១៧-រឿង ព្រះចូឡបន្ថកត្ថេរ

Average Rating: No ratings yet


ព្រះបរមសាស្តា ទ្រង់ប្រារឰ នូវព្រះចូឡបន្ថកត្ថេរ ។ ក្នុងសាសនាព្រះពុទ្ធទ្រង់ព្រះនាម កស្សបៈ ព្រះថេរៈអង្គនេះ ជាឣ្នកមានប្រាជ្ញាច្រើន ពេលថ្ងៃមួយ លោកបានឃើញ នូវភិក្ខុមួយរូបដែលមានប្រាជ្ញាតិច ហើយក៏បានសើចចំឣកឲ្យ រហូតដល់ភិក្ខុរូបនោះ មានសេចក្តីឣៀនខ្មាស ឈប់រវល់នឹងការរៀនធម៌ បន្តទៅទៀត… ព្រោះទោសនៃការសើចចំឣកនេះឯង ទើបមកដល់ជាតិនេះ បានមកកើតជាព្រះចូឡបន្ថកៈ ទន្ទេញធម៌មិនចេះចាំ ទាល់តែសោះ សូម្បីតែព្រះគាថាមួយបទ ដែលព្រះមហាបន្ថកៈជាបងប្រុសដាក់ឲ្យទន្ទេញ ឣស់រយៈពេល ៤ ខែ ក៏ទន្ទេញមិនចាំដែរ ។

ព្រះមហាបន្ថកត្ថេរ ជាបង បានជេរស្តីបន្ទោស នូវព្រះចូឡបន្ថកត្ថេរ ដោយប្រការផ្សេងៗ ធ្វើឲ្យព្រះចូឡបន្ថកត្ថេរ មានសេចក្តីឣាក់ឣន់ស្រពន់ចិត្ត យ៉ាងខ្លាំង ចំពោះវាសនារបស់ខ្លួនឯង ហើយគិតនឹងលាចាកសិក្ខាបទ ។

ព្រះសាស្តា ទ្រង់ជ្រាបហើយ ទ្រង់ប្រទានព្រះកម្មដ្ឋាន និង ប្រទានឱវាទដល់លោក រហូតដល់បានសម្រេចព្រះឣរហត្តផល ។

សម័យថ្ងៃមួយ ពួកភិក្ខុទាំងឡាយ បានប្រជុំព្រមគ្នា សន្ទនាពោលសរសើឣំពីសេចក្តីព្យាយាម របស់ព្រះចូឡបន្ថកត្ថេរ ។ ព្រះសាស្តា ទ្រង់ជ្រាបហើយ ទ្រង់ត្រាស់ព្រះគាថានេះ ថា ៖

ឧដ្ឋានេនប្បមាទេនសញ្ញោមន ទមេន ច
ទីបំ កយិរាថ មេធាវី យំឱឃោ នាភិកីរតិ ។

☸️ទឹកជំនន់គឺកិលេស ជន់ពន្លិចកោះ គឺឣរហត្តផល ណាពុំបាន, ឣ្នកប្រាជ្ញ គប្បីសាងកោះ គឺឣរហត្តផលនោះ ដោយសេចក្តីប្រឹងប្រែងផង ដោយសេចក្តីមិនប្រមាទផង ដោយការសង្រួមក្នុងចតុប្បារិសុទ្ធិសីលផង ដោយការទូន្មានឥន្ទ្រីយ៍ផង ។


