កាព្យ​លោកធម៌

កាព្យលោកធម៌ នេះ គឺជាព្រះរាជស្នាព្រះហស្ថដំបូងបំផុតរបស់សម្តេចព្រះសង្ឃរាជជាអម្ចាស់ ហើយទ្រង់បានព្រះរាជទានសិទ្ធិឱ្យលោក ឈឹម ស៊ុម កាន់កាប់ជាព្រះកេរ្តិ៍ ក្នុងគ្រាដែលទ្រង់មានព្រះបន្ទូលតែពីរនាក់គាត់អំពីរឿងផ្ទាល់ខ្លួន កាលទ្រង់ស្ថិតក្នុងយុវភាពនៅឡើយ…។ កាលណោះ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ១៩១២ សម្តេចព្រះមហាសង្ឃរាជ និល ទៀង បានតែងតាំងដំឡើងឋានៈព្រះអង្គពីព្រះបាឡាត់សាក្យបុត្តីយ៍ ជួន ណាត ទៅជាព្រះគ្រូសង្ឃសត្ថា ជាហេតុធ្វើឱ្យ​ព្រះអង្គមានព្រះទ័យរំភើបពីខាងក្នុងខ្លះៗ បានជារាត្រីនោះ ព្រះអង្គទាញគម្ពីរបាលីមកបើកទតត្រង់រឿងលោកធម៌ ហើយសរសេរប្រែមកជាសម្រាយ ចងក្រងជាពាក្យកាព្យទៀត ដើម្បីសង្កត់នូវសេចក្តីរំភើបខ្លះដែលមានក្នុងព្រះទ័យ…។ តែព្រះរាជស្នាដៃនិពន្ធដំបូងបង្អស់នេះ ត្រូវរង់ចាំរហូតមកដល់ថ្ងៃទី០៦ ខែតុលា ឆ្នាំ១៩៥៥​ ទើបសម្តេចព្រះសង្ឃរាជជាអម្ចាស់ បានសម្រេចអនុញ្ញាតឱ្យយលោក ឈឹម ស៊ុម បោះពុម្ពផ្សាយជាផ្លូវការ…។


ខ្ញុំឈ្មោះអក្សរ  ផ្សំស្រះ អាដាក់  មុខជាតួបង្ហើយ
ជាតួប្រកបពុំអានឡើយឱ្យដល់ស្រះចុងដូចបាលី។
មានកាលយប់មួយឥតកង្វល់ខ្វល់ខ្វាយអំពីរឿងហេតុអ្វី
មានកិច្ចតែខាងមើលបាលីដែលព្រះជិនស្រីទ្រង់ទេសនា។
ខ្ញុំមើលត្រង់លោកធម្មសូត្ររហូតដល់ចប់ព្រះគាថា
មើលបណ្តើរគិតបណ្តើរដោយចិន្តាគិតថានឹងប្រែជាសម្រាយ។
ជាប្រយោជន៍នៃជនអ្នកត្រូវការចង់ចេះធម៌អាថ៌តាមអភិប្រាយ
អ្នកដែលមិនចេះខាងប្រែស្រាយ បើពាក្យសម្រាយច្រើនចូលចិត្ត។
ខ្ញុំបានផ្តើមតែងជាពាក្យកាព្យតាមសភាពប្រាជ្ញាខ្ញុំរិះគិត
តម្រូវជាធម៌ដែលមានពិតប្រតិដ្ឋប្រដូចឱ្យងាយយល់។
ខ្ញុំតែងជាកាព្យចម្រុះពាក្យប្រាំពីរប្រាំបីតាមយោយល់
ឃ្លាខ្លះមានកើនរហូតដល់ប្រាំបួនពាក្យផ្តល់តាមសេចក្តី។
ខ្ញុំសូមសម្តែងចែងពីធម៌ដ៏បវរសម្រាប់ជនប្រុសស្រី
ឈ្មោះហៅលោកធម៌មានប្រាំបីជាសង្ខេបខ្លីតាមគាថា។
ធម៌ទាំងប្រាំបីប្រការនោះមានឈ្មោះតាមបាលីភាសា
លាភោ មានលាភផងនានា ទោះស្រែចម្ការទោះមាសប្រាក់។
អលាភោ ឥតលាភឬខាតបង់ខុសចំណង់ឃ្វាងចំណុចទាស់ទើសទាក់
មុខស្រពោនខ្លួនស្រពន់ចិត្តអន់អាក់គំនិតរាក់ប្រាជ្ញាវល់ពុំយល់ឆ្ងាយ។
យសោ មានយសសក្តិថ្កើងថ្កានបានអ្វីក៏បានមកដោយងាយ
តេជះតបៈក៏ផ្សព្វផ្សាយជនទាំងឡាយធំតូចសឹងរាប់អាន។
អយសោ ឥតយសឬថ្លោះយសខ្ពស់ចុះជាទាបមិនសមប្រាណ
ថយអំណាចតេជះមិនក្លាហានបានអ្វីក៏បានដោយលំបាក។
និន្ទា អ្នកផងគេតិះដៀលចាក់ឆ្កៀលដោយលំពែងគឺមាត់ពាក្យ
ទ្រគោះបោះបោកបោកខ្ជោកខ្ជាកជ្រោកជ្រាករិះគន់ពោលបង្កាច់។
បសំសា វាចាគេសរសើរបង្ហើរសម្តីដោយបូរបាច់
ឆ្ពោះមុខឬកំបាំងគេថាស្រេចនឹងខ្លួនហើយដាច់គេទាំងអស់។
សុខំ សុខកាយសុខទាំងចិត្តឥតមានក្តីទុកមកទើសទាស់
នេះនោះទាំងគ្រប់ស្រួលទាំងអស់ខ្ពង់ខ្ពស់ថ្លៃថ្លាពេញបំណង។
ទុក្ខំ គឺក្តីទុក្ខក្តៅក្តួលរំជួលជ្រួលច្រាល់មិនសមប៉ង
នាំកាយនិងចិត្តឱ្យសៅហ្មងឱ្យអ្នកផងគេព្រួយតែរាល់ប្រាណ។
ធម៌នេះរាប់រាយមានប្រាំបីបើផ្គូឱ្យខ្លីជាគូបាន
ត្រឹមតែបួនគូគត់តាមឋានកើតបានតែមួយមួយឈប់កើត។
ផ្លាស់ប្តូរជាវេនវេនតាមគូវិញ្ញូអ្នកប្រាជ្ញដែលចេះឆើត
កំណត់សម្គាល់ស្គាល់កំណើតទោះធម៌ណាកើតក៏អាចដឹង។
ព្រះពុទ្ធទ្រង់ត្រាស់សម្តែងថាឱ្យអស់បណ្តាជនផងប្រឹង
យកចិត្តទុកដាក់គិតជញ្ជឹងរំពឹងនឹកដល់ការប្រែប្រួល។
ប្រយត្នគំនិតប្រុងស្មារតីទោះបីសុខទុក្ខស្រួលពុំស្រួល
កើតហើយបាត់ទៅតាមដំណួលត្រូវគិតសម្រួលតាមការណ៍ពិត។
សត្វលោកតែងស្ទោកព្រោះលោកធម៌បានអរបង់អន់ស្រពន់ចិត្ត
មានយសខ្ពង់ខ្ពស់រីករាយឥតមានគំនិតគិតដល់ថ្លោះយសឡើយ។
