ឆ្នាំជូត RAT
មនុស្សកើតឆ្នាំជូត (កណ្តុរ)
(ឆ្នាំជូត ធាតុទឹក ពង្សទេវតាប្រុស)
មនុស្សប្រុស-ស្រីណា កើតឆ្នាំនេះ ទំនាយទាយថា ច្រើនមានចិត្តក្លាហានមុះមុត ហ៊ានសម្រេច កិច្ចការអ្វីៗដោយខ្លួនឯង មិនចាំបាច់ពឹងពាក់អ្នកដទៃ តែបើធ្វើគុណនឹងគេ ច្រើនបានទោសមកវិញ ពាក្យសម្តីចរចាច្រើនពីរោះគាប់ចិត្តអ្នកផង ចំណេះដឹងគួរសមអាចប្រើការបាន បើធ្វើដំណើរទៅណា មកណា មានមិត្តភ័ក្តិចោមរោមកុះករ បើធ្វើការងាររាជការ នឹងបានបុណ្យសក្តិធំ នឹងមានមន្ត្រីស្រឡាញ់ រាប់អានច្រើន ។
មនុស្សកើតឆ្នាំនេះ រមែងជាមនុស្សនិយាយស្តីដាច់ខាត មិនសូវញញឹមញញែម ធ្វើអ្វីរមែងតាម តែចិត្តខ្លូនឯងជាធំ ស្តាប់ហេតុផលរបស់អ្នកដទៃម្តងម្កាល ការនិយាយស្តី សូម្បីគ្រាខ្លះចចេសរឹងរូស ក៏ជាទីត្រូវចិត្តត្រូវថ្លើមលោកអ្នកធំ និងសមណព្រហ្មណ៍ មានបញ្ហាខូចបង់ខុសភ្លាត់ច្រើនក៏ព្រោះការ ដែលធ្វើអ្វីតាមតែចិត្តខ្លួនឯង កាលណាវ័យឡើងច្រើននិស្ស័យនេះនឹងថយចុះ ។
ជាមនុស្សមាននិស្ស័យ ពេញចិត្តក្នុងរឿងស្នេហា មានមានៈ មានការអត់ធ្មត់ ព្យាយាមក្នុងការសិក្សារៀនសូត្រ និង តស៊ូក្នុង កិច្ចការដែលខ្លួនធ្វើ និងជាមនុស្សអភ័ព្វពឹងញាតិបងប្អូនមិនបាន បើពឹងពុំនាក់អាស្រ័យអ្នកដទៃប្រសើរ ជាង ។ ជាអ្នកមានបុណ្យកុសល ចូលចិត្តជួយដោះទុក្ខអ្នកមានអាសន្ន មានសមត្ថភាព ក្នុងការរកប្រាក់ ប៉ុន្តែច្រើនក្តៅក្រហាយដោយសារមនុស្សភេទផ្ទុយ ។
ទំនាយបន្ថែមតាមខែកំណើត
ទំនាយប្រចាំខែមិគសិរ
មនុស្សប្រុស-ស្រីណា កើតឆ្នាំជូត ខែមិគសិរ ទំនាយថាៈ នឹងមានលាភ មានអ្នកមានបុណ្យ មានអំណាចរាប់រកយកជាមេត្រីប្រចុបប្រចែងឱ្យដល់ខ្លួន ហើយនឹងបានគ្រឿងឧបភោគ បរិភោគ យ៉ាង បរិបូណ៌ ជួនកាលមានគេនាំរង្វាន់ខាន់ខាវ មកដល់លំនៅដ្ឋាន បើសិនជាមានរោគ ច្រើនតែឈឺពោះ ។
ទំនាយប្រចាំខែបុស្ស
មនុស្សប្រុស-ស្រីណា កើតឆ្នាំជូត ខែបុស្ស ទំនាយថាៈ នឹងមានតំណើរត្រូវចេញចរទៅកាន់ ទីឆ្ងាយៗ ពីទីកន្លែងធ្លាប់រស់នៅ ត្រូវនឿយព្រួយព្រោះតែគំនិតរបស់ខ្លួន ទាំងចិត្តទាំងគំនិតទៀតសោត ក៍មិនសូវទៀងទាត់ ។ ចំពោះស្វាមី ភរិយា ច្រើនរអ៊ូរទាំ រញ៉ាំរញ៉ូវ ស្រួលតែដើរចរចុះចរឡើង ទៅឯណេះឯណោះញយៗ ។
ទំនាយប្រចាំខែមាឃ
មនុស្សប្រុស-ស្រីណា កើតឆ្នាំជូត ខែមាឃ ទំនាយថាៈ នឹងបានរបស់របរផ្សេងៗ រមែងហូរចូល មករឿយៗ អាហារជាភស្តភាបណ្ណាការ ក៏ត្រូវបានត្រូវមានយ៉ាងពោរពេញចិន្តា ក៏ប៉ុន្តែថាសត្រូវមាន ព្រោះសេចក្តីច្រណែនឈ្នានីស ។
ទំនាយប្រចាំខែផល្គុន
មនុស្សប្រុស-ស្រីណា កើតឆ្នាំជូត ខែផល្គុន ទំនាយថាៈ នឹងបានជាទីនិយមចូលចិត្ត នៃអ្នកផង ទាំងជិតទាំងឆ្ងាយ បើមានសត្រូវខ្លះ ក៍គង់តែបរាជ័យចាញ់ដៃថមថយកម្លាំងចុះញ៉មចូលខ្លួនមកជាមិត្តវិញ ទៅណាៗ តែងមានគេកោតសរសើរជានិច្ច។
ទំនាយប្រចាំខែចេត្រ
មនុស្សប្រុស-ស្រីណា កើតឆ្នាំជូត ខែចេត្រ ទំនាយថាៈ នឹងមានលាភ មានអ្នកមានបុណ្យ មានអំណាចរាប់រក យកជាមេត្រីប្រចុបប្រចែងឱ្យដល់ខ្លួនហើយ នឹងបានគ្រឿងឧបភោគ-បរិភោគ យ៉ាងបរិបូណ៌ ជួនកាលមានគេនាំរង្វាន់យកមកឱ្យដល់លំនៅដ្ឋាន បើសិនជាមានរោគ ច្រើនតែឈឺពោះ (ដូច្នេះ ត្រូវប្រយ័ត្នចំណីអាហារ) ។
ទំនាយប្រចាំខែពិសាខ
មនុស្សប្រុស-ស្រីណា កើតឆ្នាំជូត ខែពិសាខ ទំនាយថាៈ នឹងមានដំណើរត្រូវចេញចរទៅកាន់ ទីឆ្ងាយៗ ពីទីកន្លែងធ្លាប់រស់នៅត្រូវនឿយព្រួយ ព្រោះតែគំនិតរបស់ខ្លួន ទាំងចិត្តទាំងគំនិតទៀតសោត ក៏មិនសូវទៀងទាត់ ចំពោះស្វាមី និង ភរិយា ច្រើនរអ៊ូរទាំ រញ៉ាំរញ៉ូវ ស្រួលតែដើរចរចុះឡើង ទៅឯណេះ ទៅឯណោះញយៗ ។
ទំនាយប្រចាំខែជេស្ឋ
មនុស្សប្រុស-ស្រីណា កើតឆ្នាំជូត ខែជេស្ឋ ទំនាយថាៈ មិនសូវល្អ ត្រូវបង់ខាតរបស់ទ្រព្យផ្ទាល់ខ្លួន បើមិនដូច្នោះទេ ក្រែងមានជម្ងឺតម្កាត់ មិត្តភក្តិក៏ចង់បែរជាមើលបំណាំ កើតរង្កៀសចិត្ត ឯស្វាមី ភរិយា នឹងមានការស្ទោគស្ទានចិត្ត ឈ្លោះទាស់ ទែងគ្នា ញឹកញយ ចេះតែមានការអាប់អួ ដល់គ្នា និង គ្នា ជាអចិន្ត្រៃយ៍ ។
ទំនាយប្រចាំខែអាសាឍ
មនុស្សប្រុស-ស្រីណា កើតឆ្នាំជូត ខែអាសាឍ ទំនាយថាៈ ក្នុងពេលនេះ នឹងបានរបស់ជាទី ស្រលាញ់ ឬ ជាឯកលាភ គឺ(លាភដែលវិសេសវិសាល) យ៉ាងរីករាយ បើសិនជាចាប់ផ្តើមធ្វើការរកស៊ី ឬនិយាយកិច្ចការប្រចាំជាមួយនិងអ្នកមុខ អ្នកការបានផលយ៉ាងទូលំទូលាយ ហើយមានរាសីរីករុងរឿង ប៉ុន្តែកុំធ្វេសប្រហែស ខ្លួនពេកក្រែងមានជំពប់ ប៉ះទង្គិចពុំស្រួល ។
ទំនាយប្រចាំខែស្រាពណ៍
មនុស្សប្រុស-ស្រីណា កើតឆ្នាំជូត ខែស្រាពណ៍ ទំនាយថាៈ បើសិនជាគិតការអ្វីៗ នឹងបានផល សមប្រាថ្នាគ្រប់បែបយ៉ាង បើធ្វើការរកស៊ីជិតឆ្ងាយ ក៍សមប្រកបតាមចិត្តនឹកគិត ប៉ុន្តែច្រើនមានរោគ ឈឺក្បាល វិលមុខ ឈឺភ្នែក ឈឺត្រចៀក បើមិនខ្លាំងក៍តិចដែរ ។
ទំនាយប្រចាំខែភទ្របទ
មនុស្សប្រុស-ស្រីណា កើតឆ្នាំជូត ខែភទ្របទ ទំនាយថាៈ នឹងបានទទួលដំណឹងពីញាតិមិត្ត ជិតឆ្ងាយ ឬ មិត្តភក្តិជាទីស្រលាញ់រាប់អាន ដែលឃ្លាតគ្នាយូរហើយនឹងមកដល់ បើនិយាយការប្រាស្រ័យ ជាមួយនឹងអ្នកធំ ឬ ចៅហ្វាយនាយ នឹងបាន គួរជាទីជឿទុកចិត្ត តទៅត្រូវបានជាទីលើកតម្កើងពីនាយ ជាធំ ក្នុងពេលនេះគួរប្រយ័ត្ន ចង្កេះ ខ្នងក្រែងមានថ្លោះគ្រេច ជាដើម ។
ទំនាយប្រចាំខែអស្សុជ
មនុស្សប្រុស-ស្រីណា កើតឆ្នាំជូត ខែអស្សុជ ទំនាយថាៈ មិនសូវល្អត្រូវបង់ខាត របស់ទ្រព្យ ផ្ទាល់ខ្លួន បើមិនដូច្នោះទេ ក្រែងមានជម្ងឺតម្កាត់ មិត្តភក្តិក៍ចង់បែរជាមើលបំណាំ កើតរង្កៀសចិត្ត ឯស្វាមី ភរិយា នឹងមានការស្ទោគស្ទានចិត្ត ឈ្លោះទាស់ ទែងគ្នាញឹកញយ ចេះតែមានការអាប់អួ ដល់គ្នា និង គ្នា ជាអចិន្ត្រៃយ៍ ។
ទំនាយប្រចាំខែកត្ដិក
មនុស្សប្រុស-ស្រីណា កើតឆ្នាំជូត ខែកត្តិក ទំនាយថាៈ ក្នុងពេលនេះ នឹងបានរបស់ជាទីស្រលាញ់ ឬជាឯកលាភ គឺ(ជាលាភដែលវិសេសវិសាល) យ៉ាងរីករាយ បើសិនជាចាប់ផ្តើមធ្វើការរកស៊ី ឬនិយាយ កិច្ចការជាមួយ នឹងអ្នកមុខអ្នកការនឹង បានផលយ៉ាងទូលំទូលាយ ហើយមានរាសីរីករុងរឿង ប៉ុន្តែ កុំធ្វេសប្រហែសខ្លួនពេក ក្រែងមានជំពប់ ប៉ះទង្គិចពុំស្រួលឡើយ ។
ចុចលើរូបឆ្នាំនិមួយៗ ដើម្បីមើលជោគជតារាសី Click on animal picture to see your horoscope.
🔸Last Updated កំណែចុងក្រោយ on June 9, 2024