ស្រណោះព្រលឹងម៉ែអាសូរចិត្តម្ដាយ

ពំនោលដោយៈ ព្រះគ្រូ សាន់ មនោសារ
កាលវ័យទារកម៉ែថ្នមម៉ែបក់មិនឱ្យមានឆ្គង
អង្អែលស្រវាហត្ថាទាំងសងធើ្វជាបង្គង
ទ្រនំជីវិត។
ពេលម៉ែមានទុក្ខបណ្ដាញស្មាញស្មុគ្រថ្លុកភពងងឹត
បានយល់ភក្រ្តាបុត្រភ្ងាពិសិទ្ធម្ដាយសប្បាយចិត្ត
ផុតទុក្ខមួយគ្រា។
រីម៉ូត្រលាមកគំរើក្អួតឈ្លក់ក្រខ្វក់មេ្ដចម្ដា
ម៉ែគ្មានខ្ពើមស្អប់ឥតថប់ចិន្តាវិស័យដូចផ្កា
ពិដោរធម្មជាតិ។
ពេលមានរោគាឈឺថ្កាត់នានាម៉ែមិនចង់ឃ្លាត
ទ្រូងម្ដាយខ្លោចផ្សាឱរាចង្អៀតបែបន់អភិវាទ
ឱ្យតែកូនជា។
គ្រាកុមារវ័យចិត្តម្ដាយរំពៃឱ្យកូនសិក្សា
រៀនលេខអក្ខរៈសិល្បៈវិទ្យារៀបចំវាសនា
អនាគតរុងរឿង។
ទោះក្រយ៉ាងណាធើ្វស្រែចំការកាយស្រូវចំបើង
យកប្រាក់ឱ្យរៀនឱ្យប្រសើរឡើងឱ្យបានកូនថ្កើង
ស្មើមុខនឹងគេ។
ពេលវ័យបឋមកំលោះក្រមុំពេញដូចដួងខែ
ចិត្តម្ដាយស្រទន់គយគន់គ្នាន់គ្នេរចិត្តគួចលួចស្នេហ៍
សម្ផស្សសោភ័ណ។
ពេលកូនប្រុសស្រីមានប្រពន្ធប្ដីចិត្តម្ដាយគ្នេរគ្នាន់
ចង់ឱ្យបានសុខស៊ីចុកគ្រប់គ្រាន់កុំបីរិះគន់
ឈ្លោះទាស់ទែងគ្នា។
កូនសុខសប្បាយស្រុះស្រួលស្រស់ស្រាយម៉ែសប្បាយចិត្ត
ត្រង់ម្ដាយអត់ឃ្លានម្ដាយគ្មានទាមទារឧះឱអនិច្ចា
អាសូរម្ដាយខ្ញុំ។

កំណាព្យនិពន្ធដោយៈ ធម្មាចារ្យ ឆឹង កាន

🔸Last Updated កំណែចុងក្រោយ on October 13, 2024

Facebook Comments
Share this article:
Johnny ចន្នី

Author: Johnny ចន្នី

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster).