នត្ថិ សន្តិ បរំ សុខំ
សុខដទៃក្រៅពីសេចក្តីស្ងប់ពុំមានឡើយ។
🔸តិះដៀលខ្លួនឯងដោយហេតុណា មិនគួរធើ្វហេតុនោះឡើយ។
រៀនព្យញ្ជនៈ៣៣តួ
បទពាក្យប្រាំពីរ
| ខ្មែរមានព្យញ្ជនៈស្រៈនព្វន្ត | ខ្មែរគួរគយគន់រត់រករៀន |
| រូតរះស្វះស្វែងកុំអៀនប្រៀន | សិល្បៈរបៀនស្ពានបញ្ញា ។ |
| រៀន រាប់រៀនអានរៀនសរសេរ | រៀន កុំទំនេររៀនឧស្សាហ៍ |
| រៀន លេខនព្វន្តគុណគណនា | រៀន ស្រៈអក្ខរាចារសេចក្តី ។ |
| រៀន រាប់ ក ខ ស្រៈ អ អា | រៀន ថាសរសេរឃ្លាវែងខ្លី |
| រៀន មានគំនិតគិតកែច្នៃ | រៀន រកសេចក្តីឱ្យផូរផង់ ។ |
| រៀន ក រៀនកាន់កាប់កិច្ចការ | រៀន កុំឫស្យាកោងដូចកង់ |
| រៀន កួចគំនិតគិតត្រឹមត្រង់ | រៀន កុំកន្លងក្បួនតម្រា ។ |
| រៀន ខ រៀនខំសន្សំល្អ | រៀន ខិតជិតធម៌បានសុខា |
| រៀន កុំខិលខូចដូចសត្វស្វា | រៀន ខុសតម្រានាំខូចខួរ ។ |
| រៀន គ រៀនគេងគងគិតគូរ | រៀន គាប់គុណគ្រូឱ្យបានគួរ |
| រៀន កុំគុំគួនគិតហ្មងមួរ | រៀន គង់គាប់គួរបានគប្បី ។ |
| រៀន ឃ រៀនឃាត់ចិត្តឃោរឃៅ | រៀន ឃើញខុសត្រូវផ្លូវចាស់ថ្មី |
| រៀន កុំឃុបឃិតឃាតអប្រិយ | រៀន ឃុំសិរីកុំបីឃ្លាត ។ |
| រៀន ង រៀនងើបកុំងងោះ | រៀន ងុយស្អុយឈ្មោះរស់ដូចងៀត |
| រៀន ងារឱ្យងំកុំចង្អៀត | រៀន ងោកចោលម្សៀតដូចងងឹត។ |
| រៀន ច រៀនចេះចាប់ចាត់ចែង | រៀន ចេះកោតក្រែងកុំតាមចិត្ត |
| រៀន ចេះចរចាថ្លាថ្លែងពិត | រៀន ចូរចេះគិតជួយចែកចាយ |
| រៀន ឆ រៀនឆន្ទកុំឆេវឆាវ | រៀន ឆាំងឆោតខ្លៅកុំឆើតឆាយ |
| រៀន កុំឆាឆៅមិត្តជិតឆ្ងាយ | រៀន ឆួលឆេះកាយក្លាយប្រេះឆា ។ |
| រៀន ជ រៀនជួយប្រទេសជាតិ | រៀន ជាកុំឃ្លាតជាតិថ្លៃថ្លា |
| រៀន កុំជិះជាន់ជាតិសាសនា | រៀនជួយផ្សះផ្សាជាតិជោគជ័យ |
| រៀន ឈ រៀនឈប់បង្ហូរឈាម | រៀន ឈោងយកនាមពិរោះល្បី |
| រៀន ឈានទៅមុខឱ្យឃ្មាតខ្មី | រៀន ឈរលើដីកុំឈូឆរ ។ |
| រៀន ញ រៀនញត្តិកុំញុះញង់ | រៀន ញាក់អ្នកឆ្គងកុំញីញ័រ |
| រៀន ញ៉ាំងញញឹមប្រិមប្រិយល្អ | រៀន ញៀនស្មោះសឱ្យញឹកញាប់។ |
| រៀន ដ រៀនដេកដើរដឹងដាន | រៀន ដឹងប្រមាណបានដល់ដប់ |
| រៀន ដាំដោះដូរគួរប្រសប់ | រៀន ដុសទម្លាប់ឱ្យឧត្តម ។ |
| រៀន ឋ រៀនឋិតក្នុងឋានសុខ | រៀន ថែម៉ែពុកជាបឋម |
