បុត្រ៣ប្រការ
បទពាក្យប្រាំពីរ
បុត្រាបុត្រីនៅលើលោក | មានច្រើនគគោកហួសកំណត់ |
ព្រះពុទ្ធជាម្ចាស់ត្រាស់សន្មត | ហៅបុត្រប្រាកដបីសីណ្ឋាន ។ |
ទីមួយអតិជាតបុត្ត | ល្អបរិសុទ្ធស្គាល់សីលទាន |
ដឹកនាំម៉ែឳទៅនិព្វាន | ជាឋានវិមានក្សាន្តប្រសើរ ។ |
ទីពីរអនុជាតបុត្ត | ស្លូតបូតបំផុតស្រណុកប្រើ |
ប្រកបការងារល្អប្រសើរ | ចេះដើរតាមផ្លូវម៉ែឳស្តី ។ |
ទីបីអវជាតបុត្ត | អាក្រក់បំផុតហួសវិស័យ |
មិនស្តាប់ម៉ែឳមានគុណថ្លៃ | ប្រព្រឹត្តព្រៃផ្សៃខាងផ្លូវខុស ។ |
សូមបុត្តធីតាគួរលកលៃ | គប្បីកែច្នៃគិតគូរចុះ |
គួរប្រព្រឹត្តខ្លួនកុំឲ្យខុស | តម្កល់កត្តិយសខ្ពស់ថ្លាថ្លៃ ។ |
បុត្រណារលឹកនឹកតបគុណ | បុត្របានបុណ្យប្រសើរក្រៃ |
ទាំងក្នុងលោកនេះលោកដទៃ | សុខសាន្តយប់ថ្ងៃប្រាកដហោង៕ |
និពន្ធដោយៈ ព្រះបវរសត្ថា កៅ ពុទ្ធា ជោតញ្ញាណោ
វត្តគិរីសោភា (កូនសត្វ), ថៃទី១៧ ខែឧសភា ឆ្នាំ២០០៨
🔸Last Updated កំណែចុងក្រោយ on August 9, 2024
Facebook Comments