និមិត្ត ៣

នៅក្នុងសេចក្ដីអធិប្បាយឈាន យើងបានឃើញពាក្យថា “សម្លឹងបដិភាគនិមិត្ត” ក្នុងឈាននីមួយៗ ជារឿយៗ ព្រមទាំងពាក្យដទៃទៀត ការសិក្សាពុទ្ធសាសនធម៌ បើយើងចេះយល់ពាក្យទាំងអស់នោះ ឬមានជាទិន្នន័យនៅក្នុងចិត្ត នឹងធ្វើឱ្យយល់រឿងដែលគេអធិប្បាយបានល្អឡើង ហេតុដូច្នេះ ពុទ្ធសាសនិកគប្បីស្វែងយល់ពាក្យណាដែលមិនបានយល់ សង្ស័យថាវាគឺជាអ្វី បើពុំនោះទេ នឹងមិនអាចយល់បានងាយឡើយ ។

បដិភាគនិមិត្តនោះ តើដូចម្ដេចដែរ? សូមអញ្ជើញសិក្សាស្វែងយល់ “គោលធម៌” ស្ដីអំពីនិមិត្ត ៣ យ៉ាងដែលនឹងកើតឡើងនៅពេលដែលអ្នកណាមួយប្រើកសិណសម្រាប់ចម្រើនកម្មដ្ឋានដូចតទៅនេះ-

————————–

និមិត្ត ៣ (គ្រឿងសម្គាល់សម្រាប់ឱ្យចិត្តកំណត់ចាប់ក្នុងការចម្រើនកម្មដ្ឋាន, រូបភាពដែលឃើញក្នុងចិត្ដជាតំណាងរបស់វត្ថុដែលប្រើជាអារម្មណ៍កម្មដ្ឋាន – Nimitta: sign; mental image)

១. បរិកម្មនិមិត្ត (និមិត្តនៃបរិកម្ម, និមិត្តថ្នាក់ដំបូង បានដល់អ្វីមួយដែលកំណត់ជាអារម្មណ៍ក្នុងការចម្រើនកម្មដ្ឋាន ដូចជាបឋវីកសិណដែលសម្លឹងមើល ឬពុទ្ធគុណដែលនឹងជាអារម្មណ៍នៅក្នុងចិត្តជាដើម – Parikamma-nimitta: preliminary sign) បានដល់កម្មដ្ឋានទាំង ៤០ យ៉ាង ។

២. ឧគ្គហនិមិត្ត (និមិត្តដែលចិត្តរៀនយក, និមិត្តជាប់ភ្នែក បានដល់បរិកម្មនិមិត្តដែលសម្លឹងឬនឹកកំណត់រហូតដល់ឃើញជាប់មាំ ដូចជា កសិណដែលសម្លឹងទាល់តែជាប់ភ្នែក បិទភ្នែកហើយក៏នៅតែឃើញ ជាដើម – Uggaha-nimitta: learning sign; abstract sigh; visualized image) បានដល់កម្មដ្ឋានទាំង ៤០ យ៉ាង ។

៣. បដិភាគនិមិត្ត (និមិត្តប្រដូច, និមិត្តប្រៀបធៀប បានដល់និមិត្តដែលមានរូបភាពដូចរបស់ឧគ្គហនិមិត្តនោះ តែជារូបភាពដែលកើតអំពីសញ្ញា គ្រាន់តែជាអាការប្រាកដចំពោះអ្នកបានសមាធិ ទើបបរិសុទ្ធរហូតប្រាសចាកពណ៌ជាដើម និងគ្មានមន្ទិលអ្វីៗ ទាំងអាចនឹកពង្រីកឱ្យធំឬបង្រួញឱ្យតូចក៏បានតាមប្រាថ្នា – Paṭibhāga-nimitta: counterpart sign; conceptualized image) និមិត្តនេះបានចំពោះតែក្នុងកម្មដ្ឋាន ២២ គឺ កសិណ ១០ អសុភ ១០ កាយគតាសតិ ១ និងអានាបានសតិ ១ ។

កាលដែលបដិភាគនិមិត្តកើតឡើង ចិត្តរមែងតាំងមាំជាឧបចារសមាធិ ទើបឈ្មោះថាបដិភាគនិមិត្តកើតព្រមគ្នានឹងឧបចារសមាធិ កាលសេពសោយបដិភាគនិមិត្តនោះទៀងទាត់រឿយៗ ដោយឧបចារសមាធិ ក៏នឹងសម្រេចទៅជាអប្បនាសមាធិតទៅ មកដល់ថ្នាក់នេះបដិភាគនិមិត្តទើបឈ្មោះថា ជាអារម្មណ៍ដល់ឧបចារភាវនានិងអប្បនាភាវនា ។

—————————

អារម្មណ៍កម្មដ្ឋានទាំង ៤០ គឺកសិណ ១០ អសុភ ១០ អនុស្សតិ ១០ ព្រមទាំងវិធីបដិបត្តិ មានពន្យល់ដោយពិស្ដារក្នុងគម្ពីរវិសុទ្ធិមគ្គ ត្រង់សមាធិនិទ្ទេស អ្នកប្រាថ្នានឹងស្វែងយល់ សូមអញ្ជើញរកអានក្នុងគម្ពីរនោះចុះ នឹងមិនខុសបំណងឡើយ ។ ចំណែកការអធិប្បាយឈាន នឹងមានបន្ដទៅទៀត ក្នុងចំណុចដែលគួរយល់ រហូតដល់ឃើញថាល្មមយល់បានសមគួរហើយទើបឈប់ ។

តាអារាមប៊យ
១៨ វិច្ឆិកា ២០១៨

🔸Last Updated កំណែចុងក្រោយ on March 26, 2023

Facebook Comments
Share this article:
បណ្ឌិត ធម្មណាត

Author: បណ្ឌិត ធម្មណាត

ទីប្រឹក្សា គណៈកម្មការ ពុទ្ធិកសមាគមខ្មែរ វត្តខេមររតនារាម Advisor to The Cambodian Buddhist Society of Wat KhemaRaRatanaram