល្មមដែលធ្វើឱ្យភ្នែកអ្នកមើលមិនអាចសង្កេតទាន់ភ្លឺងងឹតដែលប៉ប្រិចចុះឡើង ។
ទោះបីជារូបនីមួយៗដែលប្រាកដលើស្គ្រីនក្នុងរយៈពេល ១/២៤ វិនាទី តែវិថីចិត្តរបស់អ្នកមើលក៏រើសទទួលដឹងពណ៌ចម្រុះភ្លឺងងឹតម្ដងមួយចំណុចៗ នៅលើស្គ្រីននោះ ហើយប្រមូលរួមគ្នាកំណត់សម្គាល់ជាវត្ថុនេះនោះដែលធ្លាប់ស្គាល់ជាធម្មតាក្នុងជីវិតប្រចាំថ្ងៃ ទាំងនេះក៏ព្រោះចិត្តដែលខ្វះសតិរលឹកដឹង វាភ្លេចវង្វេងប្រាសចាកការដឹងថា អ្វីដែលប្រាកដនៅចំពោះមុខនោះ គ្រាន់តែជាពណ៌ចម្រុះភ្លឺងងឹតលើស្គ្រីនទទេសោះសូន្យអំពីវត្ថុដែលជាដុំ ជារបារ ឬជាតួបុគ្គល ។
ចិត្តរបស់អ្នកមើលម្នាក់ៗ បានតាក់តែងឱ្យក្រុមសំណុំស្រមោលចម្រុះពណ៌ភ្លឺងងឹតលើស្គ្រីនក្រុមនីមួយៗ មកជាតួបុគ្គលមានរូបរាងកាយ មានចិត្ត សាច់ឈាម ដឹងរូប រស ក្លិន សំឡេង វត្ថុប៉ះកាយ និងការនឹកគិតក្នុងចិត្ត កំពុងសម្ដែងតួនាទីប្រដូចមានជីវិតពិត ដរាបដល់ចប់ភាពយន្ដ ។ ដោយការភ្លេចខ្លួនអស់ពេលមួយរយៈកាលនេះ អ្នកមើលបានស្រោបចិត្តរបស់ខ្លួនចូលរួមជាមួយតួសម្ដែងលើស្គ្រីន ក្លាយជាបានសុខទុក្ខ ត្រេកអរ សោកសង្រេង រន្ធត់ រំភើបទៅជាមួយគ្នា ពោលគឺឈានចូលទៅរួមជីវិតក្នុងលោកមាយានោះផង ជួនកាលយំសោកកាលដល់បទសោក ជួនកាលអាចរលឹកបានថា នោះជារឿងសន្មតក្នុងកុន …។ល។… ទោះជាយ៉ាងណាក៏ដោយ ទស្សនិកជនបានកាត់តម្លៃគុណភាពរបស់ភាពយន្ដ ដោយវាស់អំពីសេចក្ដីប្រថាប់ចិត្ត ដែលកើតឡើងអំពីអារម្មណ៍ដែលអាចឱ្យភាពដូចពិតបានតិចច្រើនប៉ុន្មាន ។ (អត្ថបទនេះ នៅមានបន្ដ)
តាអារាមប៊យ
២៨ ឧសភា ២០១៨