កង្កែបក្នុងអណ្ដូង

បុរាណភាសិត (១១)

កង្កែបក្នុងអណ្ដូង

បុរាណភាសិតខាងក្រោមនេះ ជាភាសាបាលី សរសេរដោយតួអក្សរៈ ១. រ៉ូម៉ាំង, ២. ទេវនាគរី(ឥណ្ឌា), ៣. មីយ៉ាន់ម៉ា(ភូមា), ៤. ថៃ, ៥. តួអក្សរខ្មែរ តាមលំដាប់ ។

មនុស្សល្ងង់ឃើញតិច ឮតិច សិក្សាតិច មានបទពិសោធន៍តិច ឃើញអ្វីៗតែមួយក្រវិចតូចជុំវិញខ្លួនឯង មិនឃើញទូលំទូលាយយ៉ាងណាមិញ កង្កែបនៅក្នុងអណ្ដូងក៏យ៉ាងនោះដែរ វាហែលមុជចុះឡើងតែក្នុងទឹកអណ្ដូង វាយល់ថាទឹកក្នុងអណ្ដូងធំទូលំទូលាយនិងជ្រៅបំផុត ព្រោះវាមិនដែលឃើញសមុទ្រ បានជាមានពាក្យដៀលមនុស្សល្ងង់ តែកាងដូចក្អាត់ក្នុងក្អមថា ពួកកង្កែបក្នុងអណ្ដូង ។

បុរាណាចារ្យបានតែងជាកំណាព្យអំពីកង្កែបក្នុងអណ្ដូងទុកថា

Appassuto sutaṃ appaṃ, Bahuṃ maññati mānavā;
Sindhūdakaṃ apassanto, Kūpe toyaṃva maṇḍuko.

अप्पस्सुतो सुतं अप्पं, बहुं मञ्‍ञति मानवा।
सिन्धुदकमपस्सन्तो, कूपे तोयंव मण्डुको॥

အပ္ပသ္သုတော သုတံ အပ္ပံ၊ဗဟုံ မညတိ မာနဝာ။
သိန္ဓူဒကံ အပသ္သန္တော၊ကူပေ တောယံဝ မဏ္ဍုကော။

อปฺปสฺสุโต สุตํ อปฺปํ, พหุํ มญฺญติ มานวา;
สินฺธูทกมปสฺสนฺโต, กูเป โตยํว มณฺฑุโก ฯ

អប្បស្សុតោ សុតំ អប្បំ, ពហុំ មញ្ញតិ មានវា
សិន្ធូទកមបស្សន្តោ, កូបេ តោយំវ មណ្ឌុកោ ។

អ្នកមានចំណេះតិច ជាអ្នកប្រកាន់ខ្លួន រមែងសម្គាល់ចំណេះតិចតួច(របស់ខ្លួន) ថាច្រើនប្រៀបដូចកង្កែបដែលមិនដែលឃើញសមុទ្រ រមែងសម្គាល់ទឹកក្នុងអណ្ដូងតូចថាធំធេងដូច្នោះឯង ។

ប្រភពៈ លោកនីតិ បណ្ឌិតវគ្គ គាថាទី ១៥

———————

កត់សម្គាល់ៈ
មានវា, មានវន្ដុ+សិ = មានវា (ចែកបែប ភគវន្ដុ)
សិន្ធូទកមបស្សន្តោ = សិន្ធុ(ក្នុងសមុទ្រ)+ឧទកំ(នូវទឹក)+អបស្សន្ត(កាលមិនឃើញ)+សិ
តោយំវ = តោយំ(នូវទឹក)+ឥវ(ដូច, ប្រដូច)

ចូរយើងនាំគ្នាអប់រំកូនក្មួយរបស់យើងឱ្យផុតពីភាវៈកង្កែបក្នុងអណ្ដូងផង ទើបជាការប្រសើរ ។
សូមអរគុណដែលបានអាននិងស៊ែរ ។

តាអារាមប៊យ
១១ កុម្ភៈ ២០១៨

🔸Last Updated កំណែចុងក្រោយ on March 27, 2023

Facebook Comments
Share this article:
បណ្ឌិត ធម្មណាត

Author: បណ្ឌិត ធម្មណាត

ទីប្រឹក្សា គណៈកម្មការ ពុទ្ធិកសមាគមខ្មែរ វត្តខេមររតនារាម Advisor to The Cambodian Buddhist Society of Wat KhemaRaRatanaram