ប្រវត្តិរបស់វត្តបុទុមវតីរាជរារាម

វត្ត​បទុម​វ​តីរា​ជរា​រាមវត្ត​បទុម​វ​តីវត្ត​បទុម ត្រូវបាន​កសាង​ឡើង​លើ​ក​ដំបូង​នៅក្នុង​រជ្ជកាល​នៃ​ព្រះបាទ ពញាយ៉ាត និង មានឈ្មោះ​ថា វត្ត​ខ្ពប​តា​យ៉ង ។ បន្ទាប់ពី​ត្រូវ​បាន​បោះបង់​ចោល​រាប់​រយ​ឆ្នាំ​មក វត្ត​នេះ​ត្រូវបាន​កសាង​ឡើង​វិញ​ក្នុង​រជ្ជកាល​ព្រះបាទ​នរោត្តម ហើយ​ត្រូវបាន​ព្រះអង្គ​ប្រែ​ឈ្មោះថា វត្ត​បទុម​វ​តីរា​ជរា​រាម ។​

ក្នុង​រជ្ជកាល​សម្តេចព្រះ​បរម​រាជា​ពញាយ៉ាត ទ្រង់​បាន​ផ្លាស់ប្តូរ​រាជធានី​មក​តាំង​នៅ​ចតុមុខ គឺ​ភ្នំពេញ​បច្ចុប្បន្ន​នេះ​ជា​លើកដំបូង​នៅ​ថ្ងៃ​១៥​កើត ខែ​ពិសាខ ឆ្នាំ​ខាល ឆ​ស័ក ពុទ្ធ​សករាជ ១៩៧៨ គ្រិស្ដ​សករាជ ១៤៣៤ ចុល្លសករាជ ៧៩៦ ។ ក្រៅ​ពី​ការជួសជុល​ព្រះវិហារ និង​កសាង​ចេតិយ​ធំ​នៅលើ​ភ្នំ​ដូនពេញ ទ្រង់​បាន​បញ្ជា​ឱ្យ​កសាង​វត្ត​ចំនួន​៦​ទៀត គឺ​វត្ត​កោះ​១, វត្ត​លង្កា​១, វត្ត​ព្រះ​ពុទ្ធឃោសាចារ្យ​១, វត្ត​ពាម​ផ្លុង​១, វត្ត​ឧណ្ណាលោម​១ និង វត្ត​ខ្ពប​តា​យ៉ង​១ ។​

វត្ត​ខ្ពប​តា​យ៉ង ត្រូវបាន​សាងសង់​ឡើង​នៅ​ខាងត្បូង​ព្រះបរមរាជវាំង​ប្រមាណ​ជា​៣០៩​ម៉ែត្រ មាន​បណ្តោយ​ពី​លិច​ទៅ​កើត​២៦០​ម៉ែត្រ និង​ទទឹង​ពី​ជើង​ទៅ​ត្បូង​២០២​ម៉ែត្រ ។ នៅ​ពីមុខ​វត្ត​មាន​ដី​ទំនាប​(​បឹង​) និង ខាងត្បូង​វត្ត​មាន​ដី​ខ្ពប​មួយ​ដែល​អ្នកស្រុក​តែង​ហៅថា ខ្ពប​តា​យ៉ង ។ តា​យ៉ង ជា​ឈ្មោះ​នៃ​បុរស​ចំណាស់​ម្នាក់ ហើយ​ដោយ​សេចក្តី​ជ្រះថ្លា​ចំពោះ​ព្រះពុទ្ធសាសនា គាត់​បាន​ថ្វាយ​ដី​ខ្ពប​របស់គាត់​សម្រាប់​ព្រះបាទ​ពញាយ៉ាត​សាងសង់​វត្ត ។ ដើម្បី​លើកទឹកចិត្ត និង​ជា​ការដឹងគុណ​ដល់​គាត់ ទើប​ព្រះរាជា​សព្វ​ព្រះ​ហឫទ័យ​ដាក់​ឈ្មោះ​វត្ត​នោះ​ថា វត្ត​ខ្ពប​តា​យ៉ង ព្រោះ​វត្ត​នេះ​សាងសង់ឡើង​នៅលើ​ដី​ខ្ពប​របស់ តា​យ៉ង ។​