| រៀន ថែមកុំថយឱ្យស័ក្តិសម | រៀន ថាបន្លំបាត់សួគ៌ឋាន ។ |
| រៀន ឌ រៀន ឌុនកុំឌឺដង | រៀន កុំចងក្រងប្រឌិតដាន |
| រៀន ដូចដូនតាពីបូរាណ | រៀន កុំហួសដានលំអានថ្នាក់ ។ |
| រៀន ឍ រៀនធន់ទុនវុឌ្ឍី | រៀន ធម៌សាមគ្គីម្នីកុំអាក់ |
| រៀន ធម៌នាំធូរឧបសគ្គ | រៀន ធន់ថ្នាំងថ្នាក់ជាក់ជោគជ័យ។ |
| រៀន ណ រៀនណែនាំអ្នកណាស់ | រៀន នាំឱ្យច្បាស់ណា៎! ចរណៃ |
| រៀន ឱ្យណែនណាន់តាន់សេចក្តី | រៀន ហ្នឹងមានន័យនឹងចំណាន ។ |
| រៀន ត រៀនតបគុណម៉ែឪ | រៀន តាមផ្លូវត្រូវកុំតឹងតាន |
| រៀន តោងតាមច្បាប់ឆាប់នាំប្រាណ | រៀន ដល់ត្រើយត្រាណបានសុខា។ |
| រៀន ថ រៀនថែកេរ្តិ៍ម៉ែពុក | រៀន ថាំចាំទុកថង់ថវិកា |
| រៀន ថែមកុំថយតាមគេថា | រៀន ថួនរក្សាកេរទ្រព្យា ។ |
| រៀន ទ រៀនទប់ទល់ទុក្ខទោស | រៀន ទាញត្រូវខុសកុំទាស់គ្នា |
| រៀន ទេទោរទៅតាមមាគ៌ា | រៀន ទន់ឫក្សពារតាមទំនង ។ |
| រៀន ធ រៀនធ្វើមើល៍ធនធាន | រៀន ធម៌យកឈានស្ពានគន្លង |
| រៀន ធំកុំធុញធៀបអ្នកឆ្គង | រៀន ធន់ម៉ត់ហ្មងពិតប្រពៃ ។ |
| រៀន ន រៀននៅឱ្យនឹងនួន | រៀន នីតិ៍នាំខ្លួនឱ្យមានន័យ |
| រៀន នឹកនាគុណអ្នកដទៃ | រៀន នោះនឹងថ្លៃថ្លាអាត្មា ។ |
| រៀន ប រៀនបទកុំបែកបែរ | រៀន បែបបទខ្មែរកេរមេបា |
| រៀន បង់បៀតបៀនបាបប្ញស្យា | រៀន បានថ្លៃថ្លាកុំរបេះ ។ |
| រៀន ផ រៀនផាតិភោគផលផុស | រៀន ផឹកចាំចុះជាក់មិនផេះ |
| រៀន ផិតភូតភរផាយដូចសេះ | រៀន ផុងតម្រេះផុតភក្តី ។ |
| រៀន ព រៀនពោលពាក្យពេចន៍ពិត | រៀន ពត់ពាតចិត្តពេញប្រពៃ |
| រៀន កុំពិសពុលពាលអប្រិយ | រៀន ពន្ទអ្នកថ្លៃនៃជីវិត ។ |
| រៀន ភ រៀនភាណកុំភូតភរ | រៀន ភាន់វឹកវរនាំភ័យភិត |
| រៀន ភូតច្រើនភប់ជួបអមិត្ត | រៀន ភរភូតពិតស្វិតអង្គា ។ |
| រៀន ម រៀនមើលឱ្យមុតមាំ | រៀន មន្តនឹងនាំផុតវេរា |
| រៀន មានមេត្តាផ្សះផ្សាគ្នា | រៀន កុំដូចមារមោហ៍ដាសមីរ ។ |
| រៀន យ រៀនយឹតយោងអ្នកយ៉ាប់ | រៀន យល់គល់ច្បាប់កុំយាយី |
| រៀន យកយោគយល់មកសំភី | រៀន យល់នាទីយើងគេផង ។ |
| រៀន រ រៀនរស់យសរុងរឿង | រៀន រស់ថ្កុំថ្កើងរួចមួរហ្មង |
| រៀន រូតរួសរាន់មិនរេរង់ | រៀន រៀបប្ញកផងឱ្យរួសរាយ ។ |
