អធិប្បាយឈាន(៣)

អធិប្បាយឈាន(៣)

ក្នុងអំពើដែលជាកុសលកម្ម មានការធ្វើទានជាដើម កុសលចេតនាកើតឡើងពេលណា “មហាកុសលចិត្ត” រមែងកើតឡើងភ្លាមក្នុងខណៈនោះៗ ប៉ុន្ដែក្នុងកុសលកម្មដែលខ្ពស់ជាងនេះ ដូចជារូបាវចរកុសល ពោលគឺកុសលកម្មថ្នាក់ឈាន មិនដូច្នោះឡើយ ។ រូបាវចរចិត្ត(ចិត្តស្ងប់ថ្នាក់ឈាន)នឹងកើតឡើងបាន លុះណាតែមានការចម្រើនសមថភាវនាដែលចិត្តស្ងប់ដល់ថ្នាក់អប្បនាសមាធិ គឺចិត្តចូលភ្ជាប់នែបនិត្យនៅក្នុងអារម្មណ៍ឈាន មានកសិណជាដើម អាចពោលបានក្នុងន័យមួយទៀតថា ខណៈដែលអ្នកបដិបត្តិកំពុងចម្រើនភាវនានោះ ក្រុមចេតសិកធម៌(អង្គប្រកបរបស់ចិត្ត)ដែលកើតព្រមគ្នាជាមួយចិត្តមួយក្រុម នឹងធ្វើតួនាទីបង្ក្រាបនីវរណធម៌ដែលជាធម្មជាតិរារាំងមិនឱ្យឈានចិត្តកើតឡើង នីវរណធម៌ទាំង ៥ នោះ បើនីវរណធម៌ណាមួយនៅសល់ ឈានចិត្តក៏មិនអាចកើតឡើងបានឡើយ ។ ហេតុដូច្នេះហើយ កាលបើក្រុមចេតសិកធម៌ដូចបានពោលមកនេះ បានធ្វើតួនាទីបណ្ដេញឬបង្ក្រាបនីវរណធម៌ឱ្យរលត់រលាយទៅអស់រលីងហើយ ទើបឈានចិត្តកើតឡើង ។

ខណៈដែលឈានចិត្តប្រាកដឡើងនេះឯង ក្រុមចេតសិកធម៌គឺ វិតក្កចេតសិក វិចារចេតសិក បីតិចេតសិក វេទនា(សុខឬឧបេក្ខា)ចេតសិក និងឯកគ្គតាចេតសិក ដែលធ្វើតួនាទីបង្ក្រាបនីវរណធម៌បានហើយនោះ នឹងប្រាកដច្បាស់ឡើងជាអង្គឈាន ។ ហេតុដូច្នេះ អង្គឈានទើបបានដល់ វិតក្ក វិចារ បីតិ សុខ(វេទនា) និងឯកគ្គតាចេតសិក ទាំង ៥ នេះឯង អ្នកបដិបត្តិ(យោគាវចរ)នៅក្នុងឈានដរាបណា ដរាបនោះនីវរណធម៌ក៏មិនទាន់ធ្វើចលនា ព្រោះត្រូវអង្គឈានបង្ក្រាបទុក ប្រៀបដូចថ្មដែលសង្កត់ស្មៅទុកដូច្នោះឯង ។ ដោយន័យនេះ យើងឃើញថាផលនៃសមថភាវនាតែម្យ៉ាង មិនអាចធ្វើអ្នកបដិបត្តិបានរួចពីសេចក្ដីទុក្ខបានយ៉ាងដាច់ខាតទេ លុះណាតែបដិបត្តិវិបស្សនាភាវនារហូតបានសម្រេច ទើបផុតពីសេចក្ដីទុក្ខជាសមុច្ឆេទប្បហានបាន ។

សូមធ្វើការប្រៀបធៀបជារូបធម៌ឱ្យឃើញដោយខ្លីដូចតទៅនេះ

– ចិត្តប្រៀបបាននឹងបន្ទប់ដែលមានចំណុះឱ្យមនុស្សចូលមកអាស្រ័យនៅបានម្ដង ៥ នាក់ប៉ុណ្ណោះ
– នីវរណធម៌ ៥ ប្រៀបបាននឹងមនុស្សបង្ករឿងមិនឱ្យសុខស្ងប់ ៥ នាក់
– អង្គឈានមានវិតក្កជាដើម ប្រៀបបាននឹងមនុស្សល្អសុខស្ងប់ជានិច្ច ៥ នាក់

ម្ចាស់បន្ទប់ កាលបើបណ្ដោយឱ្យក្រុមមនុស្សបង្ករឿងមិនឱ្យសុខស្ងប់ ៥ នាក់ចូលទៅអាស្រ័យនៅហើយ ម្ចាស់បន្ទប់នោះក៏មិនដែលមានសេចក្ដីសុខស្ងប់ពេលណាឡើយ ព្រោះមនុស្សក្រុមនេះ បង្កតែរឿងក្ដៅក្រហាយឱ្យម្ចាស់បន្ទប់ជានិច្ច មិនដែលឈប់ឈរ ។ ផ្ទុយទៅវិញ បើម្ចាស់បន្ទប់ចិត្តបានបដិបត្តិវិធីបណ្ដេញឱ្យក្រុមមនុស្សបង្ករឿងចេញបាត់ទៅហើយ ទើបមនុស្សល្អសុខស្ងប់អាចចូលមកស្នាក់អាស្រ័យនៅបាន ។

នឹងបន្ដតួនាទីអង្គឈាននីមួយៗ បង្ក្រាបនីវរណធម៌នីមួយៗ នៅពេលក្រោយ

តាអារាមប៊យ
២២ តុលា ២០១៨

🔸Last Updated កំណែចុងក្រោយ on March 27, 2023

Facebook Comments
Share this article:
បណ្ឌិត ធម្មណាត

Author: បណ្ឌិត ធម្មណាត

ទីប្រឹក្សា គណៈកម្មការ ពុទ្ធិកសមាគមខ្មែរ វត្តខេមររតនារាម Advisor to The Cambodian Buddhist Society of Wat KhemaRaRatanaram