លុះ​ដល់​រជ្ជកាល​ព្រះបាទ​នរោត្តម ទ្រង់​បាន​បោះបង់​ក្រុង​ឧដុង្គ​មានជ័យ មក​សាង​ទីក្រុង​ភ្នំពេញ​ជា​គ្រា​ទី​២ ក្នុង​ឆ្នាំឆ្លូវ សប្តស័ក ពុទ្ធ​សករាជ ២៤០៨ គ្រិស្ដ​សករាជ ១៨៦៥ ។ ព្រះអង្គ​បាន​និមន្ត​សម្តេចព្រះ​សុគន្ធា ធិបតី បញ្ញា​សី​លោ ប៉ាន ជា​សម្តេចព្រះសង្ឃរាជ​គណៈ​ធម្មយុត្តិកនិកាយ​ពី​វត្ត​សាលា​គូ ឬ​វត្ត​អម្ពិល​បី នា​ក្រុង​ឧដុង្គ​មក​គង់នៅ​វត្ត​ខ្ពប​តា​យ៉ង​នេះ ។ ព្រះអង្គ​ក៏​បាន​និមន្ត​សម្តេច និល ទៀង ជា​សម្តេចព្រះសង្ឃរាជ​គណៈមហានិកាយ​ពី​វត្ត​ពុទ្ធ​ប្រាង្គ ក្រុង​ឧដុង្គ​មានជ័យ មក​គង់នៅ​វត្ត​ឧណ្ណាលោម​ក្រុងភ្នំពេញ ។​

គ្រា​នោះ​វត្ត​ខ្ពប​តា​យ៉ង ពុំ​មាន​កុដិ សាលា ឬ វិហារ​ដែល​ជា​កេរដំណែល​ចាស់​សេសសល់​ទេ សូម្បី​តែ​ភិក្ខុ​សាមណេរ​មួយ​អង្គ​ក៏​គ្មាន​ផង ។ វត្ត​ចាស់​នេះ​បាន​ក្លាយទៅជា​ព្រៃស្បាត​សុទ្ធសាធ​ទៅវិញ ត្បិត​ត្រូវបាន​បោះបង់​ចោល​ជា​ច្រើន​រយ​ឆ្នាំ ។ ប៉ុន្តែ​គេ​ដឹងថា ទី​នេះ​ជា​វត្ត​បុរាណ ដោយ​គេ​បានឃើញ​មាន​ចារ​នៅក្នុង​ព្រះ​រាជពង្សាវតារ​ផង និង គេ​បាន​សង្កេត​ដី​ទួល​ខ្ពស់​ជាងគេ ដែល​គេ​អាច​សន្និដ្ឋានបាន​ថា ជាទី​ព្រះវិហារ​ផង ហើយ​នៅលើ​ដី​ទួល​នោះ​មាន​រោង​តូច​មួយ​ប្រក់​ស្លឹក នៅក្នុង​រោង​នោះ​មាន​ព្រះជីវ៍​តូច​មួយ​ព្រះអង្គ មាន​ផែន​ថ្ម​សន្លឹក​សីមា​មួយ​ផ្ទាំង និង ថ្មគោល​មូល​ជាច្រើន​ដុំ ។ នៅ​ទិស​ខាងកើត​មុខ​ទួល​នោះ​មាន​ខ្ពប​តូច​មួយ​វែង ហើយ​នៅ​ទិស​ខាងត្បូង​មាន​ខ្ពប​មួយ​ធំ​ជ្រៅ​ដែល​អតីត​តា​យ៉ង បាន​ជីក​សម្រាប់​យក​ទឹក​ស្រោច​ដំណាំ​របស់គាត់ ។ ឯ​ទឹក​នោះ​មាន​ខួបប្រាំងខួបវស្សា ហើយ​ថ្លាយង់ ។ អ្នកស្រុក​តែងតែ​អាស្រ័យ​នឹង​ទឹក​នោះ​ជា​ប្រក្រតី ។

គ្រា​នោះ​ព្រះបាទ​សម្តេច​នរោត្តម បាន​បង្គាប់​ឱ្យ​មេ​ការដឹកជញ្ជូន​ឈើ​ព្រះរាជ​ទ្រព្យ​ពី​ក្រុង​ឧដុង្គ​មានជ័យ មក​សាង​កុដិ សាលា និង វិហារ នៅលើ​ដី​ទួល​នោះ ហើយ​ទ្រង់​ឱ្យ​ជីក​គូ​(​ស្នាម​ភ្លោះ​) ខាងជើង , ខាងត្បូង , ខាងលិច និង​ស្តារ​ខ្ពប​ចាស់​របស់​តា​យ៉ង​នោះ ឱ្យ​ជ្រៅ​ថែម​ទៀត ដើម្បី​យក​ដី​ចាក់​បំពេញ​ទី​ខូង ព្រមទាំង​ពង្រីក​ដី​ទួល​នោះ​ឱ្យ​ធំ​ទូលាយ​ជាង​មុន ហើយ​ទ្រង់​បាន​បញ្ជា​ឱ្យ​ដាំ​ឈូក​ក្នុង​គូ​ទាំង​៣​ជ្រុង​នៃ​វត្ត​នោះ ។

