មនុស្សនិងសត្វ ខុសគ្នាត្រង់ណា?

បុរាណភាសិត (១០)

សត្វនិងមនុស្ស ខុសគ្នាត្រង់ណា?

សូមប្រគេននិងជូនបុរាណភាសិតនេះជាធម្មបណ្ណាការចំពោះព្រះគុណម្ចាស់និងប្រិយមិត្តគ្រប់ៗគ្នា ក្នុងឱកាសបុណ្យមាឃបូជាឆ្នាំ ២០១៨ នេះ ។

ក្នុងសង្គមខ្មែរសម័យមុន ខ្ញុំបានឮសេចក្ដីនៃភាសិតខាងក្រោមនេះជាញឹកញាប់ មិនដឹងថាក្នុងសង្គមខ្មែរសព្វថ្ងៃនៅមានការផ្សព្វផ្សាយគោលគំនិតនេះដែរឬទេ ជាភាសិតដែលមានអត្ថន័យដាស់សតិឱ្យរលឹកនឹកដល់ភាវៈជាមនុស្សរបស់ខ្លួនក្នុងទង្វើផ្សេងៗ…. អាចជាកត្តាជួយឱ្យសង្គមមនុស្សមានសេចក្ដីសុខស្ងប់បានមួយកម្រឹត ។

ក្នុងសង្គមបច្ចុប្បន្ន ការប្រកួតប្រជែងគ្នាដើម្បីឱ្យបានមកនូវវត្ថុមានកម្រឹតខ្លាំងក្លាណាស់ អ្នកខ្លះធ្វើយ៉ាងណាឱ្យតែបានវត្ថុមកបំប៉នចំណង់របស់ខ្លួន ដោយមិនបាច់គិតដល់សីលធម៌ឬអាយុជីវិតអ្នកដទៃអ្វីទាំងអស់ ហេតុនេះហើយ បានជាមនុស្សរួមសង្គមត្រូវឆ្លងកាត់បទពិសោធន៍នៃការបៀតបៀនគ្នាក្នុងរូបបែបផ្សេង ៗ ។

តើមនុស្សគប្បីជ្រើសរើសអ្វី ? រវាង…….
ជីវិតដែលប្រកបដោយមនោធម៌ និង
ភាវៈជាសត្វតិរច្ឆានក្នុងរូបរាងមនុស្សដែលស្របដោយពស្ដ្រាលង្ការដ៏ឆើតឆាយ ?
———————-

Ᾱhāraniddābhayamethunañca
Sāmaññametappasubhīnarānaṃ.
Dhammo hi tesaṃ adhiko viseso
Dhammena hīnā pasubhīsamānā.

อาหารนิทฺทาภยเมถุนญฺจ
สามญฺญเมตปฺปสุภีนรานํ.
ธมฺโม หิ เตสํ อธิโก วิเสโส
ธมฺเมน หีนา ปสุภีสมานา.

អាហារនិទ្ទាភយមេថុនញ្ច
សាមញ្ញមេតប្បសុភីនរានំ ។
ធម្មោ ហិ តេសំ អធិកោ វិសេសោ
ធម្មេន ហីនា បសុភីសមានា ។

ការទទួលទានអាហារ ការដេកលក់ ការភ័យខ្លាច និងការរួមបវេណី ធម្មជាតទាំង ៤ យ៉ាងនេះ សត្វនិងមនុស្សរមែងមានស្មើគ្នា ។
ធម៌ប៉ុណ្ណោះដែលធ្វើឱ្យមនុស្សនិងសត្វ វិសេសក្រៃលែងជាងគ្នា ប្រាសចាកធម៌ហើយ មនុស្សទាំងឡាយក៏ស្មើនិងសត្វ ។
———————-

ហេតុការណ៍ផ្សេងៗ ដែលកើតមកអំពីទង្វើរបស់មនុស្សក្នុងសង្គម ជាសូចនាប្រាប់កម្រឹតនៃការប្រកាន់និងការអនុវត្តន៍តាមគោលគំនិតនៃភាសិតនេះ ។

(សូចនា ពាក្យនេះខ្ញុំបានមកពីមើលល្ខោនឥណ្ឌារឿង ព្រះបាទអសោក សាកល្បងខ្ចីមកប្រើទេណា)

តាអារាមប៊យ
ខែមករា ទី ៣០, ២០១៨

🔸Last Updated កំណែចុងក្រោយ on March 27, 2023

Facebook Comments
Share this article:
បណ្ឌិត ធម្មណាត

Author: បណ្ឌិត ធម្មណាត

ទីប្រឹក្សា គណៈកម្មការ ពុទ្ធិកសមាគមខ្មែរ វត្តខេមររតនារាម Advisor to The Cambodian Buddhist Society of Wat KhemaRaRatanaram