ត្រុកៗអ្នកស្រុកមើលងាយ
បទកាកគតិ
| ឫកពាត្រុកៗ | ||
| ជននៅក្នុងស្រុក | គេច្រើនមើលងាយ | កណ្តាលជំនុំ |
| ស្រាប់តែកម្ចាយ | កិច្ចកលឧបាយ | មានឱតមានភ័ន្ត ។ |
| បញ្ចោញសម្តី | ||
| មានពាក្យវែងខ្លី | រាបទាបស្រទន់ | មានឱតឮខ្លាំង |
| ម្តងៗមិនស្លន់ | រាល់ម៉ាត់ឥតអន់ | សុទ្ធតែបានការ ។ |
| ពុំដែលមានឈ្មោះ | ||
| ថាខ្លួនអ្នកនោះ | ជាគ្រូអាចារ្យ | ឬជាអ្នកចេះ |
| ចំណេះធម៌អាថ៌ | សោះទេមានការណ៍ | ក៏ចេញប្រាជ្ញប្រុះ ។ |
| ប្រាជ្ញាយង់យល់ | ||
| សម្តីនិម្មល | យោបល់ឈ្លាសឆ្លុះ | អ្នកស្តាប់ស្ញប់ស្ញែង |
| ព្រោះឃើញស្តែងនុះ | ទម្លាយទម្លុះ | ការក្រសម្ទាយ ។ |
| នេះហៅត្រុកៗ | ||
| ត្រាតែអ្នកស្រុក | ភូមិផងមើលងាយ | ស្រាប់តែមានការណ៍ |
| ដែលត្រូវដោះស្រាយ | រលាស់គូទខ្ចាយ | មានឱតមានភ័ន្ត ។ |
| ឬដូចកុកសាប់ | ||
| ស្លាបក្រៅស្រអាប់ | ឥតសសាន់វ៉័ណ្ត | កាលបើវាហើរ |
| ឃើញសជាក់ស្បាន់ | ចាស់ថាត្រូវកាន់ | តម្រាប់កុកសាប់ ។ |
| រីឯកុកស | ||
| ទំក៏ឃើញស | ឥតឃើញស្រអាប់ | ហើរក៏ឃើញស |
| ផ្ទុយពីកុកសាប់ | ខ្នងស្លាបស្រអាប់ | នៅពេលដែលទំ ។ |
| ហេតុនោះបានជា | ||
| ពួកចាស់ព្រឹទ្ធា | ថាឱ្យនិយម | តាមបែបកុកសាប់ |
| ជាការសមរម្យ | កុំឱ្យនិយម | តាមកុកសឡើយ ។ |
| បើសាធុជន | ||
| រិះរេគិតគណ | យល់ន័យនេះហើយ | ពេញចិត្តប្រព្រឹត្ត |
| ពិនិត្យរឿយៗ | ប្រើឫកជើយៗ | មិនប្រើអំនួត ។ |
| ក៏ទៅដោយយ៉ាង | ||
| ពីព្រោះមានអាង | ថាមិនបាច់អួត | ចាំដល់នៅពេល |
| ប្រណាំងប្រកួត | គង់មានគេអួត | ជួសខ្លួនយើងទេ ៕ |

ព្រះរាជនិពន្ធដោយៈ សម្តេចព្រះសង្ឃរាជ ជួន ណាត ជោតញ្ញាណោ
វត្តឧណ្ណាលោម ថ្ងៃចន្ទ ទី២៩ ខែកក្កដា គ.ស. ១៩៦៨ ព.ស. ២៥១២


🔸កំណែចុងក្រោយ Last Updated on April 5, 2025 by Johnny ចន្នី