លុះ​សាងសង់​ចប់សព្វគ្រប់ ព្រះអង្គ​បាន​ប្រារព្ធ​បុណ្យបញ្ចុះសីមា ឆ្លង​ព្រះវិហារ កុដិ សាលា និង​ថាវ​វត្ថុ​នានា​ក្នុង​វត្ត ។ ក្នុងពេលនោះ ព្រះអង្គ​បាន​ប្រែ​ឈ្មោះ​វត្ត​នេះ​ថា វត្ត​បទុម​វ​តីរា​ជរា​រាម ដែល​មានន័យថា “​អារាម​នៃ​ព្រះរាជា ដែល​មាន​ផ្កាឈូក​ព័ទ្ធ​ជារ​បង​” រហូតមកដល់​សព្វថ្ងៃ ។​
សព្វថ្ងៃ​វត្ត​នេះ​ភាគច្រើន​ត្រូវបាន​គេ​ហៅ​បំព្រួញ​មក​ត្រឹម​តែ​ថា វត្ត​បទុម​វ​តី ឬ វត្ត​បទុម ប៉ុណ្ណោះ ។​
ឆ្នាំ​ឆ្លូវ នព្វ​ស័ក ពុទ្ធ​សករាជ ២៤៨០ ព្រះបាទ​សម្តេច​ស៊ីសុវត្ថិ មុនី​វង្ស និង សម្តេចព្រះ​មង្គលទេពាចារ្យ បញ្ញា​ទីបោ ស៊ុក ដែល​ជា​សម្តេចព្រះសង្ឃរាជ​គណៈ​ធម្មយុត្តិ​ជំនាន់​ទី​៣ បាន​ចាត់​ការឱ្យ​រុះរើ​ព្រះវិហារ​ចាស់​ចេញ ហើយ​សាង​ឡើង​ជា​ថ្មី​ដោយ​ឥដ្ឋ និង ស៊ីម៉ងត៍​ជំនួស​វិញ ដោយ​មាន​ប្រជា​ពុទ្ធបរិស័ទ​គ្រប់​ជាន់ថ្នាក់​ចូលរួម​ផង ។​

វត្ត​បទុម​វ​តីរា​ជរា​រាម តាំងពី​នៅ​មាន​ឈ្មោះ​ថា វត្ត​ខ្ពប​តា​យ៉ង រហូត​មក​គឺ​ជា​វត្ត​ធំ​នៃ​ព្រះពុទ្ធសាសនា​គណៈធម្មយុត្តិកនិកាយ នៃ​កម្ពុជទេស ត្បិត​ជាទី​គង់នៅ​នៃ​ព្រះ​ថេរៈ ដែល​មាន​សមណស័ក្តិ​តាំងពី​ថ្នាក់​រាជា​គណៈ​រហូតដល់​ថ្នាក់​សម្តេច​ ព្រះសង្ឃរាជ ។

ដោយហេតុតែ​ឈ្មោះ​របស់​វត្ត​នេះ​ផង ដោយហេតុ​វត្ត​នេះ​ត្រូវបាន​សាង​ឡើង​ដោយ​ព្រះរាជា​ផង និង ដោយសារ​ជាទី​គង់នៅ​នៃ​ព្រះសង្ឃ​ដែល​ជា​សម្តេចព្រះសង្ឃរាជ​ផង ទើប​វត្ត​នេះ​ត្រូវ​បាន​ហៅ​ថា​ជា​វត្ត​ស្តេច ។​

បន្ទាប់​ពី​កងទ័ព​ខ្មែរក្រហម​បាន​ជ័យជម្នះ​លើ​កងទ័ព​សាធារណរដ្ឋ​ខ្មែរ របស់​ឧត្តមសេនីយ៍ លន់ នល់ និង​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ ហើយ​បាន​កាន់កាប់​ប្រទេស​កម្ពុជា​នៅ​ដើមឆ្នាំ​១៩៧៥​មក វត្ត​បទុម​វ​តីរា​ជរា​រាម ត្រូវ​បាន​បោះបង់ចោល​ដូច​ជា​វត្ត​ឯទៀតៗ​ទូទាំង​ប្រទេស​ដែរ ។​
៧ មករា ១៩៧៩ ពួក​ខ្មែរក្រហម​ត្រូវបាន​កងទ័ព​វៀតណាម និង រណសិរ្ស​រំដោះ​ជាតិ​កម្ពុជា​បណ្តេញចេញ​ពី​អំណាច ។ ប៉ុន្តែ​វត្ត​នេះ​ក៏​ពុំទាន់​មាន​ព្រះសង្ឃ​ចូល​មក​គង់​នៅ​ឡើយ ។ អគារ​ដែល​ជា​កុដិ​សាលា​ជាដើម​ត្រូវបាន​កងទ័ព​វៀតណាម​រស់នៅ​ដូចជា​បន្ទាយ និង​ប្រជាជន​ខ្មែរ​រស់នៅ​ដូចជា​ផ្ទះ​នៃ​គ្រហស្ថ​ធម្មតា ។​