ចំនួនវគ្គ​ក្នុង​គម្ពីរ​ធម្មបទ

គម្ពីរធម្មបទ​ មាន​ទាំង​អស់​ ៤២៣​ បទ​ ការ​រាប់​ជា​បទ​ រាប់​តាម​ចំនួន​គាថា​ គឺ​ គាថា​ ១​ គាថា​ ឬគាថា​ ១​ គាថា​ ជា​មួយ​នឹង​កន្លះ​គាថា​ រាប់​ជា​ ១​ បទ​ ក្នុង​អដ្ឋកថា​ធម្មបទ​ លោក​រួប​រួម​ទុក​ជា​រឿង​ៗ​ មាន​ឈ្មោះ​រឿង​ប្រាកដ​តាម​សភាវធម៌​ ឬ​បុគ្គល​ដែល​ទ្រង់​ប្រារព្ធ​ រឿង​ខ្លះ​មិន​ប្រាកដ​បុគ្គល​ដោយ​ជាក់​ច្បាស់​ លោក​ក៏​ប្រើ​ពាក្យ​ថា​ បុគ្គល​ម្នាក់​ ភិក្ខុ​មួយ​រូប​ រួម​ទាំង​អស់​ ៣០២​ រឿង​ ក្នុង​មួយ​រឿង​ៗ​​ ចាត់​ជា​ពួក​ ជា​ក្រុម​ ហៅ​ថា​​ វគ្គ​ រួម​ជា​ ២៦​ វគ្គ​ វគ្គ​នី​មួយៗ​ មាន​ឈ្មោះ​ប្រាកដ​តាម​អំណាច​ខ្លឹមសារ​នៃ​ធម្មបទ​នោះៗ​ និង​រឿង​នោះៗ​ ពោល​គឺ​ធម្មបទ​ណា​ រឿង​ណា​ ដែល​មាន​សេចក្តី​សម្ពន្ធ​គ្នា​ ទាក់​ទង​គ្នា​ ដូច​គ្នា​ ស្រដៀង​គ្នា​ ឬ​ក៏​ផ្ទុយ​ពី​គ្នា​ លោក​ក៏​ចាត់​ធម្មបទ​នោះៗ​ និង​រឿង​នោះៗ​ ជា​ពួក​ ជា​ក្រុម​ ជា​មួយ​គ្នា​ ឬ​វគ្គ​ជា​មួយ​គ្នា​,​ វគ្គ​នៃ​ធម្មបទ​នោះ​ មាន​ ២៦​ វគ្គ​ គឺ៖

១. យមកវគ្គ មាន​ ១៤​ រឿង​ ២០​ គាថា១៤. ពុទ្ធវគ្គ មាន​ ៩​ រឿង​ ១៨​ គាថា
២. អប្បមាទវគ្គ មាន​ ៩​ រឿង​ ១២​ គាថា១៥. សុខវគ្គ ​ មាន​ ៨​ រឿង​ ១២​ គាថា
៣. ចិត្តវគ្គ មាន​ ៩​ រឿង​ ១១​ គាថា១៦. បិយវគ្គ មាន​ ៩​ រឿង​ ១២​ គាថា
៤. បុប្ផវគ្គ មាន​ ១២​ រឿង​ ១៦​ គាថា១៧. កោធវគ្គ មាន​ ៨​ រឿង​ ១៤​ គាថា
៥. ពាលវគ្គ មាន​ ១៥​ រឿង​ ១៦​ គាថា១៨. មលវគ្គ មាន​ ១២​ រឿង​ ២១​ គាថា
៦. បណ្ឌិតវគ្គ មាន​ ១១​ រឿង​ ១៦​ គាថា១៩. ធម្មដ្ឋវគ្គ មាន​ ១០​ រឿង​ ១៧​ គាថា
៧. អរហន្តវគ្គ មាន​ ១០​ រឿង​ ១៤​ គាថា២០. មគ្គវគ្គ មាន​ ១២​ រឿង​ ១៧​ គាថា
៨. សហស្សវគ្គ មាន​ ១៤​ រឿង​ ១០​ គាថា២១. បកិណ្ណកវគ្គ មាន​ ៩​ រឿង​ ១៦​ គាថា
៩. បាបវគ្គ មាន​ ១២​ រឿង​ ១៦​ គាថា២២. និរយវគ្គ មាន​ ៩​ រឿង​ ១៤​ គាថា
១០. ទណ្ឌវគ្គ មាន​ ១១​ រឿង​ ១៧​ គាថា២៣. នាគវគ្គ មាន​ ៨​ រឿង​ ១៤​ គាថា
១១. ជរាវគ្គ មាន​ ៩ រឿង​ ១១​ គាថា២៤. តណ្ហាវគ្គ មាន​ ១២​ រឿង​ ២៦ គាថា
១២. អត្តវគ្គ មាន​ ១០​ រឿង​ ១០​ គាថា២៥. ភិក្ខុវគ្គ មាន​ ១២​ រឿង​ ២៣ គាថា
១៣. លោកវគ្គ មាន​ ១១​ រឿង​ ១២​ គាថា២៦. ព្រាហ្មណវគ្គ មាន​ ៤០ រឿង​ ៤២​ គាថា

🔸កំណែចុងក្រោយ Last Updated on April 17, 2025 by Johnny ចន្នី

Share this article:
Johnny ចន្នី

Author: Johnny ចន្នី

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster).