វិថីចិត្ត (១)

តាមគោលការណ៍ព្រះពុទ្ធសាសនា ធម្មជាតិដែលហៅថាចិត្ត ត្រូវបែងចែកយ៉ាងណា? កើតឡើងហើយប្រព្រឹត្តទៅយ៉ាងណា? (១)

ថ្ងៃនេះសូមផុស្ដអ្វីៗ សម្រាប់ជាចំណេះបន្ដិចបន្ដួចបែបវិជ្ជាការដែលស៊ីជម្រៅបន្ដិច ។ ប៉ុន្ដែជារឿងដែលពុទ្ធសាសនិកជនត្រូវស្វែងយល់ដដែល រឿងដែលយើងមិនដែលបានស្ដាប់ អាចពិបាកយល់ ប៉ុន្ដែបើយើងខំបន្ដិចម្ដងៗ យើងនឹងយល់ជាមិនខាន ហើយនេះជាកម្រៃជីវិតដែលកើតមកលើមាតុភូមិដែលមានពាក្យប្រៀនប្រដៅដ៏ល្អសម្រាប់ជាប្រទីបនាំមាគ៌ាជីវិតក្នុងអន្ធការភាពនៃលោកសន្និវាស ។
——————————-

វិញ្ញាណវិថី និង វិសយប្បវត្ដិ

វិញ្ញាណវិថី និងវិសយប្បវត្តិ មានអត្ថន័យដូចគ្នា សំដៅដល់វិថីនៃវិញ្ញាណ(ចិត្ត) គឺចិត្តដែលប្រព្រឹត្តទៅក្នុងអារម្មណ៍ទាំង ៦, អារម្មណ៍នោះៗ រមែងប្រាកដចំពោះចិត្តច្បាស់ ច្រើនខ្លះ តិចខ្លះនោះឯង ។

សូមពន្យល់ពាក្យថា វិសយប្បវត្តិ ដោយសង្ខេប
វិសយ បានដល់ អារម្មណ៍ គឺធម្មជាតិដែលត្រូវចិត្តដឹង (រូប សំឡេង ក្លិន រស ផោដ្ឋព្វៈ ការនឹកគិត)
(ពាក្យថា វិស័យ នេះយើងយកទៅប្រើខាងផ្លូវលោកច្រើន ឧ. ទស្សនវិស័យ វិស័យសេដ្ឋកិច្ច វិស័យសង្គមកិច្ច …..។ល។)

បវត្តិ ប្រែថា ការប្រព្រឹត្តិទៅ

វិសយ + បវត្តិ = វិសយប្បវត្តិ (តម្រួត ប បានតាមវេយ្យាករណ៍) ប្រែថា ការប្រព្រឹត្តិទៅរបស់អារម្មណ៍ដែលមកប្រាកដចំពោះចិត្តក្នុងទ្វារ(៦)នីមួយៗ ម្ដងៗ ឬវារៈនីមួយៗ នោះឯង ។

តើវាសំខាន់ណាស់ទៅឬ ដែលគួរចេះដឹងរឿងនេះ?

តបថាសំខាន់ណាស់ ព្រោះចិត្តជាមេបញ្ជាការដែលនឹងនាំជីវិតឱ្យល្អឡើងឬធ្លាក់ចុះក៏ព្រោះចិត្ត បើយើងមិនយល់រឿងចិត្ត នឹងឃុំគ្រងខ្លួនឱ្យផុតពីការលង់ចុះក្នុងអារម្មណ៍ហើយបណ្ដោយឱ្យចិត្តខ្លួនហូរទៅតាមចរន្ដរបស់អារម្មណ៍នោះៗ អាចបណ្ដាលឱ្យកើតទុក្ខទោសដល់ជីវិតរបស់ខ្លួន……
គ្មានវិជ្ជាការណាក្នុងលោកដែលសម្ដែងរឿងនេះដ៏ល្អិតហ្មត់ចត់ដូចវិជ្ជាការក្នុងពុទ្ធសាសនាឡើយ

