នំបញ្ចុក

ដោយ សួង សុខរ៉ូ
ខ្មែរណាក៏ស្គាល់ដែរអ្វីដែលហៅថា «នំបញ្ចុក» នោះ ដ្បិតជាចំណីដែលយើងអាចបរិភោគឲ្យឆ្អែតជំនួសបាយបាន ហើយដែលយើងអាចរកបានសឹងគ្រប់ទីកន្លែង ជាពិសេសនៅតាមផ្សារលក់ដូរ។ ទោះជាគេបរិភោគនំបញ្ចុកជាទូទៅក្តី ក៏គេមិនដែលទុកថាជាអាហារប្រចាំថ្ងៃទេ។ បើនិយាយពីនៅជនបទផង ឱកាសដែលគេនិយមទទួលទាននំបញ្ចុកច្រើនតែជាពេលដែលមានបុណ្យទាន។ នៅទីនេះខ្ញុំសូមបរិយាយត្រួសៗអំពីរៀបធ្វើនំបញ្ចុកដែលខ្ញុំបានឃើញនៅភូមិបង្កោង ក្នុងថ្ងៃបុណ្យ «ឡើងមាឃ» ដែល គេធ្វើនៅថ្ងៃ៣កើតខែមាឃ។ ចំពោះអត្ថន័យទូទៅនៃបុណ្យឡើងមាឃនោះ សូមអានអត្ថបទក្នុងជំពូក២ លេខរៀងទី៥១។ សូមបញ្ជាក់ថាភូមិបង្កោងនោះអាចចាត់ចូលថាជាករណីពិសេសក្នុងចំណោមភូមិនៅផ្នែកខាងកើតនៃតំបន់អង្គរ ដ្បិតភូមិនេះមានត្រពាំងមួយហៅថា «ត្រពាំងបឹង» ដែលជាសម្បត្តិរួមរបស់អ្នកភូមិបង្កោងរក្សាត្រីទុកនេសាទតែនៅ១ថ្ងៃមុនបុណ្យឡើងមាឃប៉ុណ្ណោះ ហើយមិនអាចមានអ្នកក្រៅឯណាមកចាប់ត្រីនៅបឹងនេះបានក្រៅតែពីអ្នកភូមិនោះឡើយ។ ត្រង់ចំណុចនេះមានអត្ថបទនិយាយរួចមកហើយនៅក្នុងជំពូក២ដដែលលេខរៀងទី៥៧។ សូមជម្រាបម្តងទៀតថាការធ្វើនំបញ្ចុកដែលខ្ញុំនឹងរៀបរាប់ត្រួសៗតទៅនេះ មួយក្រុមៗធ្វើឡើងនៅក្នុងទ្រង់ទ្រាយជាគ្រួសារមែន តែដោយសារគ្រួសារណាក៏ធ្វើដូចគ្នាក្នុងពេលនោះ យើងឃើញថាមានទំនាក់ទំនងខ្លាំងទៅនឹងសហគមន៍ទាំងមូល ដ្បិតគេធ្វើដើម្បីទុកហូបនៅផ្ទះរៀងៗខ្លួនក៏ពិតមែន តែដែលសំខាន់នោះគឺមួយគ្រួសារៗត្រូវតែយកមួយភាគទៅជុំគ្នានៅទីដែលធ្វើបុណ្យឡើងមាឃនោះ ដើម្បីប្រគេនព្រះសង្ឃផង ដើម្បីថ្វាយអ្នកតាផង។ ឯពេលធ្វើវិញមានខ្លះគេធ្វើរួមគ្នាបួនប្រាំគ្រួសារនៅផ្ទះតែមួយ ជាពិសេសផ្ទះណាដែលមានត្បាល់ ក្តឿង។ ចាស់ក្មេងជុំគ្នាចំអកចំអន់ឲ្យគ្នាសើចលេងសប្បាយ ហើយពេលនោះឯងដែលក្មេងអាចរៀនពីមនុស្សចាស់។ រីឯរបៀបធ្វើមានដូចតទៅ ៖ ដំបូងបង្អស់គេត្រូវដាក់ត្រាំអង្ករចោលមួយយប់សិន ឯអង្ករនោះសោតត្រូវតែជាអង្ករខ្សាយបាយរឹងផង។ ព្រឹកបន្ទាប់មកគេលាងអង្ករពីរឬបីទឹកទើបគេយកអង្ករនោះមកកិន។ នៅរូបលេខ១យើងឃើញថាប្តីប្រពន្ធវ័យកណ្ដាលពីរនាក់ងើបកិនម្សៅតាំងតែពីម៉ោង៤ ទៀបភ្លឺម៉េ្លះ។ ការដែលងើបតាំងពីមុនភ្លឺដូច្នេះ មកពីបុរសជាប្តីត្រូវប្រញាប់ទៅនេសាទនៅត្រពាំងបឹងដូចនិយាយពីខាងដើម ដើម្បីបានត្រីមកធ្វើជាទឹកសម្លនំបញ្ចុក។ ម្សៅដែលកិនរួចហើយត្រូវសង្កត់ឲ្យស្រស់ទឹកអស់យ៉ាងហោចណាស់ក៏១យប់ដែរ (រូបលេខ២)។ លុះថ្ងៃបន្ទាប់ទើបគេយកម្សៅនោះមកច្របាច់ឲ្យរាយល្អិតដូចឃើញនៅរូបលេខ៣។ កាលណាម្សៅនោះរាយអស់ហើយ ទើបគេចាប់ផ្តើមសូនសាច់ម្សៅឲ្យទៅជាដុំៗទំហំប៉ុនផ្លែដូង (រូបលេខ៤)។ បន្ទាប់មកគេយកដុំម្សៅទៅស្ងោរ។ ប៉ុន្តែមុននឹងដាក់ស្ងោរ គេត្រូវយកចានសំប៉ែតមួយទ្រាប់ស្លឹកចេកហើយដាក់ដុំម្សៅពីលើរួចយកខ្សែចង្វារចេកមកចងដើម្បីងាយស្រួលក្នុងពេលស្រង់ចេញពីទឹកក្តៅ (រូបលេខ៥-៦)។






