ព្រះចន្ទ ?
ទាំងកវីដ៏ល្បីល្បាញមានកិត្តិនាមខ្ចរខ្ចាយរន្ទឺក្នុងលោកដូចមេធីប្រាជ្ញឥណ្ឌានាម រពិន្ទ្រនាថ ឋាកូរ(Rabindranath Tagore) ទាំងសាមញ្ញជនដូចជាខ្ញុំនិងប្រិយមិត្រ ម្នាក់ៗសុទ្ធតែធ្លាប់ស្រមើស្រមៃឬពិពណ៌នាដល់ព្រះចន្ទ្រ?
បទកវីអំពីព្រះចន្ទដែលខ្ញុំជាប់ចិត្តបំផុត ជាបទកវីរបស់រពិន្ទ្រនាថ ឋាកូរ
(ខ្ញុំសូមបបួលប្រិយមិត្រដែលជាបញ្ញវន្ត ព្រះគុណម្ចាស់ លោកគ្រូ អ្នកគ្រូ កូនក្មួយ ឱ្យស្វែងរកកវីនិពន្ធរបស់ប្រាជ្ញរូបនេះមកអាន ខ្ញុំធានាថានឹងបានមនោសញ្ចេតនាហារមកបំប៉នអារម្មណ៍ដ៏អស្ចារ្យមិនខុសបំណងឡើយ)
———————-
រឿងដែលចង់និយាយក្នុងទីនេះគឺពាក្យថា “ព្រះចន្ទ” តើក្នុងភាសាខ្មែរនៅមានពាក្យដែលមានន័យថាព្រះចន្ទ្រដូចម្ដេចខ្លះទៀត ? ខ្ញុំសូមលើកយកមកជូនតាមដែលនឹកបាន(មិនរៀងលំដាប់ពាក្យទេ)ដូចតទៅនេះ
សីតករ (សីត=រងា, ត្រជាក់ + ករ=អ្នកធ្វើ), សីតរង្សី, ឬ សីតរស្មី,
សោម (តាំងឈ្មោះស្ដ្រីប្រើជា សោមា)
ឧឡុរាជ (ឧឡុ=ផ្កាយ + រាជ=ស្ដេច)
ប្រភាករ (ប្រភា=ពន្លឺ + ករ=អ្នកធ្វើ)
សសិធរ (សសិ=ទន្សាយ + ធរ=ទ្រទ្រង់), ព្រះនាមព្រះរាជបុត្រីថៃដែលធ្លាប់យាងមកខ្មែរ ថៃអានថា សៈស៊ិថន
សសិ (សសិមណ្ឌល=វង់ព្រះចន្ទ្រ, សសិរង្សី=រស្មីព្រះចន្ទ្រ, សសិវារៈ ឬ-ពារ=ថ្ងៃចន្ទ្រ, សសិសោភា=លម្អព្រះចន្ទ្រ ។ល។)
សសី, សសិន
សសាង្ក (សស=ទន្សាយ + អង្ក=ស្នាមគំនូស) មានរឿងរ៉ាវទាក់ទងដល់ការបំពេញបារមីរបស់ព្រះពោធិសត្វក្នុងពុទ្ធសាសនា
ពាក្យទាំងអស់នេះ ខ្ញុំបានឃើញក្នុង វ.សម្ដេច ជ.ណ. បើអ្នកណាបានដឹងថានៅមានពាក្យក្រៅពីនេះ សូមអញ្ជើញនាំមកចូលរួម ដើម្បីជាការសិក្សាទាំងអស់គ្នា ។
សូមអរគុណ
តាអារាមប៊យ
១៧ កុម្ភៈ ២០១៨
🔸Last Updated កំណែចុងក្រោយ on March 27, 2023