វិសយប្បវត្តិ ចែកចេញជា ២ យ៉ាងគឺ

១. វិសយប្បវត្តិក្នុងបដិសន្ធិកាល(1) គឺការប្រព្រឹត្តិទៅរបស់អារម្មណ៍ដែលប្រាកដចំពោះចិត្តនិងចេតសិកក្នុងបដិសន្ធិកាល មានអារម្មណ៍ ៣ យ៉ាងគឺ កម្មអារម្មណ៍ កម្មនិមិត្តអារម្មណ៍ និង គតិនិមិត្តអារម្មណ៍ ជាអារម្មណ៍ដែលបានមកអំពីភពជាតិមុនក្នុងពេលជិតស្លាប់ បដិសន្ធិចិត្តទទួលយកអតីតារម្មណ៍ទាំងនោះយ៉ាងណាមួយមកជាអារម្មណ៍ ។ ចិត្តដែលទទួលអារម្មណ៍ទាំង ៣ យ៉ាងនេះ ជាចិត្តផុតពីទ្វារ (ទ្វារវិមុត្តចិត្ត) និងជាចិត្តដែលផុតពីវិថី (វិថីមុត្តចិត្ត) ។

២. វិសយប្បវត្តិក្នុងបវត្តិកាល(2) គឺការប្រព្រឹត្តិទៅរបស់អារម្មណ៍ដែលប្រាកដចំពោះចិត្តនិងចេតសិកក្នុងបវត្តិកាល មានអារម្មណ៍ ៦ យ៉ាង គឺ រូបារម្មណ៍(រូប) សទ្ទារម្មណ៍(សំឡេង) គន្ធារម្មណ៍(រស) ជាដើម មកប្រាកដជាអារម្មណ៍របស់ចិត្តច្បាស់ ច្រើនខ្លះ តិចខ្លះ ។ ចិត្តដែលទទួលអារម្មណ៍ថ្មីក្នុងបច្ចុប្បន្នកាលដែលប្រព្រឹត្តទៅក្នុងបវត្តិកាលដូចពោលមកនេះ ហៅថា វិថីចិត្ត ។

វិសយប្បវត្តិក្នុងបវត្តិកាលនេះ មាន ៦ យ៉ាង គឺវិសយប្បវត្តិ ៦ សំដៅដល់អារម្មណ៍ដែលប្រព្រឹត្តទៅតាមវិថីចិត្តក្នុងបញ្ចទ្វារមាន ៤ គឺ
១. អតិមហន្ដារម្មណ៍ គឺអារម្មណ៍ដែលមានខណៈចិត្តកើតបានច្រើនបំផុត
២. មហន្ដារម្មណ៍ គឺអារម្មណ៍ដែលមានខណៈចិត្តកើតបានច្រើន
៣. បរិត្តារម្មណ៍ គឺអារម្មណ៍ដែលមានខណៈចិត្តកើតបានតិច
៤. អតិបរិត្តារម្មណ៍ គឺអារម្មណ៍ដែលមានខណៈចិត្តកើតតិចបំផុត

និងអារម្មណ៍ដែលប្រព្រឹត្តទៅតាមមនោទ្វារមាន ២ គឺ
១. វិភូតារម្មណ៍ គឺអារម្មណ៍ដែលប្រាកដច្បាស់តាមផ្លូវចិត្ត
២. អវិភូតារម្មណ៍ គឺអារម្មណ៍ដែលមិនប្រាកដច្បាស់តាមផ្លូវចិត្ត

រួមបញ្ចទ្វារនិងមនោទ្វារបានជាវិសយប្បវត្តិ ៦ ។
—————————

(1) បដិសន្ធិកាល គឺកាលដែលសត្វចាប់កំណើតក្នុងខណៈដំបូងក្នុងបច្ចុប្បន្នភព បើនិយាយភាសាសាមញ្ញគឺពេលខណៈចាប់កំណើត ជាខណៈដ៏សែនខ្លី ចិត្តខណៈនេះ ហៅថាបដិសន្ធិខណៈ បដិសន្ធិចិត្តកើតឡើងធ្វើតួនាទីកើតហើយក៏រលត់ទៅភ្លាម ។

(2) បវត្តិកាល គឺកាលដែលបន្ដពីបដិសន្ធិកាល (ក្រោយពីបដិសន្ធិខណៈរលត់ទៅហើយ) រហូតដល់ចុតិចិត្តក្នុងបច្ចុប្បន្នភព គឺកាលក្រោយពីបដិសន្ធិខណៈរលត់ទៅហើយ ចិត្តដែលកើតតៗមករហូតដល់ខណៈស្លាប់ទៅវិញ ជាបវត្តិកាល ។

តាអារាមប៊យ
១៨ កុម្ភៈ ១៨

Facebook Comments
Share this article:
បណ្ឌិត ធម្មណាត

Author: បណ្ឌិត ធម្មណាត

ទីប្រឹក្សា គណៈកម្មការ ពុទ្ធិកសមាគមខ្មែរ វត្តខេមររតនារាម Advisor to The Cambodian Buddhist Society of Wat KhemaRaRatanaram