ក្នុងម្សៅមួយដុំគេស្ងោរប្រមាណតែ២០ទៅ៣០នាទីប៉ុណ្ណោះ ហើយគេហៅថា «ស្ងោរឆ្អិនមួយសម្បកក្រសាំង» មានន័យថាឲ្យឆ្អិនតែផ្នែកខាងក្រៅ ឯខាងក្នុងនៅជាម្សៅនៅឡើយ (រូបលេខ៧)។ បានជាគេមិនស្ងោរឲ្យឆ្អិន ព្រោះកាលណាតែឆ្អិនពេកនាំឲ្យពិបាកជាន់ឬជាន់មិនកើតតែម្តង។ ពាក្យថា «ជាន់» នេះគឺ សម្តៅទៅលើជាន់ត្បាល់ក្តឿង (អ្នកស្រុកខ្លះហៅថាត្បាល់ជាន់)។ នៅរូបលេខ៨យើងឃើញថាមានអ្នកជិតខាងកណ្តៀតម្សៅនាំគ្នាមកជាន់ម្តងម្នាក់នៅកន្លែងតែមួយ គឺថានៅផ្ទះដែលមានត្បាល់ក្តឿង។ ការជាន់ត្បាល់ត្រូវការកម្លាំង ហេតុដូច្នេះយ៉ាងហោចណាស់ក៏ត្រូវមានមនុស្សពីរនាក់ចាំផ្លាស់វេនគ្នា បើពុំ នោះទេគេឡើងជាន់ទាំងពីរនាក់តែម្តង (រូបលេខ៩)។ នៅរូបលេខ១០យើងឃើញថានៅក្បែរមាត់ត្បាល់មានកាទឹក១ ព្រោះគេត្រូវចាក់ទឹកបន្តិចៗទៅលើម្សៅដើម្បីឲ្យម្សៅនោះស្អិតចូលគ្នាល្អ។ នៅពេលឃើញ ថាម្សៅស្អិតល្អហើយ គេត្រូវបារម្សៅចេញពីត្បាល់យកទៅច្របាច់សង្កត់ដោយដៃត្រឡប់ចុះឡើងហៅ ថា «កាច់កម្សៅ» (រូបលេខ១១)។





គេច្របាច់ដោយមានចាក់ទឹកលាយចូលផង រហូតទាល់តែម្សៅនោះឡើងជ្រាយល្មម គឺមិនឲ្យម្សៅរាវពេកទេ។ ដំណាក់កាលបន្តទៅទៀតហៅថា «រោយ»។ គេដួសម្សៅដែលច្របាច់ហើយមកចាក់ក្នុង «ប៉ែន» ដែលជាឧបករណ៍ធ្វើពីកំប៉ុងដែក (រូបដែលឃើញនេះគឺធ្វើពីកំប៉ុងទឹកផ្លែឈើ) ដោយមានចោះរន្ធតូចៗជាច្រើននៅបាតកំប៉ុង ហើយមានស្នូលធ្វើពីឈើ (រូបលេខ១២-១៣)។ ប៉ែននេះជាប៉ែនតូចអាចសង្កត់នឹងដៃបាន បើជាប៉ែនធំទាល់តែអង្គុយពីលើទើបបាន។ គេយកម្សៅទៅសង្កត់រោយក្នុងទឹកក្តៅដែលកំពុងពុះនៅលើចង្ក្រាន (រូបលេខ១៤)។ កាលណាម្សៅឆ្អិនវានឹងអណ្តែតមកខាងលើ ទើបគេយកកន្ត្រងឬកញ្ជ្រែងទៅដួសចេញហើយយកទៅលាងនឹងទឹកត្រជាក់ (រូបលេខ១៥-១៦)។





ដំណាក់កាលចុងក្រោយបង្អស់ហៅថា «ចាប់កូន» (ខ្លះហៅថាចាប់ចង្វាយ)។ គេស្រង់សសៃនំបញ្ចុកដែលទើបលាងរួចមកពូតឲ្យអស់ទឹកហើយដាក់តម្រៀបម្តងមួយៗហៅថា «មួយកូន ឬមួយចង្វាយ» (រូបលេខ១៧-១៨)។ ចំណែកសសៃដាច់ៗដែលមិនអាចពូតជាកូនបានគេស្រង់ដាក់ដោយឡែក។ គេអាចបរិភោគនំបញ្ចុកនោះក្តៅៗភ្លាមតែម្តងក៏បាន ហើយគេច្រើននិយមបរិភោគនំបញ្ចុកដែលធ្វើរួចថ្មីៗនោះជាមួយនឹងអំបិលបុកម្ទេស (រូបលេខ១៩)។



ប្រភពៈ យសោធរ
ផ្សព្វផ្សាយវប្បធម៌ខ្មែរ Khmer Culture

🔸កំណែចុងក្រោយ Last Updated on July 18, 2024 by Johnny ចន្នី