| រៀន ល រៀនលះចិត្តលោភលន់ | រៀន លួចលូកលាន់ជួនរលាយ |
| រៀន លេងលីលាលង់អន្តរាយ | រៀន លត់ពត់កាយលឿនលូតលាស់។ |
| រៀន វ រៀនវាងរឿងវិវាទ | រៀន វៀរចោលម្សៀតវាតឱ្យអស់ |
| រៀន កុំវង្វេងវក់នឹងឈ្លោះ | រៀន វត្តខ្ពង់ខ្ពស់យសវិវឌ្ឍន៍ ។ |
| រៀន ស រៀនស៊ូសូត្រសិក្សា | រៀន សព្វសញ្ញាសូន្យកំសត់ |
| រៀន សាងសុខសាន្តលំអានរតន៍ | រៀន សន្សំបទផ្លូវសួគ៌ា ។ |
| រៀន ហ រៀនហាត់ឆ្លាតហំហួន | រៀន ហាមប្រាមខ្លួនកុំហូរហៀរ |
| រៀន កុំហ៊ឺហាហាច់លេលា | រៀន ហែកហួរគ្នាហូរហួតអស់ ។ |
| រៀន ឡ រៀនឡើងកុំឡិកឡក់ | រៀន កុំតក់ម៉ក់ប្ញកឡេះឡោះ |
| រៀន កុំឡូឡាឡូយឱ្យសោះ | រៀន កុំឡេះឡោះមិនល្អឡើយ ។ |
| រៀន អ រៀនអត្ថឱ្យអង់អាច | រៀន ឱនឱ្យប្រាជ្ញ ណា៎អង្គអើយ |
| រៀន ឱ្យអស់អត្ថអង្គនឹងស្បើយ | រៀន ហើយអង្គអើយកុំអួតអាង។ |
| ក ខ គ ឃ ង ឈរត្រៀប | ឈររៀបជាខ្នាតស្អាតផូរផង់ |
| ស្វាគមន៍អ្នករៀនដោយស្មោះត្រង់ | តម្រង់ទិសដៅទៅរកល្អ ។ |
| ក ខ គ ឃ ង ខ្សឹបថា | បើលោកអ្នកណាចង់បវរ |
| ត្រូវខំរៀនសូត្រដោយស្មោះស | ផលល្អនឹងមានមកមិនខាន ។ |
| អ្នករៀនឱហាតឆ្លាតប្រសប់ | នឹងបានកំណប់គាប់ជាប់ប្រាណ |
| កំណប់បញ្ញាថ្លាថ្កើងថ្កាន | ប្រៀបបានពន្លឺភ្លឺយប់ថ្ងៃ ។ |
| បូរាណលោកបានធ្វើប្រៀបធៀប | ទុកដូចប្រទីបភ្លឺថ្លាក្រៃ |
| លើសអស់ពន្លឺភ្លឺដទៃ | ភ្លឺអ្វីមិនស្មើមានបញ្ញា ។ |
| ម្យ៉ាងទៀតលោកឆ្លៀតផ្តាំទូន្មាន | ថាចេះពីរៀនមានទ្រព្យា |
| បញ្ញាទ្រព្យកើតដ្បិតឧស្សាហ៍ | ព្យាយាមខ្លាំងក្លាសាងសន្សំ ។ |
| ច្នេះហើយខ្ញុំក៏រៀនតាក់តែង | រៀបរាប់ថ្លាថ្លែងតែងផ្សែផ្សំ |
| រាវរកសេចក្តីន័យស័ក្តិសម | ប្រៀបធៀបឬចំផ្សំតាមក្បួន ។ |
| ទុកអានកំដរពេលសម្រាក | បំបាត់តោកយ៉ាកចាកពីខ្លួន |
| ពង្រឹងស្មារតីឱ្យមាំមួន | តាមក្បួនកំណាព្យកាព្យអាចជួយ។ |
| របៀបតែងកាព្យរាប់ព្យញ្ជនៈ | មួយវគ្គមួយវគ្គមានន័យមួយ |
| គ្រាន់បានអានលេងគេងមិនព្រួយ | ទុកជាជំនួយស្មារតី ហោង ៕ |

និពន្ធដោយៈ ព្រះបវរសត្ថា កៅ ពុទ្ធា ជោតញ្ញាណោ
វត្តឧណ្ណាលោម, ថ្ងៃទី១៥ ខែមករា ឆ្នាំ១៩៩៨


🔸កំណែចុងក្រោយ Last Updated on April 18, 2025 by Johnny ចន្នី