ឆ្នាំ​១៩៨៩ ប្រមុខ​ដឹកនាំ​ខ្មែរ មាន​សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ីម ជាដើម បាន​និមន្ត​សម្តេចព្រះ​ពោធិវ័ង្ស ន​ន្ទ ង៉ែត ( បច្ចុប្បន្ន​ជា​សម្តេច​ព្រះ​មហាសុមេធាធិបតី សម្តេចព្រះ​សង្ឃនាយក នៃ ព្រះរាជាណាចក្រ​កម្ពុជា​) ពី​វត្ត​លង្កា​កុស​មារា​ម មក​គង់នៅ​ដើម្បី​ដឹកនាំ​ព្រះសង្ឃ និង ពុទ្ធបរស័ទ រហូតមក ។ ចាប់តាំងពី​ពេលនោះ​មក ក៏​មាន​ព្រះស្ឃ​ជាច្រើន​មក​គង់​ស្នាក់នៅ​រៀនសូត្រ​រាប់រយ​អង្គ ។​
ដូច្នេះ​ក្នុង​សម័យ​ព្រះរាជាណាចក្រ​កម្ពុជា​ទី​២ នេះ វត្ត​បទុម​វ​តីរា​ជរា​រាម គឺជា​វត្ត​នៃ​ព្រះសង្ឃ​គណៈមហានិកាយ​ម្តងវិញ ។

នៅ​ឆ្នាំ​១៩៩១ ព្រះបាទ​សម្តេច នរោត្តម សីហនុ បាន​ធ្វើ​មាតុភូមិនិវត្តន៍ បាន​សុំ​ឱ្យ​សម្តេចព្រះ​សុគន្ធា​ធិបតី បួ​រ គ្រី សម្តេចព្រះសង្ឃរាជ គណៈ​ធម្ម​យុតិ្ត​កនិកាយ មក​គង់នៅ​វត្ត​បទុម​វ​តីដែ​រ ប៉ុន្តែ​មាន​ចំនួន​តែ​មួយ​កុដិ​ប៉ុណ្ណោះ ។ ទោះ​យ៉ាងនេះក្តី វត្ត​បទុម​វ​តីរា​ជរា​រាម នេះ​នៅតែ​ត្រូវបាន​គេ​ចាត់ទុកថា​ជា​វត្ត​នៃ​គណៈ​មហានិកាយ ត្បិត​ក្នុង​១​ឆ្នាំៗ​ព្រះសង្ឃ​គណៈមហានិកាយ​ដែល​មក​គង់​នៅ​សិក្សា​បរិយត្តិ មាន​ចាប់ពី​៣០០-៤៥០​អង្គ ។

បច្ចុប្បន្ន​នេះ​ក្តី វត្ត​បទុម​វ​តីរា​ជរា​រាម នៅតែ​ជា​មណ្ឌល​សង្ឃ​នៃ​ព្រះ​ថេរៈ​ដែល​មាន​សមណៈស័ក្តិ​ធំៗ​ដដែល ។​

វត្ត​បទុម​វ​តីរា​ជរា​រាម​មិនមែន​គ្រាន់​តែ​ជា​ទី​សម្រាប់​ប្រតិបត្តិ​ ធម៌អាថ៌​ដែល​ជា​ឱវាទ​នៃ​ព្រះពុទ្ធ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​ជម្រក​ដ៏​ត្រជាក់​ក្សាន្ត​នៃ​ព្រះសង្ឃ និង សិស្ស​-​និស្សិត​មក​ពី​ជនបទ​ដើម្បី​សិក្សា​ផងដែរ ៕

🔸Last Updated កំណែចុងក្រោយ on August 4, 2024

Facebook Comments
Share this article:
Johnny ចន្នី

Author: Johnny ចន្នី

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster). នត្ថិ សន្តិ បរំ សុខំ - មិនមានសេចក្តីសុខ​ដទៃក្រៅអំពីសេចក្តីស្ងប់ឡើយ។ No Other Happiness is Greater Than Peace