កាលបើបានឮពាក្យគេនិន្ទាឆ្ពោះអាត្មាឱរាក្តៅមិនស្បើយ
បើបានឮគេសរសើរហើយចិត្តពុំកន្តើយអរផើតៗ។
បានសុខភ្លេចនឹកដល់ទុក្ខំកើតកម្លាំងក្លាខ្លាំងឥតញញើត
ញញឹមញយៗអរពព្រើតរកកល់គេទើតទាស់ពុំបាន។
លុះដល់អស់វេនសេចក្តីសុខធ្លាក់វេនក្តីទុក្ខមកដល់ប្រាណ
ស្រាប់តែព្រួយរកគេឱ្យជួយច្រានទុក្ខនោះឱ្យក្សាន្តពីអត្តភាព។
សុខក្តីទុក្ខក្តីរបស់សត្វខ្ចាត់ទៅមកវិញតាមសភាព
បុណ្យបាបដែលធ្វើមករៀងរាបស្ទាបៗឱ្យផលដល់អាត្មា។
ព្រះសម្ពុទ្ធជាមកុដនៃត្រៃភពទ្រង់ប្រារព្ធធម៌នេះហើយត្រាស់ថា
ឱ្យសត្វរិះគិតដោយប្រាជ្ញាកុំសាវ៉ាតាមចិត្តដែលប្រទះ។
បានលាភត្រូវនឹកដល់ការបង់បានយសសក្តិរុងរឿងតេជះ
កុំកក្អិលក្អេងក្អាយដោយមានះត្រូវនឹកខ្លះកុំភ្លេចការប្រែប្រួល ។
បើឮអ្នកផងគេនិន្ទាដល់អាត្មាត្រូវតាំងចិត្តសម្រួល
សម្រាកក្តីក្រោធកុំរំជួលបើទុកជាក្តៅក្តួលត្រូវខំអត់។
គប្បីគិតភ្លាមថានិន្ទានេះជាគ្នានឹងសរសើរជាប្រាកដ
បើអញតាំងចិត្តជាអំណត់រាល់មាត់គេនឹងសរសើរអញ។
ថានេះហៅពេញជាចេះអត់ចេះសង្កត់កំហឹងដែលចេះខ្នាញ់
ធ្វើអ្នកស្អប់ឱ្យត្រឡប់ជាស្រឡាញ់បានសុខព្រោះផ្ចាញ់សេចក្តីក្រោធ។
មួយទៀតមានពាក្យសុភាសិតអ្នកប្រាជ្ញប្រតិដ្ឋជាចំណោទ
ថាកាលបើមានសេចក្តីក្រោធកុំច្រឡោតត្រូវរាប់អក្សរសិន។
រាប់អក្សរតាំងពី ដល់ អ័ងរួចសំកាំងគំនិតគិតដង្វិន
គ្នេរគ្នាន់រកហេតុរកផលសិនបើប្រសិនក្រោធល្មមនឹងបានស្រាក។
ពុំនោះលោកថាឱ្យរាប់លេខ«ពី ឯក ដល់ ទស ឈប់សម្រាក
ងមួយស្របក់នឹងបានស្រាកឃ្លាតចាកកំហឹងដ៏ឃោរឃៅ។
បើបានប្រកបដោយក្តីសុខឃ្លាតចេញពីទុក្ខសោកហ្មងសៅ
កុំអាលអរអេកត្រេកសំដៅដូចកង្កែបខែក្តៅត្រូវភ្លៀងធំ។
គប្បីតាំងចិត្តគិតទៅមុខថាឥឡូវមានសុខមកអប់រំ
មុខជាថ្ងៃណាមួយនឹងរលំទុក្ខតូចឬធំមកពុំខាន។
អ្នកណាបានសុខធំទូលាយដល់វេនទុក្ខផ្សាយមកដល់ប្រាណ
មានទុក្ខធំពន់ប្រមាណតាមលំអានស្នាមសុខដែលកើតមុន។
ហេតុនេះគួរអស់សាធុជនកុំទម្រន់គំនិតឱ្យលង់ស៊ុន
ក្នុងលោកធម៌ណាដែលកើតមុនទោះស្រាលទោះធ្ងន់ក្តីសុខទុក្ខ។
ទោះលាភទោះយសទោះខាតបង់ទោះលិចលង់ថ្លោះ​យសមិនពេញមុខ
ទោះសរសើរទោះនិន្ទាថាកំព្រុកត្រូវតែតាំងចិត្តជាមធ្យម។
លុះបានតាំងចិត្តទុកដូច្នេះទើបរបេះឃ្លាតខ្លះពីទុក្ខធំ
ដោយហេតុមិនផ្ងំចិត្តឱ្យងំឱ្យរង្គំនៅក្នុងកន្លែងមួយ។
បើមានប្រាជ្ញាប្រយោគដល់ហេតុនិងផលដែលមានជាតម្រួយ
ទើបចិត្តនឹងអាចឃ្លាតចាកព្រួយបើទុកជាព្រួយក៏គ្រាន់ទ្រាំ។
ពីព្រោះបានដឹងច្បាស់ការណ៍ពិតដោយគំនិតត្រិះរិះដ៏មួនមាំ
ដឹងថាលោកធម៌កើតជោកជាំស៊ាំទាំនៅក្នុងសន្តានសត្វ។
