នត្ថិ សន្តិ បរំ សុខំ
សុខដទៃក្រៅពីសេចក្តីស្ងប់ពុំមានឡើយ។
🔸បុណ្យគឺចោរទាំងឡាយ លួចយកមិនបាន។
ទ្រង់ប្រសូត
| កាលព្រះសិទ្ធត្ថអម្ចាស់ថ្លៃ | ស្តេចចុះចាប់ផ្ទៃនៃព្រះមហា |
| មាយាទេវីពុទ្ធមាតា | នៅឆ្នាំរកាពេញបូណ៌មី។ |
| នាខែអាសាឍថ្ងៃព្រហស្បតិ៍ | ជារាជឱរសនៃព្រះស្រី |
| សុទ្ធោទនៈរាជម្ចាស់ផែនដី | កបិលពស្តុបុរីរាជសីមា។ |
| ស្តេចទ្រង់ប្រសូតចេញចាកផ្ទៃ | មាតានៅថ្ងៃសុក្រថ្លៃថ្លា |
| នាពេញបូណ៌មីវិសាខា | ឆ្នាំចនោះណាមានសួស្តី។ |
| នៅពេលដែលព្រះវរមាតា | យាត្រាចេញពីរាជបុរី |
| កបិលពស្តុទៅដើម្បី | បង្គំព្រះបិតាមាតា។ |
| នៅទេវទហៈរាជធានី | ដល់លុម្ពិនីវន័ថ្លៃថ្លា |
| ទ្រង់ជ្រកក្រោមម្លប់សាលព្រឹក្សា | ទិវាត្រង់ជាក់ទ្រង់ឈឺផ្ទៃ។ |
| ទ្រង់ឈរតោងមែកព្រឹក្សាសាល | អយ្យបុត្តត្រកាលឆោមប្រពៃ |
| ប្រសូតចាកគភ៌រួសរាន់វៃ | វិស័យអ្នកទេសន៍ចាកធម្មា។ |
| ប្រសូតភ្លាមឈរដើរឈោងឈាន | ប្រាំពីរជំហានព្រះបាទា |
| ទ្រង់បានបន្លឺព្រះវាចា | ថាយើងនេះណាជាចម្បង។ |
| លើលោកទាំងបីឥតនរណា | ផ្ទឹមស្មើអាត្មាយើងជាម្តង |
| ជាតិនេះជាជាតិបំផុតហោង | យើងនឹងចម្លងសត្វទាំងឡាយ។ |
| ឱ្យឆ្លងដល់ទីដ៏ក្សេមក្សាន្ត | ដោយធម្មយានអត្ថបរិយាយ |
| ឱ្យឆ្លងដល់ត្រើយនិព្វាននាយ | សូន្យឆ្ងាយចាកទុក្ខសុខមហិមា។ |
| ទីទ្រង់ប្រសូតនោះព្រះបាទ | អសោកនាថស្តេចឥណ្ឌា |
| ទ្រង់សាងគោលថ្មល្អសោភា | មួយជាអនុស្សាវរីយ៍។ |
| ញុំសូមក្រាបថ្វាយបង្គំស្មោះ | ចំពោះអង្គព្រះមហាមុនី |
| ស្តេចទ្រង់ប្រសូតនៅត្រង់ទី | សួនលុម្ពិនីដោយសទ្ធា។ |
| សូមសុខសួស្តីជយមង្គល | ចូលដល់ខ្ញុំនិងអ្នករាល់គ្នា |
| ដែលបានសូធ្យស្តាប់សព្វពណ៌នា | ពុទ្ធប្បវត្តិនេះកុំបីខានឡើយ។ |

និពន្ធដោយៈ ឧបាសក គុយ សុធន Kuy, Sothon