កើតមានមិននឹងតែមួយៗចួនព្រួយចួនអរមានបាត់ៗ
ហើយមានឡើងវិញមិនទៀងទាត់មួយកើតមួយបាត់ផ្លាស់ប្តូរគ្នា។
បើដឹងដូច្នេះហើយគួរខំអប់រំប្រាជ្ញាឱ្យក្លៀវក្លា
គួរគិតគួរគ្នេរពិចារណាសិក្សារៀនសូត្រកុំធុញទ្រាន់។
គួរប្រឹងសង្កេតធម៌បរមត្ថមានអត្ថជ្រាលជ្រៅជាអនន្ត
ប្រាប់ផ្លូវមគ្គផលមិនមានភាន់មានថ្នាក់មានជាន់តាមលំដាប់។
សត្វដែលនឹងបានរួចចាកទុក្ខព្រោះធុញជូរមុខនឹងកើតស្លាប់
មានគំនិតដូចសត្វទទាជាប់ក្នុងទ្រុងមិនគាប់ក្តីប្រាថ្នា។
ចេះតែស្ទុះច្រាស់ច្រាលដាលចឹកទ្រុងចង់ឱ្យរលុងនឹងម្នីម្នា
ស្ទុះចេញឱ្យរួចហើយនឹងលាត្រដាងស្លាបវាហើយហើរទៅ។
អ្នកដែលធុញទ្រាន់នឹងកើតស្លាប់ចង់ប្រញាប់ចាកចេញចោលលំនៅ
គឺវដ្តសង្សារនេះហើយទៅកាន់លំនៅដែលទុក្ខរលត់បង់។
មគ្គផលនឹងមានព្រោះអាស្រ័យចិត្តដាច់អាល័យពីចំណង់
ហើយស្មគ្រនឹងដើរតាមផ្លូវត្រង់ប្រកបដោយអង្គប្រាំបីយ៉ាង។
ហៅថា អដ្ឋង្គិកមគ្គឥតអ្វីទើសទាក់ឥតវៀចវាង
ស្រួលដើរបំផុតដល់អ្នកសាងមានសំណាងដូចយ៉ាងព្រះសុគត។
ផ្លូវនេះជាហេតុជាឧបាយឱ្យសត្វទាំងឡាយបានរលត់
ភ្លើងទុក្ខហើយលែងមានរន្ធត់ព្រោះលោកធម៌ទាំងប្រាំបី។
ឈ្មោះហៅថាបានព្រះនិព្វានជានិរោធដ្ឋានគ្មានទុក្ខភ័យ
សុខក្រៃលែងសុខឥតទុក្ខអ្វីមកប៉ះមកពាល់ដល់តិចឡើយ។
ជាឋានគ្មានចាស់គ្មានឈឺចាប់គ្មានកើតគ្មានស្លាប់សុខកន្តើយ
ព្រះពុទ្ធទ្រង់ត្រាស់ហៅថាត្រើយអ្នកទៅដល់ហើយលែងមកវិញ។
ជាទីឥតកិច្ចការគ្រប់យ៉ាងឥតសង់ឥតសាងឥតលក់ទិញ
មានតែសុខមួយយ៉ាងជាចំណេញឈ្មោះថាចេញចាកទុក្ខស្រឡះហោង។
សេចក្តីនេះពិតជាពាក្យកាព្យតែមិនមែនកំណាព្យពាក្យឆ្គាំឆ្គង
ជាសាច់ធម៌មែនឥតមោះហ្មងគ្រាន់តែក្រងជាពាក្យមានឃ្លោងឃ្លា។
សូមអស់អ្នកប្រាជ្ញរាជកវីកុំបីបន្ទោសដៀលនិន្ទា
ពាក្យនេះខ្ញុំតែងតាមមាត្រាសម្ផស្សវាចាមិនមានល្អៀង។
តាមច្បាប់មេកាព្យវិលាសិនីវិធីអ្នកប្រាជ្ញលោករៀបរៀង
ជាច្បាប់សម្រាប់គ្រាន់ផ្ទឹមផ្ទៀងឱ្យទៀងតាមបែបខ្យល់អក្សរ។
ឥតិ ឯវំ មេ កាព្យោបរិបុណ្ណោ តាមសាច់ធម៌
សុខិតាហោន្តុ សត្តនិករចូរបានអំណរសុខគ្រប់គ្នា…៕

ថ្ងៃទី ០៦ តុលា ព.ស. ២៤៩៨ គ.ស. ១៩៥៥ បានអនុញ្ញាតឱ្យអ្នកមហា ឈឹម ស៊ុម បោះពុម្ពផ្សាយចុះ…
សម្តេចព្រះមហាសុមេធាធិបតី (ជួន ណាត ជោតញ្ញាណោ) សង្ឃនាយក

ប្រភពអត្ថបទៈ ខេមរៈវប្បធម៌

ព្រលឹងជាតិរស់ ប្រជារីករាយ

🔸Last Updated កំណែចុងក្រោយ on November 10, 2024

Facebook Comments
Share this article:
Johnny ចន្នី

Author: Johnny ចន្នី

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster).